អានអត្ថបទ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១៩,៥៣២ ដង)
មុតិតាចិត្ត

|
មុតិតាចិត្ត
មុតិតាចិត្ត បានដល់ចិត្តដែលប្រកបដោយភាពទន់ភ្លន់ រីករាយត្រជាក់ក្នុងពេលដែលអ្នកដទៃបានល្អ ឬបានទទួលនូវសេចក្ដីសម្រេចយ៉ាងណាមួយ គឺជាអាការនៃសភាវៈដែលកើតឡើងក្នុងចិត្ត ព្រោះប្រាសចាកនូវការច្រណែន។ មុទិតាចិត្ត ជាចិត្តកើតមានក្នុងបុគ្គលដែលមានប្រក្រតីព្រមទទួលនូវផលសម្រេច ឬសេចក្ដីល្អរបស់អ្នកដទៃ។ គុណធម៌មួយនេះ មិនមែនកើតឡើងបានដោយងាយៗឬចេះតែកើតបានក្នុងគ្រប់មនុស្សនោះឡើយ ព្រោះជាប្រក្រតីធម្មតានៃមនុស្សទូទៅ ច្រើនតែមិនព្រមទទួលនូវសេចក្ដីល្អរបស់អ្នកដទៃ មិនទន់ភ្លន់ចិត្តនៅពេលដែលអ្នកដទៃបានទទួលនូវការសរសើរ ឬបានលាភបានយសខ្ពស់ជាងខ្លួន ជាពិសេសចំពោះអ្នកដែលខ្លួនមិនពេញចិត្តនិងកំពុងតែប្រៀបផ្ទឹមគ្នា។ មនុស្សដែលមានមុទិតាចិត្ត គឺជាមនុស្សពិសេសខ្ពង់ខ្ពស់ ជាមនុស្សរស់នៅជាមួយនឹងសេចក្ដីសុខរបស់ខ្លួនមានចិត្តប្រសើរខ្ពស់ជាងមនុស្សសាមញ្ញធម្មតា មានចិត្តទូលាយ ព្រមទទួលយកសេចក្ដីល្អរបស់អ្នកដទៃ និងមានចិត្តរីករាយស្មើជានិច្ចបីដូចជាព្រះព្រហ្ម។ មុទិតាជាព្រហ្មវិហារធម៌ ១ ជាជម្រកដ៏ប្រសើររបស់ចិត្ត មិនងាយនឹងកើតឡើងឡើយ លុះត្រាតែហ្វឹកហាត់អប់រំដោយការតាំងចិត្តមាំ ប្រកបដោយបញ្ញាយល់ដឹង។ ការអប់រំមុទិតាចិត្តឲ្យចម្រើនជាប្រក្រតី ត្រូវកម្ចាត់នូវសត្រូវដ៏សំខាន់របស់មុទិតា គឺ អរតិ ឲ្យបានជាដាច់ខាត។ អរតិ បានដល់សេចក្ដីមិនត្រេកអរ ព្រោះឥស្សាការច្រណែនកើតឡើងហ្នឹងឯង។ ដើម្បីកម្ចាត់នូវអរតិនេះ ត្រូវពិចារណាអំពីហេតុផលនៃជីវិត ព្រោះអ្វីៗក្នុងជីវិតសុទ្ធតែមានហេតុផល។ អ្នកដទៃបានលាភបានយស បានការសរសើរការគោរពរាប់អាន គឹសមគួរនឹងបានពិតហើយ មិនមានភាពអយុត្តិធម៌ក្នុងច្បាប់ហេតុផលនេះឡើយ។ អរតិជាបាបធម៌ម្យ៉ាងដែលបាំងចិត្តបិទបញ្ញា មិនឲ្យមានការទទួលខុសត្រូវចំពោះអ្វីដែលល្អពិត និងអ្វីដែលអាក្រក់ពិតនោះឡើយ ធ្វើឲ្យត្រេកអរនឹងគេមិនបាន សរសើរគេមិនកើត សម្លឹងមើលអ្នកដទៃក្នុងផ្នែកល្អក៏មិនបានដែរ មានតែគំនិតទម្លាយសេចក្ដីល្អរបស់គេ ដោយការពោលទោស ផ្សំរឿងមិនល្អ និងចោទប្រកាន់ផ្សេងៗឲ្យដល់អ្នកដទៃនោះៗ ឯសេចក្ដីល្អព្រមទាំងគុណរបស់គេប្រៀបបាននឹងភ្នំធំ បែរជាមើលមិនឃើញ នេះគេហៅថា មនុស្សចិត្តខ្វាក់។ ដើម្បីសេចក្ដីសុខទាំងខ្លួនឯង ទាំងអ្នកដទៃ មនុស្សយើងត្រូវសាងមុទិតាចិត្ត ឲ្យកើតឡើងជំនួសកន្លែងឥស្សាដោយការព្យាយាមសម្លឹងរកសេចក្ដីល្អរបស់អ្នកដទៃ សូម្បីតែសេចក្ដីល្អនោះបន្តិចបន្តួចក៏ដោយ។ ត្រូវហាត់យកសេចក្ដីល្អរបស់គេដែលមាន សូម្បីបន្តិចបន្តួចមកសរសើរទោះបីមុនដំបូងមានការលំបាកនឹងនិយាយ ក៏ត្រូវតែព្យាយាមដែរ យូរៗទៅក្លាយទៅជាទម្លាប់ហើយអាចនិយាយបានច្រើនទៀតផង។ កាលជំនាញក្នុងការនិយាយសរសើរសេចក្ដីល្អរបស់គេហើយ ត្រូវចេះសម្ដែងនូវសេចក្ដីត្រេកអរចំពោះទៅរកសេចក្ដីសម្រេចខ្លះៗ របស់អ្នកដទៃចាប់ផ្ដើមតាំងពីមនុស្សក្នុងគ្រួសារទៅមុន ពង្រីកទៅរកញាតិមិត្ត តទៅដល់អ្នករួមការងារជាដើម។ ដូច្នេះឯងមិនយូឡើយមុទិតាក៏នឹងកើតឡើងពេញនៅក្នុងចិត្ត ភាពក្ដុកក្ដួលរំជើបរំជួល ជំងឺក្នុងចិត្ត ព្រោះការច្រណែនក៏រមែងស្ងប់រម្ងាប់ទៅ។ មុទិតាធម៌ ជាថ្នាំដ៏វិសេសដែលធ្វើឲ្យមនុស្សយើងញញឹមញញែមរកគ្នា គប់រកគ្នាដោយស្និទ្ធស្នាល ជាសោមាសចាក់ចិត្តគ្នាប្រកបដោយសុខ និងចម្រើនអស់កាលជានិច្ច ដែលផ្ទុយពីឥស្សាការច្រណែន ជាសស្ត្រាវុធសម្រាប់កាត់ចំណងមិត្តភាព និងជាតួទម្លាយនូវប្រយោជន៍គ្រប់យ៉ាងក្នុងលោក។ ដកស្រង់ចេញពីសៀវភៅ ពន្លឺធម៌ព្រះពុទ្ធ ដោយ៥០០០ឆ្នាំ |