អានអត្ថបទ
ផ្សាយ : ០៦ វិច្ឆិកា ឆ្នាំ២០២០ (អាន: ១៦,៦៩៨ ដង)
រឿងអ្នកផឹកសុរា

|
រឿងអ្នកផឹកសុរា
(ចាក ម. អ.) (អ្នកប្រមឹកតែងហិនហោចទ្រព្យនឹងវិនាសប្រាណក្នុងបច្ចុប្បន្ន) កាលកន្លងទៅហើយ ព្រះបរមពោធិសត្ថរបស់យើងទ្រង់យោនយកកណើតជាសេដ្ឋីមានទ្រព្យ៤០កោដិ កប់ទុកក្នុងផែនដី តែងបរិច្ចាកទានជាដើមដល់ស្មូមយាចកដែលមកសុំច្រកល្ហក លុះពេលអស់ព្រះជន្មក៏បានទៅកើតជាសក្កទេវរាជ ។
ឯសេដ្ឋីពោធិសតថនេះមានកូនប្រុសតែមួយគត់ ។ បុត្រនោះលុះអស់ពីសេដ្ឋីជាបិតាទៅ បានឲ្យគេកសាងមណ្ឌបមួយមានមហាជនជាបរិវារចោមរោម ក្នុងពេលដែលគាត់អង្គុយផឹកសុរា ។ អ្នកប្រមឹករូបនេះ តែងឲ្យទ្រព្យមួយពាន់កហាបណៈ ដល់ជនអ្នកថ្នឹកខាងល្បែងទាំងឡាយមានលោតរាំច្រៀងជាដើមតែយ៉ាងនេះជានិច្ចនិរន្តរ៍ ហើយក្លាយខ្លួនទៅជាមនុស្សម្នាក់ដែលល្មោភលេងស្រី ល្មោភផឹកស្រា ល្មោភស៊ីសាច់ ជាអ្នកមានប្រក្រតី ឋិតនៅក្នុងរោងមហោស្រពមានរាំនឹងច្រៀងមិនយូរកាលប៉ុន្មាន ក៏វិនាសហិនហោចទ្រព្យទាំង៤០កោដិដែលជាមត៌កបិតារលីង នឹងប្រែភាពទៅជាមនុស្សទុគ៌ត មនុស្សកំព្រីកំព្រាអានថាតែឯកឯង រកទីពឹងនាក់អាស្រ័យគ្មានស្លៀកពាក់កំណាត់សំពត់ដែលគេបោះចោលនៅទីទាំងឡាយ មានផ្លូវផ្សារជាដើម ។ សក្កទេវរាជ ដឹងរឿងរ៉ាវនោះក៏យកក្អមមួយជារបស់ សម្រាប់ឲ្យវត្ថុតាមគាប់ដល់សេចក្តីប្រាថ្នា មកឲ្យកូននោះដោយសេចក្តីអនុគ្រោះ នឹងការអាណិតពន់ពេក ហើយប្រាប់ថា ហៃបា! ក្អមនេះអាចឲ្យនូវ ទ្រព្យតាមសេចក្តីប្រាថ្នារបស់អ្នក ដូច្នេះអ្នកកុំប្រមាទ ដោយធ្វើក្អមឲ្យបែកឡើយ លុះប្រាប់យ៉ាងនេះហើយក៏ត្រឡប់ទៅកាន់ទេវលោកវិញ ។ ចាប់ពីថ្ងៃនោះមកអ្នកប្រមឹក តែងតែបាននូវវត្ថុតាមសេចក្តីប្រាថ្នាពីក្អមនោះ ហើយចែកចាយទិញស្រាមកផឹកដរាបដល់ស្រវឹងជ្រុលជ្រប់ហួសប្រមាណក៏បោះក្អមនោះទៅលើអាកាស ហើយយកដៃទាំងពីរទ្រចាប់តែធ្វើម្តេចអ្នកស្រវឹងមិនដែលតាមងស្មារតីឲ្យបាននឹងនួនមួយពេលណាឡើយ ម៉្លោះហើយការទទួលចាប់ក្អមដែលធ្លាក់ចុះចាកអាកាសមកវិញ ក៏មិនសម្រេចដូចបំណងសោះឡើយ ។ ក្អមក៏ធ្លាក់មកប៉ះនឹងផែនដីបែកខ្ទេចខ្ទីមួយពេលនោះទៅ ។ ចាប់ពីថ្ងៃនោះមកអ្នកប្រមឹករូបនេះ ក៏ក្លាយខ្លួនទៅជាមនុស្សស្លៀកពាក់តែសំពត់រយ៉េរយ៉ៃលិចមុខជិតក្រោយ លិចក្រោយជិតមុខរស់នៅដោយការកាន់អំបែងដើរ សុំទាននាច្រកល្ហកផ្ទះនៃអ្នកដទៃ យកកម្រៃដែលសុំបាននោះមកចិញ្ចឹមលៀងជីពជន្មអាត្មាមានសេចក្តីវេទនាខ្លោចផ្សាជាមហិមា អស់ពេលមិនយូរប៉ុន្មាន ក៏វិនាសប្រាណស្លាប់អសារបង់នៅនាសំយ៉ាបផ្ទះអ្នកដទៃវិស័យ ដូចជាខ្មោចឆ្កែ គ្មានគេរាប់រកអាណិតអាសូរសោះឡើយ ព្រោះហេតុដូច្នោះ បានជាព្រះបរមសាស្តា កាលបានត្រាស់ដឹងបរមាភិសេកសម្មាសសម្ពោធធិញ្ញាណជាឯកអគ្គសក្យមុនីសម្ពុទ្ធមកុដក្នុងត្រៃលោកបានត្រាស់សំដែងនូវគាថា ទាំងឡាយថា សព្វកាមទទំ កុម្ភំ កុដមលទ្ធាន ធុត្តកោ យាវ សោ អនុបាលេតិ តាវ សោ សុខមេឆតិ។ យទា មត្តោ ច ទិត្តោ ច បមាទា កុម្ភមព្ភិទា តតោ នគ្គោ ច បោត្ថោ ច បច្ឆា ពាលោ វិហញ្ញតិ។ ឯវមេវ យោ ធនំ លទ្ធា បមត្តា បរិភុញ្ជតិ បច្ឆា តប្បតិ ទុម្មេធោ កុដំ ភេត្វាវ ធុត្តកោ ។
អ្នកលេងបានក្អមឈ្មោះកុម្ភះ ដែលឲ្យវត្ថុតាមប្រាថ្នាអ្នកលេងនោះថែទាំបានត្រឹមណា ក្អមតែងនាំសេចក្តីសុខមកឲ្យត្រឹមនោះ ។ ដរាបដល់អ្នកលេងស្រវឹងនឹងភើ្លតភ្លើន ហើយបំបែកក្អមដោយសេចក្តីប្រមាទ ក៏ក្លាយទៅជាអាក្រាតនឹងស្លៀកសំពត់សំបកឈើ ជាមនុស្សពាលតែងលំបាកក្នុងពេលក្រោយបុគ្គលឥតប្រាថ្នាដែលបានទ្រព្យហើយ ប្រើប្រាស់ដោយសេចក្តីប្រមាទយ៉ាងនេះ រមែងស្តាយក្រោយដូចជាអ្នកលេងបំបែកក្អមដូច្នោះ ។ អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ ប្រជុំជាតក វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត ដោយ៥០០០ឆ្នាំ |