អានអត្ថបទ
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ៤៣,៣៦២ ដង)
ពាក្យទូន្មានរបស់មាតាបិតា

|
កូនត្រូវចាំទុកៈ
១. មាតាបិតាជាព្រះព្រហ្មរបស់បុត្រធីតា ការដែលធ្វើឲ្យមាតាបិតាលំបាកចិត្ត តឹងណែនក្នុងទ្រូង យំបង្ហូរទឹកភ្នែក គឺជាបាបកម្មធ្ងន់របស់កូន ។ ២. ការជឿស្តាប់ដំបូន្មានល្អរបស់មាតាបិតា រមែងមិនមានការសាបសូន្យឡើយ ពោលគឺមិនចចេសរឹងរូសតែម្យ៉ាង កូននឹងបានល្អគ្រប់យ៉ាង ។ ៣. ការតបស្នងព្រះគុណដល់អ្នកមានគុណ គឺតាំងតែពីអ្នកមានគុណនៅមានជីវិតរហូតដល់ចែកឋាន ។ ៤. ការបំពេញតួនាទីជាកូនល្អ គឺជាការបដិបត្តិធម៌ កូនល្អត្រូវភ្ញាក់ខ្លួន ត្រូវរហ័សរហួនវៀសរវៃ ត្រូវឈានទៅមុខ ត្រូវធ្វើការងារប្រជែង ជាមួយពេលវេលា ដើម្បីការរីកចម្រើនដល់សង្គមជាតិ ។ ៥. អបាយមុខ គ្រឿងញៀន ជាផ្លូវនៃសេចក្តីវិនាសសម្រាប់ជីវិត កូនមាសឪពុកត្រូវដើរតាមផ្លូវព្រះ កុំដើរតាមផ្លូវរបស់មារ ការងារសុចរិតជាការងារថ្លៃថ្នូរមានកិត្តិយស កូនត្រូវចេះពិចារណាដោយខ្លួនឯង ដាស់តឿនខ្លួនឯង កុំឡេះឡោះកុំទម្រន់ ត្រូវឆ្ងាយពីអបាយមុខ (ស្រីស្រា ល្បែង និងបាបមិត្ត) ត្រូវដើរនៅក្នុងផ្លូវធម៌ជានិច្ច ។ កូនកុំប្រមាទ ក្នុងជីវិត ផ្លូវនេះនៅជិតក្បែរមាត់ជ្រោះ ចិញ្ចឹមជីវិតឲ្យបានរស់ កូនត្រូវស្គាល់គ្រោះឲ្យជាក់លាក់ ។ បាបមិត្តស្រីស្រានិងល្បែងភ្នាល់ ព្រមទាំងមិនខ្វល់នឹងធុរៈ ជាជ្រោះគ្រោះថ្នាក់ប្រាកដជាក់ ជ្រោះជ្រៅមិនរាក់ធ្លាក់បាក់ក ។ ដំណើរជីវិតពិតលំបាក តែបានធូរស្រាកព្រោះធ្វើល្អ ផ្លូវអបាយមុខមិនត្រាច់ចរ ចេះភ័យខ្លាចក្រប្រឹងរៀនសូត្រ ។ អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ កូនមាសឪពុក រៀបរៀងដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត ដោយ៥០០០ឆ្នាំ |