35
ថ្ងៃ អង្គារ ទី ២៥ ខែ មិថុនា ឆ្នាំរោង ឆស័ក, ព.ស.​២៥៦៨  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៨១,៧៣១
Today
ថ្ងៃម្សិលមិញ ២៤៣,៦៧៧
ខែនេះ ៤,៧៤៦,៧២៣
សរុប ៤០៥,៥២៩,៤៤៨
ប្រកាសថ្មីៗ សៀវភៅធម៌ សំឡេងធម៌ វីដេអូធម៌
images/articles/3221/____________________________________.jpg
ផ្សាយ : ២៤ មិថុនា ឆ្នាំ២០២៤ (អាន: ៤,៩៤៩ ដង)
[ ១ ] នតង្គៈ ជាអ្នកប្រាជ្ញ ជាបុត្រនៃនាងទេវី ក្នុងដែនវេទេហៈ បានសួរព្រះតថាគត កាលគង់នៅក្នុងវត្តជេតពនថា បានឮថា ព្រះសព្វញ្ញុពុទ្ធទាំងឡាយ តែងមាន តើព្រះសព្វញ្ញុពុទ្ធ ជាអ្នក ប្រាជ្ញទាំងនោះ ទ្រង់កើតមាន ដោយហេតុដូចម្តេច ។ គ្រានោះ ព្រះសព្វញ្ញុពុទ្ធដ៏ប្រសើរ ទ្រង់ស្វែងរកនូវគុណដ៏ធំ ទ្រង់បែរទៅ ត្រាស់ នឹងព្រះអានន្ទដ៏ចម្រើន ដោយព្រះសូរ​សៀងដ៏ពីរោះថា ពោធិសត្វទាំងឡាយណា មានការកសាងបានធ្វើទុក ហើយ ក្នុងសំណាក់នៃព្រះពុទ្ធទាំងពួង តែមិនទាន់បាន មោក្ខធម៌ ក្នុងសាសនានៃព្រះជិនស្រីទេ ពោធិសត្វទាំងនោះ ជាអ្នកប្រាជ្ញ មានបញ្ញាមុតថ្លា រមែងបាននូវភាពជា សព្វញ្ញុពុទ្ធ ព្រោះប្រធាននៃការត្រាស់​ដឹងនោះផង ព្រោះ អធ្យាស្រ័យមានកម្លាំងដ៏ធំនោះផង ព្រោះតេជះនៃបញ្ញា នោះផង ។ សូម្បីតថាគត ក៏បានប្រាថ្នានូវភាពជាព្រះពុទ្ធ ក្នុងសំណាក់នៃ ព្រះពុទ្ធមុន ៗ ទាំងឡាយរាប់មិនអស់ ដែលជាព្រះរាជាហេតុ ធម៌ បរិបូណ៍ដោយបារមី ៣០ ។ តថាគតបាននមស្ការថ្វាយ​បង្គំ ដោយម្រាមដៃ ១០ ដោយក្បាល ចំពោះព្រះសម្ពោធិញ្ញាណ របស់ព្រះពុទ្ធដ៏ប្រសើរ​ទាំង​ឡាយផង ចំពោះព្រះសម្ពុទ្ធទាំង ឡាយ ជានាយកនៃសត្វលោក ព្រមទាំងព្រះសង្ឃ​ផង​ ។ រតនៈ ទាំងឡាយ រាប់មិនអស់ មានក្នុងពុទ្ធកេ្ខត្តទាំងប៉ុន្មាន ទេវតា ដែលឋិតនៅឰដ៏អាកាស​ផង ឋិតនៅលើដែនដីផង រមែងនាំ មកនូវរតនៈទាំងពួងនោះ ដោយចិត្ត ។ ក្នុងទីនោះ តថាគតបាន សាងប្រាសាទជាវិការៈនៃកែវ មានជាន់ច្រើន ខ្ពស់ត្រដែតទៅ ក្នុងអាកាស ត្រង់ភូមិភាគជាវិការៈនៃប្រាក់ មានសសរធ្វើល្អ ដ៏វិចិត្រហើយ ចែកជាល្វែងល្អហើយ ជាប្រាសាទមានតម្លៃ ច្រើន មានក្របជាវិការៈនៃមាស ប្រដាប់ដោយឆត្រកំពូល ស្រួច ។ ជាន់ទីមួយ ជាវិការៈនៃកែវពៃទូរ្យ ប្រាសចាកមន្ទិល ល្អស្មើពពក ដ៏ដេរដាសដោយឈូក ដ៏ល្អជាងជាន់ដែលក្រាល ដោយមាសដ៏ប្រសើរ ។ ( ជាន់ខ្លះ ) វិចិត្រដោយកែវប្រពាឡ មានពណ៌នៃកែវប្រពាឡ ( ជាន់ខ្លះ ) មានពណ៌ក្រហមល្អ ( ជាន់ ខ្លះ ) មានពន្លឺដូចស្លាបអណ្តើកមាស ( ជាន់ខ្លះ ) ភ្លឺផ្លេកគ្រប់ ទិស ។ ទីអង្គុយ ដៃកែវ បង្អួច សុទ្ធសឹងចាត់ត្រូវរបៀប មាន កម្រងផ្កាក្លិនក្រអូបជាទីគាប់ចិត្ត ( សំយុងចុះមក ) តាមចម្រឹង ទាំង ៤ និងតាមសន្ទះបង្អួច ។ ( ជាន់ប្រាសាទទាំងឡាយ ) មាន ពណ៌ខៀវ លឿង ក្រហម ស និង ពណ៌ខ្មៅសុទ្ធ ដែលប្រដាប់ ដោយផ្ទះកំពូលដ៏ប្រសើរ តាក់តែងហើយដោយកែវ ៧ ប្រការ ។ មានក្បាច់ផ្កាឈូកគួរក្រឡេក​មើល ស្រស់ដោយរូបម្រឹគនិង បក្សី ដេរដាសដោយរូបផ្កាយនក្ខត្តឫក្ស ដោយរូបព្រះចន្ទ និង ព្រះអាទិត្យ ទាំងដាសពាសដោយបណ្តាញមាស ប្រកបដោយ កណ្តឹងមាស សន្លឹកផ្កាមាស ជាទីត្រេកអរនៃចិត្ត រមែងលាន់ឮ ដោយកម្លាំងខ្យល់ ។ ( ផ្ទៃនៃប្រាសាទនោះ ) មានទង់ពណ៌ហង្ស បាទ ពណ៌ក្រហម ពណ៌លឿង ពណ៌លឿងទុំ មានទង់វិចិត្រ ល្អដោយ​ពណ៌ផ្សេង ៗ ប្រកប របៀបទង់ដែលគេលើកឡើង ។ មានផែនក្តារ ផ្សេង ៗ ច្រើនរយជាអនេក ជាក្តារប្រាក់ខ្លះ ក្តារ កែវមណីខ្លះ ក្តារកែវទទឹមខ្លះ ក្តារកែវមរកតខ្លះ ។ ( ផ្ទៃខាង ក្នុងប្រាសាទនោះ ) វិចិត្រដោយសយនៈផ្សេង ៗ ក្រាលដោយ សំពត់កាសិកៈ មានសាច់ល្អិត សំពត់​រោមសត្វ សំពត់សូត្រ សំពត់ស្រុកចីនៈ សំពត់ស្រុកបត្តុណ្ណៈ សំពត់ស្រុកបណ្ឌុ ។ តថា គតបានក្រាល នូវកម្រាលផ្សេង ៗ ទាំងអស់ ដោយចិត្តឯង តថាគតតាក់តែង នូវហោជាងកែវ ក្នុងជាន់នោះ ៗ ។ មានពួក ជន ឈរកាន់ប្រទីបកែវមណីភ្លឺរុងរឿង ឯសសរ​ខឿន​ សសរផ្ទះ ខ្លោងទ្វារ ជាវិការៈនៃមាស ជាវិការៈនៃមាសជម្ពូនទៈ ជា វិការៈនៃឈើខ្លឹម ជាវិការៈនៃប្រាក់ដ៏ស្រស់ល្អ ទាំងទីតំណដ៏ ច្រើនដែលចែកល្អ វិចិត្រដោយសន្ទះទ្វារនិងគន្លឹះ សុទ្ធសឹងល្អ ៗ ។ ក្អមពេញ ( ដោយទឹក ) ច្រើន ដែលដាក់ផ្កាឈូកនិង ឧប្បលជាតិ រៀបតាំងទាំងសងខាង នៃប្រាសាទនោះ ។ ព្រះបច្ចេកពុទ្ធទាំងពួង ព្រមទាំងសាវ័ក និមិត្តនូវព្រះសព្វញ្ញុពុទ្ធ ជា នាយកនៃសត្វលោក ព្រមទាំងព្រះសង្ឃ ក្នុងកាលដ៏កន្លងទៅ ហើយផង ( នូវព្រះបច្ចេកពុទ្ធទាំងឡាយ ) ព្រមទាំងសាវ័ក ដោយរូបភេទជា ប្រក្រតីផង ហើយចូលទៅតាមទ្វារនោះ រួច គង់ជាអរិយមណ្ឌល លើតាំងជាវិការៈ នៃមាសទាំងអស់ ព្រះ ពុទ្ធទាំងឡាយណា ប្រសើរផុត ក្នុងលោក មានក្នុងកាលឥឡូវ នេះក្តី ព្រះពុទ្ធទាំងឡាយណា កន្លងទៅហើយក្តី ព្រះពុទ្ធទាំង អស់អង្គនោះ បានឡើង​មកគង់ ក្នុងប្រាសាទរបស់តថាគត ឯតថាគត ក៏បានអង្គាសព្រះបច្ចេកពុទ្ធជាច្រើនរយអង្គ ដែល ជាអ្នកត្រាស់ដឹងឯង ជាអ្នកឈ្នះមារ ក្នុងអតីតកាលនិងបច្ចុប្បន្នកាល ( ឲ្យឆ្អែតស្កប់ស្កល់ ) ។ មានដើមកប្បព្រឹក្សច្រើន ដើម ទាំងជាទិព្វ ទាំងជារបស់មនុស្ស តថាគតបាននាំយកសំពត់ទាំងពួង ( អំពីដើមកប្បព្រឹក្សនោះ ) មកធ្វើជាត្រៃចីវរ ហើយ ថ្វាយ ( ព្រះបច្ចេកពុទ្ធ ) ឲ្យស្លៀកដណ្តប់ ( រួចនិមន្តឲ្យឆាន់ ) នូវបង្អែមនិងចំអាប ដែលមានរសឆ្ងាញ់ ព្រមទាំងទឹកនិងភោជន ។ តថាគតបានញុំាងបាត្រដ៏ល្អ ជាវិការៈនៃកែវមណីឲ្យ ពេញ ( ដោយវត្ថុទាំងនោះ ) ហើយប្រគេនសំពត់ទិព្វ មានសាច់ ដ៏រលីង ដែលគួរដល់ចីវរ ។ មណ្ឌលនៃព្រះអរិយៈទាំងអស់ ឆ្អែតស្កប់ស្កល់ហើយ ដោយទឹកឃ្មុំផង ស្ករក្រាមផង ប្រេងផង ទឹកឃ្មុំ និងស្ករអំពៅ​ផង បាយដ៏ប្រសើរផង ។ ( ព្រះអរិយៈទាំង នោះ ) ចូលទៅកាន់បន្ទប់កែវ សម្រេច​សីហ​សេយ្យាលើសយនៈ មានតម្លៃច្រើន ដូចកេសររាជសីហ៍ក្នុងគូហា ។ ( ព្រះ អរិយៈទាំងនោះ ) មានសម្បជញ្ញៈ ក្រោកឡើង ហើយផ្គត់ព្រះ ភ្នែនលើសំណិង បំពេញសេចក្តីត្រេកអរ ក្នុង​ឈាន​ជាអារម្មណ៍ របស់ព្រះពុទ្ធទាំងពួង ។ ពួកព្រះអរិយៈខ្លះ សំដែងធម៌ ពួកខ្លះក្រសាលដោយឫទ្ធិ ពួកខ្លះក្រសាលដោយអប្បនាសមាធិ ពួកខ្លះចម្រើននូវវសីក្នុងអភិញ្ញា ធ្វើវិភុព្វនាឥទ្ធិ ច្រើន សែន ។ ព្រះពុទ្ធទាំងឡាយ ទ្រង់សួរនូវប្រស្នាជាវិស័យព្រះពុទ្ធ ជារបៀបនៃសព្វញ្ញុពុទ្ធ ចំពោះព្រះពុទ្ធទាំងឡាយ ដែលត្រាស់ ដឹងហេតុដ៏ជ្រៅល្អិត ដោយប្រាជ្ញាសាវ័កទាំងឡាយ សួរព្រះពុទ្ធ ទាំងឡាយ ឯព្រះពុទ្ធទាំងឡាយក៏សួរសាវ័កទាំងឡាយ ។ ព្រះ ពុទ្ធ ព្រះបច្ចេកពុទ្ធ និងសាវ័កជាអ្នកបម្រើទាំងនោះ សួរគ្នា និងគ្នាផង ឆ្លើយដល់គ្នានិងគ្នាផង ។ ព្រះអរិយបុគ្គលទាំងនោះ កាលត្រេកអរក្នុងពុទ្ធកិច្ច យ៉ាងនេះហើយ រមែងរីករាយលើ ប្រាសាទ​ឯឆត្ររួត ប្រាកដស្មើដោយរបៀបនៃកែវ ក៏ឋិតនៅ ។ តថាគតប្រកាសថា ឆត្រដែលប៉ាក់ដោយបណ្តាញមាសដែល រចនាដោយបណ្តាញប្រាក់ ដែលព័ន្ធព័ទ្ធដោយបណ្តាញ​កែវ​មុក្តា​ ឆត្រទាំងអស់នោះ សូមបាំងលើព្រះកេសព្រះពុទ្ធ ។ ពិតាន សំពត់ ដែលវិចិត្រដោយរូបផ្កាមាស ដែលវិចិត្រដោយរបៀប ផ្កា ពិតានទាំងនោះ សូមបាំងលើព្រះកេសព្រះពុទ្ធ ។ សូមស្រះ បោក្ខរណី ដេរដាសដោយចង្កោមផ្កា ( មានក្លិនក្រអូប ) និង ចង្កោមផ្កាឈើមានក្លិនក្រអូប ល្អដោយចង្កោមផ្កាក្រអូប ដេរ ដាស ដោយផ្ទាំងសំពត់ តាក់តែងដោយចង្កោមកែវ ។ សូម ស្រះបោក្ខរណី ដេរដាសដោយផ្កាវិចិត្រល្អ អប់ដោយក្លិន ក្រអូប តាក់តែងដោយគ្រឿងប្រស់ព្រំដ៏ក្រអូប បិទបាំងដោយ ពិតានមាស ។ សូមស្រះបោក្ខរណី ក្នុងទិសទាំង ៤ ព្រោង ញ្រតដោយឈូកនិងឧប្បល រោយរាយដោយលម្អងផ្កាឈូក កើតប្រាកដកែ្បរប្រាសាទមាស ។ ដើមឈើទាំងអស់ ជុំវិញ ប្រាសាទ សូមបញ្ចេញផ្កា លុះបញ្ចេញផ្កាហើយ សូមរោយ រាយក្លិនទៅលើប្រាសាទ ។ សូមពួកក្ងោក​ពង់​លើប្រាសាទ នោះ សូមពួកហង្សជាទិព្វ ស្រែកកញ្រ្ជៀវ សូមពួកករវិកយំ សូមពួកបក្សីរងាវ ជុំវិញប្រាសាទនោះ ។ សូមពួកស្គរទាំង អស់ លាន់ឮខ្ទរខ្ទារ សូមពួកពិណទាំងអស់លាន់ឮ សូមពួក ចម្រៀងទាំងអស់ច្រៀង ជុំវិញប្រាសាទ ។ សូមបល្ល័ង្កមាសដ៏ ធំ ដែលបរិបូណ៍ដោយពន្លឺមិនដាច់ ដែលរចនាដោយកែវ ឋិត នៅក្នុងចក្រវាឡ ជាពុទ្ធក្ខេត្តទាំងប៉ុន្មានផង ក្នុងចក្រវាឡ ( ដទៃពីរនោះផង ) ។ សូមពួកឈើប្រទីបភ្លឺរុងរឿង សូមឈើទាំង ហ្មឺន មានពន្លឺតែបែបមួយត ៗ គ្នា ។ សូមពួកស្រ្តីគណិកា ពួក ស្រ្តីរបាំនិងពួកស្ត្រីអប្សរ ដែលប្រដាប់ដោយពណ៌ផ្សេង ៗ នាំ គ្នារាំ នាំគ្នាច្រៀង ជុំវិញប្រាសាទ ។ តថាគតឲ្យគេលើកទង់ ជ័យទាំងអស់ ដ៏វិចិត្រមានពណ៌ ៥ លើចុងឈើខ្លះ លើកំពូល ភ្នំខ្លះ លើកំពូលភ្នំសិនេរុខ្លះ ។ តថាគតប្រកាសថា សូមពួក មនុស្ស នាគ គន្ធព្វ និងទេវតាទាំងអស់នោះ នាំគ្នាមកនមស្ការ ធ្វើអញ្ជលិកម្ម ចោមរោមប្រាសាទ របស់យើងនេះ ។ អំពើជា កុសលណាមួយ ដែលខ្ញុំគប្បីធ្វើដោយ កាយ វាចា ចិត្ត ( អំពើ ជាកុសលនោះ ) ដែលខ្ញុំបានធ្វើហើយ ជាកុសលគួរដល់ការ កើតក្នុងសុគតិ ក្នុងត្រៃត្រឹង្ស ។ សត្វទាំងឡាយណា មាន សញ្ញា និងសត្វទាំងឡាយណា មិនមានសញ្ញា សត្វទាំងអស់ នោះ ចូរបាននូវចំណែកផលនៃបុណ្យដែលខ្ញុំបានធ្វើហើយ សត្វ ទាំងឡាយណា បានដឹងច្បាស់ នូវបុណ្យដែលខ្ញុំបានធ្វើហើយ នោះ សត្វទាំងនោះ ( ចូរបានទទួល ) នូវផលនៃបុណ្យដែលខ្ញុំ ឲ្យហើយ ម្យ៉ាងទៀត បណ្តាសត្វទាំងនោះ សត្វទាំងឡាយ ណា មិនបានដឹង សូមទេវតាទាំងឡាយអញ្ជើញទៅឲ្យដំណឹង (ដល់សត្វទាំងនោះ) ផង ។ សត្វទាំងអស់ណាក្នុងលោក ដែល អាស្រ័យអាហារហើយរស់នៅ សត្វទាំងអស់នោះ ចូរបាននូវ ភោជនជាទីគាប់ចិត្ត តាមចិត្តខ្ញុំចុះ ។ តថាគតបានឲ្យទាន ដោយចិត្ត តថាគតបានបណ្តុះ នូវសេចក្តីជ្រះថ្លា ដោយចិត្ត បាន បូជាចំពោះព្រះសម្ពុទ្ធទាំងពួង បូជាចំពោះព្រះបច្ចេកពុទ្ធទាំង ឡាយ ។ តថាគតលះបង់រាងកាយ ជារបស់មនុស្សហើយ ទៅ កើតក្នុងឋានតាវត្តឹង្ស ព្រោះកម្មដែលតថាគតធ្វើល្អនោះផង ព្រោះការតម្កល់ទុកចេតនានោះផង ។ តថាគតស្គាល់ច្បាស់ នូវភពទាំងពីរ គឺភពជារបស់ទេវតា ១ ជារបស់មនុស្ស ១ តថាគតមិនស្គាល់គតិដទៃឡើយ នេះជាផលនៃសេចក្តីប្រាថ្នាដោយចិត្ត ។ តថាគតបានជាបុគ្គលប្រសើរ ជាងទេវតាទាំងឡាយ ជាធំក្នុងពួកមនុស្សបរិបូណ៌ដោយរូបឆោមនិងលក្ខណៈ ឥតមានបុគ្គលស្មើដោយប្រាជ្ញា ។ ភោជនដ៏ប្រសើរផ្សេង ៗ ផង កែវច្រើនយ៉ាងផង សំពត់មានបែបផ្សេង ៗ ផង ក៏ធ្លាក់ចុះចាក អាកាស មកកាន់ទីជិតតថាគតឆាប់រហ័ស ។ តថាគតលាដៃ ក្នុងទីណា គឺផែនដី ភ្នំ អាកាស ទឹកនិងព្រៃ អាហារជាទិព្វ ក៏ មកដល់តថាគត ( អំពីទីនោះ ) ។ តថាគតលាដៃក្នុងទីណា គឺ ផែនដី ភ្នំ អាកាស ទឹកនិងព្រៃ កែវទាំងពួង ក៏មកដល់តថាគត (អំពីទីនោះ) ។ តថាគតលា​ដៃ​ក្នុងទីណា គឺផែនដី ភ្នំ អាកាស ទឹកនិងព្រៃ គ្រឿងក្រអូបទាំងពួង ក៏មកដល់តថាគត ( អំពីទី នោះ ) ។ តថាគតលាដៃ ក្នុងទីណា គឺផែនដី ភ្នំ អាកាស ទឹក និងព្រៃ យានទាំងពួង ក៏មកដល់តថាគត ( អំពីទីនោះ ) ។ តថាគតលាដៃ ក្នុងទីណា គឺផែនដី ភ្នំ អាកាស ទឹកនិងព្រៃ កម្រងផ្កា ទាំងពួង ក៏មកដល់តថាគត ( អំពីទីនោះ ) ។ តថាគតលាដៃក្នុង ទីណា គឺផែនដី ភ្នំ អាកាស ទឹកនិងព្រៃ គ្រឿងអលង្ការទាំង ឡាយ ក៏មកដល់តថាគត ( អំពីទីនោះ ) ។ តថាគតលាដៃក្នុង ទីណា គឺផែនដី ភ្នំ អាកាស ទឹកនិងព្រៃ ស្រ្តីកញ្ញាទាំងអស់ ក៏ មកដល់តថាគត ( អំពីទីនោះ ) ។ តថាគតលាដៃក្នុងទីណា គឺ ផែនដី ភ្នំ អាកាស ទឹកនិងព្រៃ ទឹកឃ្មុំនិងស្ករ ក៏មកដល់តថាគត ក៏មកដល់តថាគត ( អំពីទីនោះ ) ។ តថាគតលាដៃ ក្នុងទីណា គឺផែនដី ភ្នំ អាកាស ទឹកនិងព្រៃ គ្រឿងបង្អែម គ្រប់យ៉ាង ក៏ មកដល់តថាគត ( អំពីទីនោះ ) ។ ដើម្បីដល់នូវសម្ពោធិ​ញ្ញាណ​ ដ៏ប្រសើរ តថាគតឲ្យនូវទានដ៏ប្រសើរនោះ ដល់ជនអ្នកឥត ទ្រព្យ ( ជនអ្នកដំណើរ ) យាចក និងអ្នកដើរតាមផ្លូវ ។ តថាគតញុំាងភ្នំថ្មឲ្យលាន់ឮ ញុំាងភ្នំដ៏ក្រាស់ឲ្យឮខ្ទរខ្ទារ ញុំាង លោក ព្រមទាំងទេវតាឲ្យរីករាយ ទើបបានជាព្រះពុទ្ធក្នុង លោក ។ ទីបំផុតនៃសត្វ កាលទៅកាន់​ទិស ទាំង ១០ ក្នុង លោក មិនមានឡើយ ចំណែកខាងពុទ្ធក្ខេត្ត ក្នុងចំណែកនៃ ទិសនោះ គេមិនអាចរាប់បាន ។ ពន្លឺជាគ្រឿងនាំទៅនូវរស្មី ទាំងគូ ប្រាកដហើយដល់តថាគត ពន្លឺគឺបណ្តាញនៃរស្មីដ៏ធំទូលាយ ក៏កើតឡើងក្នុងចន្លោះនៃលោកធាតុនេះ ។ ចូរពួកជន ទាំង​អស់នេះ ក្នុងលោកធាតុឃើញនូវតថាគតចុះ ចូរពួកជន គ្រប់គ្នាមានចិត្តល្អចុះ ចូរពួកជនរាល់រូប ប្រព្រឹត្តតាមតថាគត ចុះ ។ តថាគតទួងស្គរ គឺព្រះនិញ្វនឈ្មោះអមតៈ ដោយពាក្យ ដ៏ពីរោះប្រសើរក្រៃលែង ចូរពួកជនគ្រប់គ្នា ក្នុងលោកធាតុនេះ ស្តាប់នូវសំឡេងដ៏ពីរោះចុះ ។ កាលបើតថាគតបង្អុរ ចុះដោយ ទឹកភ្លៀងគឺធម៌ ចូរពួកជនគ្រប់គ្នា ជាអ្នកមិនមានអាសវៈចុះ បណ្តាសត្វទាំងនោះ ពួកសត្វណា មាននិស្ស័យ ជាន់ក្រោម ចូរ ពួកសត្វទាំងនោះបានជាសោតាបន្នបុគ្គលចុះ ។ ព្រោះតថាគត ឲទានដែលគួរឲ បានបំពេញសីល ឥតមាន​សេស​សល់ ដល់ នូវនេក្ខម្មបារមី ទើបបាននូវសម្ពោធិញ្ញាណដ៏ឧត្តម ។ ព្រោះ តថាគតបានប្រឹក្សានឹងពួកបណ្ឌិត ហើយធ្វើនូវវីរិយបារមី ឲ ខ្ពង់ខ្ពស់ដល់នូវខន្តិបារមី ទើបបាននូវសម្ពោធិ​ញ្ញាណ​ដ៏ឧត្តម ។ ព្រោះតថាគតធ្វើអធិដ្ឋានបារមីឲមាំមួន បំពេញនូវសច្ចបារមី ដល់នូវមេត្តាបារមី ទើបបាននូវសម្ពោធិញ្ញាណដ៏ឧត្តម ។ ព្រោះ តថាគតជាអ្នកមានចិត្តស្មើ ក្នុងលោកធម៌ទាំងអស់ គឺលាភ និងឥតលាភ សុខនិងទុក្ខ ការសរសើរ និងនិន្ទា ទើបបាននូវ សម្ពោធិ​ញ្ញាណ​ដ៏ឧត្តម ។ អ្នកទាំងឡាយ ចូរឃើញនូវកោសជ្ជៈ ថាជាភ័យផង ឃើញនូវវីរិយៈ ថាជាធម៌ក្សេមផង ហើយចូរជា អ្នកប្រារព្ធព្យាយាមឡើង នេះជាអនុសាសនីរបស់ព្រះពុទ្ធ ។ អ្នកទាំងឡាយ ចូរឃើញនូវវិវាទ ថាជាភ័យផង ឃើញនូវការ មិនវិវាទ ថាជាគុណដ៏ក្សេមផង ហើយចូរជាអ្នកព្រមព្រៀង ស្រុះស្រួលនឹងគ្នាចុះ នេះជាអនុសាសនី របស់ព្រះពុទ្ធ ។ អ្នកទាំងឡាយ ចូរឃើញនូវបមាទៈ ថាជាភ័យផង ឃើញនូវអប្បមាទៈ ថាជាគុណដ៏ក្សេមផង ហើយចូរចម្រើនមគ្គមានអង្គ ៨ នេះជាអនុសាសនីរបស់ព្រះពុទ្ធ ។ ព្រះពុទ្ធនិងព្រះអរហន្តច្រើន អង្គ បានមកជួបជុំដោយសព្វគ្រប់ហើយ អ្នកទាំងឡាយចូរ ថ្វាយបង្គំនមស្ការ ចំពោះព្រះសម្ពុទ្ធនិងព្រះអរហន្តចុះ ។ ព្រះ ពុទ្ធទាំងឡាយ ថាអចិន្តិយបុគ្គល ( បុគ្គលដែលគេមិនគប្បីគិត កើត ) ធម៌របស់ព្រះពុទ្ធ ជាអចិន្តិយធម៌ យ៉ាងនេះ កាលបុគ្គល ជ្រះថ្លា ចំពោះគុណជាអចិន្តិយៈ រមែងបានផលជាអចិន្តិយៈ ។ បានឮថា ព្រះមានព្រះភាគ កាលត្រាស់ដឹងនូវពុទ្ធចរិត របស់ព្រះអង្គ ទើបសម្តែង នូវធម្មបរិយាយ ឈ្មោះពុទ្ធាបទាន ដោយប្រការដូច្នេះ ។ ចប់ ពុទ្ធាបទាន ។ បិដក ភាគ ៧២ - ទំព័រទី ១ ដោយ៥០០០ឆ្នាំ
images/articles/3232/________________________________________________.jpg
ផ្សាយ : ២៤ មិថុនា ឆ្នាំ២០២៤ (អាន: ៣,៨៨២ ដង)
កាលព្រះមានព្រះភាគ ទ្រង់ព្រះនាមបទុមុត្តរៈ ជាច្បងក្នុងលោក ទ្រង់មិនញាប់ញ័រដោយលោកធម៌ ជាទីពឹងនៃសត្វ លោក ទ្រង់បរិនិញ្វនទៅ ពួកជននាំគ្នាធ្វើការបូជាព្រះសាស្តា អង្គនោះ ។ ប្រជុំជនមានចិត្តខ្ពស់ មានចិត្តសប្បាយរីករាយ កាលញាតិនិងមិត្តនៃខ្ញុំទាំងនោះ កំពុងកើតសង្វេត បីតិកើត ឡើងដល់ខ្ញុំ ។ ខ្ញុំប្រជុំញាតិនិងមិត្តទាំងឡាយ ទើបពោលពាក្យ នេះថា ព្រះលោកនាថ មានព្យាយាមធំ ទ្រង់បរិនិញ្វនហើយ បើ ដូច្នោះ យើងនឹងធ្វើការបូជា ។ ញាតិនិងមិត្តទាំងនោះទទួល ស្តាប់ថា ប្រពៃហើយ ក៏ញុំាងសេចក្តីរីករាយឲ្យកើតដល់ខ្ញុំ ដោយច្រើន ខ្ញុំបានធ្វើនូវការសន្សំបុណ្យ ក្នុងព្រះពុទ្ធជាទីពឹងនៃ សត្វលោក ព្រះអង្គនោះ ។ ខ្ញុំបានសង់វិមាន មានកំពស់ ១០០ ហត្ត មានទំហំ ១៥០ ហត្ថ ខ្ពស់ទើសអាកាស ជាវិមានមាន តម្លៃ ដែលរចនាយ៉ាងល្អ ។ ខ្ញុំសង់វិមានដ៏មានតម្លៃ វិចិត្រ ដោយគំនរកុសលទាំង​ឡាយ​ក្នុងទីនោះហើយ បានញុំាងចិត្ត របស់ខ្លួនឲ្យជ្រះថ្លា បានបូជានូវចេតិយដ៏ប្រសើរ ។ ឯចេតិយ នោះរុងរឿង ដូចគំនរភ្លើង ឬដូចស្តេចសាលព្រឹក្សមានផ្ការីក ភ្លឺ ស្វាងក្នុងទិសទាំង ៤ ដូចឥន្ទធនូក្នុងអាកាស ។ ខ្ញុំញុំាងចិត្តឲ្យជ្រះថ្លា ក្នុងធាតុចេតិយនោះ ហើយធ្វើកុសលដ៏ច្រើន ខ្ញុំបាន ទៅកើតក្នុងឋានតាវត្តឹង្ស ព្រោះរឭកនូវបុព្វកម្មនោះ ។ ខ្ញុំជិះយានទិព្វ ទឹមដោយសេះមួយពាន់ ឯវិមាន ៧ ជាន់ ដ៏ខ្ពស់ កើត ឡើងសម្រាប់ខ្ញុំ ។ ផ្ទះមានកំពូលមួយពាន់ ជាវិការៈនៃមាស សុទ្ធ រុងរឿងជានិច្ច ទិសទាំងពួង សឹងតែភ្លឺដោយតេជះរបស់ ខ្លួន ។ ផ្ទះខាងមុខដទៃទៀត ជាវិការៈនៃកែវក្រហម មានក្នុង កាលនោះ ផ្ទះទាំងនោះភ្លឺរន្ទាល ដោយរស្មី ទៅកាន់ទិសទាំង ៤ ដោយជុំវិញ ។ ផ្ទះមានកំពូលទាំងឡាយ កើតឡើងដោយបុញ្ញកម្ម ដ៏តាក់តែងល្អ ជាវិការៈនៃកែវមណី តែងភ្លឺច្រាលទៅកាន់ ទិសតូចទិសធំ ដោយជុំវិញ ។ ផ្ទះកំពូលទាំងនោះកាលភ្លឺ ឡើង រស្មីធំទូលាយ ខ្ញុំគ្របសង្កត់នូវទេវតាទាំងពួង នេះជា ផលនៃបុញ្ញកម្ម ។ ក្នុងកប្ប ៦ ហ្មឺន អំពីកប្បនេះ ខ្ញុំកើតជាស្តេច ចក្រពត្តិព្រះនាមឧព្វិទ្ធៈ មានសមុទ្រទាំង ៤ ជាព្រំដែន ជាស្តេច ឈ្នះលើផែនដី គ្រប់គ្រងផែនដី ។ ក្នុងភទ្ទកប្បនេះ ខ្ញុំកើតជា