អានអត្ថបទ
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ១៦,៧៩៩ ដង)
ធម្មបទគាថា អប្បមាទវគ្គទី ២

|
ធម្មបទគាថា អប្បមាទវគ្គទី ២
បិដកលេខ ៥២ ទំព័រ ២៥ អប្បមាទោ អមតំបទំ បមាទោ មច្ចុនោ បទំ អប្បមត្តា ន មីយន្តិ យេ បមត្តា យថា មតា ឯតំ វិសេសតោ ញត្វា អប្បមាទម្ហិ បណ្ឌិតា អប្បមាទេ បមោទន្តិ អរិយានំ គោចរេ រតា តេ ឈាយិនោ សាតតិកា និច្ចំ ទឡបរក្កមា ផុសន្តិ ធីរា និព្វានំ យោគក្ខេមំ អនុត្តរំ ។ សេចក្តីមិនប្រមាទ ជាផ្លូវនៃសេចក្តីមិនស្លាប់ សេចក្តីប្រមាទជាផ្លូវនៃសេចក្តីស្លាប់ ជនទាំងឡាយ ដែលមិនប្រមាទហើយឈ្មោះថា មិនស្លាប់ ជនទាំងឡាយដែលប្រមាទហើយទុកដូចជាមនុស្សស្លាប់ទៅហើយ ។ ពួកបណ្ឌិត បានជ្រាបនូវដំណើរនេះ ដោយប្លែកគ្នា (ទើបឋិតនៅ) ក្នុងសេចក្តីមិនប្រមាទរីករាយ ក្នុងសេចក្តីមិនប្រមាទ បណ្ឌិតទាំងនោះ ជាអ្នកត្រេកអរក្នុងធម៌ជាទីគោចរ នៃព្រះអរិយបុគ្គលទាំងឡាយ ។ បណ្ឌិតអ្នកមិនប្រមាទទាំងនោះ មានការពិនិត្យជាប្រក្រតី មានព្យាយាមជាប់តគ្នា មានសេចក្តីប្រឹងប្រែងមាំមួនជានិច្ច ជាអ្នកមានប្រាជ្ញា តែងពាល់ត្រូវនូវព្រះនិព្វានជាទីក្សេមក្សាន្ត ចាកយោគៈ ជាធម្មគុណដ៏ប្រសើរបំផុត ។ ឧដ្ឋានវតោ សតីមតោ សុចិកម្មស្ស និសម្មការិនោ សញ្ញតស្ស ច ធម្មជីវិនោ អប្បមត្តស្ស យសោតិវឌ្ឍតិ ។ យស តែងចម្រើនយ៉ាងក្រៃលែង ដល់បុគ្គលអ្នកមានសេចក្តីប្រឹងប្រែង មានស្មារតី មានការងារស្អាត (ឥតទោស) ជាអ្នកពិចារណា រួចហើយទើបធ្វើ ជាអ្នកសង្រួម រស់នៅដោយធម៌មិនមានសេចក្តីប្រមាទ។ ឧដ្ឋានេនប្បមាទេន សញ្ញមេន ទមេន ច ទីបំ កយិរាថ មេធាវី យំ ឳឃោ នាតិកីរតិ ។ អ្នកប្រាជ្ញ គប្បីសាងនូវកោះ គឺអរហត្តផល ជាកោះដែលជំនន់គឺកិលេសជន់ពន្លិចមិនបាន ដោយសេចក្តីប្រឹងប្រែងផង ដោយសេចក្តីមិនប្រមាទផង ដោយការសង្រួមក្នុងចតុប្បារិសុទ្ធិសីលផងដោយទមៈគឺការទូន្មានឥន្ទ្រិយផង ។ បមាទមនុយុញ្ចន្តិ ពាលា ទុម្មេធិនោ ជនា អប្បមាទញ្ច មេធាវី ធនំ សេដ្ឋំវ រក្ខតិ ។ មា បមាទមនុយុញ្ចេថ មា កាមរតិសន្ថវំ អប្បមត្តោ ហិ ឈាយន្តោ បប្បោតិ វិបុលតិ វិបុលំ សុខំ ។ ពួកជនពាលអប្បឥតប្រាជ្ញា តែងប្រកបរឿយៗ នូវសេចក្តីប្រមាទ ចំណែកអ្នកប្រាជ្ញ រមែងរក្សាទុកនូវសេចក្តីមិនប្រមាទដូចទ្រព្យយ៉ាងប្រសើរ ។ អ្នកទាំងឡាយ ចូរកុំប្រកបរឿយៗ នូវសេចក្តីប្រមាទ ចូរកុំប្រកបរឿយៗ នូវសេចក្តីរីរាយ ត្រេកអរក្នុងកាមឡើយ ដ្បិតបុគ្គលអ្នកមិនប្រមាទ ខំសង្កេតពិនិត្យ រមែងបាន សេចក្តីសុខដ៏ទូលាយ ។ បមាទំ អប្បមាទេន យទា ទុទតិ បណ្ឌិតោ បញ្ញាបាសាទមារុយ្ហ អសោកោ សោកិនី បជំ បព្វតដ្ឋោវ តុម្មជ្ឋេ ធីរោ ពាលេ អវេក្ខតិ ។ កាលណាបណ្ឌិត បន្ទោបង់នូវសេចក្តីប្រមាទ ដោយសេចក្តីមិនប្រមាទ កាលណោះ លោកនឹងឡើងកាន់ប្រសាទគឺបញ្ញា ជាបុគ្គលមិនសោក រមែងឃើញពួកសត្វដែលមានសោក ។ ធីរជនតែងពិចារណា ឃើញពួកជនពាល ដូចបុគ្គលដែលឈរលើកំពូលភ្នំ ហើយក្រឡេកមើលពួកជនដែលឋិតនៅលើផែនដីដូច្នោះឯង ។ អប្បមត្តោ បមត្តេសុ សុត្តេសុ ពហុជាគរោ អពលស្សំវ សីឃស្សោ ហិត្វា យាតិ សុមេធសោ ។ បណ្ឌិតមានប្រាជ្ញាមោះមុត កាលពួកបុគ្គលកំពុងប្រមាទលោកមិនប្រមាទ កាលពួកបុគ្គលកំពុងដេកលក់ លោកភ្ញាក់រឮកច្រើន លោករមែងលះបង់ចោលនូវបុគ្គលបែបនោះ ដូចសេះដែលរត់លឿន បានទៅចោលសេះដែលមានកម្លាំងទន់ទាប ដូច្នោះឯង ។ អប្បមាទេន មឃវា ទេវានំ សេដ្ឋតំ គតោ អប្បមាទំ បសំសន្តិ បមាទោ គរហិតោ សទា ។ មឃវា គឺព្រះឥន្ទ បមាទោ គរហិតោ សទា ។ មឃវាគឺព្រះឥន្ទ បានដល់នូវភាពជាបុគ្គលប្រសើរបំផុតជាងទេវតា ទាំងឡាយ ព្រោះតែសេចក្តីមិនប្រមាទ អ្នកប្រាជ្ញទាំងឡាយ តែងសរសើរនូវសេចក្តីមិនប្រមាទ ហើយត្មះតិះដៀលនូវសេចក្តីប្រមាទសព្វៗ កាល ។ អប្បមាទរតោ ភិក្ខុ បមាទេ តយទស្សិ វា សញ្ញោជនំ អណុំ ថូលំ ឌហំ អគ្គីវ គច្ឆតិ ។ ភិក្ខុអ្នកត្រេកអរ ក្នុងសេចក្តីមិនប្រមាទ ឬឃើញភ័យក្នុងសេចក្តីប្រមាទ តែងដុតចោលនូវសំយោជនៈ ទាំងតូច ទាំងធំ ដូចភ្លើងឆេះ (កម្ទេចនូវព្រៃ ទាំងព្រៃតូច ទាំងព្រៃធំ) ដូច្នោះឯង ។ អប្បមាទរតោ ភិក្ខុ បមាទេ តយទស្សិ វា អតព្វោ បរិហានាយ និព្វានស្សេវ សន្តិកេ ។ ភិក្ខុអ្នកត្រេកអរ ក្នុងសេចក្តីមិនប្រមាទ ឬឃើញភ័យក្នុងសេចក្តីប្រមាទ ជាអ្នកមិនគួរនឹងសាបសូន្យចាកនូវគុណធម៌ឡើយ ឈ្មោះថា ឋិតនៅក្នុងជិតនៃព្រះនិព្វាន ។ អត្តបទនេះដកស្រង់ចេញពីសៀវភៅៈ ជំនួយសតិ រៀបរៀងដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស វាយអត្តបទដោយៈ កញ្ញា ជា ម៉ានិត ដោយ៥០០០ឆ្នាំ |