អានអត្ថបទ
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩ (អាន: ៦៩,៥២៨ ដង)
ការគ្រប់គ្រងចិត្តមនុស្ស

|
កូនជាទីស្រឡាញ់! ចៅហ្វាយនាយដែលមានចិត្តល្អ មានយុត្តិធម៌ ចេះយល់ចិត្តយល់ថ្លើម និងជាគ្នាឯងជាមួយកូនចៅ មិនយកប្រៀប មិនសង្កត់សង្កិនបៀតបៀនកូនចៅ រមែងធ្វើឲ្យកូនចៅកក់ក្តៅក្នុងចិត្ត និងឲ្យនូវសេចក្តីគោរពកោតក្រែងទាំងទីចំពោះមុខ ទាំងទីកំបាំងមុខត្រឡប់មកចៅហ្វាយវិញព្រមទាំងចងចាំទុកក្នុងចិត្តនូវគុណធម៌ទាំងឡាយ រហូតអស់ជីវិតនៃពួកគេទៀតផង ។
បើកូនមានឱកាសបានធ្វើជាចៅហ្វាយនាយគេ ឬជាអ្នកបង្គាប់បញ្ជាគេ កូនត្រូវកុំភ្លេចពាក្យម៉ែពាក្យឪត្រង់សេចក្តីនេះឲ្យសោះ នេះបើកូនប្រាថ្នាឲ្យកូនចៅ ដែលនៅក្រោមបង្គាប់របស់កូនស្រឡាញ់កក់ក្តៅក្នុងចិត្ត និងគោរពស្រឡាញ់ ដោយស្មោះនោះ ។ កូនធ្វើឲ្យអ្នកនៅក្រោមឱវាទរបស់កូន ស្រឡាញ់ពេញចិត្ត គោរពស្ម័គ្រស្មោះ នេះជាការប្រសើរណាស់ ឯការធ្វើឲ្យគេគ្រាន់តែខ្លាច តែមិនគោរពកោតក្រែងនោះមិនប្រសើរឡើយ ។ អ្នកគ្រប់គ្រងគេ កាលបើប្រើតែព្រះតេជច្រើនជាងព្រះគុណ រមែងមានតែមនុស្សចេះខ្លាច ប៉ុន្តែមិនកក់ក្តៅក្នុងចិត្ត និងមិនស្រឡាញ់ស្ម័គ្រស្មោះឡើយ ។ ចំណែកអ្នកដែលប្រើព្រះគុណច្រើនជាងព្រះតេជ មនុស្សទាំងឡាយរមែងខ្លាចផងក្រែងផង គោរពដោយស្មោះផងនិងកក់ក្តៅក្នុងចិត្តផងយ៉ាងនេះ ហៅថា អ្នកគ្រប់គ្រងគេបានទាំងកាយចិត្ត ។ អ្នកធំដែលប្រាថ្នានឹងគ្រប់គ្រងចិត្តមនុស្ស ដោយប្រើអំណាចបង្គាប់បញ្ជា ដើម្បីធ្វើឲ្យគេកោតខ្លាចនោះ គឺជាការយល់ខុសដោយពិត ។ អំណាចពិតប្រាកដ កើតអំពីការសាងនូវភាពកក់ក្តៅ ឲ្យដល់កូនចៅជាសំខាន់ ។ ភាពកក់ក្តៅ ដែលបង្កប់ទៅដោយមនោសញ្ចេតនាស្និទ្ធស្នាលគោរពស្រឡាញ់ ហើយដក់ជាប់ក្នុងក្រអៅបេះដូង រមែងកើតពីការឲ្យ ការអើពើ និងការយកចិត្តទុកដាក់ ដូចជាការឲ្យប្រាក់ ឲ្យរបស់របរប្រើប្រាស់ ឲ្យកម្លាំងចិត្ត ឲ្យភាពជាគ្នាឯង ឲ្យពាក្យណែនាំដែលល្អៗ ឲ្យពាក្យពិរោះ មានប្រយោជន៍ ឲ្យអភ័យ ឲ្យភាពកក់ក្តៅបីដូចជាឪពុកម្តាយរួមទាំងការឲ្យនូវកិត្តិយស ឲ្យភាពខ្ពង់ខ្ពស់ហាក់ដូចជាតាំងនៅក្នុងឋានៈស្មើគ្នា ទៀតផង ប៉ុណ្ណេះជាដើម ។ បើកូនត្រូវការនឹងគ្រប់គ្រងចិត្តមនុស្ស កូនត្រូវចេះសង្គ្រោះ ចេះឲ្យនូវអ្វី ដោយក្តីមេត្តា ករុណា ហើយត្រូវឲ្យជារឿយៗ ទៀតផង ។ អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ ពាក្យពេចន៍ម៉ែឪ រៀបរៀងដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត ដោយ៥០០០ឆ្នាំ |