ស្តេចចក្រពត្តិមានកម្លាំងច្រើន អស់ ៣០ ដង ខ្ញុំបានប្រារព្ធនូវ កម្មរបស់ខ្លួន ( ប្រព្រឹត្តខ្ជាប់ដោយរាជធម៌ ១០ ) ។ ខ្ញុំបរិបូណ៌ ដោយកែវទាំង ៧ ជាឥស្សរៈក្នុងទ្វីបទាំង ៤ ប្រាសាទរបស់ខ្ញុំ ខ្ពស់ភ្លឺផ្លេកដូចផ្លេកបន្ទោរ ក្នុងរជ្ជកាលនៃស្តេចចក្រពត្តិនោះ ។ ទីក្រុងឈ្មោះរម្មកៈ មានបណ្តោយ ២៤ យោជន៍ ទទឹង ១២ យោជន៍ មានកំពែងនិងក្លោងទ្វារដ៏មាំ ។ ឯកំពែងនោះ មាន បណ្តោយ ៥០០ យោជន៍ មានទទឹង ២៥០ យោជន៍ កុះករ ដោយពួកជនទាំងឡាយ ដូចជាបុរីនៃទេវតា ក្នុងជាន់ត្រៃត្រឹង្ស ។ ម្ជុលមានចំនួន ២៥ ដែលគេយកទៅចក្រ ក្នុងបំពង់ម្ជុលពេញ ណែន រមែងកកិតដិតជាប់គ្នា យ៉ាងណាមិញ ។ ទីក្រុងរបស់ខ្ញុំ កុះករដោយដំរី សេះ រថ ទីក្រុងនោះ ច្រើនដោយពួកមនុស្ស ជាក្រុងវិសេសគួរជាទីត្រេកអរ ក៏យ៉ាងនោះដែរ ។ ខ្ញុំបរិភោគ (ភោជន) ផង ផឹកទឹកផង ក្នុងបុរីនោះ រួចហើយទៅកាន់អត្ត ភាពជាទេវតាទៀត ក្នុងបច្ឆិមភព ខ្ញុំបរិបូណ៌ដោយត្រកូលខ្ពង់ ខ្ពស់ ។ ខ្ញុំកើតក្នុងត្រកូលញ្រហ្មណ៍ ជាអ្នកសម្បូណ៌ដោយ រតនៈច្រើន បានលះបង់ហិរញ្ញៈចំនួន ៨០ កោដិ ហើយចេញ បួស ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើ ឲ្យជាក់ច្បាស់ហើយ ទាំងសាសនា របស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិ បត្តិហើយ ។ បានឮថា ព្រះមហាកស្សបត្ថេរ មានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយ ប្រការដូច្នេះ ។ ចប់ មហាកស្សបត្ថេរាបទាន ។ ព្រះត្រៃបិដកភាគ៧២ ដោយ៥០០០ឆ្នាំ
images/articles/3054/_____________________.jpg
ផ្សាយ : ២៤ មិថុនា ឆ្នាំ២០២៤ (អាន: ៣,៦៣៣ ដង)
​តិរច្ឆានកថា ដែល​ជា​ពាក្យ​គឺ​អ្នក​ប្រាជ្ញ​ទាំងឡាយ​មាន​ព្រះ​ពុទ្ធ​ជា​ដើម តែង​តិះ​ដៀល​ថា ជា​ពាក្យ​មិន​ពីរោះ​មិន​ជា​ទី​នាំ​មក​នូវ​សម្បត្តិ​សួគ៌​និង​សម្បត្តិ​និព្វាន តាម​ន័យ​ដូច​មាន​ក្នុង​គម្ពីរ​ទសកង្គុត្តរ​ព្រម​ទាំង​អដ្ឋកថា និង​ពាក្យ​ដែល​មាន​ក្នុង​ទុព្ភាសិតវណ្ណនា​ប៉ែក​ខាង​វិន័យ និង​ពាក្យ​ដែល​មាន​ក្នុង​គម្ពីរ​ធម្មបទ​ដ្ឋកថា ដូច្នេះ​ជា​ដើម​ថា ៖ អ្នក​ជា​ចោរ អ្នក​ជា​ជន​ពាល អ្នក​ជា​មនុស្ស​វង្វេង អ្នក​ជា​ឱដ្ឋ អ្នក​ជា​គោ អ្នក​ជា​លា អ្នក​ជា​សត្វ​នរក អ្នក​ជា​សត្វ​តិរច្ឆាន អ្នក​មិន​មាន​សេចក្ដី​សុខ អ្នក​មាន​តែ​សេចក្ដី​ទុក្ខ បើ​ភិក្ខុ​ពោល​ឡក​ឡាយ ចំអក​ចំអន់​ជេរ​ប្រទេច​គេ​ដោយ​ពាក្យ​ទាំង១០ម៉ាត់​នេះ នឹង​ត្រូវ​អាបត្តិទុព្ភាសិត​រាល់ៗម៉ាត់ បើ​សាមណេរ​នឹង​ត្រូវ​ទណ្ឌកម្ម បើ​គ្រហស្ថ​នឹង​ត្រូវ​ទោស​ក្នុង​វចីកម្ម​មិន​លែង​ឡើយ ។ ប៉ុន្តែ​ក្នុង​ទី​នេះ មាន​បំណង​នឹង​អធិប្បាយ​នូវ​តិរច្ឆានកថា២៦ម៉ាត់​ដែល​មាន​ក្នុង​គម្ពីរ​ទេសកង្គុត្តរ ព្រម​ទាំង​អដ្ឋកថា ដូច​មាន​សេចក្ដី​ទៅ​នេះ ១- រាជកថំ និយាយ​អំពី​ស្ដេច​ថា មាន​អានុភាព​ធំ​យ៉ាង​នេះៗ ឬ​និយាយ​ថា ស្ដេច​ឯ​ណោះ​មាន​រូប​ល្អ​គួរ​ជា​ទី​ពិត​ពិល​រមិល​មើល ដូច្នេះ​ជា​ដើម (ដោយ​តម្រេក មិន​គួរ បើ​និយាយ​ថា ស្ដេច​ទាំង​នោះ​មាន​បុណ្យ​គួរ​ជា​ទី​អស្ចារ្យ ហើយ​មាន​សទ្ធា​ជ្រះ​ថ្លា ឬ​និយាយ​ថា សូម្បី​មាន​បុណ្យ​ដល់​ម្ល៉ោះ ​គង់​ធន់​ទ្រាំ​នឹង​មច្ចុរាជ​មិន​បាន ដូច្នេះ​ទើប​គួរ) ។ ២- ចោរ​កថំ និយាយ​អំពី​មូល​ទេវចោរ មេឃ​មាល​ចោរ​ថា មាន​អានុភាព​ធំ​យ៉ាង​នេះៗជា​ដើម ។ ៣- មហាមត្តកថំ និយាយ​អំពី​មហា​មាត្យ​ខ្លាំង​ពូកែ​ជា​ដើម ។ ៤- សេនាកថំ និយាយ​អំពី​ពល​សេនា ឬ​និយាយ​អំពី​កង​ទ័ព​ជើង​គោក​មាន​អង្គ៤ គឺ ដំរី សេះ រថ ពល​ថ្មើរ​ជើង​ជា​ដើម ។ ៥- ភយកថំ និយាយ​អំពី​ភ័យ (អារម្មណ៍គួរ​ខ្លាច) ជា​ដើម ។ ៦- យុទ្ធកថំ និយាយ​អំពី​ចម្បាំង​ភារតៈ ដោយ​ពាក្យ​ថា ជន​ឈ្មោះ​ឯ​ណោះ គឺ​ជន​ឯ​ណោះ​សម្លាប់​ហើយជា​ដើម ។ ៧- អន្នកថំ និយាយ​អំពី​បាយ ។ ៨- បានកថំ និយាយ​អំពី​ទឹក​ថា ខ្ញុំ​ស៊ី​បាយ​ផឹក​ទឹក​មាន​សម្បុរ​យ៉ាង​នេះ មាន​រស​យ៉ាង​នេះ ឬ​ថា ទឹក​ប្រៃ សាប​ជា​ដើម ។ ៩- វត្ថកថំ និយាយ​អំពី​សំពត់ ។ ១០- សយនកថំ និយាយ​អំពី​ទី​ដំណេក ។ ១១- មាលាកថំ និយាយ​អំពី​កម្រង​ផ្កា ។ ១២- គន្ធកថំ និយាយ​អំពី​គ្រឿង​ក្រអូប។ (បើ​និយាយ​ថា ខ្ញុំ​បាន​ថ្វាយបាយ ទឹក សំពត់ ដំណេក កម្រង​ផ្កា គ្រឿង​ក្រអូប ដល់​អ្នក​មាន​សីល ឬ​ដល់​ចេតិយ​ដូច្នេះ ទើប​គួរ ។ ១៣- ញាតិកថំ និយាយ​អំពី​ញាតិ​ថា ញាតិ​របស់​យើង​ក្លៀវ​ក្លា​ ឬ​ថាញាតិ​របស់​យើង​តែង​ត្រាច់​​ទៅ​ដោយ​យាន​ជំនិះ​ដ៏​វិចិត្រ​យ៉ាង​នេះៗ ដោយ​តម្រេក មិន​គួរបើ​និយាយ​ថា ញាតិ​របស់​យើង​តែង​ធ្វើ​កម្ម​ជា​ប្រយោជន៍ ឥឡូវ​លោក​ធ្វើ​កាល​កិរិយា​ស្លាប់​ទៅ​ហើយ ដូច្នេះ ទើប​គួរ ។ ១៤- យានកថំ និយាយ​អំពី​យាន​ជំនិះ​ថា ខ្ញុំ​តែង​ត្រាច់​ទៅ​ដោយ​យាន​ជំនិះ​យ៉ាង​នេះ ៗ ជា​ដើម បើ​និយាយ​ពាក្យ​ដូច្នេះ​ដោយ​តម្រេក មិន​គួរ​បើ​និយាយ​ថា ពី​មុន​ខ្ញុំ​បាន​ថ្វាយ​ស្បែក​ជើង​យ៉ាង​នេះ​ដល់​សង្ឃ​ដូច្នេះ​ជា​ដើម ទើប​គួរ ។ ១៥- តាមកថំ និយាយ​អំពី​អ្នក​ស្រុក ដូច​ពាក្យ​ថា អ្នក​ស្រុក​ឯ​ណោះ​ជា​អ្នក​ក្លៀវ​ក្លា​ដោយ​អំណាច​មាន​លំ​នៅ​ស្ដុក​ស្ដម្ភ មាន​បាយ​បរិភោគ​ងាយ អ្នក​ស្រុក​ឯ​ណោះ​មិន​ក្លៀវ​ក្លា ដោយ​អំណាច​មាន​លំដៅ​មិន​ស្ដុក​ស្ដម្ភ មាន​បាយ​ស៊ី​ក៏​ក្រ ពោល​ដូច្នេះ​ជា​ដើម​ដោយ​តម្រេក មិន​គួរ បើ​ពោល​ថា អ្នក​ស្រុក​ឯ​ណោះ​ធ្វើ​កម្ម​ជា​ប្រយោជន៍ មាន​សទ្ធា​ថា​ឥឡូវ​ធ្វើ​កាល​កិរិយា​ស្លាប់​ទៅ​ហើយ ដូច្នេះ​ទើប​គួរ ។ ១៦- និគមកថំ និយាយ​អំពី​អ្នក​និគមស្រុក​ដែល​មាន​ពួក​អ្នក​ជំនួញ​ជើង​គោក​ច្រើន ។ ១៧- នគរកថំ និយាយ​ពី​ក្រុង (ទី​ប្រជុំ​មនុស្ស​បរិបូណ៌) ។ ១៨- ជនបទកថំ និយាយ​អំពី​អ្នក​ជន​បទ ប្រទេស​ជាប់​ដោយ​មនុស្ស​ជាតិ​ដេរ​ដាស ឬ​ប្រទេស​ជា​ផ្លូវ​ដើរ​ចេញ​ចូល​របស់​ជន ពាក្យ​ទាំង៣ម៉ាត់ គឺ​និគមកថំ នគរកថំ នឹង​ជន​បទកថំ មាន​អធិប្បាយ​ដូច​តាមកថំ​ដែរ ។ ១៩- ឥត្ថីកថំ និយាយ​អំពី​ស្រី​ថា មាន​រូប​ល្អ ទ្រង់​ទ្រាយ​ល្អ​ជា​ដើម ដោយ​តម្រេក មិន​គួរ បើ​និយាយ​អំពី​ស្រី​ថា មាន​រូប​ល្អ ទ្រង់​ទ្រាយ​ល្អ​ជា​ដើម ដោយ​តម្រេក មិន​គួរ បើ​និយាយ​ថា ស្រី​មាន​សទ្ធា​ជ្រះ​ថ្លា ឥឡូវ​ធ្វើ​កាល​កិរិយា​ស្លាប់​ទៅ​ហើយ ដូច្នេះ ទើប​គួរ ។ ២០- សូរកថំ និយាយ​អំពី​យោធា​ឈ្មោះ​នន្ទមិគ​ដ៏​ក្លៀវ​ក្លា ដូច្នេះ​ជា​ដើម ដោយ​សេចក្ដី​តម្រេក មិន​គួរ បើ​និយាយ​ថា យោធា​នោះៗ មាន​សេចក្ដី​ជ្រះ​ថ្លា ឥឡូវ​ធ្វើ​កាល​កិរិយា​ស្លាប់​ទៅ​ហើយ ដូច្នេះ ទើប​គួរ​ឬ​និយាយ​អំពី​ទឹក​ស្រវឹង​ច្រើន​ប្រការ​ដោយ​តម្រេក មិន​គួរ បើ​និយាយ​ដោយ​អំណាច​ទោស​គួរ​ខ្លាច គួរ​រាង​ចាល ទើប​គួរ ។ ២១- វិសិខាកថំ និយាយ​អំពី​ច្រក​តូច​ច្រក​ធំ ដូច​ពាក្យ​ថា ច្រក​ឯ​ណោះ​មាន​មនុស្ស​ក្លៀវ​ក្លា ដោយ​អំណាច​មាន​ទី​លំ​នៅ​ស្ដុក​ស្ដម្ភ មនុស្ស​ក្នុង​ច្រក​ឯ​ណោះ មិន​ក្លៀវ​ក្លា ព្រោះ​មាន​ទី​លំ​នៅ​មិន​ស្ដុក​ស្ដម្ភ ពោល​ដូច្នេះ​ដោយ​តម្រេក មិន​គួរ បើ​ពោល​ថា មនុស្ស​ក្នុង​ច្រក​ឯ​ណោះៗ មាន​សទ្ធា​ជ្រះ​ថ្លា ឥឡូវ​ធ្វើ​កាល​កិរិយា​ស្លាប់​ទៅ​ហើយ ដូច្នេះ​ទើប​គួរ ។ ២២- កុម្ភទាសីកថំ និយាយ​អំពី​ខ្ញុំ​ស្រី​អ្នក​ដង​ទឹក ដោយ​ពាក្យ​ថា ស្រី​នេះ​ឈ្លាស​ក្នុង​ការ​រាំ​នឹង​ច្រៀង​គួរ​ជា​ទី​មើល​គួរ​ជា​ទី​មើល​គួរ​ជា​ទី​ស្ដាប់ ពោល​ដូច្នេះ​ជា​ដើម ដោយ​តម្រេក មិន​គួរ បើ​ពោល​ថា ទាសី​នោះ​មាន​សទ្ធា​ដូច្នេះ ទើប​គួរ ។ ២៣- បុព្វបេតកថំ និយាយ​អំពី​ញាតិ​ដែល​ធ្វើ​កាល​កិរិយា​ទៅ​កាន់​បរលោក​ហើយ សេចក្ដី​អធិប្បាយ​ដូច​ក្នុង​ញាតិ​ថា​ដែរ ។ ២៤- នានត្តកថំ និយាយ​ពាក្យ​ផ្សេងៗ ដែល​សេស​សល់​ចាកវិមុត្តិ គឺ​ពាក្យ​ផ្ដេស​ផ្ដាស​មិន​ជា​ប្រយោជន៍ ។ ២៥- លោកក្ខាយិថំ និយាយ​ពាក្យ​រៀប​រាប់​នូវ​អាយតនៈរបស់​លោក​និង​ចំពុះ​របស់​សត្វ ដូច​ពាក្យ​ថា អ្នក​ណា​និម្មិត​លោក អ្នក​ឯ​ណោះ​និម្មិត​លោក ក្អែក​ស​ព្រោះ​មាន​ឆ្អឹង​ស កុក​ក្រហម ព្រោះ​មាន​ឈាម​ក្រហម​ដូច្នេះ​ជា​ដើម ។ ២៦- សមុទ្ទក្ខាយិកំ និយាយ​អំពី​សមុទ្ទ ដូច​ពាក្យ​ថា សមុទ្ទ​ជ្រៅ​យ៉ាង​ណា ដូច្នេះ​ជា​ដើម ។ ពាក្យ​ទាំង ២៦ ម៉ាត់​នេះ​ជា​តិរច្ឆានកថា គ្រហស្ថ​និង​បព្វជិត​មិន​ត្រូវ​ពោល​ឡើយ ។ កាល​បើ​គ្រហស្ថ​និង​បព្វជិត​ទាំងឡាយ បាន​វៀរ​ចាក​តិរច្ឆានកថា​ទាំង​នេះ​រួច​ហើយ ត្រូវ​ខំ​ព្យាយាម​ពោល​នូវ​កថា​វត្ថុ១០យ៉ាង​ចុះ ព្រោះ​កថា​វត្ថុ​ទាំង ១០ យ៉ាង​នេះ ជា​ទី​សប្បាយ​របស់​ព្រហ្មចារី​បុគ្គល ហើយ​ជា​ពាក្យ​រាប់​ចូល​ក្នុង​សុភាសិត​សូត្រ​ផង ។ ឯ​កថា​វត្ថុ​ទាំង១០យ៉ាង​នោះ​គឺ អប្បិច្ឆកថា និយាយ​នូវ​ពាក្យ​ដែល​នាំ​មក​នូវ​គុណ​គឺ​សេចក្ដី​មិន​ប្រាថ្នា​ប្រការ ១ សន្ដុដ្ឋីកថា និយាយ​នូវ​ពាក្យ​នាំ​ឱ្យ​កើត​សេចក្ដី​សន្ដោស ប្រការ ១ បវិវេក កថា និយាយ​នូវ​ពាក្យ​ដែល​ដល់​នូវ​សេចក្ដី​វិវេក (ការ​ស្ងាត់) មាន​កាយ​វិវេក​ជា​ដើម ប្រការ ១ អសំសគ្គកថា និយាយ​សរសើរ​នូវ​សេចក្ដី​ប្រតិបត្តិ​ដែល​មិន​ច្រឡំ​ដោយ​ពួក​ដោយ​គណៈ ​ប្រការ ១ កិរិយា​រម្ភកថា និយាយ​នូវ​វិធី​ដែល​ប្រាថ្នា​នូវ​សេចក្ដី​ព្យាយាម​ប្រការ ១ សីលកថា និយាយ​អំពី​សីល​ប្រការ ១ សមាធិកថា និយាយ​អំពី​សមាធិ ​ប្រការ​១ បញ្ញាកថា និយាយ​អំពី​វិបស្សនា​បញ្ញា ​ប្រការ ១ វិមុត្តិកថា និយាយ​អំពី​អរហត្តផល​វិមុត្តិ​ ប្រការ ១ វិមុត្តិញ្ញាណទស្សនកថា និយាយ​អំពី​បច្ចវេក្ខណញ្ញាណ ​ប្រការ ១ ។ រួម​ជា​កថា​វត្ថុ១០ប្រការ កថា​វត្ថុ​ទាំង១០ប្រការ​នេះ​ឯង​ហើយ​ដែល​ហៅ​ថា សប្បាយ​កថា រាប់​ថា​ជា​សុភាសិត ។ សុភាសិត​ដែល​រៀប​រៀង​មក​ក្នុង​ទី​នេះ ​ដក​ស្រង់​មក​អំពី​គម្ពីរ​មង្គលត្ថទីបនី​អដ្ឋកថា​មង្គល​សូត្រ​និង​គម្ពីរ​អង្គុត្តរ​និកាយ​ទសកនិបាត​​ ព្រម​ទាំង​គម្ពីរ​ធម្មបទ​ដ្ឋកថា​ខុន្ទកនិកាយ ​និង​គម្ពីរ​ព្រះ​វិសុទ្ធិមគ្គ ជា​សេចក្ដី​សង្ខេប​គ្រប់​អន្លើ មិន​បាន​ជា​សេចក្ដី​ពិស្ដារ​ទេ ក៏​សន្មត​ថា​ចប់​សុភាសិតកថា​តែ​ប៉ុណ្ណេះ ។ កាល​បើ​ចប់​ហើយ សូម​ផ្សាយ​សេចក្ដី​សុខ​សេចក្ដី​ចម្រើន​គ្រប់​ប្រការ​ដល់​អស់​លោក​អ្នក​ដែល​បាន​មើល​បាន​ស្ដាប់​សព្វៗកាល​ទៅ​ហោង ៕ ដោយ៥០០០ឆ្នាំ
images/articles/3055/202t_monk_by_Dilip_Holmes.jpg
ផ្សាយ : ២៤ មិថុនា ឆ្នាំ២០២៤ (អាន: ៤,៨៨៣ ដង)
អាចារ្យ សូរ ហាយ ក្រុម​ជំនុំ​ប្រែ​ព្រះ​ត្រៃបិដក រៀបរៀង វីរិយ​កថា (អាចារ្យ សូរ ហាយ វត្ត​ឧណ្ណាលោម ភ្នំពេញ ក្រុម​ជំនុំ​ប្រែ​ព្រះ​ត្រៃបិដក ក្នុង​ក្រសួង​ពុទ្ធ​សាសន​បណ្ឌិត្យ នៅ​ព្រះ​រាជ​បណ្ណាល័យ​កម្ពុជា បាន​ដក​ស្រង់​ពី​គម្ពីរ​ផ្សេងៗ មាន​គម្ពីរ​សំយុត្ត​និកាយ​ជា​ដើម​មក​អធិប្បាយ ។ ) នមត្ថុរតនត្តយស្ស វាយមេថេវ បុរិសោ យាវ អត្ថស្ស និប្បទា និប្ជន្នសោភណោ អត្ថោ ខន្ត្យា ភិយ្យោ ន វិជ្ជត ។ ឥឡូវ​នេះ​និង​សម្ដែង​ព្រះ​សទ្ធម្ម​ទេសនា ពណ៌នា​អំពី​សេចក្ដី​ព្យាយាម ដែល​ជា​សាសន​ធម៌​របស់​ព្រះ​បរម​លោក​នាថ​មុនី ដើម្បី​ជា​ប្រយោជន៍​ដល់​សាសនិក​ជន អ្នក​ប្រាថ្នា​សេចក្ដី​សុខ សេចក្ដី​ចម្រើន និង​កុសល​សម្មា​បដិបត្តិ​តាម​សម​គួរ ដូច​សេចក្ដី​ដែល​និង​អធិប្បាយ​ពន្យល់​ផ្លូវ​ឱ្យ​កើត​សតិ​បញ្ញា​ត​ទៅ​នេះ ។ ជន​ទាំងឡាយ​ដែល​កើត​មក​ក្នុង​លោក​នេះ មិន​រើស​ថា​ជន​ជាតិ​ណា​ឡើយ សុទ្ធ​តែ​មាន​ធុរៈ​មុខ​ការងារ​សម្រាប់​ខ្លួន​រាល់ៗរូប​ទាំងអស់ ជន​ជា​គ្រហស្ថ​ប្រុស​ស្រី​មាន​ធុរៈ​ធ្ងន់​ខាង​រក​ទទួល​ទាន​ចិញ្ចឹម​ជីវិត មាន​ស្រែ ចម្ការ លក់​ដូរ ឬ​ធ្វើ​រាជការ​ជា​ដើម ចំណែក​ខាង​អ្នក​បួស​ក៏​ត្រូវ​មាន​ធុរៈ​ផ្ទាល់​ខ្លួន ខាង​ផ្លូវ​សិក្សា​ប្រតិបត្តិ​ធម៌​វិន័យ​របស់​ព្រះ​សម្ពុទ្ធ​ជា​ម្ចាស់ ។ មនុស្ស​ទាំងអស់​ដែល​មាន​ប្រភេទ​ផ្សេង​គ្នា​ក្ដី ដូច​គ្នា​ក្ដី មាន​វ័យ​តិច​ច្រើន​ជាង​គ្នា​ក្ដី ជំនាន់​ដំណាល​គ្នា​ក្ដី សុទ្ធ​តែ​ជា​អ្នក​មាន​បែរ​ឈម​មុខ​ទៅ​រក​ប្រកប​ការងារ​ចិញ្ចឹម​ជីវិត ឬ​ផ្លូវ​សិក្សា​វិជ្ជា​សម្មាបដិបត្តិ​តែ​រាល់ៗខ្លួន ឥត​មាន​ទំនេរ​សោះ​ឡើយ ប៉ុន្តែ​ការងារ​ឬ​ផ្លូវ​សិក្សា​ទាំងនោះ​សោត ក្រ​ខ្លះ ងាយ​ខ្លះ ធ្ងន់​ខ្លះ ស្រាល​ខ្លះ សូម្បី​ធុរៈ​ដែល​ត្រូវ​ធ្វើ​នោះ​ប៉ុន​គ្នា ក៏​គង់​ផ្សេង​គ្នា​ដោយ​សេចក្ដី​ព្យាយាម​របស់​មនុស្ស​ដែល​ខ្លាំង​ខ្សោយ ឬ​មាន​ឧបាយ​អង់អាច​ជាង​គ្នា​មិន​ខាន ។ មនុស្ស​ដែល​ជា​អ្នក​តាំង​ចិត្ត​ព្យាយាម​មាំ​មួន មិន​បណ្ដែត​បណ្ដោយ​ការងារ​ដែល​ខ្លួន​ត្រូវ​ធ្វើ​ត្រូវ​ប្រកប​នោះ កម្រៃ​ផល​ដែល​កើត​អំពី​ការ​ព្យាយាម​នោះ​ក៏​ច្រើន ។ មនុស្ស​ដែល​មិន​បាន​តាំង​ចិត្ត​ព្យាយាម ឬ​ក៏​ព្យាយាម​ធ្វើ​ទៅ​ដោយ​ខ្ជីខ្ជា ខ្ជិល​ច្រអូស​មិន​សូវ​យក​ចិត្ត​ទុក​ដាក់ កម្រៃ​ផល​ដែល​កើត​អំពី​ការ​ព្យាយាម​របស់​គេ​នោះ​ក៏​ស្ដើង​ស្ដួច​តិច​ចុះ​តាម​ចំណែក ។ សេចក្ដី​ព្យាយាម ឈ្មោះ​ថា​ជា​គុណធម៌​នាំ​ឱ្យ​សម្រេច​ផល​ប្រយោជន៍ តាម​និស្ស័យ​វាសនា​របស់​ខ្លួន ដូច​យ៉ាង​ប្រយោជន៍​បច្ចុប្បន្ន គឺ លាភ យស សរសើរ សុខ ជា​អារម្មណ៍​ដែល​អ្នក​ផង​គួរ​ប្រាថ្នា ដែល​យើង​ទាំងឡាយ​បាន​ប្រទះ​ឃើញ​ហើយ​ក្នុង​កាល​សព្វ​ថ្ងៃ​នេះ​ក្ដី ក្នុង​កាល​អនាគត​ដែល​មិន​ទាន់​មក​ដល់ តែ​គង់​និង​បាន​ឃើញ​ក្នុង​កាល​ខាង​មុខៗក្ដី លាភ យស សរសើរ សុខ ទាំង​នេះ​ដែល​និង​កើត​ឡើង​បាន សុទ្ធ​តែ​កើត​មាន​ឡើង​មក​អំពី​អំណាច​កម្លាំង​សេចក្ដី​ព្យាយាម​ទាំងអស់ មិន​មែន លាភ យស សរសើរ សុខ កើត​មាន​ឡើង​មក​អំពី​អំណាច​សេចក្ដី​ខ្ជិល​ច្រអូស​ឡើយ​ពណ៌នា​មក​ប៉ុណ្ណេះ​ឃើញ​ថា សេចក្ដី​ព្យាយាម​ពិត​ជា​ធម៌​បញ្ជូន​ឱ្យ​កើត​ប្រយោជន៍​យ៉ាង​ច្រើន មិន​មែន​តិច​ទេ ។ សម​ដូច​ពុទ្ធ​ភាសិត​ដែល​បាន​លើក​ផ្ដើម​ទុក​មក​ខាង​ដើម​ថា “បុគ្គល​ជា​កូន​ប្រុស គួរ​ព្យាយាម​ឱ្យ​ណាស់ ទាល់​តែ​សម្រេច​ប្រយោជន៍ ឯ​ប្រយោជន៍​យ៉ាង​ថ្លៃ​ថ្លា​ដែល​សម្រេច​មក​ហើយ នោះ​មិន​មាន​ក្រៃលែង​ជាង​ខន្តី​ធម៌​ទេ” ។ ព្រះ​ពុទ្ធ​ឱវាទ​នេះ​ហាក់​ដូច​ព្រះ​សម្ពុទ្ធ​ជា​ម្ចាស់ ត្រាស់​ដាស់​តឿន​ឱ្យ​ព្យាយាម​ចំពោះ​តែ​បុរស មិន​ទួទៅ​ទៅ​ដល់​ស្ត្រី​ផង​ឡើយ ត្រង់​ណេះ​បើ​ប្រសិន​ណា​ជា​មាន​ពាក្យ​គេ​ឆ្លៀត​សួរ​មក​ថា ព្រោះ​ហេតុ​អ្វី​បាន​ជា​ពោល​ដាស់​តឿន​ចំពោះ​តែ​បុរស ? ឆ្លើយ​ថា មិន​មែន​ដូច្នោះ​ឡើយ ខាង​ស្ត្រី​ក៏​ព្រះ​អង្គ​ដាស់​តឿន​ឱ្យ​ព្យាយាម​ប្រកប​កិច្ច​ធុរៈ​ដែល​ល្មម​ធ្វើ​បាន​តាម​ចំណែក​ដូច​គ្នា ប៉ុន្តែ​បាន​ជា​ពោល​ប្រដៅ​យ៉ាង​នោះ ដោយ​ហេតុ​ថា​បុរស​នោះ​ពេញ​ទី​ជា​ភ្នាក់ងារ​នៃ​សេចក្ដី​ព្យាយាម​ជាង​ស្ត្រី ព្រោះ​ថា​ធម្មជាតិ​ជាតិ​ជា​បុរស​ជា​មនុស្ស​មាន​ទម្រង់​រាង​កាយ​ស្រលួត​ស្រឡះ​មាន​ឫកពា​ក្លៀវក្លា ទាំង​កម្លាំង​ក៏​រឹងប៉ឹង និង​ជា​អ្នក​ចេះ​អត់ ធន់​ទ្រាំ​ទ្រ​កិច្ចការ​ធ្ងន់ៗ គ្រាន់​បើ​ជាង​ស្ត្រី អាច​នឹង​ទទួល​ធុរៈ​ក្រ​លំបាក​ដែល​កើត​អំពី​ការ​ព្យាយាម​ប្រកប​កិច្ចការ​ទាំងពួង​ជាង​ស្ត្រី ម្យ៉ាង​ទៀត បុរស​ជា​មនុស្ស​មោះមុត​អង់​អាច​ជាង​ស្ត្រី ដូច​ការ​ស្វះ​ស្វែង​រក​ចំណេះ​វិជ្ជា​ឬ​ប្រយោជន៍​អ្វី​មួយ​ក្នុង​លោក​នេះ​ក្ដី លោក​ខាង​មុខ​ក្ដី ក៏​បុរស​នេះ​ឯង​ជា​អ្នក​មាន​ទំនង​គួរ​ធ្វើ​ប្រយោជន៍​បាន​ច្រើន​យ៉ាង​ជាង​ស្ត្រី រួម​សេចក្ដី​ថា​បុរស​ជា​ប្រធាន​ឬ​ជា​ទី​តាំង​នៃ​សេចក្ដី​ព្យាយាម ហេតុ​ដូច្នោះ​ទើប​លើក​ឡើង​ដាស់​តឿន​ឱ្យ​ព្យាយាម​ជា​មុន ។ ចំណែក​ស្ត្រី​ជា​មនុស្ស​មាន​រាង​កាយ​ទន់​ភ្លន់ កម្លាំង​ខ្សោយ​និង​សេចក្ដី​វាងវៃ​តិច មិន​សម​នឹង​ទទួល​កិច្ចការ​ក្រ​លំបាក​បាន​ងាយ​ដូច​បុរស ដូច​យ៉ាង​ពល​ទាហាន​ឬ​នាហ្មឺន​មុខ​មន្ត្រី​ធំៗ ក៏​សុទ្ធ​តែ​ប្រុស ព្រោះ​ឃើញ​ថា​ជា​អ្នក​ឈ្លាសវៃ​ជាង​ស្ត្រី បុរស​ឈ្មោះ​ថា​ជា​ភ្នាក់ងារ​ក្នុង​ការ​បង្ក្រាប​សត្រូវ ឈ្មោះ​ថា​ជា​អ្នក​មាន​តំណែង​ឥស្សរភាព​ច្រើន​ជាង​ស្ត្រី តែ​ស្ត្រី​ក៏​ត្រូវ​ព្យាយាម​ចាប់​ការងារ​តាម​ចំណែក​ដែល​ល្មម​ធ្វើ​បាន​ដូច​គ្នា ។ ព្រោះ​ហេតុ​នោះ ជន​ទាំងឡាយ​ដែល​កើត​មក​ជា​កូន​ប្រុស​ត្រូវ​ប្រឹង​ប្រែង​ប្រកប​ការងារ​ក្នុង​ផ្លូវ​លោក​នេះ ដូច​ខំ​សិក្សា​ស្វែង​រក​វិជ្ជា​ណា​មួយ មាន​វិជ្ជា​ខាង​រដ្ឋបាល​ ​តុលាការ ​ឬ​វិជ្ជា​ខាង​ហត្ថកម្ម ការ​ជាង មាន​ជាង​មាស​ប្រាក់​ជា​ដើម ដែល​ខ្លួន​ស្មគ្រ​ចិត្ត​ធ្វើ​នោះ គឺ​ធ្វើ​ឬ​ប្រកប​ការ​នោះៗ ឱ្យ​មាំ​មួន កុំ​បី​ធ្វេស​ប្រហែស​បណ្ដែត​បណ្ដោយ​ឡើយ ត្រូវ​តែ​ក្រវើន​ក្រតើន​ឡើង​ដើម្បី​នឹង​ធ្វើ​ដំណើរ​វិជ្ជា​សេចក្ដី​ឆ្លាស​របស់​ខ្លួន ឱ្យ​រូត​រះ​ឱ្យ​ទាន់​កាល​សម័យ​ព្រោះ​សម័យ ពោល​គឺ​របៀប​បែប​ផែន​ច្បាប់​ទម្លាប់​និង​ចំណេះ​វិជ្ជា​ជា​ដើម ក្នុង​កាល​ឥឡូវ​នេះ កាន់​តែ​ស្រូត​រូត​ជឿន​លឿន​ប្លែកៗ ទៅ​ជាង​ធម្មតា​ហើយ លុះ​តែ​ខំ​ព្យាយាម​ប្រឹង​កង្ខើញ​ឱ្យ​ណាស់ ទើប​នឹង​បាន​ស្រូប​ឡើង​ទាន់​កាល​សម័យ ក៏​បុគ្គល​ដែល​មាន​គំនិត​ភ្ញាក់​ឡើង​ទាន់​សម័យ​នេះ ចាត់​ថា​ជា​មនុស្ស​សប្បុរស​មួយ ហៅ​ថា កាលញ្ញុតា ប្រែ​ថា​អ្នក​ស្គាល់​កាល​សម័យ ។ បុគ្គល​ដែល​មាន​គំនិត​លន់​លក់​មិន​ងើប​ឡើង​ចាប់​ព្យាយាម​ឱ្យ​ទាន់​កាល​សម័យ និង​វ័យ​របស់​ខ្លួន​នៅ​កំពុង​ចម្រើន ចេះ​តែ​បង្អង់ៗ​ទៅ មិន​ដឹង​កាល​វិនាស​កាល​ចម្រើន ដែល​កម្ម​បណ្ដាល​ឱ្យ​កើត​ឡើង ហៅ​ថា អកាលញ្ញុតា ប្រែ​ថា​អ្នក​មិន​ស្គាល់​កាល​ចាត់​ជា​អសប្បុរស​ម្យ៉ាង ន័យ​នេះ​មាន​ព្រះ​ពុទ្ធ​ឱវាទ​ដែល​ព្រះ​អង្គ​ទ្រង់​ដាស់​តឿន​ក្រើន​រំឭក​ទុក​មក​ថា ឧដ្ឋានកាលម្ហិ អនុដ្ឋហានោ យុវា ពលី អាលសយំ ឧបេតោ សំសន្នសង្កប្បមនោ កិសីតោ បញ្ញាយ មគ្គំ អលសោ ន វិន្ទតិ ។សេចក្ដី​ថា បុគ្គល​មាន​វ័យ​គឺ​អាយុ​នៅ​ក្មេង កំពុង​មាន​កម្លាំង តែ​ផ្អែក​នឹង​ខ្ជិល​ច្រអូស​មិន​មាន​ព្យាយាម​រវៀស​​រវៃ​ក្នុង​កាល​ដែល​មាន​ទំនង​គួរ​រវៀស​រវៃ មាន​ចិត្ត​ត្រិះរិះ​ជាប់​ចំពាក់​មាំ​ក្នុង​កាម​គុណ មារយាទ​ព្រាំ​ព្រាល[១] ច្រអូស​កាយ​ច្រអូស​ចិត្ត​មិន​ដែល​បាន (ប្រទះ) នឹង​ផ្លូវ​បញ្ញា​ឡើយ ។ ឱវាទ​នេះ​បំភ្លឺ​ឱ្យ​ឃើញ​ថា មនុស្ស​ប្រុស​ស្រី​ក្នុង​លោក​ដែល​កើត​មក​ហើយ មាន​រាង​កាយ​ធំ​ធាត់ ឥត​មាន​ពិការ​ខូច​អវយវៈ​ណា​មួយ មាន​កំបុត​ដៃ​ជា​ដើម​ទេ ទាំង​វ័យ​ក៏​នៅ​ក្មេង ល្មម​និង​ចាប់​ផ្ដើម​ព្យាយាម​ប្រកប​កិច្ចការ​ផ្លូវ​លោក​ឬ​ផ្លូវ​ធម៌ ឱ្យ​ទាន់​សម័យ​ដែល​ខ្លួន​កំពុង​ពេញ​កម្លាំង​នៅ​ឡើយ គួរ​តែ​ប្រញាប់​ប្រឹង​ប្រែង​កុំ​ឱ្យ​ហួស​សម័យ​នោះ​ទាន់ មិន​គួរ​នឹង​បណ្ដែត​បណ្ដោយ​ឱ្យ​វ័យ​អស់​ទៅ​តាម​យប់​និង​ថ្ងៃ​កន្លង​បាត់​ទៅ​ទទេ​ៗ​សោះ គួរ​ស្ដាយ​វ័យ​របស់​ខ្លួន​ណាស់ មិន​គួរ​បើ​និង​ដំអក់​ឱ្យ​ធ្លោយ​សោះ​ឡើយ ព្រោះ​ជាន់​បឋម​វ័យ រវាង​ពី​អាយុ ៦ ឬ ៧ ឆ្នាំ​ឡើង​ទៅ​ទល់​នឹង ៣០ ឆ្នាំ​នេះ​ជា​ឱកាស​ដ៏​ធំ​ទូលាយ​ងាយ​និង​ងាក​រេ​រក​កិច្ច​ធុរៈ ដែល​ខ្លួន​ស្មគ្រ​ចិត្ត ចំណែក​ខាង​គ្រហស្ថ ទោះ​បី​រៀន​អក្សរ រៀន​ច្បាប់​ទម្លាប់​ឬ​រៀន​ខាង​ហត្ថ​កម្ម​គឺ​ធ្វើ​ការ​ជាង មាន​ជាង​មាស ឬ​ជាង​ធ្វើ​រថយន្ត​ជា​ដើម ខាង​បព្វជិត និង​ចាប់​រៀន​សូត្រ​ព្រះ​បរិយត្តិ​ក៏​បាន​ងាយ ព្រោះ​កម្លាំង​កាយ កម្លាំង​ស្មារតី​នៅ​កំពុង​បរិបូណ៌ ។ វ័យ​ជាន់​ដំបូង​នេះ ពេញ​ហៅ​មាន​ទំនង​នាំ​ឱ្យ​កើត​ប្រយោជន៍​ត​វែង​ទៅ​មុខ​មិន​តិច​ឡើយ ទោះ​ជា​យ៉ាង​ណា​ក៏​ងាយ​និង​ត្រិះរិះ​រក​ឧបាយ​ផ្សេង​ៗ​ទៀត តែ​បើ​បណ្ដោយ​ឱ្យ​សេចក្ដី​ខ្ជិល​ច្រអូស​ឬ​សេចក្ដី​ស្រវឹង​ជ្រុល​ជ្រប់​ក្នុង​កាម​គុណ​ចូល​គ្រប​សង្កត់​បានហើយ សូម្បី​ចំណេះ​វិជ្ជា​ឬ​ប្រយោជន៍​អ្វី​មួយ ដែល​មាន​ទំនង​គួរ​និង​ចេះ គួរ​និង​បាន​មាន​កើត​ឡើង​ក៏​គង់​តែ​ត្រឡប់​វិនាស​ទៅ​វិញ​ពុំ​ខាន ឯ​សេចក្ដី​ខ្ជិល​នេះ មាន​អាការៈ​ជា​ទោស​ធ្វើ​ឱ្យ​ខូច​ប្រយោជន៍​ច្រើន​យ៉ាង​ណាស់ ចំណែក​សេចក្ដី​ព្យាយាម​ជា​គុណ​ជួយ​ជ្រោមជ្រែង​ឱ្យ​បាន​សេចក្ដី​សុខ​ទាំង​លោក​នេះ​និង​ខាង​មុខ ។ សម​ដូច​បាលី​ដែល​សម្ដែង​អំពី​តំណ​នៃ​សេចក្ដី​ខ្ជិល​និង​សេចក្ដី​ព្យាយាម​ថា អតិសិតំ អតិឧណ្ហំ អតិសាយមិទំ អហុ ឥតិ វិស្សដ្ឋកម្មេន្ត អត្ថា អច្ចេន្តិ មាណវេ ប៉ុណ្ណេះ​ជា​ដើម សេចក្ដី​ថា ប្រយោជន៍​ទាំងឡាយ តែង​កន្លង​ហួស មាណព​គឺ​មនុស្ស​កំលោះ ដែល​លះ​បង់​ការងារ​ត្រូវ​ធ្វើ​នោះ​ចោល​ដោយ​ទម្រន់​អាង​ថា ពេល​នេះ​រងា​ណាស់ នៅ​ក្ដៅ​ណាស់ ល្ងាច​ជ្រុល​ណាស់ ។ តែ​បើ​ជន​ឯណា កាល​ដែល​កំពុង​ធ្វើ​ការ​ដែល​បុរស​ត្រូវ​ធ្វើ​នោះ មិន​សម្គាល់​ត្រង់​ត្រជាក់ ត្រង់​ក្ដៅ (មក​ជា​ប្រមាណ) ដោយ​ក្រៃលែង​ជាង​ស្មៅ គឺ​ថា​ដាក់​ខ្លួន​ទុក​ដូច​ជា​ស្មៅ ជន​នោះ​នឹង​មិន​សាប​សូន្យ​អំពី​សេចក្ដី​សុខ​ឡើយ ។ សេចក្ដី​នេះ​ពន្យល់​ឱ្យ​ឃើញ​ថា បុគ្គល​ដែល​ត្រូវ​ការ​ប្រារព្ធ​ព្យាយាម​យក​ចិត្ត​ទុក​ដាក់​ធ្វើ​កិច្ច​ការ​អ្វី​មួយ ត្រូវ​កុំ​ស្ដាយ​សាច់​ឈាម​ពណ៌​សម្បុរ កុំ​ទម្រន់ កុំ​ខ្លាច កុំ​រអា កុំ​រួញរា​នឹង​សេចក្ដី​ទុក្ខ​ព្រួយ​ហត់​នឿយ ដែល​កើត​អំពី​ការ​ព្យាយាម​នោះ​ឱ្យ​សោះ ព្រោះ​ថា​កិច្ចការ​ទាំងឡាយ​ក្នុង​លោក​នេះ ដែល​គេ​ត្រូវ​ព្យាយាម​គឺ​ថា​ត្រូវ​ចុះ​ដៃ​ធ្វើ ទោះ​បី​ធ្វើ​ដោយ​កម្លាំង​ឬ​ដោយ​កម្លាំង​តម្រិះ​គិត​គូរ តែង​តែ​និង​មាន​ឧបសគ្គ​គឺ​ឧបទ្រព​ទុក្ខ​ភ័យ​ចង្រៃ ចូល​មក​ច្រៀត​ជ្រែក​ប្រកួត​ប្រណាំង​គ្នា​នឹង​កិច្ច​ការ​នោះៗជា​ធម្មតា ការ​ចាប់​ផ្ដើម​ព្យាយាម​កិច្ច​ធុរៈ​នីមួយ​ៗ​នេះ​ដំបូង​ឡើយ តែង​ប្រទះ​ទុក្ខ​ព្រួយ​នឿយ​លំបាក​ខ្លះ​ជា​ទំនៀម សូម្បី​ព្យាយាម​ក្នុង​ផ្លូវ​កុសល​សុចរិត ក៏​គង់​បាន​ទុក្ខ​លំបាក​ដូច​គ្នា តែ​ទុក្ខ​លំបាក​នេះ​រមែង​ឱ្យ​ផល​មក​ជា​សុខ​ក្នុង​កាល​ខាង​ក្រោយ ហេតុ​ដូច្នោះ កាល​បើ​បុគ្គល​មាន​ព្យាយាម​ហើយ​ត្រូវ​ឱ្យ​មាន​ខន្តី សេចក្ដី​អត់​ធន់ មក​ជា​គូ​គ្នា​នឹង​វីរិយ ដើម្បី​ជា​ជំនួយ​វីរិយ ឱ្យ​តាំង​នៅ​មាំ​មួន ខន្តិ​ធម៌​នេះ​ជា​ធម៌​សម្រាប់​ជីក ឬ​ឆ្កឹះ​ចោល​នូវ​ទុក្ខ​ព្រួយ ឬ​ថា​ជា​ភាវៈ​ខាង​ជម្នះ​នូវ​ទុក្ខ ដែល​កើត​អំពី​សេចក្ដី​ព្យាយាម​នោះៗ ខន្តី​ធម៌​នេះ​រាប់​ថា​ជា​ជើង​សម្រាប់​ជួយ​ជ្រោមជ្រែង​ទប់​ទល់​វីរិយ​ទុក​កុំ​ឱ្យ​លើក​លះ​ចោល​កិច្ច​ធុរៈ ដែល​ត្រូវ​ធ្វើ​នោះ​ចេញ​បាន ឯ​វីរិយ​នេះ​កាល​បើ​មាន​ខន្តី​ជា​គូ​ហើយ​ទុក​ជា​ប្រទះ​អារម្មណ៍ ដែល​គួរ​ឱ្យ​កើត​ទុក្ខ​ភ័យ​ចូល​មក​រឹប​ជាន់​យ៉ាង​ណា​ក៏​ដោយ ក៏​មិន​រុះ​រើ​លះ​កិច្ច​ធុរៈ​នោះ​ចោល​បាន ព្រោះ​មាន​ខន្តី​ធម៌​នេះ​ជា​កម្លាំង​ជួយ​គាំពារ វីរិយ​និង​ខន្តី ទាំង​ពីរ​នេះ​ជា​ធម៌​ជាន់​ខ្ពស់ មាន​គុណានិសង្ស​ធំ​ទូលាយ​យ៉ាង​ក្រៃលែង សូម្បី​ព្រះ​សម្មាសម្ពុទ្ធ​ក៏​ព្រះ​អង្គ​ទ្រង់​បាន​បំពេញ​មក​ហើយ​ដែល​ហៅ​វីរិយ​បារមី ខន្តី​បារមី​នោះ​ឯង ។ មួយ​វិញ​ទៀត វីរិយនិង​ខន្តី​នេះ កាល​បើ​មាន​បុគ្គល​ណា​ហើយ តែង​នឹង​បបួល​ដឹក​អន្ទង​បុគ្គល​នោះ​ឱ្យ​ក្លាហាន ប្រកប​កិច្ច​ធុរៈ​គ្រប់​យ៉ាង ប្រមូល​សេចក្ដី​អធិប្បាយ​មក​ថា បុគ្គល​អ្នក​ប្រកប​ដោយ​វីរិយ​ផ្លូវ​កាយ​និង​ផ្លូវ​ចិត្ត​ហើយ​និង​ខន្តី​សេចក្ដី​អត់​ធន់ ដូច​ថ្លែង​មក​នេះ​អាច​និង​បដិសេធ​ទុក្ខ​ភ័យ​ទាំងពួង​បាន លែង​មាន​ញាប់​ញ័រ​តក់ស្លុត​នឹង​អារម្មណ៍​ដែល​ប៉ះ​ពាល់​មក​នោះ​ឡើយ លុះ​ខាង​ក្រោយ​មក ក៏​ឱ្យ​ផល​យ៉ាង​វិសេស ទៅ​ជា​មនុស្ស​ខ្ពង់​ខ្ពស់​មាន​ឈ្មោះ​ល្បី​ល្បាញ​ឡើង ដោយ​អំណាច​វិជ្ជា​ដែល​កើត​អំពី​ការ​ប្រឹង​ប្រែង​អត់​ធន់​នោះ​មក កាល​បើ​សម្បូណ៌​ដោយ​វិជ្ជា​ហើយ ទោះ​បី​ធ្លាប់​ជា​អ្នក​កំព្រា​គ្មាន​មិត្រ​សម្លាញ់ ឬ​ជា​អ្នក​ក្រ​ទ្រព្យ​សម្បត្តិ​មក​អំពី​ដើម ឬ​ជា​អ្នក​ថោក​ទាប​ដោយ​រូប​សម្បត្តិ​យ៉ាង​ណា ក៏​គង់​ត្រឡប់​ទៅ​ជា​មនុស្ស​ថ្កុំថ្កើង​រុង​រឿង​គ្រប់​យ៉ាង​ទាំងអស់​បាន ព្រោះ​ហេតុ​ដូច្នោះ​ជន​ទាំងឡាយ​គ្រប់​គ្នា ទោះ​អ្នក​មាន​សម្បត្តិ​ស្ដុកស្ដម្ភ​ក្ដី ខ្សត់​ក្ដី គួរ​តែ​ខំ​ព្យាយាម​ស្វះ​ស្វែង​រក​វិជ្ជា​ដែល​ជា​គុណ​សម្បត្តិ គឺ​ជា​លម្អ​យ៉ាង​ខ្ពស់​សម្រាប់​ខ្លួន ។ ឯ​បុគ្គល​មាន​ភោគ​សម្បត្តិនិង​រូប​សម្បត្តិ​ហើយ តែ​បើ​គ្មាន​វិជ្ជា​សម្បត្តិ​ទៀត ក៏​ទុក​ដូច​ជា​មនុស្ស​ក្រី​ក្រ​សម្បត្តិ ទុក​ដូច​ជា​មនុស្ស​ពិការ មិន​រុង​រឿង​ក្នុង​ត្រកូល​នោះ​ឡើយ សម​ដូច​សុភាសិត​ថា “រូបយោនព្វនសម្បន្នោ វិសាលកុសលសម្ភវោ វិជ្ជាហីនោ ន សោភេតិ និគន្ធា ឥវកឹសុកា” សេចក្ដី​ថា “បុគ្គល​បាន​កើត​ក្នុង​ត្រកូល​ខ្ពស់ បរិបូណ៌​ដោយ​រូប​និង​វ័យ​ហើយ (តែ​បើ) សាប​សូន្យ​ចាក​វិជ្ជា រមែង​មិន​ល្អ​ឡើយ ដូច​គ្នា​និង​ផ្កា​ជា (គ្រាន់​តែ​មាន​ពណ៌​ក្រហម​ច្រាល​មែន) តែ​រក​ក្លិន​ក្រអូប​គ្មាន ។ ពុទ្ធ​ភាសិត​នេះ​គប្បី​ឃើញ​ថា​វិជ្ជា​នេះ​ពិត​ជា​គុណ​ជាតិ​វិសេស​មែន ដែល​ជា​ផល​បណ្ដាល​ចេញ​មក​ថ្មីៗអំពី​វីរិយ​និង​ខន្តី ដូច​ពណ៌នា​មក ឯ​ពាក្យ​ថា វិជ្ជា សំដៅ​យក​វិជ្ជា​ទាំង​ផ្លូវ​លោក​ផ្លូវ​ធម៌ ដែល​ប្រព្រឹត្ត​ទៅ​ដោយ​ប្រពៃ​ប្រាស​ចាក​ទោស​ទុច្ចរិត​ទាំងអស់ ។ សេចក្ដី​ព្យាយាម​ខ្មីឃ្មាត​នេះ​ជា​ធម៌​ទាក់ទង​បែក​សាខា​ច្រើន​ស្ថាន​ណាស់ ដូច​ក្នុង​ប្រធាន​សូត្រ ព្រះ​លោក​នាថមុនី​ទ្រង់​សម្ដែង​ទុក​មក ដោយ​មហា​ករុណា ចង់​ឱ្យ​ពួក​ប្រជាជន​ក្នុង​លោក​បាន​សេចក្ដី​សុខ​សេចក្ដី​ចម្រើន ព្រះ​អង្គ​ទ្រង់​ដាស់​តឿន​ពន្យល់​ទុក​មក​បាលី​ថា “សំវរោ ច មហានព្ចា ភាវនា អនុរក្ខនា ឯតេ ចត្តារោ បធានា ទេសិតា ទិច្ចពន្ធុនា យេហិ ភិក្ខុ ឥធាតាបី ខយំ ទុក្ខស្ស បាបុណេ” អធិប្បាយ​ថា ” បធាន​គឺ​ធម៌​ជា​គ្រឿង​តាំង​ផ្ដួច​ផ្ដើម​ទាំងឡាយ ៤ យ៉ាង​នុ៎ះ​គឺ ” ១- សំវរោ ព្យាយាម​រារាំង​មិន​ឱ្យ​បាប​អកុសល​ដែល​នៅ​មិន​ទាន់​កើត កុំ​ឱ្យ​កើត​ឡើង​បាន គឺ​ប្រយត្ន​ឥន្ទ្រីយ៍​ទាំង ៦ គឺ ភ្នែក ត្រចៀក ច្រមុះ អណ្ដាត កាយ ចិត្ត កុំ​ឱ្យ​កើត​សោមនស្ស ឬ​ទោមនស្ស ក្នុង​វេលា​ដែល​ភ្នែក​ឃើញ​រូប ត្រចៀក​ឮ​សំឡេង ច្រមុះ​ធុំ​ក្លិន អណ្ដាត​លិទ្ធ​រស កាយ​ពាល់​ត្រូវ ចិត្ត​ស្រាវ​ជ្រាវ​រក​អារម្មណ៍​តាម​ផ្លូវ​មនោ​ទ្វារ គួរ​ប្រយត្ន​ឥន្រ្ទិយ ៦ យ៉ាង​នេះ​កុំ​ឱ្យ​លុះ​អំណាច​ឬ​ចាញ់​បញ្ឆោត​អារម្មណ៍​ទាំង​នេះ​បាន កាល​បើ​ទូន្មាន​តន្រ្ទិយ​បាន​ហើយ បាប​អកុសល​ដែល​បម្រុង​នឹង​កើត​ឡើង​ក៏​កើត​មិន​បាន ។ ២- បហានំ ព្យាយាម​លះ​បាប​ដែល​កើត​ហើយ គឺ​បាប​ដែល​កើត​ឡើង​ព្រោះ​ខ្លួន​ល្ងង់​ខ្លៅ ឬ​កើត​ឡើង​ដោយ​រឹង​រូស​ចចេស​ធ្វើ​ក្នុង​កាល​មុន​ៗ ព្រោះ​មិន​ធ្លាប់​បាន​ស្ដាប់ មិន​ធ្លាប់​បាន​សិក្សា​ធម៌​វិន័យ​របស់​ព្រះ​អរិយ​ជា​ម្ចាស់ លុះ​ខាង​ក្រោយ​មក​កាល​បើ​គិត​ឃើញ​ហើយ គួរ​តែ​លះ​បង់​ចោល​អំពី​បាប​ទាំងនោះ​ឱ្យ​ស្រឡះ​ចេញ ត្រូវ​តាំង​ចេញ​ថា​និង​លែង​ប្រព្រឹត្ត​ល្មើស​ធ្វើ​ដូច្នោះ​ទៀត ។ ៣- ភាវនា ព្យាយាម​ញាំង​កុសល​ឬ​បំពេញ​ឱ្យ​មាន​ឡើង​ក្នុង​សន្ដាន កុសល​ដែល​នៅ​មិន​ទាន់​កើត​គួរ​ព្យាយាម​ធ្វើ​ឱ្យ​កើត​ឡើង ព្រោះ​បាប​អកុសល​ដែល​ជា​ចំណែក​ទុច្ចរិត​លះ​ចេញ​ទៅ​ហើយ​នោះ ត្រូវ​បំពេញ​កុសល​ដែល​ជា​ចំណែក​សុចរិត​ឱ្យ​មាន​ឡើង​ជំនួស ដើម្បី​កុំ​ឱ្យ​មាន​ឱកាស​ឱ្យ​បាប​មាន​ចន្លោះ​កើត​ឡើង​បាន​ទៀត ។ ៤- អនុរក្ខនា ព្យាយាម​រក្សា​កុសល​សេចក្ដី​ល្អ​របស់​ខ្លួន​ទុក ដែល​ខ្លួន​បាន​ធ្វើ​មក​ហើយ​ក្នុង​កាល​មុន មិន​ឱ្យ​សាប​សូន្យ​ទៅ​ដោយ​អាការ​ធ្វេស​ប្រហែស ព្រោះ​ថា​របស់​ឯណា​ដែល​បាន​ធ្វើ​កើត​ឡើង​ហើយ​ក្នុង​កាល​មុន ៗ ខាង​ក្រោយ​មក​ត្រូវ​រក្សា​វាំង​រឿយ ៗ ទើប​របស់​នោះ​ចម្រើន​ឡើង​បាន ឧទាហរណ៍ ដូច​យ៉ាង​ធម៌​អាថ៌​ឬ​វិជ្ជា​ច្បាប់​ទំលាប់​អ្វី​ក៏​ដោយ ដែល​ទន្ទេញ​ចាំ​ហើយ​ត្រូវ​តែ​ឧស្សាហ៍​សូត្រ​រឿយ ៗ ទើប​និង​ចាំ​ជាប់​នៅ​យូរ​បាន ប្រធាន​ទាំង ៤ យ៉ាង​នេះ ព្រះ​សម្ពុទ្ធ​ជា​ម្ចាស់​ព្រះ​អង្គ​ជា​អទិច្ចវង្ស[២] ទ្រង់​សម្ដែង​ហើយ ភិក្ខុ​ក្នុង​សាសនា​នេះ​ជា​អ្នក​តែង​តែ​បាន​ព្យាយាម​ធ្វើ​កិលេស​ឱ្យ​រីង​ស្ងួត​ដោយ​បធាន​ធម៌​ដែល​ពោល​មក​នេះ ទើប​និង​បាន​ដល់​នូវ​កិរិយា​អស់​ទៅ​នៃ​ទុក្ខ​ទាំងពួង​បាន ។ សេចក្ដី​ព្យាយាម​នេះ កាល​បើ​បុរស​ស្ត្រី​ចេះ​ប្រកប​លៃលក​ត្រូវ​ផ្លូវ​ដែល​មាន​ទំនង​ត្រង់​ទៅ​រក​សេចក្ដី​ចម្រើន​ហើយ តែង​ញាំង​ប្រយោជន៍​ឱ្យ​សម្រេច​គ្រប់​យ៉ាង សម​តាម​សេចក្ដី​ប្រាថ្នា​របស់​ខ្លួន​ជា​ប្រាកដ ដូច​យ៉ាង​បុរស​អ្នក​បំរើ​របស់​ចុល្លកសេដ្ឋី កាល​ដើម​ដំបូង​រើស​បាន​កណ្ដុរ​ងាប់​មួយ យក​កណ្ដុរ​នោះ​ទៅ​លក់​ធ្វើ​ដើម​ទុន​ប្រកប​ការ​លក់​ដូរ សន្សំ​ឡើង​ម្ដង​បន្តិច ៗ មិន​យូរ​ប៉ុន្មាន​ក៏​បាន​ទ្រព្យ​សម្បត្តិ​កាន់​តែ​ច្រើន​ឡើង ទាល់​តែ​បាន​ជា​សេដ្ឋី​ធំ សម​ដូច​ពុទ្ធ​ភាសិត​គាថា ត្រាស់​សរសើរ​បុគ្គល​អ្នក​មាន​គំនិត​ល្អ​ថា អប្បកេនបិ មេធាវី បាភដេន វិចក្ខណោ សមុដ្ឋាបេតិ អត្តានំ អណុំ អគ្គឹវ សន្ថមំ សេចក្ដី​ថា បុរស​ស្ត្រី អ្នក​មាន​ប្រាជ្ញា ចេះ​កាញ់​គ្នេរ​ទ្រព្យ​សម្បត្តិ ប្រកប​កិច្ចការ​ចិញ្ចឹម​ជីវិត​សម​ហេតុ​ផល​ល្អ រមែង​តម្កល់​ខ្លួន​ឡើង​ទៅ​ជា​មនុស្ស​ខ្ពង់​ខ្ពស់​បាន ដោយ​សារ​ទ្រព្យ​ដើម​ទុន​តែ​បន្តិច​ប៉ុណ្ណោះ ដូច​ជា​មនុស្ស​អ្នក​បង្កាត់​ភ្លើង​រងើក​តូច​មួយ​គង់​បង្កាត់​ឱ្យ​ទៅ​ជា​ភ្លើង​ឆេះ​ធំ​ឡើង​បាន។ បុគ្គល​អ្នក​មាន​ព្យាយាម​ធ្វើ​ត​ៗ ទៅ​មិន​ដាច់​មិន​ស្រាក​ក្នុង​កិច្ចការ​របស់​ខ្លួន​តែង​បាន​សម្រេច​ប្រយោជន៍​ឃើញ​ទាន់​ហន់ ។ ព្រោះ​ហេតុ​ដូច្នោះ ជន​ទាំងឡាយ​រាល់​រូប កាល​បើ​នឹក​ឃើញ ថា​អាត្មា​អញ​ជា​អ្នក​ចៀស​វាង​ចេញ​ចាក​ការងារ​មិន​ផុត​ហើយ គួរ​តែ​ចុះ​ចាប់​ផ្ដើម​ព្យាយាម​ឱ្យ​មាំ​មួន កុំ​បី​ធ្វេស​ប្រហែស​ត្រូវ​តែ​តាំង​ចិត្ត​ឱ្យ​ក្លាហាន ក្នុង​ការ​ប្រឹង​ប្រែង​នេះ​កុំ​ទម្រន់​ឱ្យ​សោះ ត្រូវ​តែ​តាំង​ព្យាយាម​តម្កល់​ទុក​ចិត្ត​ឱ្យ​ជាប់​មាំ ប្រកប​ដោយ​អង្គ ៤ ដូច​បាលី​ថា កាមំ តចោ ន្ហារុ ប អដ្ឋិ ច អវស្សតុ អវស្សុស្សតុ មេ សរីរេ សព្វន្តំ មំសលោហតំ សេចក្ដី​ថា​សាច់​ឈាម​ទាំងអស់​ក្នុង​សរីរាង្គ​កាយ​របស់​អញ រីង​ស្ងួត​ស្វិត​ស្រពោន​ទៅ​ចុះ នេះ​ជា​អង្គ ១ សូម​នៅ​សល់​តែ​ស្បែក​ជា​អង្គ ១ សូម​ឱ្យ​នៅ​សល់​តែ​សរសៃ​ជា​អង្គ ១​ សូម​ឱ្យ​នៅ​សល់​តែ​ឆ្អឹង​ជា​អង្គ ១ កម្រៃ​ផល​ឯណា​ដែល​មិន​ទាន់​កើត​ឡើង​ដោយ​កម្លាំង​ប្រឹង​ប្រែង​ទេ អញ​នឹង​មិន​ត្រូវ​ឈប់​លែង​ចោល​ចាក​ព្យាយាម​ឡើយ ។ បុគ្គល​ជា​អ្នក​បួស​ឬ​គ្រហស្ថ​ប្រុស​ស្រី​ក្មេង​ចាស់​ណា​មួយ កាល​បើ​ប្រកប​ព្យាយាម​មាំ​មួន​ដូច​ន័យ​ពោល​មក​នេះ​ហើយ បុគ្គល​នោះ​ឯង​គង់​នឹង​បាន​សេចក្ដី​សុខ​សេចក្ដី​ចម្រើន​ក្នុង​លោក​នេះ​និង​លោក​ខាង​មុខ​ពុំ​ខាន ព្រោះ​សេចក្ដី​ព្យាយាម​នេះ​ជា​គន្លង​ហូរ​មក​នូវ​ផល​យ៉ាង​វិសេស​វិសាល ឃើញ​ជាក់​ច្បាស់ ។ ម្យ៉ាង​ទៀត​បុគ្គល​ដែល​ជា​អ្នក​មាន​ព្យាយាម ទោះ​បី​ទៅ​នៅ​ក្នុង​ប្រទេស​ណា សូម្បី​ប្រទេស​នោះ​ខ្សត់​ខ្សោយ​វិជ្ជា​សេចក្ដី​ចេះ​ដឹង​ពុំ​សូវ​មាន​មនុស្ស​រៀន​សូត្រ​ចេះ​ដឹង​ច្រើន ឬ​ក៏​ប្រទេស​នោះ​មាន​ព្រៃ​ឈើ​ញាតស្បាត ដី​ជង្ហុក​ថ្លុក​ក្រហេង​ក្រហូង មិន​ជា​ទី​សប្បាយ​យ៉ាង​ណា​ក៏​ដោយ ក៏​គង់​ត្រឡប់​ឡើង​ទៅ​មាន​មនុស្ស​ចេះ​ដឹង​ច្រើន ទៅ​ជា​ប្រទេស​ស្រឡះ​រាប​ស្មើ មាន​ទាំង​ផ្លូវ​ថ្នល់​ខ្វាត់​ខ្វែង ថ្កើង​រុង​រឿង​គួរ​ជា​ទី​រីករាយ​សប្បាយ​ទៅ​បាន (ដូច​យ៉ាង​ប្រទេស​ដី​ក្រុង​ភ្នំពេញ​ទាំង​មូល ឬ​សាលា​បាលី ព្រះ​រាជ​បណ្ណាល័យ​និង​ក្នុង​ទី​វត្ត​លង្កា ឧណ្ណាលោម​ជា​ដើម) ធៀប​មើល​ចុះ​ក្នុង​កាល​ពី​ដើមនិង​កាល​ឥឡូវ​នេះ​គង់​ឃើញ​បាន​ជា​សេចក្ដី​ចម្រើន​ដោយ​វិជ្ជា​ការ​ចេះ​ដឹង និង​ថ្កើង​រុង​រឿង​ក៏​កាន់​តែ​ស្ទុះ​ជឿន​លឿន​ឡើង​ប្លែក​ជាង​ពី​ដើម​ណាស់ ការ​ចេះ​ដឹង​ផ្សព្វ​ផ្សាយ​ចេញ​ទៅ​ខេត្ត ខណ្ឌ​នានា និង​ការ​រុង​រឿង​ដែល​កើត​ឡើង​ទាំងនេះ គឺ​កើត​មក​អំពី​កម្លាំង​ស្នាដៃ​របស់​លោក​អ្នក​មាន​ព្យាយាម​ម៉្យាង មិន​មែន​កើត​អំពី​មនុស្ស​ខ្ជិល​ច្រអូស​ឡើយ ។ សេចក្ដី​ព្យាយាម​នេះ​មាន​គុណានិសង្ស​ជា​អនេក អាច​នឹង​នាំ​បណ្ដាល​ឱ្យ​សេចក្ដី​ចម្រើន​កុះ​ករ​ដោយ​ដោយ​វិជ្ជា​សេចក្ដី​ឈ្លាស​គ្រប់​យ៉ាង​ផង សេចក្ដី​ព្យាយាម​ឈ្មោះ​ថា​ដូច​ជា​ចន្ទល់ ជួយ​ជ្រោមជ្រែង​ឱ្យ​បាន​សុខ​ក្សេមក្សាន្ត​ដល់​មនុស្ស​អ្នក​ប្រាថ្នា​ល្អ និង​បាន​កន្លង​បង់​នូវ​ទុក្ខ​គ្រប់​យ៉ាង​មាន​ទុក្ខ​និង​ក្រី​ក្រ​ទ្រព្យ​សម្បត្តិ​និង​ល្ងង់​ខ្លៅ​ជា​ដើម សេចក្ដី​ព្យាយាម​ឈ្មោះ​ថា​ជា​ទម្ពក់​ថ្ពក់​យក​នូវ​សេចក្ដី​សេចក្ដី​ចម្រើន ឱ្យ​ចូល​មក​ក្នុង​កណ្ដាប់​ដៃ​របស់​ខ្លួន​បាន សេចក្ដី​ព្យាយាម​នេះ​ព្រះ​សម្ពុទ្ធ​លោកុត្តមាចារ្យ ព្រះ​អង្គ​ទ្រង់​សម្ដែង​ទុក​មក​ឃើញ​ក្នុង​ធម៌​ច្រើន​ស្ថាន​ណាស់ ដូច​ក្នុង​ឥន្រ្តិយ ៥ ហៅ​ថា វីរិយិន្រ្ទិយំ ក្នុង​ពល ៥ ហៅ​ថា​វីរិយ​ ពលំ ក្នុង​ពោជ្ឈង្គ ៧ ហៅ​ថា វីរិយសម្ពោជ្ឈង្គោ ក្នុង​អង្គ​មគ្គ ៨ ហៅ​ថា សម្មាវាយាមា ក្នុង​វេសារជ្ជករណធម៌ ហៅ​ថា វិរិយំ សព្ទ​ទាំងអស់​នេះ រួម​មក​ហៅ​ថា ព្យាយាម​តែ​មួយ​ម៉ាត់​ប៉ុណ្ណេះ ក៏​ពាក្យ​ថា​ព្យាយាម គឺ​ជា​ពាក្យ​សំស្ក្រឹត​ក្លាយ​មក​ពី​ពាក្យ​ថា វ្យាយាម ប្រែ​ថា ឈាន​ទៅ​មិន​ឈប់ ក៏​ឯ​ពាក្យ​ថា​ព្យាយាម​នេះ មាន​សព្ទ​សម្គាល់​​ហៅ​ផ្លាស់​ប្ដូរ​តាម​លក្ខណៈ​ច្រើន​យ៉ាង​ទៅ​ទៀត ដូច​ពាក្យ​ថា វីរិយ ព្រោះ​ជា​ហេតុ​ក្លៀវ​ក្លា​មិន​រួញ​រា ឧដ្ឋាន ព្រោះ​ជា​ហេតុ​ខ្មីឃ្មាត​រលះ​រលាំង ធិតិ​ព្រោះ​ជា​ហេតុ​តាំង​នៅ​មាំ​មួន អដ្ឋិតិ ព្រោះ​ជា​ហេតុ​ខ្ជាប់​ខ្ជួន​មិន​បង្អង់ វាយាមៈ ព្រោះ​ជា​ហេតុ​ឈាន​ទៅ​មិន​ឈប់ បរក្កម ព្រោះ​ជា​ហេតុ​មិន​ត្រឡប់​ថយ​ក្រោយ បធានៈ ព្រោះ​ជា​ហេតុ​តាំង​ផ្ដួច​ផ្ដើម​មិន​ផ្អាក​ទុក​ទាំង​កណ្ដាល​ការ​ដែល​ត្រូវ​ធ្វើ បគ្គាហៈ ព្រោះ​ជា​ហេតុ​ផ្គូផ្គង​ជាប់​ត​ៗ​ទៅ សព្ទ​ទាំងនេះ​សុទ្ធ​តែ​ជា​លក្ខណៈ​​របស់​វីរិយ ជា​ពាក្យ​សម្រាប់​ប្រើ​ផ្លាស់​ប្ដូរ​កុំ​ឱ្យ​សាំ​ដដែលៗ តែ​ក៏​គង់​រួម​ខ្លី​មក​ហៅ​ថា ព្យាយាម ដូច​គ្នា​ក៏​បាន ។ ព្រោះ​ហេតុ​ដូច្នោះ ជន​ទាំងឡាយ​គ្រប់​ចំពួក​គួរ​តែ​ខំ​ប្រឹង​ប្រែង ស្វះ​ស្វែង​រក​វិជ្ជា​សម្រាប់​ដៃ​របស់​ខ្លួន ឬ​ស្វែង​រក​ធនធាន​ទ្រព្យ​សម្បត្តិ​ឱ្យ​ត្រូវ​តាម​សម្មា​អាជីវៈ​ក្នុង​ផ្លូវ​សុចរិត​ទាំងអស់ មួយ​វិញ​ទៀត អ្នក​ដែល​មាន​កូន​ចៅ​ត្រូវ​តែ​ដាស់​តឿន​និង​ជួយ​ទំនុក​បម្រុង​ផ្ចុងផ្ដើម​កូន​ចៅ​បង​ប្អូន​របស់​ខ្លួន ឱ្យ​ខំ​សិក្សា​រៀន​សូត្រ​ឱ្យ​មាំ​មួន​ទាន់​វា​មាន​វ័យ​នៅ​ក្មេង កុំ​បណ្ដែត​បណ្ដោយ​តាម​ទំនើង​អំពី​ចិត្ត​ក្មេង​នោះ​ឡើយ ។ សម្ដែង​រៀប​រាប់​ក្នុង​វីរិយ​កថា ក៏​សន្មត​ថា​ចប់​ដោយ​ប្រការ​ដូច្នេះ​ឯង ។ [១]គំនិត​ឡេះឡោះ ។ [២]ប្រែ​ជា​ពូជ​ពង្ស​នៃ​ព្រះ​អាទិត្យ ព្រោះ​សម័យ​ដើម​ពួក​ក្សត្រ​ប្រកាន់​ថា​គេ​ជា​វង្ស​ត្រកូល​នៃ​ព្រះ​អាទិត្យ ។ ប្រភព ៖ ទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំ១៩៣៧ ខ្សែទី៩ ដោយ៥០០០ឆ្នាំ
