អានអត្ថបទ
ផ្សាយ : ០៦ ឧសភា ឆ្នាំ២០២៣ (អាន: ២១,០៦១ ដង)
រឿងភរិយាគោបាល និង សាហាយពីរនាក់

|
រឿងភរិយាគោបាល និង សាហាយពីរនាក់
(ចាក គ.ប) (ការវៃឆ្លាតរបស់ស្ត្រីក្បត់ប្តី) នៅក្នុងបុរីទ្ធារាវតី មានស្រ្តីម្នាក់ជាភរិយាគោបាល ជាស្រ្តីចិត្តហើរហីយ ទៅចងចិត្តរីករាយដោយផ្លូវកាមលោកិយនឹងមន្ត្រីកាន់ការទណ្ឌនាយក ព្រមទាំងបុត្រកំលោះគាត់ផងនៅក្នុងក្រុងនោះ ។ ថ្ងៃមួយ ភរិយាគោបាលនោះអង្គុយប្រឡែងលេងជាទីរីករាយជាមួយនឹងបុត្រទណ្ឌនាយកដោយតាមតណ្ហា ។ កំពុងតែរីករាយដោយសេចក្តីស្នេហា ទណ្ឌនាយកមកដល់ ភរិយាគោបាលក៏លបយកបុត្រទណ្ឌនាយកនោះទៅ លាក់ក្នុងជង្រុតភ្លាម ហើយចេញមកសំណេះសំណាលជាមួយទណ្ឌនាយកវិញ និយាយសើចលេងក្អាកក្អាយដោយក្តីប្រតិព័ទ្ធ ។ កាលនោះឯងគោបាលជាប្តីនាងនោះត្រឡប់ពីឃ្វាលគោមកដល់ ។ ភរិយាគោបាលឃើញប្តីមកដល់និយាយខ្សឹបៗនឹងទណ្ឌនាយកថា "នែលោកទណ្ឌនាយក! លោកកាន់ដំបងមួយហើយចេញទៅយ៉ាងរហ័សធ្វើអាការះហាក់ដូចជាក្រោធខឹងណាស់ " និយាយរួចហើយទណ្ឌនាយកធ្វើតាមភ្លាម ។ គោបាលចូលមកដល់ក្នុងផ្ទះសួរប្រពន្ធថាៈ "ទណ្ឌនាយកនេះក្រោធនឹងរឿងខ្លាំងម្ល៉េះ? " ភរិយាគោបាល ឆ្លើយប្រាប់ថាៈ "លោកទណ្ឌនាយក លោកខឹងនឹងកូនលោក ខ្ញុំមិនដឹងជាមានហេតុអ្វីដែរកូនលោកនោះរត់ចូលជ្រកផ្ទះយើង ឥឡូវខ្ញុំជួយយកទៅលាក់ក្នុងជង្រុតរក្សាទុកទៅហើយ លោកទណ្ឌនាយកចូលមកក្នុងផ្ទះយើង រកកូនលោកនោះមិនឃើញខឹងណាស់មុខក្រញូវដើរចេញទៅវិញទៅ" ។ ពេលនោះ ភរិយាគោបាលចូលទៅនាំយកបុត្រទណ្ឌនាយកនោះ ចេញពីជង្រុកមកបង្ហាញបី ដោយកលមាយាដ៏ឆ្លាតវៃនេះ នាយគោបាលជាស្វាមីឥតដឹងការក្បត់របស់ភរិយាខ្លួនឡើយ ។ អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ ប្រជុំជាតក វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត ដោយ៥០០០ឆ្នាំ |