អានអត្ថបទ
ផ្សាយ : ២១ សីហា ឆ្នាំ២០១៩ (អាន: ២២,០២០ ដង)
មង្គលជីវិត

|
ពេលដែលយើងធ្វើអ្វីមួយ តែងតែចង់បាននូវផលប្រយោជន៍ខ្លួនឯងក្នុងការដែលខំប្រឹងប្រែងធ្វើនូវការងារទាំងអស់នោះ មិនថាតិចឬក៏ច្រើនឡើយ ឲ្យតែផលប្រយោជន៍ដែលខ្លួនបានធ្វើ។ ចំណែកក្នុងផលប្រយោជន៍ ដែលខ្លួនប្រព្រឹត្តទៀតសោត វាមានផល ២ យ៉ាង គឺផលល្អ និងផលអាក្រក់ ទាំងនេះហើយដែលកូនត្រូវសិក្សាអំពីសេចក្ដីល្អរបស់ខ្លួនឯងឲ្យបានច្រើន។
មួយទៀតមានមនុស្សមិនតិចនាក់ទេកូន ដែលស្វែងរកនូវមង្គលតែមិនដឹងធ្វើយ៉ាងណានោះចេះតែដើររកគ្រប់ទីកន្លែង រហូតមានមនុស្សមួយចំនួនទៀត ដោយអំណាចចង់តែបាននូវសេចក្ដីសុខផ្ទាល់ខ្លួន ត្រូវចាញ់បោកគេក៏មានដែរ។ តែមង្គលដែលនាំឲ្យយើងមានសេចក្ដីសុខពិតប្រាកដនោះ គឺមិនចាំបាច់រកនៅទីណានោះទេ វាស្ថិតនៅតែជាមួយខ្លួនយើងហ្នឹងឯងណាកូន ម៉ែមានរឿងមួយទៀតឲ្យកូនបានដឹង នូវមង្គលទាំង ៣៨ ប្រការដែលនាំមកនូវសេចក្ដីសុខពិតប្រាកដ និងមានផលច្រើនទៀតផង សូមកូនសិក្សាមង្គលពិតប្រាកដដូចតទៅ..... ១- អសេវនា ច ពាលានំ កិរិយាមិនសេពគប់នូវបុគ្គលពាលទាំងឡាយ ២- បណ្ឌិតានញ្ច សេវនា កិរិយាសេពគប់នូវបុគ្គលជាបណ្ឌិតទាំងឡាយ ៣- បូជា ច បូជនីយានំ កិរិយាបូជាដល់បុគ្គលដែលគួរបូជាទាំងឡាយ ៤- បដិរូបទេសវាសោ ច កិរិយានៅក្នុងប្រទេសដ៏សមគួរ ៥- បុព្វេ កតបុញ្ញតា ភាវៈនៃបុគ្គលបានធ្វើបុណ្យទុកហើយក្នុងកាលមុន ៦- អត្តសម្មាបណីធិ ច កិរិយាតម្កល់ខ្លួនដោយប្រពៃ ៧- ពាហុសច្ចព្ចា ភាវៈនៃបុគ្គលបានស្ដាប់ បានរៀនហើយដោយច្រើន ៨- សិប្បញ្ច សិល្ប៍សាស្ត្រ គឺសេចក្ដីឆ្លៀវឈ្លាសក្នុងហត្ថកម្មរបស់អ្នកបួស និងគ្រហស្ថ ៩- វិនយោ ច សុសិក្ខិតោ វិន័យដែលបុគ្គលសិក្សាដោយប្រពៃ ១០- សុភាសិតា ច យា វាចា វាចាដែលបុគ្គលសិក្សាដោយប្រពៃ ១១- មាតា ឧបដ្ឋានំ កិរិយាបម្រើនូវមាតា ១២- បិតុ ឧបដ្ឋានំ កិរិយាបម្រើនូវបិតា ១៣- បុត្តទារស្ស សង្គហោ សេចក្ដីសង្គ្រោះដល់បុត្រ និងភរិយា ១៤- អនាកុលា ច កម្មន្តា ការងារទាំងឡាយដែលមិនច្របូកច្របល់ ១៥- ទានញ្ច កិរិយាបរិច្ចាគទា ១៦- ធម្មចរិយា កិរិយាប្រព្រឹត្តនូវធម៌ ១៧- ញាតកានញ្ច សង្គហោ សេចក្ដីសង្គ្រោះដល់ញាតិទាំងឡាយ ១៨- អនវជ្ជា កម្មានិ ការងារទាំងឡាយដែលមិនមានទោស ១៩- អារតី វិរតី បាបា កិរិយាមិនត្រេកអរក្នុងបាប និងកិរិយាវៀរចាកបាប ២០- មជ្ជបានា ច សញ្ញាមោ សេចក្ដីសង្រួមចាកកិរិយាផឹកនូវទឹកស្រវឹង ២១- អប្បមាទោ ច ធម្មេសុ សេចក្ដីមិនប្រមាទក្នុងធម៌ទាំងឡាយ ២២- គារវោ ច សេចក្ដីគោរពចំពោះបុគ្គលដែលមិនគួរគោរព ២៣- និវាតោ ច កិរិយាប្រព្រឹត្តបន្ទាបខ្លួន ២៤- សន្តុដ្ឋិ ច សេចក្ដីត្រេកអរចំពោះរបស់ដែលមាន ២៥- កតញ្ញូតា ភាវៈនៃបុគ្គលអ្នកដឹងនូវឧបការៈដែលបុគ្គលអ្នកដទៃធ្វើហើយដល់ខ្លួន ២៦- កាលេន ធម្មស្សវនំ កិរិយាស្ដាប់នូវធម៌តាមកាល ២៧- ខន្តិ ច សេចក្ដីអត់ធន់ ២៨- សោវចស្សតា ភាវៈនៃបុគ្គលដែលគេប្រដៅបានដោយងាយ ២៩- សមណានញ្ច ទស្សនំ កិរិយាបានឃើញ បានជួបនូវសមណៈទាំងឡាយ ៣០- កាលេន ធម្មសាកច្ឆា ធម្មសាកច្ឆា គឺកិរិយាសន្ទនាទៅវិញទៅមកតាមធម៌តាមកាល ៣១- តបោ ច សេចក្ដីព្យាយាមដុតនូវបាបធម៌ ៣២- ព្រហ្មចរិយញ្ច កិរិយាប្រព្រឹត្តនូវធម៌ដ៏ប្រសើរ ៣៣- អរិយសច្ចាន ទស្សនំ កិរិយាឃើញនូវអរិយសច្ចទាំងឡាយ ៣៤- និព្វានសច្ឆិកិរិយា ច កិរិយាធ្វើឲ្យជាក់ច្បាស់នូវព្រះនិព្វាន ៣៥- ផុដ្ឋស្ស លោកធម្មេហិ ចិត្តំ យស្ស ន កម្បតិ ចិត្តរបស់បុគ្គលឯណាដែលលោធម៌ទាំងឡាយពាល់ត្រូវហើយមិនរំភើបញាប់ញ័រ ៣៦- អសោកំ មិនាមនសេចក្ដីសោក ៣៧- វិរជំ មានធូលី គឺរាគៈទៅប្រាសហើយ ៣៨- ខេមំ ជាចិត្តក្សេមក្សាន្ត។ មង្គលទាំង ៣៨ ប្រការនេះហើយដែលធ្វើឲ្យអ្នកប្រព្រឹត្តបាននូវសេចក្ដីសុខយ៉ាងពិតប្រាកដណាកូន មិនថាយើងរស់នៅកន្លែងណាទេឲ្យតែចេះសាងនូវមង្គលទាំងអស់នេះហើយរមែងបានសេចក្ដីសុខពិតប្រាកដ និងមានផលច្រើនទៀតផង។ ដកស្រង់ចេញពីសៀវភៅ ក្តីសង្ឃឹមអ្នកមានគុណ ដោយ៥០០០ឆ្នាំ |