អានអត្ថបទ
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ១២,៣៨២ ដង)
ការពិចារណាហេតុផល និងបដិបត្តិក្នុងការឲ្យទាន

|
សូមឲ្យពុទ្ធបរិស័ទទាំងឡាយ ជាមនុស្សធ្ងន់ក្នុងហេតុផល ព្រោះថាអ្វីៗ ទាំងអស់ក្នុងលោកយើងនេះសុទ្ធតែមានហេតុផលទាំងអស់ ។ អំពើអាក្រក់ក៏មានហេតុនៃអំពើអាក្រក់ អំពើល្អ ក៏មានហេតុនៃអំពើល្អដែរ ។ ធម៌ទាំងឡាយមិនគួរប្រកាន់ថាជារបស់មាំមួនឡើយ ។
កាលសេចក្តីក្រោធបាត់បង់ទៅ សេចក្តីស្រឡាញ់ក៏ចូលមកជំនួស ភាពជាសត្រូវក៏ក្លាយជាមិត្ត ភ្លើងព្យាបាទក៏ក្លាយជាទឹកមន្តដ៏ស័ក្តិសិទ្ធគឺមេត្តាធម៌ ការដុតរោលចិត្តឲ្យពុះក្តៅក៏ក្លាយទៅជាការស្រេចស្រពចិត្តឲ្យផូរផង់ ឲ្យស្រស់ថ្លា នៅដោយសេចក្តីសខស្ងប់ ។ ការឲ្យទានត្រូវបដិបត្តិឲ្យជាប្រចាំ ឲ្យទៅជាទម្លាប់មានឧបនិស្ស័យក្នុងការឲ្យទាន សប្បាយចិត្តនឹងឲ្យលុះឲ្យរួចហើយរមែងមាននូវសេចក្តីសុខ ។ ចំពោះវិធីបដិបត្តិកម្ចាត់សេចក្តីក្រោធ ដោយអាស្រ័យការឲ្យទាននេះ គឺត្រូវយកទ្រព្យសម្បត្តិរបស់ខ្លួន ឲ្យដល់មនុស្សដែលខឹងក្រោធ ឬស្អប់នើ និងទទួលយករបស់ដែលគេនោះឲ្យមកខ្លួនវិញផង ឬយ៉ាងហោចណាស់ត្រូវតែធ្វើជាអ្នកឲ្យកុំខាន ព្រោះការឲ្យទានជាការចងមិត្ត ដូច្នេះ ត្រូវតែឲ្យរឿយៗ ព្រមដោយពាក្យសម្តីពីរោះប្រកបផ្សំទៀតផង ។ ការឲ្យទានគឺជាការធ្វើចម្បាំង គឺច្បាំងនឹងសេចក្តីកំណាញ់ផង ច្បាំងនឹងខ្មាំងគឺសេចក្តីក្រោធក្នុងខ្លួនយើងផង ។ តាមធម្មតា បើមនុស្សណាដែលយើងមិនខឹង មិនស្អប់ទេ យើងអាចឲ្យបាន គ្រាន់តែយើងមិនកំណាញ់ ប៉ុណ្ណឹងយើងឲ្យបានហើយប៉ុន្តែ ចំពោះមនុស្សដែលយើងខឹងក្រោធយើងស្អប់វិញនោះ យើងពិតជាលំបាកបដិបត្តិក្នុងវិធីនេះណាស់ ដូច្នេះយើងត្រូវកុំភ្លេចថា " សត្រូវរបស់យើងពិតប្រាកដ គឺសេចក្តីក្រោធ យើងធ្វើសង្គ្រាមជាមួយសេចក្តីក្រោធ ដោយការឲ្យទាន " ។ ការឲ្យទាន ជាវិធីកែខៃដោះស្រាយសេចក្តីក្រោធដែលនាំឲ្យសម្រេចផលបានល្អ ប្រសើរ និង នាំឲ្យយើងឈានទៅរកការដោះស្រាយដោយវិធីផ្សេងៗ ទៀតផង ។ ការឲ្យទានអាចរម្ងាប់នូវការចងពៀរវេរា ដែលមានមកអស់កាលដ៏យូរអង្វែងហើយ ឲ្យស្ងប់ទៅបាន ធ្វើឲ្យសត្រូវក្លាយជាមិត្ត ។ ការឲ្យទាន ជាមេត្តា ករុណាដែលសម្តែងចេញមកខាងក្រៅតាមរយះនៃកាយកម្មឬវចីកម្ម ។ ការឲ្យទានជាគ្រឿងហ្វឹកហាត់មនុស្សដែលមិនទាន់ហ្វឹកហាត់បាន ។ ការឲ្យទានរមែងញ៉ាំងនូវរបស់ដែលប្រាថ្នាទាំងពួងឲ្យបានសម្រេច ។ អ្នកឲ្យទានក៏រីករាយចិត្តនឹងអំពើល្អរបស់ខ្លួនរីឯអ្នកទទួលក៏បាននូវសេចក្តីសុខ ។ ការឲ្យទានគឺជាបារមីទី ១ ដែលនាំឲ្យព្រះបរមពោធិសត្វបានត្រាស់ដឹងថាជាព្រះសម្មាសម្ពុទ្ធ ។ បុគ្គលដែលមិនមែនជាបុគ្គលពោល រមែងសរសើរការឲ្យទាន ។ អត្ថបទដកស្រង់ចេញពីសៀវភៅៈ វិធីរម្ងាប់សេចក្តីក្រោធ រៀបរៀងដោយៈ អគ្គបណ្ឌិតធម្មាចារ្យ ប៊ុត សាវង្ស វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត ដោយ៥០០០ឆ្នាំ |