អានអត្ថបទ
ផ្សាយ : ២២ កញ្ញា ឆ្នាំ២០២៣ (អាន: ២០,៩០៩ ដង)
ជីវិតពិតជាត្រូវការធម៌

|
ជីវិតពិតជាត្រូវការធម៌
រឿងរបស់ជីវិតគឺជារឿងស្មុគ្រស្មាញបណ្ដាញទុក្ខ ច្របូកច្របល់ ក្រហល់ក្រហាយ ខ្វល់ខ្វាយ រកកលនឹងដោះស្រាយឲ្យឆ្ងាយពីទុក្ខមិនងាយបាន គ្រប់ប្រាណតាំងតែពីកើតមករហូតដល់ចាស់សក់ស្កូវក៏នៅតែមិនទាន់ចប់រឿងដែលត្រូវដោះស្រាយដដែលមិនថាអតីតៈ បច្ចុប្បន្ន ឬអនាគតកាលឡើយ ឲ្យតែកើតមកហើយត្រូវតែមានបញ្ហាដែលត្រូវដោះស្រាយជានិច្ច។ ព្រោះតែជីវិតពោរពេញទៅដោយភាពស្មុគ្រស្មាញយ៉ាងនេះហើយ ទើបបណ្ដាលឲ្យមានបុគ្គលដ៏អស្ចារ្យម្នាក់ ខំព្យាយាមបំពេញបារមីអស់រយៈកាល ៤អសង្ខេយ្យ កំរៃ១សែនកប្ប ដើម្បីបានត្រាស់ជាព្រះសម្មាសម្ពុទ្ធ ហើយបានប្រកាលប្រាប់នូវរូបមន្តដ៏វិសេសបំផុត មានចំនួន ៨៤០០០ ព្រះធម្មក្ខន្ធ ដែលហៅថាព្រះធម៌ ឬ ព្រះពុទ្ធសាសនានេះឯង។ ជនមួយចំនួនដែលមិនស្គាល់ មិនយល់ច្បាស់នូវតម្លៃរបស់ព្រះពុទ្ធសាសនា ព្រោះគេមិនបានសិក្សា ឬ មិនបានពិចារណាឲ្យចេះយល់ស្គាល់នូវព្រះពុទ្ធសាសនាថាមានអ្វីខ្លះ? ក្នុងនោះគេមានគំនិតផ្ទុយនឹងជីដូនជីតាយើង ចិត្តគំនិតរបស់គេកំពុងរសាត់អណ្ដែតសែតអញ្ជង់ វិលវល់ក្នុងរឿងដទៃទៀតច្រើនសែនច្រើនគេបែរជាឃើញការកាន់សាសនា ប្រព្រឹត្តធម៌អាថ៌ ចរិយាប្រសើរថាជាអំពើលាសម័យ ការទៅវត្តស្ដាប់ធម៌ ធ្វើបុណ្យទានវាជារឿងគួរអោយអៀនខ្មាស ឃើញថាជាការប្រសើរ ស៊ូនៅតាមរោងភាពយន្ត ឬ រាត្រីសមោសរ ដែលមានពួកនារីស្អាតៗ ល្អៗ តុបតែងតួយ៉ាងស្រស់ឆើតឆាយប្រកបដោយសូរស័ព្ទតន្ត្រី និង ចំរៀង ប្រលោកកាម ព្រមទាំងសូរសព្ទ័នៃកែវស្រាយ៉ាងគួរអោយភ្លើតភ្លើន ស្រើបស្រាល បើមានអ្នកណាទៅនិយាយធម៌អាថ៌ សាសនា ក្នុងទីនោះ គេទាំងនោះ ក៏មិនត្រូវការស្ដាប់ ឯអ្នកនិយាយអាចនឹងត្រូវគេចំអកឡកឡឺយពេបជ្រាយអោយថា ខួរក្បាលបុរាណខ្លះ ថាជឿឆោតៗខ្លះ ព្រមទាំងដៀលត្មះធម៌អាថ៌ឬពុទ្ធសាសនាដោយប្រការផ្សេងៗ សំដែងសំដីថា ខ្លួនប្រសើរជាងព្រះពុទ្ធសាសនាទៅទៀត។ ការនិយាយយ៉ាងនេះ ក៏មិនបានម៉ៅសំដៅសេចក្ដីថា គ្រប់មនុស្សទាំងអស់សុទ្ធតែមានលក្ខណៈយ៉ាងនេះឡើយ សេចក្ដីពិតដែលគេមិនយកចិត្តទុកដាក់ក្នុងរឿងសាសនាឬ ធម៌អាថ៌ អាចទាក់ទងមកពីគេមិនមានសេចក្ដីចេះដឹងគ្រប់គ្រាន់ ល្មមនឹងស្រាវជ្រាវរាវរកសេចក្ដីពិតចាកព្រះសាសនានេះក៏អាចថាបាន។ តាមពិតព្រះពុទ្ធសាសនា គឺជាផែនដីដ៏ជាក់លាក់ សម្រាប់នាំសត្វលោកដែលដើរតាម ឲ្យទៅដល់គោលដៅយ៉ាងគួរអោយពេញចិត្ត ឬ ថាជាមធ្យោបាយដ៏សមស្របសម្រាប់ចោទ និងដោះស្រាយនូវរាល់បញ្ហាជីវិតរបស់មនុស្សគ្រប់វ័យ គ្រប់ប្រភេទមិនថាអតីតៈបច្ចុប្បន្ន ឬ អនាគត មិនរើសសម័យកាល នរណាប្រតិបត្តិតាមក្នុងវេលាណក៏អោយផលវេលានោះ មិនបាច់រង់ចាំជាតិមុខរឺជាតិក្រោយឡើយ ប្រៀបបីដូចជាទឹកស្រះថ្លាដ៏ត្រជាក់ ឲ្យតែយើងដងយកមកចាក់លើកាយ ខណៈណា ក៏ផ្ដល់ឲ្យនូវភាពត្រជាក់ខណៈនោះភ្លាម។ ព្រះធម៌ឬព្រះពុទ្ធសាសនា ជាការចោទនិងដោះស្រាយនូវបញ្ហាជីវិត ដូច្នេះព្រះធម៌គឺជាគោលនៃជីវិត យ៉ាងណាមិញ? យ៉ាងនេះគឺ បើជីវិតប្រាសចាកធម៌ដូចជា សតិ ជីវិតនោះក៏នឹងវិកលចរិត ប្រាសចាកប្រយោជន៍ បើប្រាសចាកធម៌ ហិរិ ឱត្តប្បៈ ក៏ជាជីវិតខ្មៅសៅហ្មង ពុករលួយ ច្រើនប្រកបដោយទោស បើប្រាសចាកធម៌ បញ្ញា ក៏ជាជីវិតងងឹតងងល់ មិនស្គាល់ច្បាស់នូវអ្វីជាប្រយោជន៍ និង មិនមែនជាប្រយោជន៍ បើប្រាសចាកធម៌ វិរិយៈ គឺសេចក្ដីព្យាយាម ក៏ជាជីវិតអន់ថយក្រោយ គ្មានជំហានឈានទៅរកសេចក្ដីចម្រើនថ្កុំថ្កើងរុងរឿង មិនអាចដកខ្លួនចាករណ្ដៅទុក្ខបាន បើប្រាសចាកធម៌ មេត្តា ករុណា ក៏ជាជីវិតសាហាវយង់ឃ្នងឃោរឃៅក្រៅមនុស្សធម៌ ។ល។ សេចក្ដីដូចរៀងមកខាងលើ ក៏សបញ្ជាក់អោយឃើញថាធម៌មាននៅក្នុងជីវិតនេះឯង ហើយជីវិតពិតត្រូវការធម៌ល្អៗសម្រាប់ដាស់តឿនក្រើនរំលឹកស្មារតីឲ្យបានជារឿយៗ។ ការដែលអ្នកខ្លះពោលដៀលត្មះធម៌ ឬពុទ្ធសាសនាយ៉ាងនេះរឺយ៉ាងនោះព្រោះគេមើលពុទ្ធសាសនាតាមតែសភាព សើៗខាងក្រៅ ហើយគេមិនបានសិក្សា មិនបានពិចារណាឲ្យស្គាល់ច្បាស់តែប៉ុណ្ណោះ តែបើគេស្គាល់ច្បាស់ យល់ច្បាស់នូវព្រះពុទ្ធសាសនាតាមសេចក្ដីដែលពិត បានក្រេបរសជាតិនៃព្រះធម៌ឲ្យបានជារឿយៗហើយនោះ គេមុខជារីករាយស្រលាញ់ព្រះធម៌ស្មើរដោយជីវិតពិតប្រាកដមិនខាន។ ជីវិតគឺជាការដើរផ្លូវឆ្ងាយ ឯរូបកាយជាសាលាសំណាក់ ផ្លូវឆ្ងាយគឺជាឈ្មោះនៃវដ្ដៈ ឥតធម៌ពឹងពាក់ជាក់ជាអន្តរាយ។ ដកស្រង់ចេញពីសៀវភៅ ជីវិតពិតជាត្រូវការព្រះធម៌ ដោយ៥០០០ឆ្នាំ |