អានអត្ថបទ
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១១,២២០ ដង)
បទគួរយល់ដឹងក្នុងតួនាទី

|
បទគួរយល់ដឹងក្នុងតួនាទី
យើងត្រូវមាន សម្បជញ្ញៈ ក្នុងតួនាទីរបស់ខ្លួន ពោលគឺសេចក្ដីដឹងខ្លួនដោយប្រពៃ ការមិនភ្លេចខ្លួនការប្រុងប្រយ័ត្នជានិច្ច ចំពោះកិច្ចការដែលយើងត្រូវប្រតិបត្តិ។ និយាយដល់តួនាទី មនុស្សគ្រប់គ្នាមិនមានអ្នកណាអត់ឡើយ គ្រាន់តែថាមានតិចច្រើនជាងគ្នា និងគោរពបានល្អឬមិនបានល្អតែប៉ុណ្ណោះ មានទាំងតួនាទីដែលត្រូវបដិបត្តិចំពោះខ្លួនឯងផ្ទាល់ មានទាំងតួនាទីដែលត្រូវធ្វើចំពោះអ្នកដទៃ មានទាំងតួនាទីដែលត្រូវធ្វើដើម្បីជាប្រយោជន៍រួមគ្នា សរុបសេចក្ដីមកគ្រប់គ្នាមានតួនាទី។ ក្នុងឋានៈដែលយើងបានកើតមកជាមនុស្ស យើងមានតួនាទីសំខាន់មួយជាស្រេច គឺធ្វើខ្លួនឯងឲ្យជាមនុស្ស ពោលគឺធ្វើឲ្យជាអ្នកមានចិត្តខ្ពស់ មានស្មារតីជាគ្រឿងគ្រប់គ្រង ការពារដោយប្រុងប្រយ័ត្នជាទីបំផុតមិនឲ្យខ្លួនឯងដែលមានរូបរាងជាមនុស្ស ប៉ុន្តែចិត្តគំនិតជាសត្វតិរច្ឆាន ជាខ្មោចព្រាយបិសាចនោះឡើយ។ រូបរាងសណ្ឋានទ្រង់ទ្រាយរបស់មនុស្សមិនយកជាសំខាន់ក្នុងពាក្យថាមនុស្សនោះទេ ព្រោះថាមនុស្សប្រែថា ជនអ្នកមានចិត្តខ្ពស់ ( មន + ឧស្ស) គឺជនអ្នកដឹងនូវអំពើមានប្រយោជន៍ និង អំពើឥតប្រយោជន៍ដូច្នេះ បើសិនជាបុគ្គលធ្វេសប្រហែសនៅក្នុងតួនាទីដែលខ្លួនឯងបានកើតមកក្នុងកំណើតជាមនុស្សនេះ មិនគ្រប់គ្រងរក្សាចិត្ត មិនអប់រំចិត្ត ប្រព្រឹត្តតាមតែចំណង់នៃ កិលេសតណ្ហា សំគាល់ថាខ្លួនឯងប្រសើរជាងសត្វតិរច្ឆានត្រង់រូបរាងជាមនុស្ស វាជាការខុសធ្ងន់ណាស់ ព្រោះតាមពិត បើចិត្តមិនខ្ពស់ ដៃពីរជើងពីរនេះវាទៅជាចង្កូមដ៏មានពិស ក្រៃលែងជាងចង្កូមពស់វែកទៅទៀត ភ្នែកមុខមាត់គួរឲ្យខ្លាចជាងខ្មោចងាប់ហើមក្នុងព្រៃ រឺឯងពាក្យសម្ដីវិញ ថោកជាងលាមក។ មនុស្សត្រូវតែដូចផ្កាឈូកដែលដុះក្នុងស្រះ ទឹកមិនស្អាតក្ដី ភក់ក្ដី ដែលជាទីអាស្រ័យនៃផ្កាឈូកនោះ មិនប្រឡាក់ផ្កាឈូកឡើយ ផ្កាឈូកជាផ្កាដ៏ស្អាតស្រស់ដុះចេញពីទឹក តែទឹកមិនបានជោគសើមដល់ផ្កាឈូកទេ សូម្បីតែទីនោះជាគំនរសម្រាម ឬជាទីមិនស្អាតក៏ដោយផ្កាឈូកដែលដុះនៅទៅនោះ គេអាចកាត់យកមកថ្វាយព្រះរាជា ឬ បូជាព្រះសម្មាសម្ពុទ្ធក៏បាន ដោយចិត្តជ្រះថ្លា ព្រោះថា ជាផ្កាស្អាត មិនដិតដាមដោយរបស់មិនស្អាតឡើយ ហើយមានក្លិនក្រអូបទៀតផង។ មនុស្សយើងគួរមានជីវិតរស់នៅដោយសេចក្ដីបរិសុទ្ធ ឲ្យបានជាទីត្រេកអររីករាយ នៃមហាជនក្នុងសង្គម ពិតមែនតែជាបុថុជនជ្ជនមានកិលេស ប៉ុន្តែអាស្រ័យសម្បជញ្ញៈធ្វើឲ្យមានចិត្តខ្ពស់ រស់នៅស្អាតស្រស់ដូចផ្កាឈូកអ៊ីចឹងឯង ដាច់ខាតកុំស្លាប់ដូចពស់ កុំរស់ដូចកង្កែប បានសេចក្ដីថា ពស់មានពិសស្លាប់ទៅអ្នកភូមិត្រេកអរណាស់ ព្រោះកាលវានៅរស់ វាខាំចឹកមនុស្សព្រមទាំងគោក្របី បុរសស្ត្រីភ័យខ្លាចគ្រប់ៗគ្នា ចំណែកកង្កែបវិញ នៅក្នុងអណ្ដូងតូចឡើងលើពុំរួច ប៉ុន្តែអួតក្អេងក្អាងថាកន្លែងឯងធំជាងសមុទ្រ ពុំនោះសោត បើនៅក្នុងស្រះឈូកវិញ ក៏មិនរវល់នឹងផ្កាឈូកដែលល្អមានក្លិនក្រអូបឡើយ ហើយបើនៅវាលស្រែ មិនចេះកាយរន្ធអ្វីទាំងអស់ ចេះតែរំខានក្ដាមតែប៉ុណ្ណោះ ធ្វើឲ្យក្ដាមស្លាប់ព្រោះខ្លួនឯងចូលក្នុងរន្ធទៅនៅពួនពីក្រោមគេទៀតផង (នៅពេលព្រានខ្វារកង្កែប ត្រូវគ្រោះថ្នាក់ក្ដាមជាំម្ចាស់រន្ធមុនកង្កែប) កាលភ្លៀងធ្លាក់ដក់ទឹកដើមដៃ កង្កែបគ្មានសំចៃមាត់ សប្បាយនឹងស្នេហាឡូឡាពេញវាលស្រែ ឃើញព្រានមកដល់គ្មានខ្វល់គេច។ មានឈ្មោះថាមនុស្សជាអ្នកមានចិត្តខ្ពស់ ថែមទាំងជាខ្មែរ ដូច្នេះ ដើម្បីឲ្យសមនឹងឈ្មោះថាជាខ្មែរ ត្រូវតែជាមនុស្សមានចិត្តក្សេម អ្នកមានចិត្តក្សេមរមែងជា ឥស្សរៈលើប្រធានសេចក្ដីវិនាស មិនជាទាសៈនៃអំពើបាប មិនជាទាសៈនៃទឹកស្រវឹង មិនជាទាសៈនៃល្បែងស៊ីសង មិនជាទាសៈនៃបាបមិត្ត មិនជាទាសៈនៃសេចក្ដីខ្ជិល មិនជាទាសៈនៃសេចក្ដីភ្លើតភ្លើនក្នុងកាមគុណ។ ប្រទេសខ្មែរយើងមានឈ្មោះថា កម្ពុជា ដូចគ្នានឹងសុវណ្ណភូមិ ប្រែថា ភូមិមាស (កម្ពុ <<មាស>> + ជ ឬ ជា << កើត កំណើត >> ភូមិប្រទេសជាទីកើតនៃមាស គឺជា ដែនដីមាស ដែនដីព្រះ ព្រោះមានព្រះពុទ្ធសាសនា ដែនដីធម៌ ព្រោះមានច្បាប់សម្រាប់គ្រប់គ្រងទាំងគ្រហស្ថទាំងបព្វជិត មានវប្បធម៌សម្រាប់សាបព្រោះបណ្ដុះបណ្ដាលចំណេះដឹងខាងប្រាជ្ញាស្មារតី មានអរិយធម៌សម្រាប់នាំឲ្យកើតសេចក្ដីសុខចម្រើន មានសណ្ដាប់ធ្លាប់ល្អ មានទំនៀមទម្លាប់ប្រពៃណីរបស់ជាតិខ្មែរ ។ល។ ដូច្នេះតួនាទីជាមនុស្ស + ខេមរៈ "ខ្មែរ" + កម្ពុជា ថែមទៀតនោះ គឺត្រូវតែបដិបត្តិខ្លួនឲ្យជាមនុស្សមាស ពោលគឺមានចិត្តគំនិតថ្លៃថ្នូរដូចមាស កុំថោកឲ្យសោះ ទោះជាទៅរស់នៅប្រទេសណាក៏ដោយ ឲ្យតែនៅមានឈាមខ្មែរឈ្មោះថាខ្មែរត្រូវតែថ្លៃថ្នូរ បើយើងថោកម្នាក់ឲ្យបរទេសដៀលត្មះ វាដោយខ្មែររាប់លាននាក់ មានឈ្មោះមិនល្អដោយសារយើងម្នាក់ ដូច្នេះសូមមនុស្សខ្មែរកុំធ្វើឲ្យជនបរទេសខ្ពើមប្រទេសខ្មែរ កុំបៀតបៀនជនបរទេស កុំបៀតបៀនខ្មែរគ្នាឯង និង កុំបៀតបៀនខ្លួនឯង។ យើងជាពុទ្ធបរិស័ទ ក៏ត្រូវមានតួនាទីធ្វើខ្លួនឲ្យជាពុទ្ធបរិស័ទ គោរពព្រះធម៌ និង គោរពព្រះវិន័យឲ្យបានល្អ បដិបត្តិតាមឱវាទរបស់ព្រះសម្មាសម្ពុទ្ធក្នុងភាពជាអ្នកដឹងហេតុផលច្បាស់លាស់ ជាង្នកមានស្មារតីកែកំហុសរបស់ខ្លួន និង ជាអ្នករីករាយជ្រះថ្លាក្នុងគុណព្រះរតនត្រ័យ។ ពុទ្ធបរិស័ទមានព្រះនិព្វានជាទិសដៅនៃដំណើរបដិបត្តិ ដូច្នេះត្រូវមានស្មារតីកំណត់ទិសដៅរបស់ខ្លួនឲ្យបានជាក់លាក់ប្រាកដ ដើម្បីកុំឲ្យរអាក់រអួលក្នុងដំណើរផ្លូវ ដែលត្រូវជួបនឹងព្រាយបិសាច។ តាមផ្លូវទៅព្រះនិព្វាន មានភ្នែក ត្រចៀក ច្រមុះ អណ្ដាត កាយ និង ចិត្ត មានម្ខាងផ្លូវ ហើយមានរូប សំឡេង ក្លិន រស ផោដ្ឋព្វៈ និង ធម្មារម្មណ៍ នៅម្ខាងទៀតនៃផ្លូវ បានសេចក្ដីថា មានអាយតនៈក្នុងនឹងក្រៅនៅអមខងខាងផ្លូវ ជាគ្រឿងទាក់អ្នកដំណើរ ដែលមានសេចក្ដីប្រមាទ ដូច្នេះ សូមពុទ្ធបរិស័ទបដិបត្តិតួនាទីដោយសេចក្ដីមិនប្រមាទ មិនត្រូវចាប់យកនូវអ្វីៗដែលមានតាមផ្លូវ ទោះជាមានភាពប្រណីតយ៉ាងណាក៏ដោយព្រោះវានៅជាសង្ខតធម៌ ត្រូវភាវនាជានិច្ចថា អ្វីៗមិនមែនជារបស់យើងគឺយើងមិនយកជាដាច់ខាត វាគ្រាន់តែជារបស់ជន្លប៉ុណ្ណោះ ជារបស់មារ ជារបស់ធ្នាក់។ ពុទ្ធបរិស័ទប្រយ័ត្នចិត្តប្រទូស្ដផងដែរ គឺត្រូវកំណត់របស់នៅតាមផ្លូវថា វារបស់ធម្មតាសម្រាប់ជំរុញដំណើរឲ្យបានទៅមុខ មិនត្រូវធ្វេសប្រហែសញ៉ាំងចិត្តឲ្យប្រទូស្ដជាមួយរបស់ធម្មតាដែលនៅអមសងខាងផ្លូវនោះឡើយ ព្រោះស្រលាញ់ស្អប់គឺជាប់អន្ទាក់។ យើងជាមាតា យើងជាបិតា ក៏ត្រូវបដិបត្តិតួនាទីរបស់ខ្លួនឲ្យពេឡលេញបរិបូណ៌ មានសម្បជញ្ញៈដឹងខ្លួនឯងថាជាម្ដាយគេ ឬជាឪពុកគេ មិនថាយើងនៅក្នុងតំណែងណា ឋានៈណា មានតួនាទីជាអ្វី យើងត្រូវមានស្មារតីទទួលខុសត្រូវ មានសម្បជញ្ញៈគោរពបូជា គឺបដិបត្តិដោយសេចក្ដីធត់ធន់ ត្រូវចាំជានិច្ច និង យល់ដឹងជានិច្ចថា នេះជាតួនាទីរបស់យើង។ គេតែងពោលថា << ខ្ញុំគ្មានការធ្វើ >> តាមពិតការងារមានច្រើនណាស់ គ្រាន់តែអ្នកខ្លះរើសអើងពេកចាត់ទុកការងារដែលមាននោះថាថោកទាបឬអន់ថយ ក៏បណ្ដោយឲ្យខ្លួនឯងទៅជាមនុស្សពិការ ទាំងដែលមានអវយវៈគ្រប់គ្រាន់អ៊ីចឹងទៅ។
ដកស្រង់ចេញពីសៀវភៅ សិក្ខាបទមនុស្សល្អ ដោយ៥០០០ឆ្នាំ |