អានអត្ថបទ
ផ្សាយ : ១៩ មិថុនា ឆ្នាំ២០២១ (អាន: ៦,០៤៦ ដង)
សម្ដេចព្រះមង្គលទេពារ្យ គណៈធម្មយុត្តិកនិកាយ ភន្ទគូ អៀម

|
ប្រវត្តិសង្ខេប
នៃ សម្ដេចមង្គលទេពាចារ្យ ព្រះនាម អៀម ព.ស ២៤៣៧~២៤៦៥ គ.ស ១៨៩៤~១៩២២ សម្ដេចសម្ភព នៅថ្ងៃអាទិត្យ ខែផល្គុន ឆ្នាំរកា ឯកស័ក ព.ស ២៣៩៣ គ.ស ១៨៤៩ ម.ស ១៧៧១ ច.ស ១២១១ នៅភូមិព្រៃពួច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ មាតានាម អ៊ុក បិតានាម ម៉ឹង។ សម្ដេចព្រះជន្ម ៨ឆ្នាំ បានរៀនអក្សរសាស្ត្រខ្មែរ ក្នុងសំណាក់លោកគ្រូសូត្រ ទេព នៅវត្តព្រៃពួច ឃុំស្រុកកំណើត គណៈមហានិកាយ។ លុះដល់ព្រះជន្ម ១៣វស្សា បានបព្វជ្ជាជាសាមណេរ នៅវត្តព្រៃពួចនោះបាន២វស្សា បានចាកសិក្ខាបទមកវិញ ទើបលោកឧញ៉ា សុភាធិបតីម៉ា ត្រូវជាឪពុកធំនៃសម្ដេចបង្កើត បាននាំទៅថ្វាយសម្ដេច ព្រះសុគន្ធាធិបតី ប៉ាន គង់នៅវត្តសាលាគូក្រុងឧត្ដង្គមានជ័យ។ លុះដល់ព្រះជន្ម ២២វស្សា មមី ទោស័ក ព.ស ២៤១៤ គ.ស ១៨៧០ ម.ស ១៧៩២ ច.ស ១៧៣២ បានឧបជ្ឈាយ៍ជាភិក្ខុដែលមានសម្ដេចព្រះសុគន្ធាធិបតី ប៉ាន ជាឧបជ្ឈាយ៍ ព្រះពោធិវ័ង្ស ចាន់ ចៅអធិការវត្តស្វាយពពែ ជាកម្មវាចារ្យ ព្រះធម្មមុន្នី ទេព ជាអនុស្សវនាចារ្យ បាននាមឆាយាជា ភន្ទគូ ក្នុងសីមាវត្តបុទមវតី ក្រុងភ្នំពេញ។ អំពីសមណស័ក្ដិ នៃសម្ដេចៈ ១- ព្រះចៅអធិការបទុមវតី សង្ឃនាយកស្ដីទី ២- សម្ដេចព្រះវនរតន៍ ទីសង្ឃនាយក ៣- សម្ដេចព្រះមង្គលទេពាចារ្យ ទីសង្ឃនាយក។ សម្ដេចព្រះមង្គលទេពាចារ្យ ព្រះនាម អៀម បានទទួលនាទីជា សម្ដេចព្រះ មង្គលទេពាចារ្យ ពីឆ្នាំវក សំរិទ្ធិស័ក ព.ស ២៤៥២ គ.ស ១៩០៩ ម.ស ១៨៣០ ច.ស ១២៧០ ក្នុងព្រះជន្មគំរប់ ៦០ឆ្នាំ។ សម្ដេចព្រះមង្គលទេពាចារ្យព្រះនាម អៀម បានទីវង្គតនៅថ្ងៃ ព្រហស្បតិ៍ ១រោច ខែមិគសិរ ឆ្នាំចរ ចត្វាស័ក ព.ស ២៤៦៦ គ.ស ១៩២២ ម.ស ១៨៤៤ ច.ស ១២៨៤ វេលាម៉ោង ៩ព្រឹក ក្នុងព្រះជន្ម ៧៤វស្សា។ ដោយ៥០០០ឆ្នាំ |