អានអត្ថបទ
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩ (អាន: ១០,៦៦២ ដង)
ការប្រើមនុស្ស

|
ការប្រើមនុស្ស
កូនជាទីស្រឡាញ់ ការប្រគល់កិច្ចការឲ្យមនុស្សទៅធ្វើ ដែលជាទូទៅគេតែងនិយាយថា (ប្រើមនុស្ស) នោះគឺត្រូវមើលឲ្យល្អជាទីបំផុត ត្រូវមើលទាំងមនុស្ស ត្រូវមើលទាំងការងារពោលគឺត្រូវមើលទាំងមនុស្ស ត្រូវមើលទាំងការងារពោលគឺត្រូវប្រើមនុស្ស ឲ្យសមជាមួយនឹងការងារ អ្នកណាជំនាញខាងអ្វី ធ្លាប់មានបទពិសោធន៍យ៉ាងណា ធ្លាប់ជួបប្រសព្វ ហេតុការណ៍យ៉ាងម៉េច រួមទាំងការចេះដឹងនិងការទទួលខុសត្រូវផង ។ កាលបើប្រើមនុស្សបានសមប្រកបនឹងការងារ ក៏នឹងធ្វើឲ្យការងារដើរទៅមុខ មិនមានស្ទះ ។ ប្រសិនបើប្រើមនុស្សខុស មិនត្រូវគ្នានឹងការងារទេនោះ ឬប្រើមនុស្សដែលខ្វះនូវគុណសម្បត្តិ ប្រើព្រោះយល់មុខគ្នា ឬប្រើដោយមិនពិចារណាឲ្យល្អិតល្អន់ ក្រៅអំពីធ្វើឲ្យការងារមិនដើរមិនចម្រើនហើយ នៅអាចធ្វើឲ្យកើតសេចក្តីអន្តរាយទៀតផង ។ មានតួយ៉ាងជាឧទាហរណ៍ឲ្យឃើញមិនតិចទេដែលអ្នកធំជ្រើសរើសប្រើមនុស្សមិនឲ្យសមនឹងការងារ ធ្វើឲ្យការងារនោះៗ មិនមានដំណើរការ ។ កន្លែងខ្លះប្រើមនុស្សដែលជាបក្សពួក ឬប្រើមនុស្សដែលនៅជាមួយ ជាមនុស្សដែលខ្វះនូវគុណសម្បត្តិឲ្យទៅធ្វើ នំាឲ្យខូចការងារនោះៗមានការងារខ្លះជាការងាររបស់ប្រទេសជាតិទៀតផង ។ ដូចពោលមកនេះកាលបើកូននឹងប្រើអ្នកណា នឹងប្រគល់កិច្ចការឲ្យទៅអ្នកណាធ្វើកូនត្រូវពិចារណាឲ្យល្អ ។ អ្នកណាក៏ដោយ ទោះបីគេមិនមែនជាបក្សពួករបស់កូន ឬគេមានការចេះដឹងមិនសូវច្រើនមែន តែធ្លាប់មានពិសោធន៍ ទាំងធ្លាប់បានជួបប្រសព្វនូវហេតុការណ៍ ទាំងមាននូវការទទួលខុសត្រូវផងនោះគឺគេអាចធ្វើការងាររបស់កូនសម្រេចទៅបានដោយល្អ អ្នកនោះកូនគួរប្រើគេល្អជាងប្រើបក្សពួកគ្នាឯងដែលមិនបានការ ។ កូនមិនត្រូវយកការងារមកប្រមាទទេ ពោលគឺមិនត្រូវប្រមាទធ្វេសប្រហែសក្នុងការងារឡើយ បើកូនមានការធ្វេសប្រហែសហើយ កូននឹងដួលរលំជាមួយនឹងការងារពុំខាន ។ មិនចាំបាច់ពោលដល់អ្នកដែលចេហស្ទើរនោះឡើយ សូម្បីអ្នកដែលចេះស្ទាត់ក្នុងការងារហើយក៏ដោយ ក៏ត្រូវដួលរលំដែរ ព្រោះតែប្រមាទធ្វេសប្រហែសដូចជាមនុស្សល្ងង់ខ្លៅ ។ សរុបមក ជាមួយនឹងការងារ គឺកូនកុំប្រមាទធ្វេសប្រហែស កុំប្រថុយ កុំអាងថាមិនអី ត្រូវតែហ្មត់ចត់ និងប្រយ័ត្នប្រយែងជាទីបំផុត ។
មនុស្សថ្លៃជាងប្រាក់ សុចរិតថ្លៃជាងពេជ្រ កុំបំភ្លេចចោលខ្លួនប្រាណ មនុស្សថ្លៃពន់ប្រមាណ កុំចោលប្រាណដូរយកប្រាក់។ ចោលប្រាណស្មើលក់ខ្លួន ឱពោលផ្ទួនឲ្យប្រចក្ស មនុស្សយើថ្លៃជាងប្រាក់ ត្រូវទុកដាក់ខ្លួនឲ្យល្អ ។ អត្តបទនេះដកស្រង់ចេញពីសៀវភៅៈ ពាក្យពេចន៍ម៉ែឪ រៀបរៀងដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស វាយអត្តបទដោយៈ កញ្ញា ជា ម៉ានិត ដោយ៥០០០ឆ្នាំ |