អានអត្ថបទ
ផ្សាយ : ០៥ វិច្ឆិកា ឆ្នាំ២០២០ (អាន: ១១,៥១៦ ដង)
មិនផឹកគ្រឿងស្រវឹង

|
មនុស្សឆ្កួតឬវិកលចរិត ព្រោះគេបាត់បង់សតិសម្បជញ្ញៈ ឯសុរាគឺជាគ្រឿងពង្វក់ស្មារតី ដូច្នេះទើបមនុស្សត្រូវវៀរចាកការផឹកសុរា។ តាមទស្សនៈអ្នកញៀនសុរាខ្លះនិយាយថា ការផឹកសុរាបន្តិចបន្តួចដើម្បីឲ្យបាយឆ្ងាញ់មិនមានទោសទេ ទាល់តែផឹកច្រើនទើបមានទោស តែនៅក្នុងព្រះពុទ្ធសាសនាបានប្រដៅឲ្យមនុស្សវៀរចាកស្រឡះ សូម្បីបន្តិចបន្តួចក៏ដោយ ព្រោះសុរានេះ គឺជាប្រភពនៃសេចក្ដីវិនាសច្រើនយ៉ាងដូចជា
១- សុរា នាំឲ្យវិនាសទ្រព្យសម្បត្តិ ជីវិតរបស់យើងម្នាក់ៗសុទ្ធតែត្រូវការអាហារដើម្បីបរិភោគ បើអត់អាហារនឹងត្រូវស្លាប់ ប៉ុន្តែសុរាបើមិនផឹកក៏មិនស្លាប់ ដូច្នេះអ្នកផឹកសុរា គឺជាអ្នកចាយវាយទ្រព្យសម្បត្តិខ្ជះខ្ជាយដោយគ្មានប្រយោជន៍។ ២- សុរា នាំឲ្យកើតជម្លោះ អ្នកផឹកស្រវឹងស្រាច្រើនតែមានសំដីតូចធំហួសមាឌ ហួសឋានៈ របស់ខ្លួន មិនសូវកោតញញើតអ្នកណាឡើយ បើមានអ្នកណាធ្វើឲ្យទាស់ចិត្តបន្តិច ក៏បញ្ចេញភ្លើងកំហឹងឲ្យប្រាកដឡើង ដូចជាភ្លើងឆេះចំបើង ហើយស្រែកជេអ្នកដទៃ ដោយប្រការផ្សេងៗ ដែលជាហេតុនាំឲ្យមានវិវាទទាស់ទែងគ្នា។ ៣- សុរា នាំឲ្យកើតរោគទាំងឡាយ សុរាដែលអ្នកប្រមឹកឲ្យតម្លៃថាគួរឲ្យសប្បាយណាស់នោះ តាមពិតគឺជាថ្នាំពិសដ៏ពន្លឹក សម្រាប់ធ្វើឲ្យរាងកាយចុះខ្សោយអន់ថយ ហើយនឹងបង្កឲ្យមានរោគផ្សេងៗដូចជា រោគឈឺក្រពះ រោគស្រវាំងភ្នែក រោគឈឺថ្លើម ជាពិសេសគឺរោគវិកលចរិតដែល ហៅថា(ឆ្កួតសុរា)។ ៤- សុរា នាំឲ្យខូចឈ្មោះ អ្នកស្រវឹងស្រា តែងធ្វើចរិយាមារយាទមិនគួរឲ្យចូលចិត្តឡើយ ច្រើនធ្វើនូវការរំខានដល់អ្នកផ្ទះជិតខាង ដូចជាការរាំច្រៀងស្រែកឡូឡាខុស ពេលវេលាជាដើម ដូច្នោះឈ្មោះរបស់គេត្រូវបានអ្នកផងតិះដៀល ថាជាមនុស្សប្រមឹក។ ៥- សុរា នាំឲ្យមានការបង្ហាញកេរ្តិ៍ខ្មាស តាមធម្មតាមនុស្សយើងមានការអៀនខ្មាសណាស់ ទៅណាមកណាតែងស្លៀកពាក់យ៉ាងសមរម្យ លុះតែសុរាចូលមកពង្វក់ស្មារតី ក៏ក្លាយជាមនុស្សលែងចេះអៀនខ្មាសមួយរំពេច ជួនកាលអាចហ៊ានបើកបង្ហាញកេរ្តិ៍ខ្មាសក្នុងទីសាធារណៈក៏សឹងមាន។ ៦- សុរា ធ្វើបញ្ញាឲ្យមានកំលាងថយ បញ្ញាគឺជាទ្រព្យដ៏វិសេសវិសាលសម្រាប់មនុស្សគ្រប់ៗគ្នា ប៉ុន្តែចំពោះមនុស្សប្រមឹក មិនអាចមានឱកាសដើម្បីបណ្ដុះបញ្ញាឲ្យកាន់តែភ្លឺស្វាងឡើងបានទេ មានតែបាត់បង់ប្រាជ្ញាស្មារតីបន្តិចម្តងៗជាដរាប។ គ្រួសារខ្លះ ប្ដីជាមនុស្សប្រមឹក ហើយវាធ្វើបាបប្រពន្ធកូនដែលបង្កើតឲ្យមានអំពើហិង្សាក្នុងគ្រួសារ មិនគោរពសិទ្ធិគ្នាធ្វើឲ្យកូនខ្លះខូចចិត្តត្បិតខ្មាសអ្នកជិតខាង រហូតក្លាយខ្លួនជាក្មេងអនាថា ឥតទីពឹង គ្មានគោលដៅពិតប្រាកដ ព្រោះវិបត្តិឪពុក ម្ដាយ ដែលជាហេតុនាំឲ្យមានសភាពមិន សុខស្ងប់ដល់សង្គមជាតិទាំងមូល។ សូមឲ្យមនុស្សគ្រប់គ្នាមានចេតនាវៀរចាកការផឹកទឹកស្រវឹង ហើយយកពេលវេលាដ៏មាន តម្លៃបំពេញកិច្ចការតាមតួនាទីប្រកបដោយសតិ និង សម្បជញ្ញៈ ព្រោះប្រទេសជាតិត្រូវការចាំបាច់ណាស់នូវមនុស្សដែលមានសតិ និង សម្បជញ្ញៈគ្រប់គ្រាន់ក្នុងកិច្ចបំពេញការងារតាមតួនាទី។ ដកស្រង់ចេញពីសៀវភៅ ជីវិតពិតជាត្រូវការព្រះធម៌ ដោយ៥០០០ឆ្នាំ |