អានអត្ថបទ
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ១៣,៣២១ ដង)
រឿងកញ្ញាកុណ្ឌលកេសី

|
រឿងកញ្ញាកុណ្ឌលកេសី
(ចាក ធ. ខុ.) (បញ្ញាដែលខំកសាងមក មិនមែនទុកស្ងៀមទេ គឺទុកការពារខ្លួន) ក្នុងពុទ្ធប្បាទនេះ នាក្រុងរាជគ្រឹះ មានធីតាសេដ្ឋីម្នាក់ អាយុ១៦ឆ្នាំមានរូបរាងល្វតល្វៃផ្តាច់ គូរដល់ការក្រឡេកមើលជាពនពេក ។ ជាធម្មតានារីទាំងឡាយ ដែលឋិតក្នុងវ័យនោះ (អាយុ១៦ឆ្នាំ) ច្រើនតែជាប់ចិត្តនឹងបុរសឆ្កួតចិត្តព្រោះបុរសជាកំណត់ ។ ឯមាតាបិតាបានរៀបចំទីកន្លែងឲ្យនាងនៅក្នុងបន្ទប់ដ៏មានសិរី នាប្រាសាទមានជាន់៧ ហើយចាត់ស្រ្តីជាទាសីម្នាក់ឲ្យជាអ្នកចាំបំរើ ពេលល្ងាចព្រឹក ។ និយាយពីរាជបុរស ចាប់បានមនុស្សម្នាក់ ដែលប្រព្រឹត្តធ្វើចោរកម្ម មកចងស្លាបសេក ហើយវាយបណ្តើរទៅទៅសម្លាប់ ។ ធីតាសេដ្ឋីឮសំលេងគិតកងក៏គិតថា មានហេតុយ៉ាងណាអេះ? ទើបចេញមកឈរមើលប្រុសនោះ ក៏មានចិត្តប្រតិព័ត្វស្នេហា ប្រាថ្នាយកធ្វើជាស្វាមី ហើយមិនបរិភោគ ទៅដេកសន្ធឹងសន្ធៃ ឥតនិយាយស្តីនឹងពីណាសោះ ។ ពេលនោះម្តាយមកសួរថា នាងមានរោគយាងណា? លោកម្តាយបើខ្ញុំបានប្រុសដែលរាជបុរសបណ្តើរនោះមកធ្វើស្វាមី ទើបមានជីវិតរស់នៅ បើបែរជាមិនបានវិញ ជីវិតខ្ញុំពិតជាគ្មានរស់នៅតទៅទៀតឡើយខ្ញុំនឹងស្លាប់ក្នុងទីនេះឯង ។ ហៃកូនសម្លាញ់ទ្រូងម្តាយ នាងកុំធ្វើយ៉ាងនេះ ចាំម្តាយរកស្វាមីដែលមានជាតិនឹងទ្រព្យស្មើគ្នាឲ្យ ។ លោកម្តាយខ្ញុំឥតត្រូវការប្រុសដទៃទេ បើមិនបានប្រុសនេះជាប្តីមុខជាស្លាប់ ។ មាតាខំនិយាយលួងលោមយ៉ាងម៉េច ក៏នាងកញ្ញាស្តាប់មិនបាន ទើបទៅជំរាបរឿងនោះដល់ស្វាមី ។ បុរសជាបិតាមកនិយាយនៅតែឥតបានការដូចគ្នា ក៏គិតថា អញនឹងធ្វើឧបាយកលណា? គិតមិនធ្លាយក៏ដាច់ចិត្តឲ្យទ្រព្យមួយពាន់កហាបណះ ជាសំណូកដល់រាជបុរសដោយពាក្យថា ចូរអ្នកទទួឡយកទ្រព្យនេះហើយឲ្យបុរសជាប់ឃុំនោះមកខ្ញុំ ។ អំណាចសំណូកអាចបង្វែងចិត្តរាជបុរសឲ្យលែងចោរនោះ ហើយចាប់បុរសដទៃមកសម្លាប់ យកដំណឹងនោះទៅទូលព្រះរាជាថា ចោរខ្លួនសម្លាប់រួចហើយថ្លែងពីសេដ្ឋី កាលបើរាជបុរសឲ្យចោរនោះមកហើយ ក៏នាំយកទៅឲ្យធីតាខ្លួន ។ នាងក្រមុំបានតាក់តែងខ្លួនប្រាណលាបលនដោយប្រេងម្សៅ ប្រស់ព្រំរាងកាយយ៉ាងស្អាតបាត ដើម្បីឲ្យចោរស្រឡាញ់ ហើយចាត់ចែងវត្ថុទាំងឡាយ មានបបរបាយជាដើមដោយខ្លួនឯឲ្យចោរស្វាមីបរិភោគ ។ ចោរនោះបានរួមរសមេត្រីជញ្ជក់ផ្ការ ដែលកំពុងក្រពុំយកលំអងក្លិនពិដោរក្រអូបឈ្ងុយឈ្ងប់បានពីបីថ្ងៃ ក៏កើតសេចក្តីលាមកថា អញធ្វើម្តេចហ្ន! នឹងបានសម្លាប់ស្ត្រីនេះ ហើយដោះយកគ្រឿងប្រដាប់លក់ទិញស្រាផឹកបាន លុះកើតគំនិតយ៉ាងនេះហើយ ក៏ដេកអត់បាយក្រហាយទឹកមិនស្តីនិយាយរកអ្នកណាសោះ ។ ឯនាងប្រពន្ធឃើញដូច្នោះ ចូលទៅលួងលោមសួរថា បពិត្រស្វាមី បងកើតរោគអ្វី ! ឲតមានកើតរោគអ្វីទេប្អូន ។ ចុះមាតាបិតាខ្ញុំខឹងចំពោះបងឬ? លោកឥតខឹងទេ ។ នាងខំឈ្លេចសួរទៀតថាចុះបងមានហេតុយ៉ាងណា សូមប្រាប់ឲ្យប្អូនដឹងផង ? ប្អូនមាសព្រលឹង កាលរាជបុរសចងបណ្តើរបងយកទៅសម្លាប់ បងបានបន់ស្រន់ទេព្តា ដែលនៅអាស្រ័យនាជ្រោះសម្រាប់សម្លាប់ចោរថា បើបងបានរស់រួចជីវិត នឹងធ្វើពលិកម្មថ្វាយ ឥឡូវនេះបងរួចជីវិតដោយអានុភាពនៃទេព្តានោះឯង ដូច្នេះបងត្រូចតែធ្វើពលិកម្មដល់ទេព្តានោះ ។ បងកុំព្រួយឲ្យសោះ យើងនឹងធ្វើពលិកម្មដើម្បីលាបំណន់ បងប្រាប់មកចុះតើត្រូការអ្វីខ្លះ? ត្រូវការមធុបាយាសមានទឹកតិច១ ផ្កានានាមានលាជ ជាគំរប់៥មួយ ។ នាងពោលថា បពិត្រស្វាមីប្រសើរហើយខ្ញុំនឹងចាត់ចែងឲ្យបានលុះរៀបរួចហើយក៏បា្រប់ថា បងមកយើងទៅថ្វាយពលិកម្ម ។ ចោរស្វាមីតបថា បើដូច្នោះប្អូនឲ្យញាតិត្រឡប់វិញចុះ ហើយកាន់យកគ្រឿងអលង្ការ វត្ថាករណ៍មានថ្លៃច្រើន នឹងរៀបចំខ្លួនប្រាណឲ្យស្អាតបាតផង យើងនៅសើចលេងយ៉ាងសែនសុខ ។ កុណ្ឌលកេសីនាងចេះតែធ្វើតាម ព្រោះខ្លួននាងស្រឡាញ់ចោរនោះណាស់ ។ កាលចោរនាំនាងនោះទៅដល់ភ្នំ ក៏ពោលប្រាប់ថា ប្អូនយើងទាំងពីរនាក់នឹងទៅខាងនាយពីទីនោះ ចូរនាងឲ្យជនបរយានត្រឡប់ទៅវិញ ហើយទទួលភាជនៈដែលដាក់ពលិកម្មខ្លួនឯង យកឡើងទៅលើជ្រោះភ្នំ ។ កាលបុរសស្វាមីនាំនាងទៅលើកំពូលភ្នំហើយ នាងពោលថា បពិត្រស្វាមីចូរអ្នកធ្វើពលិកម្មដល់ទព្តា តាមចិត្តអ្នកប្រាថ្នាចុះ ។ ចោរឈរធ្មឹង ទើបភរិយាសួរថា ហេតុអ្វីបានជាអ្នកត្រឹងយ៉ាងនេះ? ក៏ពោលប្រាប់ថាឥតមានត្រូវការដោយពលិកម្មអ្វីទេ ដែលអញនាំហងមកនេះ គឺបញ្ឆោតហងទេតើ ។ បពិត្រស្វាមី អ្នកបញ្ឆោតខ្ញុំប្រាថ្នាយករបស់អ្វី? ប្រាថ្នាសម្លាប់ហងឯងហើយដោះយកគ្រឿងអាភរណះរត់ទៅ ។ កុណ្ឌលកេសីនាងខ្លាចសេចក្តីស្លាប់ក៏ពោលអង្វរថា ខ្លួនខ្ញុំក្តីគ្រឿង អាភរណះក្តី សុទ្ធតែរបស់អ្នកហើយតើម្តេចក៏អ្នកពោលយ៉ាងនេះ? ទោះនាងអង្វរថា កុំធ្វើយ៉ាងនេះ ក៏ចោរនៅតែពោលថា ពិតជាសម្លាប់ហងឯងហើយ កុំអង្វរធ្វើអ្វីឥតអំពើទេ ។ នាងប្រាប់ថាបើពិតជាយ៉ាងនេះមែន អ្នកសម្លាប់ខ្ញុំធ្វើអ្វី? គួរតែយកអាភរណះទាំងនេះទៅហើយទុកជីវិតឲ្យខ្ញុំ ចាប់ពីថ្ងៃនេះទៅខ្ញុំនឹងថ្វាយខ្លួននៅជាទាសីធ្វើហត្តកម្មបំរើអ្នកទាំងអស់ ទើបពោលថាៈ ឥមេ សុវណ្ណតេយូរា សព្វេ វេឡុរិយាមយា សព្វញ្ច គណ្ហ ភទ្ទន្តេ មម ទាសិញ្ច សាវយ ។ ខ្សែសយជាវិការនៃមាសនេះ សម្រេចពីកែវពិទូរ្យទាំងអស់ អ្នកដ៏ចំរើនយករបស់ទាំងនេះផង ឲ្យអ្នកស្រុកដឹងឮថា ខ្ញុំជាទាសីអ្នកផង ។ ចោរប្រកែកថា បើអញធ្វើយ៉ាងនេះ ហងនឹងទៅប្រាប់ម្តាយឪពុកហងមិនខាន អញពិតជាសម្លាប់ហើយ ហងកុំយំសោកខ្លាំងពេក ហើយពោលគាថាថាៈ មា ពាឡំ បរិទេវេសិ ខិប្បំ ពន្ធាហ ភណ្ឌកំ ។ ន តុយ្តំ ជីវិតំ អត្ថិ សព្វំ គណ្ហាមិ ភណ្ឌកំ។ ហងកុំយំខ្លាំងពេក ចូរស្រាយបង្វិចទ្រព្យឲ្យឆាប់ ជីវិតហងគ្មានទេអញនឹងយករបស់ទាំងអស់ ។ នាងកុណ្ឌលកេសីគិតថា ឱ! កម្មនេះធ្ងន់ណាស់ហ្ន ធម្មតាបញ្ញាដែលបុគ្គលសាងសន្សំមកហើយមិនមែនទុកស្ងោរទេ គឺទុកដើម្បីពិចារណាការពារភយន្តរាយ ត្រូវអញល្បងបញ្ញាសាកនឹងគាត់នេះលមើល ទើបពោលអង្វរថា កាលដែលរាជបុរសចាប់បងចោទថាចោរ ហើយនាំទៅសម្លាប់ ខ្ញុំបានប្រាប់មាតាបិតាខ្ញុំឲ្យៗប្រាក់១ពាន់កហាបណះទៅលោះបងនាំយកមកផ្ទះ ខ្ញុំជាអ្នកមានឧបការតាំងពីពេលនោះមក ថ្ងៃនេះគួរបងធ្វើខ្លួនឲ្យប្រពៃ ខ្ញុំនឹងថ្វាយបង្គំលាស្លាប់ឥឡូវហើយ ។ ចោរអរណាស់ពោលថា ល្អហើយល្អហើយ ទើបឈរបែរមុខទៅជ្រោះភ្នំឲ្យនាងថ្វាយបង្គំ ។ នាងដើរប្រទក្សិណបុរសនោះបីជុំ ទើបថ្វាយបង្គំទិសទាំង៤ ពោលរៀបរាប់ថាបពិត្រស្វាមី ការឃើញរូបលោកបង ក៏រលត់ត្រឹមថ្ងៃនេះ លោកបងក៏ខានឃើញរូបខ្ញុំថ្ងៃនេះដែរ ហើយនាងធ្វើអាការះឱបរឹតៗ ហាក់ដូចជាមានអាល័យចំពោះរូបចោរជាពន់ពេក បានឱកាលឈរពីក្រោយខ្នងចោរដែរកំពុងធ្វេសប្រហែសហើយ ក៏យកដៃម្ខាងចាប់ក ដៃម្ខាងទៀតចាប់ស្លាបប្រជៀវចោរនោះ ហើយច្រានទម្លាក់ទៅក្នុងជ្រោះភ្នំនោះទៅ ។ ចោរធ្លាក់ចុះមកប៉ះទង្គិចនឹងចង្កេះភ្នំ ដាច់ដោចខ្លួនប្រាណជាកំណាត់ៗ ទើបធ្លាក់មកដល់ដីក្សិណក្ស័យក្នុងពេលនោះឯង ។ទេព្តាដែលអាស្រ័យលើភ្នំនោះ ក៏ឲ្យពរសព្វសាធុការដល់នាងកុណ្ឌលកេសីគ្រប់ៗគ្នា ដោយឧទានគាថាថាៈ ន សោ សព្វេសុ ឋានេសុ បុរិសោហោតិ បិណ្ឌតោ ឥត្ថីបិ បណ្ឌិតា ហោតិ តត្ថ តត្ថ រិចក្ខណា ។ បុរសនោះមិនមែនមានប្រាជ្ញាសព្វទីឋានទេឯស្រ្តីជាបណ្ឌិតមានបញ្ញាសមា្រប់ពិចារណារមែងមានក្នុងទីនោះៗ ។ សង្ខេបរឿងនេះប៉ុណ្ណេះ ទាញមកនេះគ្រាន់តែបញ្ចាក់ថា ប្រាជ្ញាដែលបុគ្គលចេះឆ្នៃ អាចការពារខ្លួនឲ្យជៀសវៀងភយន្តរាយបាន ។អ្នកសុភាសិតទាំងឡាយ គួររាប់រឿងនេះបញ្ចូលក្នុងភាសិតបុរាណថា (ផ្លូវវៀចកុំបោះបង់ផ្លូវណាត្រង់កុំដើរហោង) ផងចុះព្រោះថា បើនាងកុណ្ឌលកេសីមិនដើរផ្លូវវៀចដោយការភូតកុហកចោរទេ ដើរតែផ្លូចត្រង់នាងពិតជាក្ស័យដោយស្នាដៃចោរជាមិនខាន តែនាងបានដើរផ្លូវវៀច ដោយប្រឧបាយកលយ៉ាងចំណានភូតចោរឲ្យជឿជាក់ក្នុងសន្តានដរាបដល់ច្រានចោរទំលាក់មកពីភ្នំឲ្យក្ស័យក្នុងជីវិតក្នុងពេលនោះឯង ។ទើបបានរួចរស់ជីវិតរបស់នាង ។ អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ ប្រជុំជាតក វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត ដោយ៥០០០ឆ្នាំ |