អានអត្ថបទ
ផ្សាយ : ០៤ តុលា ឆ្នាំ២០២២ (អាន: ១៥,១៦៧ ដង)
សត្វលោក វង្វេងនឹងជីវិត

|
សត្វលោក វង្វេងនឹងជីវិត
ដោយភាពស្រលាញ់ពេញចិត្ត ប្រកាន់ហួងហែង លើកកម្ពស់ ឲ្យតម្លៃដល់ជីវិតគ្រប់ៗគ្នា ទើបធ្វើឲ្យសត្វលោក ជាប់ជំពាក់ វង្វេងងងឹត ឥតបានយល់ស្គាល់ ពីហេតុបច្ច័យរបស់ជីវិតពិតប្រាកដ រហូតនាំគ្នាប្រមាទភ្លេចខ្លួន គិតថាបានកើតជាមនុស្សរស់នៅមួយរយឆ្នាំ វិសេសវិសាលយូរអង្វែងណាស់ទៅហើយ។ តាមពិត ជីវិតក្នុងសង្សារវដ្តនេះ បាននាំមកជាមួយនូវការ ចាស់ ឈឺ ស្លាប់ ទុក្ខសោក ជាប់មកជាមិត្តតាំងពីកកាញ់មានកំណើតមកម្លេះ។ សត្វលោក រស់ក្រោមបង្កាប់ចង្កូមមច្ចុរាជ រស់ប្រកបទៅដោយសេចក្ដីល្ងិតល្ងង់។ រស់ក្នុងវង្វង់សត្រូវ ពោល គឺជីវិតខ្លួនឯង ដែលជាខន្ធមារ សត្វលោកមានកង្វះខាត មិនចេះឆ្អែតឆ្អន់គ្រប់គ្រាន់ ដោយនុយគឺ កាមគុណ មាន រូប, សម្លេង, ក្លិន, រស, ផោដ្ឋព្វៈ ជាប់ដោយខ្សែអន្ទាក់គឺ ឧបាទាន អណ្ដែតទៅតាមក្រសែទឹកគឺ តណ្ហា លិចក្នុងអន្លង់បួនប្រការគឺ កាមោឃៈ, ភវោឃៈ, ទិដ្ឋោឃៈ, និង អវិជ្ជោឃៈ ប្រឡាក់ដោយគ្រឿងសៅហ្មង ៣ ប្រការគឺ លោភៈ, ទោសៈ, មោហៈ ចេញមិនផុត រត់មិនរួចអំពីទ្រុង គឺភពទាំងបីមាន កាមភព, រូបភព, អរូបភព វង្វេងងងុលងប់ ជាទាសៈនៃតណ្ហា ចាញ់ឧបាយកលសេនារបស់មច្ចុមារ គឺ ជាតិកំណើត។ ចាប់តាំងពីបានកើតមក ឃើញពន្លឺព្រះអាទិត្យកាលណា សត្វលោកវង្វេងនាំគ្នាសប្បាយរីករាយត្រេកអរ ប្រឡែងជាមួយជីវិត ដោយឥតបានគិតថា ជីវិតខ្លួនបាននាំមកជាមួយដោយ ជរា, ព្យាធិ, មរណៈ ជាប់ជាគ្នា ជាមារជាសត្រូវ បន្លំខ្លួនពួនសម្ងំ ធ្វើទុក្ខបុកម្នេញបំផ្លាញ រាល់តែជីវិតសត្វលោក តាំងពីកជាកំណើតមកម្លេះ ព្រមទាំងបានបន្តតាមបៀតបៀន យាយីជីវិតគ្រប់ខណៈនាទីឥតមានខ្យល់ឲ្យសល់ចន្លោះឡើយ។ រស្មីនៃដួងចន្ទ្រ រមែងអ័ព្ទឥតពន្លឺ នៅពេលដែលមានពពកមកបិទបាំង។ ព្រះអាទិត្យរះឡើងពីទិសបូព៍ាក្នុងវេលាព្រឹក តែងមានដំណើរចរលីលាឆ្ពោះទៅកាន់ទិសបស្ចឹម សន្សឹមៗបន្ទាបប្រាណ ព្ធដ៏ជើងមេឃអស្ដង្គតរលត់អស់រស្មី ស្បៃងងឹតបានលាតសន្ធឹងគ្រប់ដណ្ដប់មកលើពិភពផែនដីនេះឲ្យងងឹត ប្រៀបបាននឹងដំណើរជីវិត ដែលមានដំណើរមកហើយ ក៏ពិតជាមានដំណើរត្រឡប់ទៅវិញ ជីវិតធ្វើដំណើរមកអំពីទីដែលមិនដឹង រមែងត្រឡប់ទៅរកទីមិនដឹងវិញដូច្នោះឯង។ ការសើចសប្បាយ ត្រេកអររីករាយ លាយដោយសំណោកសោកសៅ បានផ្លាស់ប្ដូរវេនគ្នា ដូចជាទិវារាត្រី ទើបឲ្យសត្វលោកភ្លេចស្មារតី