អានអត្ថបទ
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩ (អាន: ៨៥,៥៦៩ ដង)
សោភនី

|
សោភិនី ប្រែថា ស្រីល្អ ប៉ុន្តែ គេយកពាក្យ (សោភិនី) នេះមកជាឈ្មោះស្រីរកស៊ីផ្លូវភេទ ។
ក្នុងសម័យពុទ្ធកាល សោភិនីជាអាជីពមួយមុខនៃស្ត្រីសម័យនោះ មនុស្សទូទៅគេយល់ថាជាអាជីពសុចរិត ។ បុរសទាំងឡាយ ពេញចិត្តនឹងការស្វែងរកសេចក្តីសុខសប្បាយពីកាមរស ត្រង់ឆ្ពោះនាងដែលជាសោភិនីជានិច្ច ។
បុរសទាំងនោះមានតាំងពី អ្នកតូច អ្នកធំ រហូតដល់ព្រះរាជា តែងតែស្វែងរកសោភិនីមកកម្សាន្តសព្វៗកាល ។ សោភិនីមានច្រើនលំដាប់ ច្រើនថ្នាក់ សោភិនីថា្នក់លេខ១ ត្រូវបានព្រះរាជាតែងតាំង ឲ្យជានគរសោភិនី ។ តំណែងនេះបានមកដោយការជ្រើសរើស ប្រកួតប្រជែងរូបសម្បត្តិទាំងចំណេះដឹងទាំងសមត្ថភាពក្នុងផ្នែកសិល្បៈផ្សេងៗ ព្រមដោយសំឡេងពិរោះ ។ សោភិនីនេះ មានកិត្តិយសខ្ពង់ខ្ពស់ ប្រចាំនគរ អ្នកដែលមកកម្សាន្តនឹងរូបសំឡេង ក្លិន រស សម្ផស្សរបស់នាង ត្រូវចំណាយ១ ពាន់កហាបណៈ សម្រាប់១ ថ្ងៃ (១ពាន់កហាបណៈ មាសសុទ្ធ៦០តម្លឹង) ។ តម្លៃកហាបណៈក្នុងកាលនោះគឺ២ កហាបណៈអាចធ្វើបណីតភោជនប្រគេនដល់ភិក្ខុឆាន់បាន៣ ទៅ៤អង្គ ។ ដែនកាសីដែលមានទីក្រុងឈ្មោះពារាសី យកសួយបាន១ថ្ងៃ១ពាន់កហាបណៈ ស្មើនឹងតម្លៃដែលគេកម្សាន្តសប្បាយជាមួយនាងអឌ្ឍកាសី ១ថ្ងៃ ។ បរុសខ្លះមានត្រឹមតែ ៥០០ កហាបណៈ រួមអភិរម្យជាមួយនាងបានតែពេលថ្ងៃប៉ុណ្ណោះ ព្រះហេតុដូច្នោះ ទើបនាងជាប់ឈ្មោះមកថានាងអឌ្ឍកាសី ។ ក្រោយមកនាងពិចារណាឃើញរូបកាយមិនទៀង ទើបឧបសម្បទាក្នុងសំណាក់ភិក្ខុនីសង្ឃ ហើយបំណងទៅឧបសម្បទាអំពីភិក្ខុសង្ឃ ក្នុងនគរសាវត្ថីដែលព្រះដ៏មានព្រះភាគគង់ប្រថាប់ នៅទីនោះ ។ក្នុងកាលនោះពួកអ្នកលេងចាំស្ទាត់ចាប់នាងតាមផ្លូវនាងដឹងដំណឹងដូច្នេះហើយទើបអាក់ខាន ។ រឿងនេះជ្រាបដល់ព្រះដ៏មានព្រះភាគ ព្រះអង្គទ្រង់អនុញ្ញាតឧបសម្បទាដោយទូត