អានអត្ថបទ
ផ្សាយ : ០៤ តុលា ឆ្នាំ២០២២ (អាន: ១៥,១៣៤ ដង)
ការងារមានតម្លៃចំពោះមនុស្សនៅត្រង់ណា?

|
ទ្រព្យសម្បត្តិជាលទ្ធផលរបស់ការងារក៏ពិតមែនហើយ ប៉ុន្តែទ្រព្យសម្បត្តិមិនមែនអាចជួយឲ្យមនុស្សអស់ការសៅហ្មងបានឡើយ បើបាត់បង់ស្មារតី បុរសស្ត្រីនឹងដល់នូវសេចក្ដីសៅហ្មងដោយសារទ្រព្យសម្បត្តិនោះឯង សូមមនុស្សទាំងអស់គ្រប់គ្នា កុំធ្វើការងារ ដើម្បីបានទ្រព្យសម្បត្តិតែម្យ៉ាងឲ្យសោះ តែត្រូវធ្វើការងារដើម្បីរំដោះខ្លួនឯង ឲ្យរួចអំពីការសៅហ្មង ប្រៀបបីដូចពពួកប្រែតដែលសុំឲ្យញាតិធ្វើបុណ្យឧទ្ទិសឲ្យ ដើម្បីខ្លួនបានរួចអំពីទីដ៏ថោកទាបដូច្នោះឯង នេះជាតម្លៃនៃការងារ ដែលមានសម្រាប់មនុស្សគ្រប់គ្នា យើងអាចធ្វើបុណ្យឧទ្ទិសឲ្យដល់ញាតិ សុំឲ្យពួកប្រេតជាញាតិ រួចចាកអំពីទីឋានដែលបានកើតជាប្រេតនោះ ប៉ុន្តែសូមមនុស្សលោកកុំភ្លេចធ្វើបុណ្យឧទ្ទិសឲ្យខ្លួនឯង ដើម្បីខ្លួនឯងបានរួចអំពីមនុស្សប្រេតក្នុងជាតិនេះផង។ អ្នកដទៃធ្វើល្អមកលើយើងគឺ វាល្អពិតហើយ ប៉ុន្តែមិនមែនជាអំពើល្អរបស់យើងឡើយមនុស្សមិនមាននូវអំពើល្អខ្លួនឯង មិនអាចជួយខ្លួនឯងបានទេទាំងអ្នកដទៃក៏មិនអាចជួយបានដែរ។ គុណតម្លៃនៃការងារមនុស្សគ្រប់គ្នាត្រូវសិក្សាស្វែងយល់ថាការងារបំរើតណ្ហា ជាការងារមានតម្លៃទៅវិញ។
ដើម្បីឲ្យបានត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធ ព្រះបរមពោធិសត្វបានធ្វើការងារច្រើនណាស់ ទាំងឋិននៅក្នុងពេលវេលាដ៏យូរអង្វែងក្រៃលែង គ្រប់ការអស្ចារ្យនៃព្រះសម្មាសម្ពុទ្ធជាម្ចាស់ គឺជាលទ្ធផលនៃការងារដែលព្រះអង្គបានធ្វើ កាលដែលព្រះអង្គនៅជាព្រះពោធិសត្វនៅឡើយ។ ក្នុងពេលនេះយើងមិនអាចធ្វើជាព្រះពុទ្ធទៅបានទេ ប៉ុន្តែយើងអាចធ្វើនូវការងារ ដែលការងារនោះអាចជួយឲ្យយើងបាននូវឋានៈដែលយើងត្រូវការ។ នៅក្នុងលោកនេះ មិនមានអ្វីដែលបានមកដោយឯងៗ ដែលមិនមែនជាលទ្ធផលនៃការងាររបស់ខ្លួនឯងនោះទេគ្រាន់តែថា ការងារនោះ មានការងារខ្លះយើងបានធ្វើហើយក្នុងជាតិនោះ និងមានការងារខ្លះទៀត យើងបានធ្វើអំពីជាតិមុនមក ការយល់ដឹងអំពីលទ្ធផលនៃការងារយ៉ាងនេះ រមែងកាត់បន្ថយនូវតណ្ហា ដែលតែងប្រាថ្នាក្នុងវត្ថុទាំងពួងមិនមានទីបំផុតនោះ ឲ្យថយកម្លាំង ហើយបានញ៉ាំងសេចក្ដីសន្ដោសឲ្យចម្រើន ព្រោះហេតុតែការបានយល់ដឹងនោះឯង។ ដកស្រង់ចេញពីសៀវភៅ មនុស្សនិងការងារ ដោយ៥០០០ឆ្នាំ |