អានអត្ថបទ
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩ (អាន: ១៥,៣៩៩ ដង)
ធម្មបទគាថា យមកវគ្គទី ១

|
ធម្មបទគាថា យមកវគ្គទី ១
បិដកលេខ ៥២ ទំព័រ ២១ មនោបុព្វង្គមា ធម្មា មនោសេដ្ឋា មនោមយា មនសា ចេ បទុដ្ឋេន តាសតិ វា ករោតិ វា តតោ នំ ទុក្ខមន្ទេតិ ចក្កំវ វហតោ បទំ ។ ធម៌ទាំងឡាយ មានចិត្តជាប្រធាន មានចិត្តប្រសើរបំផុត( មានចិត្តជាធំ) សម្រេចអំពីចិត្ត បើបុគ្គលមានចិត្តត្រូវទោសប្រទូស្តហើយ ពោលក្តី ធ្វើក្តី (រមែងជាទុច្ចរិត) ព្រោះទុច្ចរិតទាំងនោះ ទុក្ខរមែងជាប់តាមបុគ្គលនោះទៅ ដូចកង់រទេះវិលតាមដាន ជើងគោដែលកំពុងអូសទៅ ។ មនោបុព្វង្គមា ធម្មា មនោសេដ្ឋា មនោមយា មនសា ចេ បសន្មេន តាសតិ វា ករោតិ វា តតោ នំ សុខមន្ទេតិ ឆាយាវ អនុបាយយិនី ។ ធម៌ទាំងឡាយ មានចិត្តជាប្រធាន មានចិត្តប្រសើរបំផុតសម្រេចអំពីចិត្ត បើបុគ្គលមានចិត្តជ្រះថ្លា ហើយ ពោលក្តីធ្វើក្តី(រមែងជាសុចរិត) ព្រោះសុចរិតទាំងនោះ សុខរមែងជាប់តាមបុគ្គលនោះទៅដូចស្រមោលអន្ទោលតាមប្រាណ ។ អក្កោច្ឆិ មំ អវធិ មំ អជិនិ មំ អហាសិ មេ យេ ច តំ ឧបនយ្ហន្តិ វេរំ តេសំ ន សម្មតិ ។ អក្កោច្ឆិ មំ អវធិ មំ អជិនិ មំ អហាសិ មេ យេ ច តំ នូបនយ្ហន្តិ វេរំ តេសូបសម្មតិ ។ ជនទាំងឡាយណា ចងសេចក្តីក្រោធនោះទុកថា អ្នកឯណោះ បានជេរអញ អ្នកឯណោះបានវាយអញ អ្នកឯណោះបានផ្ចាញ់អញ អ្នកឯណោះបានលួចយកទ្រព្យរបស់អញ ទៅហើយ(ដូច្នេះ) ពៀររបស់ជនទាំងឡាយនោះ មិនរម្ងាប់ ឡើយ ។ ជនទាំងឡាយណា មិនចងសេចក្តីក្រោធនោះទុកថា អ្នកឯណោះ បានជេរអញ អ្នកឯណោះបានវាយអញ អ្នកឯណោះបានផ្ចាញ់អញ អ្នកឯណោះបានលួចយកទ្រព្យរបស់អញ ទៅហើយ(ដូច្នេះ ) ពៀររបស់ជនទាំងឡាយនោះទើបរម្ងាប់បាន ។ ន ហិ វេរន វេរានិ សម្មន្តីធ កុទាចនំ អវេរេន ច សម្មន្តិ ឯស ធម្មោ សនន្តនោ ។ តាំងពីកាលណាមក ក្នុងលោកនេះ ពៀរទាំងឡាយ មិនរម្ងាប់ដោយការចងពៀរឡើយ (ពិតមែន) ពៀរទាំងឡាយតែងរម្ងាប់ដោយការមិនចងពៀរ នេះជាបវេណីធម៌ ។ បរេ ច ន វិជានន្តិ មយមេត្ថ យមាម្ហសេ យេ ច តត្ថ វិជានន្តិ តតោ សម្មន្តិ មេធគា ។ ជនទាំងឡាយដទៃ (ក្រៅអំពីបណ្ឌិត) តែងមិនដឹងខ្លួនថាយើងទាំងឡាយនឹងវិនាសក្នុងកណ្តាលនៃពួកនេះ ដូច្នេះឡើយចំណែកជនទាំងឡាយណាក្នុងពួកនេះ ដឹងខ្លួនថា យើងទាំងឡាយនឹងវិនាសក្នុងកណ្តាលនៃពួកនេះ ដូច្នេះ ការឈ្លោះប្រកែកទាំងឡាយ រមែងរម្ងាប់អំពីជនទាំងឡាយនោះ ។ សុភានុបស្សឹ វិហរន្តំ ឥន្ទ្រិយេសុ អសំវុតំ ភោជនម្ហិ អមត្តញ្ញុំ កុសីតំ ហីនរិយំ តំ វេ បសហតី មារោ វាតោ រុក្ខំរ ទុព្វលំ ។ អសុតានុបស្សី វិហរន្តំ ឥន្ទ្រិយេសុ សុសំវុតំ ភោជនម្ហិ ច មគ្គញ្ញុំ សទ្ធំ អារទ្ធវិរិយំ តំ វេ នប្បសហតី មារោ វាតោ សេលំវ បព្វតំ ។ បុគ្គលដែលយល់ឃើញនូវអារម្មណ៍ថាល្អ មិនសង្រួមក្នុងឥន្ទិយទាំងឡាយ មិនដឹងប្រមាណក្នុងភោជន ខ្ជិលច្រអូស មានព្យាយាមធូរថយ កិលេសមារ រមែងគ្របសង្កត់បុគ្គលនោះឯង ដូចខ្យល់ដែលគ្របសង្កត់ដើមឈើទុព្វដូច្នោះ ។ ឯបុគ្គល ដែលយល់ឃើញនូវអារម្មណ៍ថាមិនល្អ សង្រួមប្រពៃក្នុងឥន្ទ្រិយទាំងឡាយ ដឹងប្រមាណក្នុងភោជន មានសទ្ធាប្រារព្ធព្យាយាម កិលេសមាររមែងគ្របសង្កត់បុគ្គលនោះមិនបានដូចខ្យល់គ្របសង្កត់ភ្នំ ថ្មតាន់មិនបានដូច្នោះឯង ។ អនិក្កសោវោ កាសាវំ យោ វត្ថំ បរិទហេស្សតិ អបេតោ ទមសច្ចេន ន សោ កាសាវមរហតិ ។ យោ ច វន្តកសាវស្ស សីលេសុ សុសមាហិតា ឧបេតោ ទមសច្ចេន ស វេ កាសាវមរហតិ ។ អ្នកណា នៅមានទឹកចត់គឺរាគាទិក្កិលេស (ក្នុងសន្តាន) ជាអ្នកបោះបង់នូវទមៈ(ការទូន្មាននូវឥន្ទ្រិយ) និងសច្ចៈ ហើយស្លៀកដណ្តប់សំពត់កាសាវៈ អ្នកនោះ មិនគួរនឹងស្លៀកដណ្តប់សំពត់កាសាវៈឡើយ ។ លុះតែអ្នកណា មានទឺកចត់គឺរាគាទិក្កិលេស ខ្ជាក់ចោលអស់ហើយ ជាអ្នកមានចិត្តតម្កល់មាំ ក្នុងចតុប្បារិសុទ្ធិសីល ប្រកបដោយទមៈ (ការទូន្មាននូវឥន្ទ្រិយ) និងសច្ចៈ អ្នកនោះឯង ទើបគួរនឹងស្លៀកដណ្តប់សំពត់កាសាវៈបាន ។ អសារេ សារមតិនោ សារេ ចាសារទស្សិនោ តេ សារម នាធិគច្ចឆន្តិ មិច្ឆាសង្កប្បគោចរា សារញ្ច សារតោ ញត្វា អសារញ្ច អសារតោ តេ សារំ អធិគច្ឆន្តិ សម្មាសង្កប្បគោចរា ។ ជនទាំងឡាយណា សំគាល់នូវធម៌ដែលមិនមានខ្លឹម ថាជាធម៌មានខ្លឹម និងយល់ឃើញក្នុងធម៌ដែលមានខ្លឹម ថាជាធម៌មិនមានខ្លឹមទៅវិញ ជាអ្នកមានតម្រិះខុសជាទីគោចរ ជនទាំងឡាយនោះ រមែងមិនបាននូវធម៌ដែលមានខ្លឹមឡើយ ។ ជនទាំងឡាយណា បានដឹងនូវធម៌ដែលមានខ្លឹម ថាជាធម៌មានខ្លឹមផង (ហើយដឹង) នូវធម៌ដែលគ្មានខ្លឹម ថាជាធម៌គ្មានខ្លឹមផង ជាអ្នកមានតម្រិះត្រូវជាទីគោចរ ជនទាំងឡាយនោះ រមែងបាននូវធម៌ដែលមានខ្លឹម ។ យថា អគារំ ទុច្ឆន្មំ វុដ្ឋី សមតិវិជ្ឈតិ ឯវំ អតាវិតំ ចិត្តំ រាគោ សមតិវិជ្ឈតិ ។ យថា អគារំ សុឆន្មំ វុដ្ឋី ន សមតិវិជ្ឈតិ ឯវំ សុតាវិតំ ចិត្តំ រាគោ ន សមតិវិជ្ឈតិ ។ ផ្ទះដែលប្រក់ខ្ជីខ្ជាយហើយ តំណក់ទឹកភ្លៀងរមែងលេចរហូតយ៉ាងណាមិញ ចិត្តដែលបុគ្គលមិនបានអប់រំទុកហើយរាគៈរមែងចាក់ដោតយ៉ាងនោះឯង ។ ផ្ទះដែលប្រក់ល្អហើយ តំណក់ទឹកភ្លៀង រមែងមិនលេចរហូត យ៉ាងណាមិញ ចិត្តដែលបុគ្គលបានអប់រំ ទុកល្អហើយ រាគៈរមែងមិនចាក់ដោតបាន យ៉ាងនោះឯង ។ ឥធ សោចតិ បេច្ច សោចតិ បាបការី ឧតយត្ថ សោចតិ សោ សោចតិ សោ វិហញ្ញតិ ទិស្វា កម្មកិលិដ្ឋមត្តនោ ។ បុគ្គលអ្នកធ្វើបាប តែងសាកស្តាយក្នុងលោកទាំងពីរគឺសោកស្តាយក្នុងលោកនេះ ១ ក្នុងលោកខាងមុខ១ បុគ្គលនោះរមែងសោកស្តាយ ក្តៅក្រហាយ ព្រោះឃើញអំពើសៅហ្មង របស់ខ្លួន ។ ឥធ មោទតិ បេច្ច មោទតិ កតបុញ្ញោ ឧតយត្ថ មោទតិ សោ មោទតិ សោ បមោទតិ ទិស្វា កម្មវិសុទ្ធិមត្តនោ។ បុគ្គលអ្នកធ្វើបុណ្យទុក រមែងរីករាយក្នុងលោកទាំងពីរគឺរីករាយក្នុងលោកនេះ រីករាយក្នុងលោកខាងមុខ បុគ្គលនោះ រមែងរីករាយស្រស់ស្រាយ ព្រោះឃើញអំពើបរិសុទ្ធរបស់ខ្លួន ។ ឥធ តប្បតិ បេច្ច តប្បតិ បាបការី ឧតយត្ថ តប្បតិ បាបំ មេ កតន្តិ តប្បតិ តិយ្យោ តប្បតិ ទុគ្គតី គតោ ។ បុគ្គលអ្នកធ្វើអំពើបាប តែងក្តៅក្រហាយក្នុងលោកទាំងពីរគឺក្តៅក្រហាយក្នុងលោកនេះ ក្តៅក្រហាយក្នុងលោកខាងមុខ បុគ្គលនោះ រមែងក្តៅក្រហាយដោយឃើញថា បាបអញបានធ្វើហើយ លុះធ្វើមរណកាលទៅកាន់ទុគ្គតិ ក៏រឹងរឹតតែក្តៅក្រហាយដ៏ក្រៃលែង ។ ឥធ នន្ទតិ បេច្ច នន្ទតិ កតបុញ្ញោ ឧតយត្ថ នន្ទតិ បុញ្ញំ មេ កតន្តិ នន្ទតិ តិយ្យោ នន្ទតិ សុគតី គតោ ។ បុគ្គលអ្នកធ្វើបុណ្យទុក រមែងត្រេកអរក្នុងលោកទំាងពីរគឺត្រេកអរក្នុងលោកនេះ ត្រេកអរក្នុងលោកខាងមុខ បុគ្គលនោះរមែងត្រេកអរដោយគិតថា បុណ្យអញបានធ្វើហើយ លុះធ្វើមរណកាលទៅកាន់សុគតិ ក៏រឹងរឹតតែត្រេកអរដ៏ក្រៃលែង ។ ពហុម្បិ ចេ សហិតំ តាសមានោ ន តក្ករោ ហោតិ នរោ បមត្មោ គោបោវ គាវោ គណយំ បរេសំ ន ភាគវា សាមញ្ញស្ស ហោតិ ។ អប្បម្បិ ចេ សហិតំ ភាសមានោ ធម្មស្ស ទោសញ្ច បហាយ មោហំ សម្មប្បជានោ សុវិមុត្តចិត្តោ អនុបាទិយានោ ឥធ វា ហុរំ វា ស ភាគវា សាមញ្ញស្ស ហោតិ។ បើនរជនពោលពាក្យប្រកបដោយប្រយោជន៍ សូម្បីច្រើនតែជាអ្នកប្រមាទ មិនធ្វើតាមពាក្យនោះ រមែងជាអ្នកមិនមានចំណែកនៃសាមញ្ញផលឡើយ ដូចអ្នករក្សាគោ កាលរាប់គោប្រគល់ឲ្យអ្នកដទៃហើយ (ជាអ្នកមិនបានបរិភោគនូវបញ្ចគោរស) ដូច្នោះឯង ។ បើនរជនពោលពាក្យប្រកបដោយប្រយោជន៍ សូម្បីបន្តិចបន្តួច តែជាអ្នកប្រព្រឹត្តនូវធម៌ដ៏សមគួរដល់ធម៌ បានលះបង់រាគៈ ទោសៈ និង មោហៈ ជាអ្នកដឹងនូវធម៌ ដែលគួរកំណត់តាមហេតុ មានចិត្តដកផុតអំពីសេចក្តីសៅហ្មង មិនមានសេចក្តីប្រកាន់មាំ ក្នុងលោកនេះ និងលោកខាងមុខ នរជននោះ រមែងជាអ្នកបានចំណែកនៃសាមញ្ញផល ។ អត្តបទនេះដកស្រង់ចេញពីសៀវភៅៈ ជំនួយសតិ រៀបរៀងដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស វាយអត្តបទដោយៈ កញ្ញា ជា ម៉ានិត ដោយ៥០០០ឆ្នាំ |