អានអត្ថបទ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ៩,១៥០ ដង)
អនត្តាទំនាស់ជាមួយកម្មឬទេ

|
អនត្តាទំនាស់ជាមួយកម្មឬទេ
អនត្តាធម៌ជាមួយនឹងកម្មមិនទំនាស់គ្នាឡើយ ផ្ទុយមកវិញអនត្តាមានការជ្រោមជ្រែងនូវកម្ម ព្រមទាំងបញ្ជាក់លក្ខណៈរបស់កម្មទៀតផង។ ព្រោះធម៌ទាំងឡាយជាអនត្តា ទើបមានកម្មកើតឡើង កម្មកើតអំពីបច្ច័យផ្សេងៗមានហេតុប្បច្ច័យ អារម្មណប្បច្ច័យ និងអធិបតិប្បច្ច័យជាដើម ក្នុងបណ្ដាបច្ច័យទាំងអស់ មិនមានបច្ច័យណាជាអត្តាតួខ្លួនឡើយ គឺសុទ្ធតែជាអនត្តាទាំងអស់។ ចេតនាជាតួកម្ម កើតឡើងព្រោះអាស្រ័យបច្ច័យច្រើន ដូច្នេះ កម្មក៏ជាតួអនត្តាធម៌ផងដែរ។ កាលបើក្រសែធម៌ប្រព្រឹត្តទៅ អង្គប្រកបគ្រប់យ៉ាងត្រូវកើតរលត់ ហើយមានទំនាក់ទំនងគ្នាជាហេតុ ជាផលបន្តគ្នាមិនដាច់។ ក្រសែដែលមានសម្ពន្ធភាពទាក់ទងគ្នាដោយហេតុដោយបច្ច័យ ដូច្នេះទើបប្រព្រឹត្តទៅបានដោយមិនមែនមានអ្វីមកជារបស់ឋិតថេរ ជាសត្វជាអត្តាទៀតទាត់ក្នុងសង្សារវដ្ដ មិនស្លាប់ មិនរលត់នោះឡើយ។ បើមានអត្តា គឺមិនមានកម្ម និងមិនមានផលវិបាករបស់កម្មទេ ព្រោះអត្តា មិនប្រព្រឹត្តទៅតាមហេតុតាមបច្ច័យ តែក្នុងលោកនេះ ខន្ធលោកក្ដី អាយតនលោកក្ដីធាតុលោកក្ដី មានអ្វីដែលមានខ្លួនឯង មិនប្រព្រឹត្តទៅតាមហេតុតាមបច្ច័យនោះ។ ការគិតយល់ប្រកបដោយសេចក្ដីប្រកាន់ថា អត្តាមាន ជាតួសោយសុខ សោយជាទុក្ខ ជាអ្នកធ្វើកម្មនិងជាអ្នកទទួលផលកម្ម រហូតដល់អត្តាចូលដល់ព្រះនិព្វាន នេះគ្រាន់តែជាតួនាមធម៌មួយបែប មានផស្សៈជាបទដ្ឋាន និងមានអវិជ្ជាជាឧបនិស្ស័យប្បច្ច័យផង ជាហេតុប្បច្ច័យផង កើតឡើងប៉ុណ្ណោះ ជាសភាវៈមិនទៀតជាទុក្ខនិងជាអនត្តាផងដែរ។ អ្វីដែលជាអត្តាពិតប្រាកដរមែងមិនមាន ដូចជាការមិនមាននៃស្នែងទន្សាយ អ៊ីចឹងឯង។ ដែលយើងគ្រប់គ្នាធ្វើកម្ម និងទទួលផលកម្មរាល់ថ្ងៃនេះ រមែងធ្វើកម្ម និងទទួលផលកម្ម ដោយមិនត្រូវមានមនុស្សអ្នកធ្វើ និងមិនត្រូវមានមនុស្សអ្នកទទួលឡើយ។ ក្នុងសភាវធម៌ទាំងឡាយ ដែលប្រជុំរួមគ្នា និងប្រព្រឹត្តទៅជាក្រសែធម៌នោះ ត្រូវពិចារណាក្នុងផ្នែកដែលថា មានអ្វីខ្លះត្រូវចូលទៅជាបច្ច័យ អ្វីទាក់ទងជាមួយអ្វី ហើយមានផលអ្វីកើតឡើងក្នុងក្រសែនៃធម៌ទាំងនោះ និងហេតុដូចម្ដេចបានជាក្រសែនៃធម៌មានការប្រែប្រួល ព្រមទាំងផ្លាស់ប្ដូរភពភូមិកំណើតផ្សេងៗ។ កាលមានហេតុ ដែលហៅថាកម្ម គឺការធ្វើកើតឡើងជាបច្ច័យ ក៏រមែងមានផលវិបាកកើតឡើងក្នុងក្រសែធម៌នោះឯង។ ក្រសែធម៌នេះ វាដោយឡែកផ្សេងអំពីសម្មតិដែលយើងយកទៅបំពាក់ឲ្យនោះ។ យើងបានសន្មតហៅក្រសែធម៌ដែលប្រព្រឹត្តទៅនោះឯង ថាជាបុគ្គលនេះបុគ្គលនោះ រួចហើយយើងសន្មតគ្នាថា បុគ្គលនេះបុគ្គលនោះជាម្ចាស់នៃកម្ម ជាអ្នកធ្វើកម្មនិងទទួលផលកម្មប៉ុន្តែក្រសែធម៌ដែលជាតួសភាវៈ ជាបរមត្ថធម៌ រមែងប្រព្រឹត្តទៅតាមប្រក្រតីរបស់ខ្លួន ជាហេតុ ជាផលទៅព្រមស្រេចក្នុងខ្លួនឯង ដោយបរិបូណ៌គ្រប់គ្រាន់ហើយ មិនចាំបាច់អាស្រ័យបុគ្គលនេះ បុគ្គលនោះ ទើបមានហេតុមានផលកើតឡើងឡើយ។ កាលបើត្រូវនិយាយក្នុងផ្នែក ក្រសែធម៌ ថាប្រព្រឹត្តទៅយ៉ាងណា ដោយហេតុអ្វី និងជាផលយ៉ាងណា ក៏និយាយទៅ ឬក៏ត្រូវនិយាយក្នុងផ្នែកបុគ្គលនេះ បុគ្គលនោះ ជាអ្នកធ្វើកម្មនោះហើយ ត្រូវទទួលផលកម្មយ៉ាងនេះ ក៏និយាយទៅ។ បើនិយាយក្នុងផ្នែកសម្មតិ ក៏ឲ្យដឹងថា កំពុងនិយាយក្នុងផ្នែកសម្មតិ បើនិយាយអំពីបរមត្ថក៏ឲ្យដឹងថា កំពុងនិយាយក្នុងផ្នែកបរមត្ថ កាលបើដឹងតាមសេចក្ដីពិត ដឹងទិសដៅនៃការនិយាយបែបនោះៗ មិនប្រកាន់ដោយទិដ្ឋិ មិនច្របូកច្របល់ ដូច្នេះរមែងសម្រេចជាប្រយោជន៍ ទាំងអ្នកនិយាយទាំងអ្នកស្ដាប់។ ដោយបរមត្ថ អ្នកធ្វើកម្មមិនមាន អ្នកដោយផលកម្មក៏មិនមាន គឺមានតែធម៌សុទ្ធៗ ដែលប្រព្រឹត្តទៅជាសង្សារវដ្ដ កាលឃើញយ៉ាងនេះ ទើបជាសម្មាទស្សនៈ។ ដកស្រង់ចេញពីសៀវភៅ ពន្លឺធម៌ព្រះពុទ្ធ ដោយ៥០០០ឆ្នាំ |