អានអត្ថបទ
ផ្សាយ : ២៦ សីហា ឆ្នាំ២០១៩ (អាន: ២៧,០៤៨ ដង)
ពិចារណាដោយវិធីចែកធាតុ

|
ពិចារណាដោយវិធីចែកធាតុ
ការពិចារណាបែបនេះ ជាការបដិបត្តិកៀកជិតនឹងវិបស្សនា ឬយកការចេះដឹងខាងវិបស្សវិជ្ជាមកប្រើជាប្រយោជន៍ បានដល់ការសម្លឹងមើលជីវិតនេះ សម្លឹងមើលសត្វបុគ្គល យើង គេ តាមសេចក្តីពិតថា ត្រឹមតែជាគ្រឿងប្រកបផ្សំទាំងឡាយ ។ ដោយធាតុទាំងឡាយផ្សេងៗ ប្រជុំចូលគ្នាហើយ ក៏សន្មត់ហៅគ្នាទៅថាមនុស្ស ហៅថាសត្វជាយើង ជាគេ ជាបុរស ជាស្រ្តីជាដើមអីចឹងទៅ ។ បើនឹងចង្អុលបង្ហាញថា ត្រង់ណាជាមនុស្ស ជាសត្វ ជាយើង ជាគេ គឺរកមិនឃើញឡើយ ឃើញមានត្រឹមតែធាតុទាំងឡាយដូចជាធាតុរឹងខ្លះ ធាតុរាវខ្លះជាដើម ឬ ជារូបក្ខន្ធវេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ វិញ្ញាណក្ខន្ធ តែប៉ុណ្ណោះឯង ឬ ពុំនោះសោត ក៏ជាអាយតនៈ មានភ្នែក ត្រចៀកច្រមុះ ជាបសាទរូប និងអាយតនៈ ខាងក្រៅ ជារូបសម្លេង ក្លិន ជាដើម រួមមកគឺរូបធម៌ខ្លះនាមធម៌ខ្លះ ។ កាលពិចារណាទៅតាមសេចក្តីពិត បានចែកឲ្យជាចំណែកៗ ឡើយ តើយើងក្រោធនឹងអ្វី ? ក្រោធនឹងសក់ សរសៃ ឆ្អឹង ក្រោធនឹងរូប វេទនាសញ្ញាសង្ខារវិញ្ញាណឬ ក៏ក្រោធនឹងអ្វីផ្សេងទៀត ? ទីបំផុតក៏រកទីតាំងនៃសេចក្តីក្រោធមិនបាន គឺមិនមានអ្វី ដែលសម្រាប់ ឲ្យសេចក្តីក្រោធចាប់តោងឡើយ ។ មនុស្សយើងដែលចេះតែឈ្លោះគ្នា ស្អប់គ្នា គុំគួនគ្នា ព្រោះមិនបានមើលឲ្យឃើញដល់ធាតុពិត ៗ ក្នុងខ្លួនម្នាក់ៗ រវល់តែជាប់ជំពាក់ប្រកាន់ថាជាអ្នកនេះ ថាជាអ្នកនោះ ម្ល៉ោះហើយបញ្ហាម៉ឺនសែនជំពូកនៅក្នុងខ្លួនម្នាក់ៗ ដោះស្រាយមិនចេះអស់ ។ អ្វីៗទាំងអស់សុទ្ធតែជាសភាវៈពិត ជាការពិត ជាសច្ចធម៌ ប៉ុន្តែដោយអំណាចនៃសេចក្តីល្ងង់គឺអវិជ្ជា ក៏សំគាល់នូវការពិតខ្លះថាជាគ្រឿងនាំឲ្យរីករាយ ឯការពិតខ្លះទៀត ក៏សំគាល់ថាជាបញ្ហា ។ កាលបើសំគាល់ថាជាបញ្ហាហើយ ក៏ខ្វាយខ្វល់ ភ័យព្រួយ ឬក៏ខឹងក្រោធហ្នឹងឯង ។ទោះជាយ៉ាងណាក៏ដោយ មនុស្សយើងដែលមិនបានអប់រំចម្រើនបញ្ហា មិនអាចពិចារណាចែកធាតុទៅបានទែ ឬគ្រាន់តែចែកទៅតាមការដែលបានស្តាប់ បានអានមកប៉ុណ្ណោះ ដោយមើលមិនឃើញតាមសេចក្តីពិតឡើយ ដូច្នេះហើយ ការកែខៃសេចក្តីក្រោធដែលកើតឡើង រមែងមិនបានសម្រេច បើយ៉ាងនេះ គប្បីមានដំណើរការតាម វិធីជាបន្តទៀត ។ អត្តបទដកស្រង់ចេញពីសៀវភៅៈ វិធីរម្ងាប់សេចក្តីក្រោធ រៀបរៀងដោយៈ អគ្គបណ្ឌិតធម្មាចារ្យ ប៊ុត សាវង្ស វាយអត្តបទដោយៈ កញ្ញា ជា ម៉ានិត ដោយ៥០០០ឆ្នាំ |