គិតថាជាធម្មតារបស់ជីវិត ពិតជាយ៉ាងហ្នឹងទៅហើយ ក៏តាំងនាំគ្នាធន់ទ្រាំ តស៊ូ ធ្វើសង្គ្រាមជាមួយមច្ចុរាជដែលជាស្ដេចមានអំណាច មិនអាចមានព្រះរាជាអង្គណាយកជោគជ័យបាន។ សង្គ្រាមពីប្រទេសមួយទៅប្រទេសមួយ រវាងជាតិមួយនិងជាតិមួយ គេអាចប្រព្រឹត្តទៅដោយការឈ្នះនិងចាញ់បាន តែមច្ចុរាជសង្គ្រាម គ្មានសត្វលោកណា អាចទាមទារយកជ័យជំនះបានឡើយ ព្រោះសង្គ្រាមនេះមានស្មើទូទៅសម្រាប់ជីវិតសត្វលោកទាំងអស់ ទោះបីជាសត្វលោកនោះមានជាតិកំណើតភូមិឋានខុសផ្លែកពីគ្នាយ៉ាងណាក៏ដោយ ឲ្យតែជាលោកិយភូមិត្រូវចុះចាញ់សង្គ្រាមមច្ចុសង្គ្រាមស្មើដូចគ្នា។ ជីវិតសត្វលោក ជាទាសកររបស់តណ្ហាតាំងពីកើតមកមានការខ្វះខាត មិនដែលបានគ្រប់គ្រាន់។ ធម្មតាភាពជាទាសករ តែងតែធន់ទ្រាំនឹងសេចក្ដីទុក្ខលំបាក់ ក្នុងការបម្រើគេ ធ្វើការមួយថ្ងៃៗបានកម្រៃតែចម្អែតក្រពះមួយថ្ងៃ ស្ទើរតែមិនគ្រប់គ្រាន់ កម្លាំងកាយចិត្តជីវិតខ្លួន មានសម្រាប់ធ្វើការយកកម្រៃផលផ្ដល់ជូនឲ្យម្ចាស់យ៉ាងណា ជីវិតសត្វលោកនេះ ក៏ជាទាសករយ៉ាងនោះឯង។ ដោយការស្រលាញ់ ជាប់ជំពាក់ហួងហែង ធ្វើឲ្យមនុស្សខំប្រឹងលើកតម្កើង ឲ្យតម្លៃខ្លួនដោយសេចក្ដីវង្វេង ភ្លេចខ្លួនមិនបានដឹងយល់ហេតុផលពិតរបស់ជីវិត ហ៊ានប្រព្រឹត្តអំពើអាក្រក់គ្រប់បែបយ៉ាង ដោយសម្អាងយកខ្លួនជាធំ។ ទោះបីជាអំពើអាក្រក់ដែលខ្លួនកំពុងប្រព្រឹត្តនោះនឹងផ្ដល់ផលជាទុក្ខ ជាទោស សុខចិត្តនៅពើមិនដឹង ប្រឹងត្រេកអររីករាយសប្បាយដោយភាពវង្វេងដូចជាសត្វដង្កូវកើតនៅក្នុងបង្គន់។ សត្វដង្កូវ កើតចេញពីលាមក រមែងមានរស់ជាតិ ក្លិនលាមកដក់ដិតស្អិតជាប់ពេញខ្លួន តែសត្វដង្កូវនៅតែមិនដឹង ប្រឹងសប្បាយរីករាយដោយសាររាងកាយ បានធំធាត់ដោយការបរិភោគលាមកជាអាហារ យ៉ាងណាមិញ សត្វលោកកំពុងញៀនញ៉មទៅតាមចំណី លាភយស អំណាច តំណែងនាទី សរសើរ សុខ ភ្លេច លែងគិតដល់បញ្ហាទុក្ខ ដែលមានប្រចាំមកលើជីវិត។ សេចក្ដីទុក្ខ ទៅតាមសាមញ្ញភាសារ អ្នកក្រទុក្ខព្រោះសេចក្ដីអត់ឃ្លាន រីឯអ្នកមាន ទុក្ខព្រោះការហួងហែងរក្សាការពារ ខ្លាចបាត់បង់ទ្រព្យ។ តាមពិត ជីវិតសព្វសត្វក្នុងសង្សារវដ្ដនេះ សុទ្ធតែជាជីវិតកំពុងហែលឆ្លង កំពុងលិចលង់ ឈ្លក់ជ្រមុជ នៅក្នុងអន្លង់នៃសេចក្ដីទុក្ខបួនប្រការ នឹងត្រូវជួបប្រទះបញ្ហា ជាអនេកប្រការ ដោយគ្មានសត្វណា អាចឆ្លងឲ្យបានដល់ត្រើយដោយងាយៗនោះទេ។ ដកស្រង់ចេញពីសៀវភៅ ជីវិតកថា ដោយ៥០០០ឆ្នាំ |