អានអត្ថបទ
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ១៤,២១២ ដង)
សម្បត្តិមនុស្សល្អ

|
កូនជាទីស្រឡាញ់!
ពេលដែលកូននៅក្នុងសង្គម ហើយត្រូវទាក់ទងជាមួយអ្នកដទៃ កូនត្រូវរៀបចំឬកពាឲ្យល្អ និយាយពាក្យពិរោះ ព្រមទាំងត្រូវរៀបចំខ្លួនប្រាណ សម្លៀកបំពាក់ឲ្យបានល្អផង នេះជាការចាំបាច់ណាស់ព្រោះដើម្បីជាការសម្តែងបញ្ជាក់ថា កូនជាមនុស្សល្អ ។ ការដែលបានអប់រំបន្ទុំឧបនិស្ស័យមកល្អ ទើបសម្តែងអាកប្បកិរិយាចេញមកល្អ ។ អ្នកមានសម្បត្តិមនុស្សល្អរមែងមានប្រៀបលើមនុស្ស ដែលខ្វះនូវគុណសម្បត្តិទាំងនេះ ក្នុងគ្រប់រឿង ទាំងអស់ ទាំងការនិយមរាប់អាន ការឲ្យនូវភាពស្និទ្ធស្នាល ការឲ្យនូវភាពទុកចិត្ត រហូតដល់ប្រគល់ការងារមុខនាទីសំខាន់ឲ្យធ្វើទៀតផង ជាដើម ។ សម្បត្តិមនុស្សល្អ គឺការសម្តែងអាកប្បកិរិយាចេញមកមានសភាពរៀបរយត្រឹមត្រូវ គួរគយគន់ មិនទាស់ភ្នែកមិនទាស់ត្រចៀក ពេញទៅដោយភាពទន់ភ្លន់ និងការគោរពកោតក្រែង ។ កូនគួរហ្វឹកហាត់នូវសម្បតិ្តមនុស្សល្អទុកជាសម្បត្តិប្រចាំខ្លួន មានជាអាទិគឹ តែងខ្លួនដោយសម្លៀកបំពាក់សមរម្យនឹងវ័យ មិនដោះសម្លៀកបំពាក់ក្នុងទីសាធារណៈ ពាក់អាវត្រឹមត្រូវនៅចំពោះមុខភ្ញៀវ ។ មានភាពទន់ភ្លន់បន្ទន់ខ្លួន ចេះក្រាបសំពះ ធ្វើការគោរពចំពោះអ្នកធំ និយាយស្តីសង្រួមមាត់ មិននិយាយឲ្យសំឡេងខ្លាំងកោកកាកឡូឡាក្នុងទីសាធារណៈ ឬក្នុងទីប្រជុំមនុស្ស មិននិយាយជ្រែកកាត់ក្នុងពេលដែលអ្នកធំកំពុងសន្ទនាគ្នា ចេះក្រែងចិត្តអ្នកដទៃ ។ ពេលទទួលទានអាហារ ក៏សង្រួមមិនវឹបវ៉ាប់ប្រញាប់ដូចខ្លាចអស់ម្ហូប មិននិយាយក្នុងពេលមានអាហារក្នុងមាត់ នឹងក្រោកនឹងអង្គុយក៏សង្រួមប្រយ័ត្នត្រួតត្រាមើលសព្វមើលគ្រប់ ។ សម្បត្តិមនុស្សល្អ ជាហេតុឲ្យមនុស្សយើងមានស្នេហ៍គួរស្រឡាញ់ នឹងជាហេតុឲ្យអ្នកធំស្រឡាញ់អាណិតប្រាថ្នា នឹងជួយទំនុកបម្រុងក្នុងរឿងផ្សេងៗ ។ សម្បត្តិមនុស្សល្អគឺជាអាភរណៈគ្រឿងប្រដាប់តែងខ្លួន គួរជាទីរីករាយនិងរាប់អានដល់មនុស្សទាំងឡាយគ្រប់ទីកន្លែង ។ គួរស្កកងើយឆ្កឹតបង្កើតខកចិត្ត មនុស្សស្កកមានពិតគំនិតដាបដុន កើតមកជាមនុស្សស៊ីជុះអស់ទុន ជីវិតទារុណគ្មានគុនតម្លៃ។ មនុស្សយើងផលិតជីវិតខ្លួនឯង រៀបចំតាក់តែងចាត់ចែងរាល់ថ្ងៃ ប្រាជ្ញសាងជីវិតពិតដូចជាផ្កាយ គោចរមិនណាយតម្រង់ទិសដៅ ឆ្លងកាត់លាភយសចិត្តឥតហ្មងសៅ តម្រង់ស្មូរទ្រឹស្តីរើសកំហាកលិទ្ធ ស្លឹកឈើចាកមែកជ្រែកខ្យល់វិបវិត គ្មានគោលដៅពិតជីវិតអន្ធពាល។ អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ ពាក្យពេចន៍ ម៉ែឪ រៀបរៀងដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត ដោយ៥០០០ឆ្នាំ |