អានអត្ថបទ
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ៤៦,៦៦៨ ដង)
ប្រាក់ និង ចំណេះវិជ្ជា

|
បើកូនស្រឡាញ់ម៉ែឪ និងកាលកូនពិចារណាទៅហើយ បានដឹងថា ខ្លួនជាទីស្រឡាញ់នៃខ្លួនឯងដ៏ក្រៃលែងនោះកូនត្រូវរក្សាខ្លួនឲ្យជាការរក្សាដ៏ល្អ ឪពុកសូមប្រគល់ពាក្យទាំងនេះដល់កូន៖
កូនចូរចាំទុកថាៈ ការមិនតស៊ូក្នុងករណីខ្លះគឺ ជាវីវភាពដ៏ធំធេង ក្រៃលែងជាងការតស៊ូយកស្លាប់រស់ទៅទៀត ។ កូនចូរកុំរើសយកនូវរបស់ដែលពេញចិត្ត ដោយអំណាចនៃចំណង់របស់ខ្លួន តែកូនត្រូវរើសយកនូវរបស់នោះៗដោយសតិបញ្ញា កូនត្រូវពិចារណាដល់ប្រយោជន៍និង ទោសនៃរបស់នោះឯងមុននឹងសម្រេចចិត្តថាយក ។ កូនត្រូវកុំក្រោធខឹង ជាមួយនឹងមនុស្សដែលធ្វើមិនល្អឲ្យសោះ តាមពិត គេនោះក៏ចង់ល្អដែរ គ្រាន់តែគេមិនបានយល់ច្បាស់ថា អី្វជាសេចក្តីល្អ អ្វីជាសេចក្តីអាក្រក់ឲ្យពិតប្រាកដប៉ុណ្ណោះ ។ កូនត្រូវដឹងថាៈ ក្នុងលោកនេះកម្ររកអ្នកដែលចេះត្រេកអរ និងពាក្យបន្ទោសណាស់ ដូច្នេះកូនកុំចូលចិត្តបន្ទោសអ្នកដទៃឡើយ ម្យ៉ាងទៀត បើកូនចង់តិះដៀលឲ្យអ្នកណា កូនត្រូវសម្លឹងមើលខ្លួនឯងជាមុន កុំឲ្យគេស្តីបកមករកវិញ ។ មាសប្រាក់ដែលកូនមាន បើចាយណាស់រឹតតែអស់ណាស់ ចំណែកវិជ្ជាវិញនោះ រឹតតែប្រើរឹតតែចម្រើន ។ កូនចូរចាំទុកថាៈ មាសប្រាក់ជារបស់ក្រៅខ្លួន មាតាបិតាសប្បាយចិត្តព្រោះកូនចេះស្រឡាញ់គ្នារវាងបងប្អូន ។ កូនធ្វើគ្រប់យ៉ាងដោយសុចរិត កាលបើមិនសុចរិតចិត្តរមែងស្អាត តែបើមាននូវទុច្ចរិតវិញចិត្តរមែងសៅហ្មង ។ ទ្រព្យសម្បត្តិមិនមែនជារបស់ចាំបាច់ ក្នុងការដែលឪពុកម្តាយប្រគល់ឲ្យកូននោះទេ ចំណេះដឹងនិងការប្រព្រឹត្តល្អតែប៉ុណ្ណោះ ដែលគួរជាទីបំផុតក្នុងការដែលម៉ែឪត្រូវប្រគល់ឲ្យដល់កូនសម្លាញ់ ។ ចុងបំផុតផ្លូវនៃសេចក្តីលោភលន់ មិនចេះគ្រប់គ្រាន់ គឺសេចក្តីទុក្ខ ។ អ្នកដែលមិនធ្លាប់ឲ្យអភ័យដល់អ្នកដទៃ គឺជាអ្នកដែលទន់ខ្សោយដោយគុណធម៌ ការឲ្យអភ័យដល់សត្រូវគឺជាការសាងមិត្ត រមែងរុងរឿងដូចជាព្រះមហោសថ ។ បើអ្នកដទៃបោកបញ្ឆោត យើងអាចដឹងងាយ និងដោះស្រាយបានដោយងាយជាង តែបើកូនបញ្ឆោតខ្លួនឯងវិញ គឺដឹងបានដោយលំបាក ដោះស្រាយក៏បានដោយលំបាកដែរ ។ កូនគួរចាំនូវអ្វីដែលគួរចាំ គួរភ្លេចនូវអ្វីដែលគួរភ្លេចគួរធ្វើនូវអ្វីដែលគួរធ្វើ និងត្រូវដឹងថា ការងារណាដែលគួរធ្វើមុន ការងារណាដែលគួរធ្វើក្រោយ ។ ប្រសិនបើកូនដួលព្រោះការឈានដើរទៅខាងមុខវាប្រសើរជាងកូននៅឈរទ្រឹងមួយកន្លែង ព្រោះបើកូនឈរទ្រឹងមួយកន្លែង កូននឹងដួលនៅត្រង់កន្លែងនោះហើយកូននឹងមានឈ្មោះថាជាមនុស្សកំសាក...កូនត្រូវព្យាយាមក្នុងកិច្ចការដែលជាតួនាទី កូនត្រូវចាំទុកថា ជីវិតកើតមកដើម្បីទ្រាំ គឺការអត់ធន់តស៊ូ ។ មិនថាមនុស្ស ឬសត្វតិរច្ឆាន សុទ្ធតែត្រូវការស្តាប់ពាក្យផ្អែមល្ហែម ពាក្យទន់ភ្លន់ កូនមាសឪពុកក៏ដូចគ្នាគួរនិយាយពាក្យទន់ភ្លន់ ផ្អែមល្ហែមដល់អ្នកដទៃ កាលបើកូននិយាយពាក្យពិរោះចំពោះអ្នកដទៃ កូននឹងបានទទួលនូវពាក្យពិរោះពីអ្នកដទៃវិញ កាលបើកូនទន់ភ្លន់ដាក់អ្នកដទៃអ្នកដទៃក៏ទន់ភ្លន់ដាក់កូនវិញដែរ ។ ភ្លេចអ្វីអាចភ្លេចបាន តែកុំភ្លេចខ្លួន ខូចអ្វីដទៃក៏ខូចចុះ ! តែត្រូវប្រយ័ត្នកុំឲ្យខ្លួនជាមនុស្សខូច ។ ការធ្វើរបស់កូនពេលខ្លះ មិនទាំងពេញចិត្តខ្លួនឯងផង តើនឹងឲ្យអ្នកដទៃធ្វើនូវអ្វីៗត្រូវចិត្តរបស់កូនបានរហូតនោះយ៉ាងដូចម្តេចទៅ កាលកូនគិតឃើញដូច្នេះហើយកូននឹងមិនខឹងក្រោធជាមួយអ្នកដទៃឡើយ ។ កូនមាសឪពុក ធម្មជាតិមិនដែលឲ្យអភ័យដល់អ្នកណាឡើយ អ្នកណាធ្វើយ៉ាងណាត្រូវបានទទួលយ៉ាងនោះតែធម្មជាតិបានឲ្យឱកាសដល់មនុស្សយើងគ្រប់គ្នាគ្រាន់តែថា ដោយច្រើនមនុស្សយើងមិនចេះទទួលយកនូវឱកាសនោះមកកសាងខ្លួន ឬយកមកកែខ្លួនប៉ុណ្ណោះឯង ។ កូនចោលអ្វីផ្សេងបាន តែកូនកុំបោះបង់ខ្លួនឯងចោលឲ្យសោះ ព្រោះក្នុងលោកនេះ មិនមានអ្នកណាជាទីពឹងរបស់កូនក្រៅអំពីខ្លួនកូនឯងឡើយ ។ កូនត្រូវដឹងថាៈ អ្នកក្លាហាន គឺអ្នកដែលអាចបង្គាប់ខ្លួនឯងបាន ជាចៅហ្វាយនាយលើខ្លួនឯង មិនមែនមានតណ្ហា ឬសេចក្តីក្រោធខឹងជាចៅហា្វយនាយឡើយ ។
កូនកើតមកជាមនុស្សហើយ ត្រូវព្យាយាមបំពេញសេចក្តីល្អឲ្យខ្លាំងក្លាជាទីបំផុត ព្រោះកូនមិនងាយបានជួបនូវឳកាសល្អដូចនេះឡើយ ។ កូនដាំដំណាំបម្រុងឬស តែបើដាំមនុស្សបម្រុងសីលចង់ឆ្លងចាកទុក្ខត្រូវកុំខ្ជិល ខូចខិលដឹងខុសត្រូវកែខ្លួន ។ មានតែមនុស្សដែលចេះប្រយ័ត្នប៉ុណ្ណោះឯង ដែលអាចរក្សាខ្លួនទុកឲ្យប្រពៃបាន កូនឪពុកត្រូវរក្សាខ្លួនដោយប្រយ័ត្នប្រយែងជាទីបំផុត ព្រោះមិនមានអ្វីដែលត្រូវរក្សាឲ្យក្រៃលែងជាងការរក្សាខ្លួននេះឡើយ ។ កូនត្រូវដឹងថាៈ ក្នុងលោកនេះរមែងមានរឿងដែលសម្រាប់ឲ្យយើងមានសេចក្តីអត់ធន់ កាលបើកូនអត់ធន់បាន កូននឹងសម្រេចផលល្អប្រៀបដូចថ្នាំគ្រុន នៅពេលញ៉ាំវារមែងល្វីង ប៉ុន្តែផលរបស់វាគឺត្រជាក់ខ្លួនបាត់គ្រុន ។ ភ្លេចអ្វីភ្លេចបាន តែបើភ្លេចប្រាណ ឈានធ្លាក់រណ្តៅ បើបានជាភ្លាត់ មិនទាន់ធ្លាក់ជ្រៅ ប្រឹងឡើងណាពៅ កុំនៅនាំជ្រុល ។ ខូចអ្វីមិនគ្រោះ តែបើខូចឈ្មោះ មិនងាយជួសជុល កូនត្រូវប្រយ័ត្ន កុំងប់ងងុល កាមជាគ្រឿងពុល ខូចអស់ទាំងខ្លួន ។ ខូចខ្លួនខូចឈ្មោះ ខូចនេះពេញគ្រោះ រស់លែងស៊ប់សួន តែទោះយ៉ាងណា កុំឲ្យខូចផ្ទួន ត្រូវប្រឹងកែខ្លួន កុំចោលអាត្មា ។ ចោលអ្វីចោលបាន តែកុំចោលប្រាណ ក្នុងវដ្តសង្សារ ព្រោះក្នុងលោកនេះ ឥតមាននរណា ជួយស្រង់អាត្មា ក្រៅពីខ្លួនឡើយ ។ កូនត្រូវរក្សា ការពារអាត្មា ឲ្យបានដល់ត្រើយ ដោយការប្រយ័ត្ន និងមិនកន្តើយ ប្រយ័ត្នហ្នឹងហើយ ជាព្រះក្នុងខ្លួន ។ ប្រយ័ត្នជាម្តាយ ញ៉ាំងគុណទាំងឡាយ ឲ្យកើតមាំមួន អត់ធន់ជាឪ រក្សាគ្រងស្ងួន គុណធម៌ក្នុងខ្លួន ដូចខែខាងខ្នើត ។ ខន្តីដូចថ្នាំ លេបជាប្រចាំ រសជាតិល្វីងឆើត លំបាកទ្រាំណាស់ លុះដល់ផលកើត រសជាតិល្វីងឆើត មានគុនគាប់ហោង ។ បុរាណបានពោលថាៈ ចោរលួចប្លន់ទ្រព្យសម្បត្តិមិនស្មើនឹងភ្លើងឆេះផ្ទះ ភ្លើងឆេះផ្ទះមិនស្មើនឹងចាញ់ល្បែងភ្នាល់ចាញ់ល្បែងភ្នាល់ស្មើនឹងជាប់គ្រឿងញៀន ។ ចោរប្លន់នៅសល់ផ្ទះ អស់ប្រាក់មាសមិនជាអ្វី ឆេះផ្ទះនៅសល់ដី អត់បាយឆីដីលក់បាន ។ ចាញ់ល្បែងនៅជីវិត បើចេះគិតវិញថ្កាន ញៀនថ្នាំប្រចាំប្រាណ តែលែងបានស្លាប់ទាំងរស់ ។ អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ កូនមាសឪពុក រៀបរៀងដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត ដោយ៥០០០ឆ្នាំ |