អានអត្ថបទ
ផ្សាយ : ០៥ វិច្ឆិកា ឆ្នាំ២០២០ (អាន: ១១,១២៥ ដង)
រឿងសមុទ្ទទេវតា

|
រឿងសមុទ្ទទេវតា
(ចាក ស. តិ.) (សេចក្តីលោភនាំសត្វឲ្យហួងហែងហួសហេតុ) កាលពុទ្ធសម័យព្រះសម្តុទ្ធបរមគ្រូ ទ្រង់រំលឹកដាស់តឿនឧបនន្ទភិក្ខុ ដែលមានសេចក្តីលោភគ្របសង្កត់ គឺធម្មតារបស់ភិក្ខុឧបនន្ទ តែដល់រដូវចូលវស្សាហើយ លោកដើរទៅចូលវស្សាផ្ញើរគ្រប់វត្ត ដែលលោកអាចទៅបាន វត្តខ្លះលោកទុកស្បែកជើង ខ្លះដំរងទឹក ខ្លះទ្រនាប់ជើង ខ្លះឆ័ត្រជាដើម ឲ្យចូលវស្សាជំនួសលោក ដល់ចេញវស្សាលោកទៅវាយចំណែកលាភគ្រប់វត្ត ដែលលោកបានទុករបស់ទាំងនោះ ដឹកទាំងរទេះៗ យកមកប្រមូលទុកក្នុងកុដិរបស់លោក ។ ពួកភិក្ខុទាំងឡាយទ្រាន់ចិត្ត នាំគ្នាទូលព្រះសម្តុទ្ធតាមដំណើររឿង ព្រះអង្គទ្រង់ប្រជុំសង្ឃ ហើយហៅឧបនន្ទ មករំលឹកតាមលំនាំព្រះពុទ្ធពីបូរាជ ទើបនាំអតីតនិទានមកសំដែងថា ភិក្ខុឧបនន្ទនេះ មិនមែនចង់បានឥតរបបតែក្នុងជាតិនេះទេ កាលពីដើមក៏ដូច្នេះដែរ ។ ពីព្រេងនាយយូរហើយ ព្រះពោធិសត្វកើតជាសមុទ្រទេវតា ថែរក្សាមហាសមុទ្រ កាលនោះមានក្អែកទឹកមួយ នៅអាស្រ័យនឹងសមុទ្រនោះ ជាសត្វមានសេចក្តីលោភច្រើន មួយថ្ងៃៗ ហើរមុជងើបៗ ក្នុងទឹកសមុទ្រ ស្រែកបា្រប់ត្រីទាំងឡាយកុះឲ្យផឹកទឹកច្រើន ក្រែងអស់ទឹកសមុទ្រ ។ ដោយសេចក្តីហួងហែងហួសហេតុ នេះ សមុទ្រទេវតាទ្រាន់ចិត្តពេក ស្តីតិះដៀលឲ្យក្អែកទឹកនោះថានែ ! ក្អែកទឹកអប្បឥតប្រាជ្ញា លោភលន់ហួសហេតុ ទឹកសមុទ្រនេះជ្រៅណាស់ មិនចេះស្រកមិនចេះជន់ទេ សូម្បីហូរចាក់ទៅក្នុងទីទំនាបច្រើនយ៉ាងណា ក៏មិនអស់ដែរ យើងនៅថែរក្សាសមុទ្រមកយូរហើយ មិនដែលឃើញអ្នកណាលោភហួងហែងហួសហេតុដូច្នេះទេ ។ តិះដៀលហើយនិម្មិតខ្លួនយ៉ាងធំ ដេញក្អែកទឹកនោះឲ្យរត់បាក់ទៅ ។ ប្រជុំជាតក ក្អែកទឹកក្នុងកាលនៅគឺភិក្ខុឧបនន្ទសមុទ្រទេវតាគឺតថាគតនេះឯង ។ អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ ប្រជុំជាតក វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត ដោយ៥០០០ឆ្នាំ |