អានអត្ថបទ
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩ (អាន: ១៤,៤៤២ ដង)
អានិសង្សធ្វើផ្លូវថ្នល់ ដោយសេចក្តីជ្រះថ្លា

|
រឿងស្តេចលិច្ឆវី និងភូមិទេវតា
(ចាក បេ. ខុ.) (អានិសង្សធ្វើផ្លូវថ្នល់ ដោយសេចក្តីជ្រះថ្លា) សម័យពុទ្ធកាល មានស្តេចលិច្ឆវីមួយព្រះអង្គព្រះនាម អម្ភសក្ខវ នៅនគរវេសាលី ជាស្តេចមិច្ឆាទិដ្ឋិ យល់ថាលោកខាងមុខមិនមាន មនុស្សសត្វទាំងអស់តែស្លាប់ទៅសូន្យគ្មានកើតទៀត ។ ព្រះរាជាអង្គនេះ តែងបៀតបៀនពួកពុទ្ធបរិស័ទ មានភិក្ខុសាមណេរជាដើម រាល់ពេលវេលាដែលបានជួបប្រទះ ។ ក្នុងក្រុងវេសាលី មានឈ្មួញលក់ដូរនៅច្រើន. កាលនោះមានឈ្មួញលក់រាន ១ រូបជាបណ្ឌិតអ្នកប្រាជ្ញ បរិបូណ៏ដោយសីល និងទាន មានចិត្តសប្បុរសបានឃើញទឹកភក់ដក់នៅកណ្តាលផ្លូវ ជាហេតុឲ្យលំបាកដល់មហាជនទៅមក ក៏យកឆ្អឹងគោទៅដាក់រៀបលើភក់ ហើយយកដីចាក់ ធ្វើផ្លូវនោះឲ្យស្អាតល្អទ្បើង ។ ពេលថ្ងៃក្តៅទៅងូតទឹកជាមួយសម្លាញ់ម្នាក់ ប្រទ្បែងគ្នាយកសំពត់សម្លាញ់នោះលាក់លេងជាល្បែងឲ្យសម្លាញ់នោះអាក្រាតនៅខ្លួនទទែ ។ ដល់ត្រទ្បប់មករានផ្សារវិញ ជួនជាពេលនោះក្មួយប្រុសរបស់គាត់ទៅលួចទ្រព្យគេមកទុកនៅរាននោះ ។ ពួករាជបុរសចាប់យកទាំងពីរទៅថ្វាយស្តេចលិច្ឆវី ព្រះរាជាឲ្យយកឈ្មួញនោះទៅសម្លាប់ចោល ឯក្មួយឲ្យដោតទុកលើឈើអណ្តាតក្បែរកំពែងវាំង ។ ឈ្មួញនោះស្លាប់ទៅកើតជាភូមិទេវតាអក្រាតកាយទទេ មានសេះមួយជាយានជំនិះ សេះនោះឈ្មោះមនោជព មានឬទិ្ធពូកែអស្ចារ្យ កើតទ្បើងដោយអំណាចបុណ្យដែលបានធ្វើផ្លូវភក់ឲ្យស្អាតពីជាតិមុននោះឯង ដែលអាក្រាតខ្លូនទទេនោះ ដោយទាសដែលយកសំពត់លាក់ ធ្វើឲ្យសម្លាញ់អាក្រាតកាយកាលពីជាតិមុនដែរ ។ មានសេចក្តីប្លែកថា ភូមិទេវតានោះ តែងតែជិះសេះទៅប្រាប់ក្មួយដែលជាប់ឈើអណ្តោតថា កាលដែលគេធ្វើទោសនោះ គួរជាទីពេញចិត្តណាស់ ព្រោះជាទោសតូចស្រាល តែដល់ស្លាប់ទៅ ធ្លាក់ទៅនរកទទួលទោសធំជាងនេះឆ្ងាយណាស់ ដូច្នោះចូរអ្នកខំអត់កុំថ្ងូរ ។ ភូមិទេវតា ចេះតែជិះសេះមកប្រាប់ក្មួយដូច្នះរាល់ពេលពុំដែលខាន ។ សង្ខេបសេចក្តីនេះសិន នឹងនិយាយអំពីសេ្តចលិច្ឆវីព្រះនាមអម្តសក្ខរនោះស្តេចចេញទៅទតទីក្រុង បានឃើញស្ត្រីមានរូបល្អម្នាក់ ជាប្រពន្ធរបស់កសដបុរសដែលកំពុងអើតមើលព្រះអង្គ គឺជូនជាព្រះរាជាទតព្រះនេត្រទៅចំ នាងក៏លិបចូលក្បាលទៅក្នុងផ្ទះ ហាក់ដូចព្រះចន្ទចូលទៅក្នុងដុំពពក ។ ព្រះរាជាកើតសេចក្តីស្នេហាចំពោះរូបស្ត្រីនោះ លុះត្រទ្បប់មកព្រះរាជដំណាក់វិញ ប្រើរាជបុរសឲ្យទៅសួរ តើនាងនៅក្រមុំ ឬមានប្តីហើយ ។ រាជបុរសសួរដឹងថា ជាភរិយារបស់កសកបុរស ក៏ចូលទៅក្រាបទូលព្រះរាជាតាមដំណើរ ។ ព្រះរាជាកើតព្យាបាទវិតក្ត រិះរកឧបាយនឹងសម្លាប់បុរសនោះយកប្រពន្ធ ក៏បានឃើញឧបាយមួយ ទើបប្រើរាជបំរើឲ្យទៅហៅបុរសនោះមកបង្គាប់ ឲ្យទៅបេះផ្កាឈូក និងយកដីក្រហមពីស្រះបោក្ខរណីចម្ងាយ ៣ យោជន៍ពីក្រុងវេសាលី ហើយឲ្យយកបានមកទាន់ក្នុងពេលថ្ងៃ បើមកមិនទាន់ទេ ដល់យប់ទើបមកដល់ ត្រូវសម្លាប់ចោល ។ បុរសនោះទទួលព្រះរាជបញ្ចាហើយ ម្នីម្នារត់សំដៅទៅស្រះបោក្ខរណីនោះ ។ ឯស្តេចលិច្ឆវី លុះបុរសចេញផុតទៅ បានប្រាប់ដល់អ្នកចាំទ្វារថា បើឃើញបុរសនោះ យកផ្កាឈូក និងដីក្រហមមក ត្រូវបិទទ្វារកុំឲ្យចូល ដល់យប់ចាំបើកឲ្យចូល ។ កសកបុរសខំរត់ទៅដល់ស្រះបោក្ខរណី ឃើញពួកបិសាចអារ័ក្សទឹកនិម្មិតខ្លួនគួរខ្លាចនៅជុំវិញស្រះនៅ ក៏បួងសួងប្រកាសសេចក្តីទក្ខរបស់ខ្លូន ពួកបិសាចឮ ហើយមានចិត្តអាណិត ឲ្យបេះផ្កាឈូកដីត្រទ្បប់មកវិញ មកដល់មាត់ទ្វារវាំងថ្ងៃរសៀល ស្រាប់តែឃើញទ្វារបិទ ខំស្រែកហៅក៏គ្មានអ្នកណាបើកឲ្យ ។ កសកបុរសក្រទ្បេកមើលទៅខាងត្បូងវាំង ឃើញបុរសកំពុងស្រែកថ្ងូរនៅលើឈើអណ្តោត ក៏និយាយប្រាប់ឲ្យបុរសនោះធ្វើជាសាក្សីជាយដឹងឮថាខ្លួនយកផ្កាឈូក និងដីក្រហមមកដល់ទាន់ពេលវេលា ។ បុរសជាប់ឈើអណ្តោតនិយាយប្រាប់ថា ខ្ញុំអ្នកយកធ្វើជាសាក្សីមិនបានទេ ព្រោះខ្ញុំជាអ្នកមានទោស