ចំពោះស្វាមីខ្លួនមិនចាំបាច់ទៅឡើយ ។ ក្រោយមកព្រះនាងអឌ្ឍកាសីថេរី ក៏បានសម្រេចនូវព្រះអរហត្ត ។ សោភិនីមានតំណែងក្នុងរាជការ បានទទួលប្រាក់ខែប្រាក់ថ្ងៃអំពីរាជការ និងបានទទួលបា្រក់បន្ថែមពីបុរសនោះៗ ម្ល៉ោះហើយ សោភិនីសម័យនោះទើបសម្បូណ៌ទៅដោយមាសប្រាក់សម្បត្តិទ្រព្យ មានមុខមាត់ ផ្ទះសំបែងធំដុំ មានបរិវារាប់រយនាក់ ព្រមទាំងអ្នកបម្រើឆ្វេងស្តាំទៀតផង ។ ព្រះពុទ្ធសាសនា មានការឲ្យស័ក្តិ ឲ្យសិទ្ធ ឲ្យកិត្តិយស លើកតម្កើងឲ្យខ្ពស់ ចំពោះអ្នកដែលតាំងចិត្តប្រព្រឹត្តល្អ ព្រោះពុទ្ធសាសនាមានខ្លឹមសារសំខាន់នៅត្រង់ការប្រព្រឹត្តធម៌ ។ មានពេលមួយដែលព្រះសម្មាសម្ពុទ្ធ ទ្រង់យាង ចេញពីក្រុងសាវត្ថី កាលនោះមិនមានអ្នកដទៃណា ហ៊ានអារាធនាព្រះអង្គ ឲ្យនៅគង់នាក្រុងសាវត្ថី បន្តទៅទៀតឡើយ បានត្រឹមតែស្រងូតស្រងាត់ក្នុងចិត្ត ដោយនឹកអាល័យព្រះអង្គប៉ុណ្ណោះ ។ សេដ្ឋី ព្រះរាជា សុទ្ធតែមិនហ៊ានអារាធនា ប៉ុន្តែនាងទាសីម្នាក់ តាមទៅអារាធនាព្រះអង្គ ដោយសន្យាខ្លួននឹងដល់នូវព្រះពុទ្ធ ព្រះធម៌ព្រះសង្ឃជាទីពឹងទីរលឹក ហើយរក្សាសីលរហូតតទៅ ។ ព្រះដ៏មានព្រះភាគទ្រង់ទទួល សាធុ ! សាធុ! ហើយទ្រង់យាងត្រឡប់មកជេតពនមហាវិហារវិញ ។ ជាការអស្ចារ្យដ៏ក្រៃលែង ដែលព្រះអង្គទ្រង់ប្រទាននូវកិត្តិយសដល់ស្ត្រីម្នាក់ជាទាសីគេ ព្រោះព្រះអង្គទ្រង់គោរពក្នុងធម៌មានធម៌ជាទីគោរព ។ មហាក្នុងក្រុងភ្ញាក់ផ្អើលនិងត្រេកអរយ៉ាងខ្លាំងបានបូជាចំពោះនាងបុណ្ណាទាសីដោយកហាបណៈដ៏ច្រើន ។ ព្រះសាស្តាទ្រង់សម្តែងព្រះធម៌ក្នុងសមាគមនោះ ញ៉ាំងពពួកជនឲ្យផឹកទឹកអម្រឹតរាប់ម៉ឺននាក់ហើយព្រះអង្គទ្រង់បានបញ្ជូនព្រហអគ្គសាវ័កទាំងពីរ ឲ្យនិមន្ត ទៅកាន់ទិសដៅដែលព្រះអង្គពុំបានយាងទៅនោះឯង ។ លោកសេដ្ឋីអនាថបិណ្ឌិក បានលើកនាងបុណ្ណោទាសី ឲ្យឋិតនៅក្នុងឋានៈជាធីតា នាងបុណ្ណាបានឱកាសក៏សូមបួសក្នុងព្រះពុទ្ធសាសនា