អានអត្ថបទ
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩ (អាន: ១៧,៦១៨ ដង)
មនុស្សដែលស្រឡាញ់យើងពិត

|
កូនជាទីស្រឡាញ់! មនុស្សដែលស្រឡាញ់យើងពិត ឬមិនពិតនោះ កុំមើលត្រឹមតែសំបកក្រៅ ឬស្តាប់ត្រឹមតែពាក្យសម្តីរបស់គេប៉ុណ្ណោះឲ្យសោះ ។ អាកប្បកិរិយាគេអាចធ្វើបាន ឯពាក្យសម្តីវាគ្រាន់តែជាខ្យល់មាត់ អាចផ្លាស់ប្តូរយ៉ាងណា ឬមិនដូចចិត្តយ៉ាងម៉េច គឺចេះតែប្រព្រឹត្តទៅបានទាំងអស់ ។
យើងមនុស្សដែលពោលថាស្រឡាញ់យើង ស្គាល់ចិត្តស្គាល់ថ្លើមយើង និងគោរពរាប់អានយើងនោះ អាចគ្រាន់តែជាទឹកអប់ ដែលបាញ់ដាក់មកឲ្យយើងសប្បាយចិត្តតែប៉ុណ្ណោះចិត្តពិតរបស់គេអាចស្អប់យើងក៏បាន ប៉ុន្តែដើម្បីប្រយោជន៍អ្វីមួយ ទើបធ្វើឲ្យគេនិយាយ ឬមានអាកប្បកិរិយាយ៉ាងនោះឯង ។ មនុស្សដែលមិនធ្លាប់និយាយថាស្រឡាញ់យើងសូម្បីតែម្តង មិនធ្លាប់អួតសរសើរយើងម្តងណាសោះ តែគេអាចជាមនុស្សស្រឡាញ់យើងដោយពិត ស្មោះត្រង់ជាមួយយើងជាប្រាកដក៏មានដែរ ។ ដែលពោលមកនេះ មិនមែនបានន័យថា អ្នកដែលប្រាប់ថាស្រឡាញ់យើងទាំងអស់សុទ្ធតែស្រឡាញ់យើងដោយពិត ឬពួកអ្នកដែលមិនធ្លាប់ប្រាប់ថាស្រឡាញ់យើងម្តងសោះ សុទ្ធតែស្រឡាញ់ យើងដោយពិតនោះឡើយ គ្រាន់តែចង់ប្រាប់ឲ្យកូនដឹងថា អ្នកណាស្រឡាញ់ ឬមិនស្រឡាញ់យើងដោយពិតនោះ មិនមែននៅត្រង់សំបកក្រៅនិងខ្យល់មាត់នោះទេ គឺនៅត្រង់ការធ្វើពិតៗដែលយើងត្រូវសង្កេតពិនិត្យក្នុងកាលយូរ ។ មនុស្សដែលល្អចំពោះយើង រមែងល្អទាំងចំពោះមុខទាំងកំបាំងមុខ គឺតែងតែជួយយើង រក្សាយើង ទំនុកបម្រុង និងការពារយើង មិនថាយើងនឹងទៅយ៉ាងណាគេនៅតែស្មើចុងស្មើដើមជាមួយយើង នោះឯងដែលជាការស្រឡាញ់ពិត ត្រង់ដែលគេនិយាយថាស្រឡាញ់យើងឬមិននិយាយនោះ វាមិនសំខាន់ឡើយ ។ ឯចំណែកមនុស្សដែលល្អតែនឹងមុខយើង ក្រោយខ្នងនិន្ទាយើង មិនទំនុកបម្រុងយើង មិនគាំទ្រយើងនិយាយពិរោះជាមួយគ្រាន់តែដើម្បីពឹងពាក់ ឬ ប្រើយើងមាត់និងចិត្តប្រព្រឹត្តទៅផ្សេងគ្នា នោះឯងគឺជាអ្នកដែលមិនស្រឡាញ់យើងពិត ទោះបីមាត់គេប្រាប់ថា យើងល្អយ៉ាងនេះល្អយ៉ាងនោះ ក៏មិនអាចជឿបានឡើយ ។ ក្នុងរឿងនេះកូនត្រូវប្រយ័ត្នចិត្តខ្លួនឯង កុំវង្វេងច្រឡំ ទៅរីករាយជាមួយពាក្យសម្តីរបស់អ្នកបោកប្រាស់ទាំងនោះ នាំឲ្យខូចខ្លួនផង អស់ទ្រព្យផង ព្រមទាំងត្រូវខកចិត្តដ៏ក្រៃលែងផង ។ អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ ពាក្យពេចន៍ម៉ែឪ រៀបរៀងដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត ដោយ៥០០០ឆ្នាំ |