សូមអ្នកយកភូមិទេវតាធ្វើជាសាក្សីវិញបន្តិចមកដល់ហើយ ។ ដល់ពេលព្រលប់ភូមិទេវតាមកដល់ បុរសនោះដំណាលប្រាប់តាមដំណើររឿង ភូមិទេវតាព្រមទទួលធ្វើសាក្សីហើយជិះសេះត្រទ្បប់ទៅវិញ ។ ព្រះរាជា កាលបើព្រះអាទិត្យលិចបាត់ហើយ ក៏ឲ្យរាជបុរសធ្វើជារកមើល តើឃើញកសកបុរសមកពីរកផ្កាហើយឬនៅ ? រាជបុរសចេញទៅក្រៅកំពែងវាំងឃើញបុរសនោះ កំពុងអង្គុយកើតទុក្ខ ក៏នាំទៅថ្វាយព្រះរាជាដោយចោទប្រកាន់ថា មកហួសពេលកំណត់ ត្រូវព្រះរាជាយកទោសដល់ជីវិត ។ ព្រះរាជាគ្រាន់តែទតឃើញបុរសនោះ ក៏ដាក់ទោសឲ្យថា ត្រូវរាជបុរសយកទៅសម្លាប់់ ។ កសកបុរសទូលអង្វរតាមសេចក្តីពិតរបស់ខ្លូន ហើយអាងដល់សាក្សីរបស់ខ្លូនថា បើព្រះរាជាពុំជឿទេចាំសួរភូមិទេវតា ដែលតែងជិះសេះមកឲ្យឱវាទដល់បុរសជាប់ឈើអណ្តោតនោះចុះ ។ ព្រះរាជាទាល់ប្រាជញ ដោយចង់ឃើញភូមិទេវតា ក៏ឲ្យបុរសនោះនាំទៅជួប ដល់ពេលព្រលប់ភូមិទេវតាជិះសេះមក ព្រះរាជាទតឃើញហើយ ត្រាស់សួរថា អ្នកជាសាក្សីកសកបុរសនេះឬ ? បុរសនេះបាននាំយកផ្កា និងដីមកដល់មុនថ្ងៃលិចឬ ? ភូមិទេវតាទូលថា ជាសាក្សីមែន. បានឃើញបុរសនេះនាំយកដី និងផ្កាមកដល់មុនថ្ងៃលិចមែន ។ កសកបុរសក៏បានរួចខ្លួនទៅ ។ ដំណាលអំពីភូមិទេវតា មានប្រាថ្នាយូរហើយ ចង់ទូន្មានស្តេចលិច្ឆវី ឲ្យលះបង់មិច្ឆាទិដ្ឋិចេញ និងដោះក្មួយរបស់ខ្លួនឲ្យបានរួចពីឈើអណ្តោត ។ ជួនជាឱកាសនោះស្តេចលិច្ឆវី ចង់ដឹងបុព្វកម្មរបស់ភូមទេវតា ក៏ត្រាស់សួរថាអ្នកនៅទីណា ? យើងមិនដែលឃើញ ? ។ ភូមិទេវតាក្រាបទូលថា ពីដើមជាអ្នកលក់រានផ្សារ បានរក្សាសីលធ្វើទានសន្សំបុណ្យកុសលផ្សេងៗ ជាច្រើន ជាអ្នករៀរអំពើទុច្ចរិតមិនរំលោភខុសច្បាប់ មិនធ្វើតាមអំពើចិត្តពាលរបស់ខ្លូន ។ ថ្ងៃមួយ ត្រូវគេចោទទូលព្រះបង្គំថាលួចទ្រព្យគេ មហារាជបានឲ្យរាជបុរសសម្លាប់ទូលព្រះបង្គំហើយ យកក្មួយទូលព្រះបង្គំទៅដោតឈើអណ្តោតដោយបុណ្យដែលទូលបង្គំបានធ្វើនោះឯង នាំមកកើតជាទេវតា ឯសេះនេះកើតដោយបុណ្យដែលទូលព្រះបង្គំ បានយកឆ្អឹងគោទៅដាក់លប់ភក់ធ្វើផ្លូវឲ្យមនុស្សដើរបានស្រួល ។ ព្រះរាជាត្រាស់សួរទៀតថាចុះហេតុអ្វីបានជាអ្នកគ្មានសំពត់ស្លៀក ? ភូមិទេវតាទូលថានេះគឺទោសដែលទូលព្រះបង្គំ យកសំពត់សម្លាញ់លាក់លេងជាល្បែង ធ្វើឲ្យសម្លាញនោះអាក្រាតនៅខ្លួនទទេ សូមមហារាជជ្រាប មិនមែនដូចមហារាជធ្លាប់យល់ថាស្លាប់ទៅសូន្យ ធ្វើបុណ្យបាបមិនមានផលនោះទេ ។ ក្នុងពេលនោះ ព្រះរាជាហាក់ដូចជាភ្ញាក់ព្រះអង្គថាអញប្រហែលយល់ខុសទេដឹង ? ។ ភូមិទេវតាក៏ទូលបញ្ជាក់សេចក្តីទៀតថា បុណ្យក្តី បាបក្តីដែលបុគ្គលធ្វើហើយមិនសាបសូន្យទេតែងឲ្យផលជានិច្ច. ពេលនេះបើមហារាជទ្រង់មេត្តាដល់ទូលបង្គំដែលគ្មានសំពត់ស្លៀក សូមមហារាជយកសំពត់ទៅប្រគេនសង្ឃ ឧទ្ទិសផលចំពោះទូលបង្គំ ៗ នឹងបានស្លៀកដណ្តប់ មហារាជក៏នឹងបានទតឃើញផលទានជាក់ច្បាស់ចំពោះព្រះនេត្រ ។ ព្រះរាជាទ្រង់ព្រះតម្រាស់ថា ម្នាលទេវតា ឲ្យយើងយកសំពត់ទៅប្រគេនសង្ឃអង្គឯណា. ទេវតាទូលថា សូមមហារាជប្រគេនចំពោះព្រះកប្បិតត្ថេរ ជាព្រះអរហន្ត ដែលលោកតែងនិមន្តបិណ្ឌបាតក្នុងក្រុងវេសាលី ។ ព្រះរាជាយកសំពត់ព្រះរាជទ្រព្យ មានសាច់ម៉ត់ល្អទៅប្រគេនព្រះកប្បិតត្ថេរ ហើយឧទ្ទិសផលចំពោះទេវតា ក្នុងពេលនោះ ទេវតាបានស្លៀកដណ្តប់សំពត់ទិព្វ ហើយទៅកាន់សំណាក់ព្រះកប្បិតត្ថេរនោះភ្លាម ព្រះរាជាបានទតឃើញជាក់នឹងព្រះនេត្រ សេចក្តីយល់ខុសមិច្ឆាទិដ្ឋិ ក៏រលត់បានត់អស់ក្នុងពេលនោះឯង ហើយត្រាស់បង្គាប់ឲ្យរាជបុរស ដោះលែងបុរសដែលជាប់ឈើអណ្តោត ។ បុរសនោះបានរួចពីឈើអណ្តោតហើយ ខំមើលមុខដំបៅបានសះជា ក៏ចូលទៅបួសបានសម្រចជាព្រះអរហន្ត ។ ឯព្រះរាជា បានថ្វាយខ្លួនជាឧបាសករក្សាសីល ៥ សីលឧបោសថថ្ងៃមួយបានស្តាប់ធម្មទេសនារបស់ព្រះកប្បិតត្ថេរ ក៏បានសម្រេចដល់សោតាបត្តិផលហោង ។ អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ ប្រជុំជាតក វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត ដោយ៥០០០ឆ្នាំ |