កាលបួសហើយក៏ផ្តើមចម្រើនវិបស្សនា ហើយព្រះអង្គទ្រង់ប្រទានឳវាទដោយគាថានេះថាៈ បុណ្ណេ បូរេសិ សទ្ធម្មំ បន្ទោ បណ្ណរសោ យថា បរិបុណ្ណាយ បញ្ញាយ ទុក្ខស្សន្តំ ករិស្សសិ ។ ម្នាលនាងបុណ្ណា នាងចូរបំពេញនូវព្រះសទ្ធម្មឲ្យពេញដូចព្រះចន្ទក្នុងថ្ងៃ១៥ កើតនាងនឹងធ្វើទីបំផុតនៃទុក្ខដោយបញ្ញាដែលបរិបូណ៌ (ឲ្យសម្រេច) បាន ។ ពេលចប់ព្រះគាថា ព្រះនាងបុណ្ណាថេរី បានសម្រេចនូវព្រះអរហត្តជាព្រះសាវិកាដ៏មានឈ្មោះល្បី ។ ព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់ថា ស្ត្រីក៏អាចសម្រេចមគ្គផលបានដូចជាបុរសដែរ ដោយមិនមានអ្វីផ្សេងគ្នាឡើយ ។ ព្រះពុទ្ធសាសនា ប្រដៅអប់រំឲ្យសម្លឹងមើលស្តី្រដូចជាកូនស្រី បងស្រី ឬដូចជាម្តាយតាមសមរម្យដល់វ័យ ។ មនុស្សទាំងឡាយរហូតដល់ម៉ែឪ មិនត្រូវប្រព្រឹត្តលក់មនុស្ស លក់កូន លក់ចៅ ឲ្យទៅប្រព្រឹត្តផ្លូវភេទព្រោះហេតុតែរឿងអ្វីមួយឡើយ ។ ការជួញដូរមនុស្សព្រះពុទ្ធសាសនាចាត់ជាមិច្ឆាជីវៈ គឺការចិញ្ចឹមជីវិតខុស ។ ចំពោះជីវិតសោភិនីព្រះពុទ្ធសាសនាពុំបានបន្តុះបង្អាប់ មើលងាយមើលថោក ឬក៏លើកតម្កើងឡើយ ។ ព្រះពុទ្ធសាសនា មិនមានអគតិអ្វីចំពោះស្ត្រីភេទទេ គឺ ដោយច្រើន ព្រះពុទ្ធសាសនាតែងតែចង្អុលបង្ហាញប្រាប់នូវទោសរបស់កិលេសតណ្ហា ច្រើនជាងការតិះដៀលទៅលើបុគ្គល ។ បុរសដែលកាន់ព្រះពុទ្ធសាសនា ដើរលេងស្រីកម្សាន្តសប្បាយជាមួយស្រីពេស្យាបានដែរឬទេ ? នៅក្នុងព្រះពុទ្ធសាសនានេះ បានចាត់ទុកគ្រហស្ថដែលដល់ព្រះពុទ្ធព្រះធម៌ ព្រះសង្ឃជាទីពឹងទីរលឹក ថាជាឧបាសកឧបាសិកា ។ ដើម្បីឲ្យបានទៅជាឧបាសកឧបាសិកាល្អត្រូវកាន់សីល៥ ជានិច្ចកាល សមាទានឧបោសថ រក្សាកុសលកម្មបថ វៀរចាកការចិញ្ចឹមជីវិតខុស ឧស្សាហ៍ខ្មីឃ្មាតសិក្សាឳវាទនៃព្រះជិនស្រី ។ ល ។ ចំពោះសិក្ខាបទទី ៣ នៃសីល៥គឺវៀរចាកការប្រព្រឹត្តខុសក្នុងកាមទាំងឡាយ បានដល់ការមិនប្រព្រឹត្តផ្លូវភេទ (មេថុនធម្ម) ចំពោះស្ត្រីដែលជាទីហួងហែងនៃអ្នកដទៃ ។ បុរសដែលកាន់ព្រះពុទ្ធសាសនា កាលណាបើយល់ដល់សិក្ខាបទទី៣ នៃសីល៥ ដូច្នេះហើយ ក៏កើតការខ្មាស់បាបព្រមដោយមាននូវកាមសំវរៈ ចេហសង្រួមក្នុងកាម មិនទៅទំានាក់ទំនងផ្លូវភេទ ជាមួយនឹងស្រីពេស្យាឡើយ ។ តាមពិតស្រ្តីទាំងនោះក៏ដូចជាកូនចៅឬ បងស្រីប្អូនស្រី (គួរគិតថា មាតារបស់យើងក៏ជាស្រី) ម្យ៉ាងទៀតស្ត្រីទាំងនោះ ភាគច្រើនគឺនៅជាទីហួងហែងរបស់ម៉ែឪបងប្អូនរបស់គេទាំងស្រុង ។ កាលបើបានពិចារណាដោយសព្វគ្រប់ហើយ បុរសមិនគប្បីជាអ្នកលេងស្រីឡើយ ហើយក៏មិនត្រូវជ្រោមជ្រែងឲ្យកម្លាំងដល់កិលេសកាមដែលជាសត្រូវខាងក្នុងខ្លួននោះដែរ ។ ដើរលេងស្រីគឺជាការប្រព្រឹត្តនូវអបាយមុខដែលជាប្រធាននៃសេចក្តីវិនាស វាធ្វើឲ្យខូចសុខភាពទាំងសុខភាពកាយ ទាំងសុខភាពចិត្ត ខូចពេលវេលា ឬអាចខូចទាំងជីវិតទៀតផង ។ ត្រូវចាំទុកថាៈ កាមទាំងឡាយមានសេចក្តីសុខតិច មានទុក្ខច្រើន មានសេចក្តីចង្អៀតចង្អល់ច្រើន ទោសក្នុងកាមទាំងឡាយមានច្រើនក្រៃលែង ។ ព្រះពុទ្ធសាសនា ចាត់ទុកអ្នកដែលបោកបញ្ឆោតស្ត្រីយកទៅលក់ ថាយ៉ាងណាដែរ? បុគ្គលណា ដែលប្រើកលល្បិចបោកបញ្ឆោតស្រ្តីយកទៅលក់ក្នុងរឿងផ្សេងៗ ដោយច្រើនគឺលក់ឲ្យចូលទៅក្នុងបនស្រីពេស្យាចារ បុគ្គលនោះ ឈ្មោះថា ចិញ្ចឹមជីវិតខុស ។ ការចិញ្ចឹមជីវិតបែបនេះ មានតែអន្ធបុថុជ្ជន តែប៉ុណ្ណោះ ចំណែកកល្យាណបុថុជ្ជនមិនប្រព្រឹត្តសោះឡើយ ចាំបាច់និយាយថ្វីដល់ព្រះអរិយបុគ្គល។ មុខជំនួញដែលបៀតបៀនដល់អ្នកអ្នកដទៃ ក៏ជាការបៀតបៀនដល់ខ្លួនឯងផងដែរ ព្រះពុទ្ធសាសនា បានណែនាំឲ្យវៀរចាក ហើយត្រូវអប់រំចិត្តឲ្យជីវិតធ្វើដំណើរតាមផ្លូវបរិសុទ្ធ ទើបបានរួចផុតពីសេចក្តីទុក្ខ ។ អត្តបទនេះដកស្រង់ចេញពីសៀវភៅៈ ស្ត្រីក្នុងព្រះពុទ្ធសាសនា រៀបរៀងដោយៈ អគ្គបណ្ឌិត ធម្មចារ្យ ប៊ុត សាវង្ស វាយអត្តបទដោយៈ កញ្ញា ជា ម៉ានិត ដោយ៥០០០ឆ្នាំ |