អានអត្ថបទ
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១១,០៥២ ដង)
ទុក្ខព្រោះខា្លចស្លាប់

|
ជីវិតយើងប្រកបទៅដោយគ្រឿងផ្សំ គឺផ្សំកាយជាមួយនឹងចិត្ត ។ ក្នុងរាងកាយក៏ផ្សំឡើងដោយគ្រឿងផ្សំធំៗ ៤ យ៉ាងផ្សេងៗទៀតគឺ ដី ទឹក ភ្លើង ខ្យល់ ដែលរបស់ទាំង ៤ នេះព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់ហៅថា " ធាតុ " ។
នៅពេលដែលធាតុទាំង ៤ ព្រមព្រៀងគ្នា ស្មើគ្នាមិនទាន់បែកចាកគ្នា ពោលគឺធាតុ ៤ ខ្លះកើតអំពីកម្ម ធាតុ ៤ ខ្លះកើតអំពីចិត្ត ធាតុ ៤ខ្លះកើតអំពីឧត្តុ ធាតុ ៤ខ្លះកើតអំពីអាហារ ថាបើនៅជុំគ្នាទេ យើងក៏នៅរស់ បើបែកគ្នាពេលណា យើងក៏ស្លាប់ពេលនោះ ។ ការបែកធ្លាយនៃធាតុទាំង ៤ តាមធម៌ហៅថា " កាលកិរិយា " ប្រែតាមអក្សរថា " ការធ្វើតាមពេលវេលា " ។ រូបកាយរមែងមានពេលសម្រាប់រូបកាយ គឺកើតមក ឋិតនៅមួយគ្រា ឬមួយរយៈ លុះដល់ពេលវេលាត្រូវទៅក៏ទៅតាមពេលវេលានោះឯង តែព្រោះមនុស្សយើងមិនចូលចិត្ត គឺមិនចង់ឲ្យរូបកាយធ្វើការតាមពេលវេលាគ្រាន់តែឮពាក្យថា " ស្លាប់ " ប៉ុណ្ណឹងក៏ភ័យខ្លាចតក់ស្លុតមិនចង់ឲ្យដល់ពេលវេលានោះឡើយ ។ នឹកថា ដល់ពេលស្លាប់នោះតើត្រូវលំបាកយ៉ាងដូចម្តេច ត្រូវចោលលោកនេះហើយ កូនចៅយ៉ាងណា ស្លាប់ទៅជាតិមុខសុខឬទុក្ខយ៉ាងណា.. នឹកឃើញកាលណាពេលណាក៏តក់ស្លុត ញាប់ញ័រក្នុងចិត្តពេលនោះ ។ តាមពិត សេចក្តីស្លាប់ជារឿងធម្មតា ព្រោះថាគ្រប់គ្នាកើតមកហើយត្រូវតែស្លាប់ ឬក៏និយាយឲ្យកាន់តែច្បាស់នោះគឺថា ខណៈដែលយើងកើតមកនោះ យើងបាននាំយកសេចក្តីស្លាប់ជាប់មកជាមួយផងស្រេចទៅហើយ ម៉្លោះហើយតែដល់ពេលវេលាត្រូវបែក គឺរូបកាយត្រូវតែបែកធ្លាយទៅខ្លួនឯង ដូចជាស៊ុតមាន់ជាមួយនឹងការបែកនៃស៊ុតមាត់នោះអ៊ីចឹង គឺការបែកវានៅតែជាមួយស៊ុតនោះរហូត ចាំតែដល់ពេលវេលាវានឹងសម្តែងខ្លួនឲ្យប្រាកដឡើងប៉ុណ្ណោះ ពិចារណាដូច្នេះហើយ នឹងបានស្ងប់ចិត្តមិនជាទុក្ខកង្វល់អ្វីក្នុងរឿងស្លាប់ឡើយ ។ ដកស្រង់ចេញពីសៀវភៅ " បទពិចារណា " រៀបរៀងដោយលោកគ្រូអគ្គបណ្ឌិត ប៊ុត-សាវង្ស ។ ដោយ៥០០០ឆ្នាំ |