អានអត្ថបទ
ផ្សាយ : ០៤ តុលា ឆ្នាំ២០២២ (អាន: ១៦,១៩៥ ដង)
តួនាទីមាតាបិតា ៥ សិក្ខាបទ

|
តួនាទីមាតាបិតា ៥ សិក្ខាបទ
សិក្ខាបទទី១ : មាតាបិតាគប្បីសិក្សាថាអាត្មាអញត្រូវហាមឃាត់កូន ក្នុងកាលដែលកូនធ្វើនូវអំពើបាបផ្សេងៗ។ សម្បត្តិមរតកមាសប្រាក់លុយកាក់ ដីធ្លីស្រែចំការ ទោះបីច្រើនប៉ុនណាក៏មិនមានតម្លៃដូចជាឱវាទទូន្មានប្រៀនប្រដៅឡើយ ម៉ែឪហាមកូនធ្វើបាបគឺជាការចែកសុគតិភពឲ្យកូនផង ជួយសង្គ្រោះមនុស្សសត្វយ៉ាងច្រើនឲ្យរួចផុតអំពីការបៀតបៀនរបស់កូនផង សមជាព្រះប្រោសសត្វលោកដែលមានឧបនិស្ស័យបានមកជាកូនប្រុសស្រីផង ជាព្រះព្រហ្ម ជាទេវតា ជាបុព្វាចារ្យពិតប្រាកដរបស់កូន។ សូមមាតាបិតាកុំស្រលាញ់កូនជ្រុលហួស រហូតដល់មិនហ៊ានហាមឃាត់កូន ដែលប្រព្រឹត្តធ្វើនូវបាបកម្មផ្សេងៗ តួនាទីមួយនេះសំខាន់ណាស់ ក្នុងសង្គមសត្វមានជីវិតទាំងអស់ សូមពឹងពាក់លើអ្នកដែលជាមាតាបិតាសូមលោកមេត្តាសត្វលោកមេត្តាអប់រំកូនឲ្យបានល្អ ប្រឹងប្រែងឲ្យអស់សមត្ថភាព។ ចរិយាមារយាទពាក្យសម្ដីគំនិតថោកថ្លៃ រស់ក្នុងជីវិតរាល់ថ្ងៃ ជាឧបនិស្ស័យបង្ហាត់កូន ដូច្នេះ ម៉ែឪត្រូវប្រុងប្រយ័ត្នខ្លួនផង។ សិក្ខាបទទី២ : មាតាបិតាគប្បីសិក្សាថា អាត្មាអញត្រូវញ៉ាំងកូនប្រុសស្រីឲ្យតាំងនៅក្នុងអំពើល្អ។ ការមិនធ្វើបាបនោះ ជាការល្អហើយ ប៉ុន្តែអំពើល្អនៅមានទៀត ដូចជាកល្យាណធម៌ ៥ យ៉ាងដែលជាគូគ្នានឹងការវៀរចាកបញ្ចវេរា បានដល់ មេត្តាករុណាគូគ្នាជាមួយនឹងការមិនសម្លាប់សត្វ១ ការចិញ្ចឹមជីវិតដោយប្រពៃគូគ្នាជាមួយនឹងការមិនធ្វើចោរ១ មានសេចក្ដីសន្ដោសចេះសង្គ្រោះឲ្យតម្លៃក្នុងមានជាភរិយាល្អ ស្វាមីប្រពៃជាគូគ្នាជាមួយនឹងមិនផិតក្បត់ គឺមិនប្រព្រឹត្តខុសក្នុងកាមទាំងឡាយ១ និយាយពាក្យពិតជាវចីសច្ចៈគូគ្នាជាមួយនឹងការមិនកុហក១ ចម្រើនស្មារតីដឹងខ្លួនដោយប្រពៃគូរគ្នាជាមួយនឹងការមិនបរិភោគនូវទឹកស្រវឹង១។ សូមមាតាបិតាកុំបន្ធូរបន្ថយ កុំបណ្ដែតបណ្ដោយក្នុងតួនាទីរបស់ខ្លួន សូមមេត្តាជួយបំពាក់គ្រឿងអលង្ការគឺកល្យាណធម៌ឲ្យដល់បុត្តធីតាកុំគប្បីខានឡើយ។ កាលបញ្ចូលគំនិតល្អព្រមដោយគុណធម៌ទៅក្នុងខ្លួនរបស់កូន ប្រសើរជាងពេជ្រទាំងគ្រាប់។ សិក្ខាបទទី៣ : មាតាបិតាគប្បីសិក្សាថាអាត្មាអញត្រូវឲ្យកូនរៀនសូត្រសិល្បសាស្ត្រ។ សិល្បសាស្រ្តគឺជាចំណេះដឹងសម្រាប់ប្រកបរបរចិញ្ចឹមជីវិត មានចំណេះខាងជាងជាដើម កាលឲ្យកូនសិក្សារៀនសូត្រចំណេះផ្លូវលោក ក៏ត្រូវឲ្យកូនយល់ដឹងតាមផ្លូវធម៌ព្រះពុទ្ធសាសនាផង ជាប្រយោជន៌ដើម្បីកុំឲ្យប្រើប្រាស់ចំណេះផ្លូវលោកក្នុងអំពើទុច្ចរិត ចិញ្ចឹមជីវិតខុសដោយប្រការផ្សេងៗ។ បើកូនប្រុសស្រីត្រូវការសម្បត្តិ ត្រូវការទីពឹងសម្រាប់រស់ ត្រូវកុំខ្ជិលច្រអូស ត្រូវកុំសេពគប់ជាមួយ មនុស្សមិនល្អ ត្រូវវៀរអបាយមុខគ្រប់យ៉ាងឲ្យឆ្ងាយហើយកុំប្រព្រឹត្តនូវអ្វីៗដែលជាការបំផ្លិចបំផ្លាញនូវស្មារតីរបស់ខ្លួនឯងឲ្យសោះ ត្រូវប្រឹងសិក្សារៀនសូត្រ និងបដិបត្តិនូវហេតុបច្ច័យនៃសម្បត្តិទាំងពួង ព្រោះសម្បត្តិទាំងពួងមានការងារជាហេតុសំខាន់ សូមកូនប្រុសស្រីគាំទ្រជីវិតបរិសុទ្ធដោយចិត្តរីករាយ។
ទ្រព្យសម្បត្តិចំណេះវិជ្ជាខាងក្រៅត្រូវអាស្រ័យគុណធម៌ខាងក្នុង ទើបមានប្រយោជន៍ពិត ជាម្លប់របស់ជីវិត រស់នៅមានតម្លៃ។ សិក្ខាបទទី៤ : មាតាបិតាគប្បីសិក្សាថាអាត្មាអញត្រូវចាត់ចែងឲ្យបានសមគួរ ក្នុងរឿងដណ្ដឹងប្រពន្ធឲ្យកូន ឬ ទុកដាក់កូនឲ្យមានប្ដី។ មិនមែនជាការរីករាយ ដើម្បីចងកូនប្រុសស្រីទុកក្នុងវដ្ដៈឡើយ ប៉ុន្តែជាការជួយរៀបសម្រួលក្នុងដំណើរផ្លូវ ដែលកូនត្រូវតែទៅនោះឲ្យបានសមរម្យ។
ក្នុងរឿងនេះ ក៏វាអាចមានចម្រូងចម្រាសព្រោះហេតុទាស់អធ្យាស្រ័យគ្នារវាងមាតាបិតា និងបុត្តធីតា ដូច្នេះ នៅក្នុងសិក្ខាបទទី៤ របស់មាតាបិតានេះមិនមែនត្រូវធូររលុងទេ ប៉ុន្តែតឹងរឹងពេកក៏អាចមានបញ្ហាធ្ងន់ធ្ងរកើតឡើងបានដែរ ដូចមានពាក្យមួយឃ្លាបានចែងថា "សេចក្ដីស្នេហាជាផ្នូរកប់ព្រលឹងមនុស្ស" បានសេចក្ដីថាការស្លាប់ចិត្ត ហើយពិតជាលំបាកនឹងស្រោចស្រង់ណាស់ ដូច្នេះ ការបង្វែរឲ្យខុសទិសដៅម៉ែឪត្រូវតែប្រយ័ត្ន ក្រែងលោធ្ងន់ធ្ងរលើសដើម។ ធ្វើអ្វីៗក៏ត្រូវតែឆ្លាតដែរ ទើបមិនសូវប្រទះនូវបញ្ហាស្មុគស្មាញ កើតមកជាមនុស្សត្រូវសិក្សាស្វែងយល់ត្រូវសាងសមត្ថភាពក្នុងតួនាទីរបស់ខ្លួន។ សិក្ខាបទទី៥ : មាតាបិតាគប្បីសិក្សាថាអាត្មាអញត្រូវចែកទ្រព្យសម្បត្តិឲ្យកូនក្នុងសម័យគួរ។
សម័យដែលគួរមានពីរយ៉ាង ដែលសម្រាប់មាតាបិតាឲ្យទ្រព្យសម្បត្តិដល់កូន ម្យ៉ាងគឺនិច្ចសម័យសម្រាប់ចាយផងធ្វើបុណ្យផង ជានិច្ចរាល់ពេលកំណត់ម្យ៉ាងទៀត គឺកាលសម័យ បានដល់ពេលកូនប្រុសស្រីមានប្ដីប្រពន្ធ ឬឲ្យទ្រព្យមរតកផ្សេងៗនៅពេលដែលដឹងថាខ្លួននឹងស្លាប់។ សូមកូនប្រុសស្រីកុំភ្លេចថា ជើងដៃសាច់សរសៃឈាមឆ្អឹងឆ្អែង រួមទាំងជីវិតកំពុងរស់នៅនេះ គឺជាមរតកសម្បត្តិដែលមាតាបិតាបានចែកឲ្យហើយ សឹងពោរពេញទៅដោយមេត្តាករុណា និង សេចក្ដីស្រលាញ់ចំណេះវិជ្ជាផ្លូវលោកផ្លូវធម៌ ក៏ត្រូវម៉ែឪចែកឲ្យដោយសព្វគ្រប់ដែរ សូមឲ្យកូនកាត់បន្ថយនូវតណ្ហាដែលត្រូវការសម្បត្តិទ្រព្យច្រើនៗអំពីម៉ែឪទៅ បើចេះតែទុកនៅមិនបន្ថយទេនោះ វានឹងបិទបាំងនូវគុណម៉ែឪទាំងអស់ បែរជាឲ្យពោលទោសឪពុកម្ដាយរបស់ខ្លួនទៅវិញ។ ចំណេះវិជ្ជាព្រមដោយចរិយាមារយាទល្អ និងគុណធម៌របស់មនុស្ស ជាមរតកដ៏ប្រសើរ។ ដកស្រង់ចេញពីសៀវភៅ សិក្ខាបទមនុស្សល្អ ដោយ៥០០០ឆ្នាំ |