images/articles/3056/_________terest.jpg
ផ្សាយ : ២៤ មិថុនា ឆ្នាំ២០២៤ (អាន: ៥,៩០២ ដង)
ព្រះ​វិសុទ្ធវង្ស ហួតតាត អាចារ្យ​បង្រៀន​​នៅ​សាលា​​បាលី​ជាន់​ខ្ពស់ ក្រុង​ភ្នំពេញ បាន​អធិប្បាយ​ហើយ​រៀប​រៀង​ឡើង ព.ស. ២៤៧០ ។ ទេសនារម្ភោ សូម​អស់​លោក​អ្នក​ទាំង​ឡាយ​ប្រុង​ចាំ​ស្ដាប់ ! អាត្មា​នឹង​អធិប្បាយ​ពី​សេចក្ដី​ដែល​មាន​​ប្រយោជន៍​ដល់​​លោក​អ្នក​ទាំង​ឡាយ តាម​សម​គួរ​ដល់​ភាសិត​របស់​ព្រះ​សម្មា​សម្ពុទ្ធ​​ជា​បរម​គ្រូ​នៃ​យើង និង​តាម​មតិ​របស់​អាត្មា​ដែល​ជា​អ្នក​អធិប្បាយ​​នេះ​ខ្លះ ដើម្បី​នឹង​ឱ្យ​អស់​លោក​​អ្នក​ទាំងឡាយ​ស្ដាប់​ងាយ​​យល់ ងាយ​ចូល​ចិត្ត ព្រោះ​​ការ​​ស្ដាប់​​នេះ កាល​បើ​ស្ដាប់​ពុំ​បាន​មិន​ដឹង​ជា​ថា​ដូចម្ដេច នោះ​ទោះ​បី​ស្ដាប់​អស់​ប៉ុន្មាន​ឆ្នាំ ក៏​ជា​ការ​​ឥត​ប្រយោជន៍​​ប្រហែល​គ្នា​នឹង​មិន​ស្ដាប់ កាល​បើ​ស្ដាប់​បាន​យល់​សេចក្ដី សូម្បី​តែ​ស្ដាប់​តែមួយ​រំពេច ក៏​ឈ្មោះ​ថា​បាន​ស្ដាប់​ដោយ​ប្រពៃ ។ អស់​អ្នក​ទាំងឡាយ​សុទ្ធ​តែ​ជា​ខេមរជាតិ គេ​ដឹង​សព្វ​ប្រទេស​ថា​ជា​ជាតិ​អ្នក​កាន់​ព្រះ​ពុទ្ធ​សាសនា គួរ​តែ​ឱ្យ​មាន​សេចក្ដី​រីករាយ​ក្នុង​​ចិត្ត​ថា​​មាន​ភព្វ​មាន​សំណាង បាន​មក​​ចួប​ប្រទះ​ព្រះ​ពុទ្ធ​ដែល​ជា​ពាក្យ​ប្រដៅ​ដ៏​ថ្លៃ​ថ្លា​វិសេស ព្រោះ​ពុទ្ធ​សាសនា​ជា​គុណ​ជាតិ​ដ៏​ឧត្ដម អាច​ធ្វើ​អ្នក​ដែល​​ប្រតិបត្តិ​​តាម​​ឱ្យ​បាន​ចម្រើន​ដោយ​ការ​ចេះ​ដឹង​និង​​សេចក្ដី​ថ្លៃថ្លា ។ តែ​អ្នក​ដែល​មាន​ឈ្មោះ​ថា​កាន់​ព្រះ​ពុទ្ធ​សាសនា​ចំពួក​ខ្លះ ដែល​បាន​សិក្សា​ឱ្យ​ស្គាល់​ជាក់​នូវ​រសជាតិ​ព្រះ​ពុទ្ធ​សាសនា នៅ​មាន​គំនិត​​ង៉េងង៉ាង​ដោយ​សេចក្ដី​ងឿង​ឆ្ងល់ ដូច​ជា​អ្នក​ខ្លះ​ដែល​បាន​ឃើញ​អ្នក​កាន់​ព្រះ​ពុទ្ធ​ខ្លះ​ដែល​ពុំ​សូវ​ចេះ​ដឹង ជា​អ្នក​ទាប​ថោក ជា​អ្នក​​ក្រី​ក្រ​លំបាក ​ក៏​ចូល​ចិត្ត​​ថា​ព្រះ​ពុទ្ធ​សាសនា​ទាប​ថោក​ណាស់ ធ្វើ​អ្នក​ដែល​ប្រតិបត្តិ​តាម​ឱ្យ​ល្ងង់ ឱ្យ​ទាប​ទាប​ថោក ឱ្យ​ក្រី​ក្រ​លំបាក ម្ល៉ោះ​ហើយ​ក៏​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​​ព្រះ​ពុទ្ធ​​សាសនា ឱ្យ​ជា​ការ​មាំ​មួន​ឡើយ នេះ​មក​ពី​អ្នក​គិត​នេះ​ឯង មិន​បាន​សិក្សា មិន​បាន​ពិនិត្យ​ឱ្យ​ឃើញ​តាម​ការ​ណ៍​ពិត​មែន ។ សព្វ​ថ្ងៃ​នេះ​មាន​អ្នក​កាន់​ព្រះ​ពុទ្ធ​សាសនា ជា​អ្នក​ចេះ​ដឹង ជា​អ្នក​ខ្ពង់​ខ្ពស់ ជា​អ្នក​មាន​​ទ្រព្យ​សម្បត្តិ ក៏​មាន​ជា​ច្រើន​រូប​​ណាស់​ដែរ តែ​មិន​ទាញ​យក​មក​ជា​គ្រឿង​ដឹក​នាំ​គំនិត ។ ម្យ៉ាង​ទៀត មាន​អ្នក​ដែល​មិន​កាន់​ព្រះ​ពុទ្ធ​សាសនា​ជា​អ្នក​ឥត​មាន​ចេះ​ដឹង​អ្វី​សោះ ជា​អ្នក​ទាប​ថោក ជា​អ្នក​ក្រី​ក្រ​លំបាក ក៏​សឹង​​មាន​ជា​ច្រើន​រាប់​មិន​អស់ អ្នក​មាន​គំនិត ហេតុ​​ដូចម្ដេច​ក៏​គិត​ឱ្យ​ឃើញ​ហេតុ​នេះ ផង ? ម្យ៉ាង​ទៀត មាន​មនុស្ស​ចំពួក​ខ្លះ​បាន​ចូល​មក​សិក្សា​ចំណេះ​វិជ្ជា​​ខាង​ផ្លូវ​ព្រះ​ពុទ្ធ​សាសនា​មាន​ចំណេះ​អក្សរ​ជា​ដើម នៅ​ទី​វត្ត​អារាម​ដែល​ជា​ទី​បណ្ដុះ​​នៃ​ពូជ​ចំណេះ​ខាង​ព្រះ​ពុទ្ធ​សាសនា​​តាំង​ពី​ក្មេង​មក អ្នក​ខ្លះ​បាន​ទាំង​បួស​ថែម​​ទៀត តែ​មិន​ខំ​ប្រឹង​រៀន​សូត្រ​ឱ្យ​ចេះ​ដឹង​ប្រាកដ​មែន​ទែន លុះ​ដល់​វេលា​ដែល​ចេញ​ពី​វត្ត​អារាម​ទៅ បាន​​ទៅ​សិក្សា​ចំណេះ​វិជ្ជា​ឯ​ទៀត​ក្រៅ​ពី​លទ្ធិ​ព្រះ​ពុទ្ធ​សាសនា ក៏​ត្រឡប់​ឃើញ​ថា​ព្រះ​ពុទ្ធ​សាសនា​​មិន​រៀប​រយ មិន​ថ្លៃ​ថ្លា​ប្រពៃ​ដូច​ជា​ចំណេះ​វិជ្ជា​ឯ​ទៀត ម្ល៉ោះ​ហើយ​ក៏​នាំ​គ្នា​​និយាយ​បង្អាប់​​ចំណេះ​ដែល​ចេះ​ពី​វត្ត​អារាម​ទៅ គឺ​ថា​បើ​ឃើញ​ចំណេះ​ណា​មួយ​មិន​ប្រាកដ ឬ​ឃើញ​អក្សរ​ដែល​អ្នក​ណា​មួយ​គេ​សរសេរ​មិន​ល្អ ក៏​នាំ​គ្នា​និយាយ​ថា​​ចំណេះ​វត្ត​អក្សរ​វត្ត​ប្រើ​មិន​កើត ដូច​ជា​ទី​វត្ត​រមែង​តែ​ធ្វើ​មនុស្ស​អ្នក​រៀន​មិន​ឱ្យ​ចេះ​ប្រាកដ ត្រង់​ខ្លួន​ឯង​ដែល​ខ្ជិល​រៀន​នោះ​មិន​គិត​​ឃើញ​ដល់ នេះ មក​ពី​គំនិត​​ដែល​គិត​ឃើញ​ខុស ព្រោះ​លុះ​ក្នុង​អំណាច​នៃ​សេចក្ដី​ភាន់​ច្រឡំ ។ អស់​លោក​ទាំងឡាយ​ប្រយត្ន​កុំ​ឱ្យ​ភាន់​ច្រឡំ​គំនិត​ដូច​មនុស្ស​ចំពួក​ខ្លះ​ដែល​គិត​ឃើញ​​ខុស​ដូច​ខាង​លើ​នេះ​ឡើយ ត្រូវ​ចូល​ចិត្ត​ឱ្យ​មាំ​ថា ព្រះ​ពុទ្ធ​សាសនា​នេះ​ជា​ច្បាប់​ប្រដៅ​​មនុស្ស​ដែល​ជឿ​ប្រតិបត្តិ​តាម ឱ្យ​មាន​ប្រាជ្ញា ឱ្យ​មាន​ចំណេះ​វិជ្ជា ឱ្យ​បាន​ថ្លៃថ្លា ឱ្យ​មាន​​របៀប​រៀប​រយ​ល្អ ឱ្យ​បាន​សេចក្ដី​សុខ​ដូច​សេចក្ដី​អធិប្បាយ​ត​ទៅ​នេះ កិរិយា​កើត​ឡើង​នៃ​ព្រះ​ពុទ្ធ​សាសនា ពាក្យ​ថា “ពុទ្ធ​សាសនា” ដែល​យើង​កាន់​សព្វ​ថ្ងៃ​នេះ ចែក​ចេញ​ជា​ពីរ​បទ គឺ​ពុទ្ធ ជា​បទ​ ១ សាសនា ជា​បទ ​១ ។ ពុទ្ធ​នេះ​ជា​ឈ្មោះ​នៃ​មនុស្ស​អស្ចារ្យ ១ នាក់ ដែល​កើត​ក្នុង​សក្យ​ត្រកូល ជាតិ​ជា​ក្ស​ត្រ​នៅ​ក្នុង​មជ្ឈិម​​ប្រទេស គឺ​ប្រទេស​ដែល​គេ​ហៅ​សព្វ​ថ្ងៃ​នេះ​ថា​ជា​ស្រុក​ឥណ្ឌា​ឬ​ស្រុក​អាំងប៉ែក​ខាង​ជើង បើ​គិត​ចំនួន​ឆ្នាំ​ថយ​ក្រោយ​ពី​ឥឡូវ​នេះ​ទៅ​ទល់​នឹង​កាល​សម័យ​ដែល​មនុស្ស​​អស្ចារ្យ​នោះ​កើត​ឡើង នោះ​យូរ​ចំនួន​ជាង ២.៥៥០ ឆ្នាំ​មក​ហើយ ។ មនុស្ស​អស្ចារ្យ​នោះ​មាន​ឈ្មោះ​ថា សិទ្ធត្ថ បាន​សោយ​រាជ្យ​តាំង​ពី​ព្រះ​ជន្ម ១៦ ឆ្នាំ ដល់​​មក​ព្រះ​ជន្ម ២៩ ឆ្នាំ ​បាន​ពិចារណា​​ឃើញ​​ច្បាស់​នូវ​សេចក្ដី​ទុក្ខ​ព្រួយ​ដែល​កើត​ឡើង​អំពី​ជាតិ​គឺ ខន្ធ ៥ អំពី​ជរា​គឺ​ចាស់​គ្រាំ​គ្រា អំពី​ព្យាធិ​ គឺ​សេចក្ដី​ឈឺ​ចាប់ អំពី​មរណៈ ​គឺ​សេចក្ដី​ស្លាប់ ដោយ​​ប្រាជ្ញា​ដ៏​ក្លាហាន​ហើយ​មិន​អាច​នឹង​ទ្រាំ​នៅ​ក្នុង​និវេសនដ្ឋាន ដែល​ជា​ទី​ជោក​ជាំ​ដោយ​កាម​​គុណ​ទាំង ៥ បាន​ឡើយ ក៏​ចេញ​បួស​ខំ​ប្រែង​​ស្វែង​រក​​ធម៌​ដើម្បី​នឹង​រម្លត់​​បង់​នូវ​សេចក្ដី​ទុក្ខ​ព្រួយ​​ទាំង​នោះ ដរាប​ដល់​បាន​សម្រេច​នូវ​ប្រាជ្ញា​ដ៏​ថ្លៃថ្លា​វិសេស​ឈ្មោះ​ថា “សម្ពោធិញ្ញាណ” ដែល​​យើង​ធ្លាប់​ហៅ​មក ធ្លាប់​ឮ​មក​ថា​ព្រះ​អង្គ​បាន​ត្រាស់ ។ មនុស្ស​អស្ចារ្យ​នេះ​ហើយ ដែល​មាន​នាម​ថា “ពុទ្ធ” ប្រែ​ថា​ព្រះ​អង្គ​ចេះ​គ្មាន​សល់ ឬ​ថា​ព្រះ​អង្គ​ជ្រាប​​ច្បាស់​នូវ​សេចក្ដី​ពិត​មែន ឬ​ថា​ព្រះ​អង្គ​ភ្ញាក់​ហើយ​អំពី​ដេក​លក់​គឺ​​សេចក្ដី​ល្ងង់ ។ ព្រះ​ពុទ្ធ​ជា​ម្ចាស់​នេះ កាល​ដែល​ព្រះ​អង្គ​បាន​ត្រាស់​ហើយ ទ្រង់​បាន​​ពិចារណា​​ឃើញ​​សត្តនិករ​គឺ​ពពួក​មនុស្ស​និង​ទេវតា ដែល​កើត​ឡើង​ក្នុង​លោក​មាន​សន្ដាន​ក្រាស់​ដោយ​​មោហៈ​គឺ​សេចក្ដី​ល្ងង់ មិន​ដឹង​ថា​ខ្លួន​ធ្លាក់​លិច​នៅ​ក្នុង​​សមុទ្រ​ដ៏​ធំ​ពោល​គឺ​សង្សារ​វដ្ដ ដែល​ជា​ទី​ប្រកប​ដោយ​ទុក្ខ​ភ័យ​មិន​ដឹង​ថា​ខ្លួន​ច្រឡោត​នៅ​លើ​គំនរ​ភ្លើង​ទាំង ៥ ពោល​គឺ​កាម​គុណ ៥ ដែល​ជា​គ្រឿង​នាំ​បណ្ដាល​​ឱ្យ​បាន​សេចក្ដី​ទុក្ខ​លំបាក​សេចក្ដី​រោល​រាល​ជានិច្ច មាន​តែ​សេចក្ដី​ធ្វេស​ប្រហែស ឥត​មាន​គំនិត​គិត​ស្វែង​រក​ឧបាយ​នឹង​រលាស់​ខ្លួន​ឱ្យ​រួច​ផុត​ពី​ក្នុង​មហា​​សមុទ្រ ឬ​ពី​ក្នុង​គំនរ​ភ្លើង​នោះ​ឡើយ ដោយ​សញ្ញា​វិបល្លាស គឺ​សេចក្ដី​សម្គាល់​ខុស​ថា​ជា​ទី​ប្រកប​ដោយ​សេចក្ដី​សុខ​​ស្រួល​វិញ ។ ព្រះ​អង្គ​ទ្រង់​ឃើញ​ថា សត្តនិករ​ទាំងអស់​ជា​ច្រើន​មាន​គំនិត​គិត​ធ្លោយ​យ៉ាង​នេះ មក​ពី​មោហ​ធម៌​ដែល​ស្រោប​គំនិត​​សត្វ​បិទ​បាំង​ជិត ហើយ​ដឹក​នាំ​សត្វ​ឱ្យ​ធ្វើ​នូវ​អំពើ​ខុស​ផ្សេង​ៗ មោហៈ​ដែល​បិទ​គំនិត​មនុស្ស ហើយ​ដឹក​នាំ​មនុស្ស​សត្វ​ទៅ​នោះ ឧបមា​ដូច​ជា​សេចក្ដី​ល្ងង់​របស់​​ពពួក​​សត្​វ​មមាច សត្វ​កណ្ដូប​ជា​ដើម បិទ​បាំង​មិន​ឱ្យ​ស្គាល់​ថា​ជា​គ្រឿង​ក្ដៅ​ឡើយ ហើយ​បណ្ដាល​ឱ្យ​អាច​ហាន​ចូល​ទៅ​ក្នុង​ភ្លើង ដរាប​ដល់​សេចក្ដី​វិនាស ។ ព្រះ​សម្មាសម្ពុទ្ធ​ជា​ម្ចាស់ ទ្រង់​ពិចារណា​ឃើញ​ដូច្នោះ​ហើយ ក៏​កើត​មាន​ព្រះ​ទ័យ​ប្រកប​ដោយ​មហា​ករុណា គឺ​សេចក្ដី​អាណិត​​ធំ​ដល់​ពួក​មនុស្ស​សត្វ​ទាំងនោះ ប្រាថ្នា​នឹង​ជួយ​ដោះ​ឱ្យ​រួច​ចេញ​ពី​សេចក្ដី​ងងឹត​ល្ងង់ ដើម្បី​នឹង​ឱ្យ​កើត​មាន​ប្រាជ្ញា​ភ្លឺ​ស្វាង​ឡើង នឹង​បាន​ស្គាល់ទុក្ខ​-សុខ អាក្រក់-ល្អ និង​គុណ-ទោស ហើយ​នឹង​ស្វែង​រក​ឧបាយ​ដោះ​ខ្លួន​ឱ្យ​រួច​ចេញ​ចាក​គ្រឿង​ទុក្ខ ។ ទើប​ព្រះ​អង្គ​ទ្រង់​សម្ដែង​ធម៌​ទេសនា​ប្រដៅ​សត្តនិករ រាប់​ចំនួន​ឆ្នាំ​តាំង​ពី​ព្រះ​អង្គ​បាន​ត្រាស់​ហើយ ដរាប​​ដល់​ថ្ងៃ​ដែល​ព្រះ​​អង្គ​ចូល​​បរិនិព្វាន​បាន​ចំនួន ៤៥ ឆ្នាំ​គត់ ។ ធម៌​ទេសនា​ជា​ពាក្យ​ប្រដៅ​ទាំងអស់ របស់​ព្រះ​សម្មាសម្ពុទ្ធ​នោះ​ឈ្មោះ​ថា “សាសនៈ” គឺ​ដែល​​យើង​ធ្លាប់​​ហៅ​ថា “សាសនា ឬ​សាស្នា” ប្រែ​ថា “ពាក្យ​ឬ​ធម៌​ជា​ច្បាប់​សម្រាប់​ប្រៀន​ប្រដៅ” បើ​រួម​​ពាក្យ​ថា “ពុទ្ធ” ភ្ជាប់​មក​នឹង​ពាក្យ​ថា “សាសនា” ជា​ពាក្យ ១ ម៉ាត់ ហៅ​ថា “ពុទ្ធ​សាសនា” ប្រែ​ថា “ពាក្យ​ប្រៀន​ប្រដៅ​របស់​ព្រះ​ពុទ្ធ” គឺ​ច្បាប់​សម្រាប់​ប្រដៅ​មនុស្ស​សត្វ​មិន​ឱ្យ​ល្ងង់ ឱ្យ​កើត​មាន​ប្រាជ្ញា​ស្គាល់​គ្រឿង​ពិត​មែន ឬ​ឱ្យ​កើត​​មាន​ចំណេះ​វិជ្ជា ឬ​ថា​ច្បាប់​សម្រាប់​ប្រដៅ​សត្វ ឱ្យ​ចេះ​គិត​ស្វែង​រក​ឧបាយ​នឹង​ដោះ​ខ្លួន​ឱ្យ​រួច​ពី​គ្រឿង​ទុក្ខ ឱ្យ​បាន​ដល់​នូវ​សេចក្ដី​សុខ ។ តម្លៃ​នៃ​ព្រះ​ពុទ្ធ​សាសនា ព្រះ​ពុទ្ធ​សាសនា​នេះ គួរ​អស់​លោក​អ្នក​ទាំងឡាយ​ជ្រាប​ថា ជា​ពាក្យ​ប្រដៅ​មាន​តម្លៃ​ដោយ​ក្រៃលែង ។ ពាក្យ​ប្រដៅ​ទាំងនោះ​មាន​ពាក្យ​ខ្លះ ត្រូវ​គ្នា​នឹង​ពាក្យ​សុភាសិត​របស់​អ្នក​ប្រាជ្ញ​ទាំងឡាយ​អំពី​បុរាណ ដែល​មនុស្ស​ក្នុង​លោក​គេ​បាន​ចេះ​រៀងៗមក​​តាំង​អំពី​​មុន​​ព្រះ​សម្មាសម្ពុទ្ធ​បាន​ត្រាស់​មក​ក៏​មាន ពាក្យ​ខ្លះ​ជា​ពាក្យ​ប្រដៅ​ផុត​វិស័យ​គំនិត​មនុស្ស​និង​ទេវតា​ទាំងអស់ ក្រៅ​តែ​អំពី​ព្រះ​សម្មាសម្ពុទ្ធ ឥត​មាន​​អ្នក​​ណា​មួយ​​នឹង​មាន​គំនិត​គិត​បង្កើត​ឡើង​បាន​ដូច​នោះ​ក៏​មាន​ជា​ច្រើន​អន្លើ ដូច​សេចក្ដី​ដែល​សម្ដែង​ដោយ​សង្ខេប​ត​ទៅ​នេះ ១- ព្រះ​ពុទ្ធ​សាសនា​ដែល​មាន​ឡើង​ដំបូង ក្នុង​ស្រុក​មជ្ឈិម​ប្រទេស ៗ នោះ កាល​មុន​ដែល​មិន​​ទាន់​​ព្រះ​ពុទ្ធ​សាសនា មនុស្ស​ក្នុង​ប្រទេស​ទាំងនោះ​នាំ​គ្នា​ប្រព្រឹត្ត​ប្រតិបត្តិ​តាម​លទ្ធិ​សាសនា​ព្រាហ្មណ៍​ដោយ​ច្រើន ជា​ផ្លូវ​ប្រតិបត្តិ​តឹង​ពេក​ក៏​មាន ធូរ​ពេក​ក៏​មាន ដូច​​យ៉ាង​ប្រតិបត្តិ​បង្អត់​អាហារ​ខ្លួន​ឱ្យ​លំបាក​រូប​កាយ ដេក​លើ​បន្លា និង​អាំង​ភ្លើង​ក្នុង​វេលា​ថ្ងៃ​ក្នុង​រដូវ​ក្ដៅ​ជាដើម ជា​សេចក្ដី​ប្រតិបត្តិ​ឥត​​ប្រយោជន៍​​ទាំងអស់ ក៏​​ឥត​មាន​មនុស្ស​ណាមួយ​គិត​ឃើញ​ថា​ឥត​ប្រយោជន៍ ហើយ​នឹង​រើ​គំនិត​រក​ផ្លូវ​ប្រតិបត្តិ​ថ្មី​ទៀត​ឡើយ ។ ដល់​ព្រះ​សម្មាសម្ពុទ្ធ​ជា​ម្ចាស់​ទ្រង់​បាន​ត្រាស់​ឡើង ទ្រង់​បាន​សម្ដែង​ធម៌​ទេសនា​ជា​ដំបូង កែ​ប្រែ​សេចក្ដី​ប្រតិបត្តិ​ទាំងនោះ គឺ​ពន្យល់​​មិន​ឱ្យ​ប្រតិបត្តិ​តាម ហើយ​ឱ្យ​ប្រតិបត្តិ​តាម​បែប​យ៉ាង ដែល​ព្រះ​អង្គ​ទ្រង់​ជ្រាប​ថា​មាន​ប្រយោជន៍​ពិត​វិញ ធម៌​ទេសនា​ជា​ដំបូង​នោះ ព្រះ​អង្គ​សម្ដែង​ថា “ទ្វេមេ ភិក្ខវេ បព្វជិតេន ន សេវិតព្វា” ម្នាល​ភិក្ខុ​ទាំងឡាយ សេចក្ដី​ប្រតិបត្តិ​ដ៏​លាមក​អាក្រក់​ទាំង​ពីរ​យ៉ាង​នេះ បព្វជិត​មិន​គួរ​សេព គឺ​ថា​មិន​ត្រូវ​ប្រតិបត្តិ​ឡើយ សេចក្ដី​ប្រតិបត្តិ​អាក្រក់​ពីរ​យ៉ាង​នោះ គឺ​កាម​សុខល្លិកានុយោគ ការ​ប្រកប​ខ្លួន​ឱ្យ​ជាប់​ចំពាក់​ដោយ​សេចក្ដី​សុខ​ក្នុង​កាម​ទាំងឡាយ ១ អត្តកិលមថានុយោគ ការ​ប្រកប​សេចក្ដី​លំបាក​ដល់​ខ្លួន​ឱ្យ​នឿយ​ហត់​ឥត​ប្រយោជន៍ ១ ។ សេចក្ដី​ប្រតិបត្តិ​ទាំង ២ យ៉ាង​នេះ ជា​ការ​នាំ​ឱ្យ​សាប​សូន្យ មិន​ជា​សេចក្ដី​ចម្រើន​ទេ មិន​តែ​ប៉ុណ្ណោះ​ឡើយ​ថែម​ទាំង​​បណ្ដាល​ឱ្យ​​បាន​នូវ​សេចក្ដី​ទុក្ខ​ព្រួយ​ទៀត ។ ឯតេ ខោ ភិក្ខវេ ឧភា អន្តេ អនុបគម្ម មជ្ឈិមា បដិបទា ម្នាល​ភិក្ខុ​ទាំងឡាយ សេចក្ដី​​ប្រតិបត្តិ​​ជា​កណ្ដាល​ដែល​មិន​លាយ​ច្រឡំ​នឹង​សេចក្ដី​ប្រតិបត្តិ​ទាំង ២ យ៉ាង​នោះ តថាគត​បាន​ត្រាស់​ដឹង​ហើយ ជា​សេចក្ដី​ប្រតិបត្តិ​ធ្វើ​ឱ្យ​កើត​​ប្រាជ្ញា ឱ្យ​កើត​សេចក្ដី​​ដឹង​ច្បាស់​ប្រាកដ ប្រព្រឹត្ត​ទៅ​ដើម្បី​សេចក្ដី​ស្ងប់​រម្ងាប់ ដើម្បី​សេចក្ដី​ដឹង​ក្រៃ​ពេក ដើម្បី​សេចក្ដី​ដឹង​ល្អ ដើម្បី​ព្រះ​និព្វាន ។ ក៏​សេចក្ដី​ប្រតិបត្តិ​ជា​កណ្ដាល​នោះ​ដូចម្ដេច ? សេចក្ដី​ប្រតិបត្តិ​ជា​កណ្ដាល​នោះ គឺ​ធម៌​ដែល​គួរ​ស្វែង​រក​មាន​អង្គ ៨ ហៅ​ថា “អដ្ឋង្គិកមគ្គ” ជា​គ្រឿង​ចេញ​ផុត​ចាក​សត្រូវ​គឺ​កិលេស ។ អដ្ឋង្គិមគ្គ​ទាំង ៨ នោះ​គឺ សម្មាទិដ្ឋិ ប្រាជ្ញា​យល់​ត្រូវ ១ សម្មាសង្កប្បោ សេចក្ដី​ត្រិះរិះ​ត្រូវ ១ សម្មាវាចា សម្ដី​និយាយ​ត្រូវ ១ សម្មាកម្មន្តោ ការងារ​ត្រូវ ១ សម្មាអាជីវោ ចិញ្ចឹម​ជីវិត​ត្រូវ ១ សម្មាវាយាមោ ព្យាយាម​ត្រូវ ១ សម្មាសតិ សេចក្ដី​រឭក​ត្រូវ ១ សម្មាសមាធិ កិរិយា​តម្កល់​ចិត្ត​ត្រូវ ១ ។ ២- មាន​ធម៌​ជា​ពុទ្ធ​សាសនា​ម្យ៉ាង​ទៀត ហៅ​ថា “សច្ចធម៌” ជា​ធម៌​ប្រកាស​នូវ​សេចក្ដី​ពិត​មែន ជា​សេចក្ដី​កំបាំង​នឹង​គំនិត​ប្រាជ្ញា​របស់​មនុស្ស​ទេវតា​ទាំងអស់ កាល​មុន​ដែល​ពុំ​ទាន់​មាន​ព្រះ​ពុទ្ធ​សាសនា នោះ​ឥត​មាន​អ្នក​ណា​មួយ​ចេះ​ប្រដៅ​គ្នា​ឱ្យ​គិត​ឃើញ​ត្រូវ​ដូច​សច្ចធម៌​នេះ​ឡើយ បើ​ទុក​ជា​មាន​អ្នក​ឃើញ​ខ្លះ ក៏​គ្រាន់​តែ​ឃើញ​ព្រឹលៗ មិន​ច្បាស់​លាស់ លុះ​ដល់​ព្រះ​អង្គ​បាន​ត្រាស់​ឡើង ទើប​ព្រះ​អង្គ​សម្ដែង​អំពី​ធម៌​ពិត​មែន​នោះ​ឱ្យ​អស់​មនុស្ស​ទេវតា​ទាំងឡាយ​បាន​ស្គាល់​ច្បាស់​ច្រើន​គ្នា​ឡើង ហៅ​ថា “អរិយសច្ច” ៗ នេះ​មាន ៤ យ៉ាង​គឺ ១- ទុក្ខ កិរិយា​កើត​នៃ​ខន្ធ ៥ កិរិយា​ចាស់​គ្រាំ​គ្រា​នៃ​ខន្ធ ៥ កិរិយា​ឈឺ​ចាប់​នៃ​ខន្ធ ៥ កិរិយា​បែក​ធ្លាយ​នៃ​ខន្ធ ៥ គឺ​សេចក្ដី​ស្លាប់​ប៉ុណ្ណោះ​ជា​ដើម ជា​គ្រឿង​ទុក្ខ ។ ២- ទុក្ខសមុទយោ តណ្ហា​ជា​មេ​បណ្ដាល​ឱ្យ​កើត​ទុក្ខ ។ ៣- ទុក្ខនិរោធោ ធម៌​ជា​គ្រឿង​រលត់​មិន​សល់​នៃ​គ្រឿង​ទុក្ខ​គឺ​ព្រះ​និព្វាន ។ ៤- ទុក្ខនិរោធគាមិនីបដិទា សេចក្ដី​ប្រតិបត្តិ​ធ្វើ​អ្នក​ដែល​ប្រតិបត្តិ​តាម​ឱ្យ​ដល់​នូវ​ទុក្ខ​និរោធ (សេចក្ដី​ប្រតិបត្តិ​ត្រង់​នេះ​បាន​ដល់​មជ្ឈិម​បដិបទា​ទាំង ៨ ប្រការ មាន​សម្មាទិដ្ឋិ​ជា​ដើម មាន​សម្មា​សមាធិ​ជា​ទី​បំផុត ដូច​សម្ដែង​ខាង​ដើម​ហើយ) ។ អរិយសច្ច​ធម៌​ទាំង ៤ នេះ បណ្ដាល​មនុស្ស​មាន​ប្រាជ្ញា​ទាំង​ប៉ុន្មាន តែ​បាន​ឮ​បាន​ស្ដាប់ ហើយ​គិត​តាម​ទំនង​លំអាន​ធម៌​នេះ​ទៅ ក៏​នឹង​ជឿ​ប្រាកដ​ថា​ត្រូវ​ពិត​មែន ដូច​ក្នុង​សម័យ​សព្វ​ថ្ងៃ​នេះ បាន​ដំណឹង​ថា​ពួក​អ្នក​ប្រាជ្ញ​ក្នុង​ប្រទេស​ធំៗ ដូច​ក្នុង​ប្រទេស​អឺរ៉ុប គេ​បាន​ពិនិត្យ​ដល់​ព្រះ​ពុទ្ធ​សាសនា​ត្រង់​នេះ​ក៏​មាន​សេចក្ដី​ស្ងើច​អស្ចារ្យ​សរសើរ​ថា ព្រះ​ពុទ្ធ​ចេះ​សម្ដែង​ធម៌​ត្រូវ​ពិត​មែន​ណាស់ ។ ៣- មាន​ធម៌​ជា​ពុទ្ធ​សាសនា​ម៉្យាង​ទៀត​សម្រាប់​ប្រដៅ​មនុស្ស ឱ្យ​ចេះ​គិត​ពិចារណា​ដល់​រូប​កាយ ឱ្យ​ឃើញ​ថា​មិន​ទៀង ថា​ជា​ទុក្ខ និង​ឱ្យ​ឃើញ​ថា​មិន​មែន​ជា​របស់​ខ្លួន ហៅ​ថា “ព្រះ​ត្រៃលក្ខណៈ” ជា​ប្រយោជន៍​នឹង​កុំ​ឱ្យ​សត្វ​ទាំងឡាយ​មាន​សេចក្ដី​ស្រវឹង​ទៅ​ក្នុង​រូប​កាយ ។ ធម៌​ជា​របៀប​នៃ​ព្រះ​ពុទ្ធ​សាសនា ដែល​នាំ​យក​មក​ពន្យល់​ក្នុង​ទីនេះ​បន្តិច​បន្តួច​ប៉ុណ្ណោះ ដើម្បី​ឱ្យ​ឃើញ​ជា​តួ​យ៉ាង​នៃ​ព្រះ​ពុទ្ធ​សាសនា​ដែល​មាន​តម្លៃ​វិសេស ព្រោះ​ជា​ពាក្យ​ប្រដៅ​ផុត​វិស័យ​មនុស្ស​និង​ទេវតា​គិត​ប្រដៅ​ឱ្យ​ដូច​ពុំ​បាន​ឡើយ ។ ដែល​នៅ​មាន​ត​ទៅ​ទៀត​នោះ​ច្រើន​ណាស់ មិន​មាន​ពេល​ល្មម​នឹង​នាំ​យក​មក​អធិប្បាយ​ឱ្យ​សព្វ​គ្រប់​បាន ព្រោះ​ព្រះ​សម្មាសម្ពុទ្ធ​ទ្រង់​ត្រាស់​ឡើង បាន​សម្ដែង​ធម៌​ជា​ពាក្យ​ប្រដៅ​អស់ ៤៥ ឆ្នាំ ទើប​ព្រះ​អង្គ​បរិនិព្វាន​ទៅ ព្រះ​សង្គីតិកាចារ្យ​គឺ​ពួក​សិស្ស​របស់​ព្រះ​អង្គ​ត​មក លោក​បាន​សង្គាយនា​រួប​រួម​ពាក្យប្រដៅ​របស់​ព្រះ​អង្គ​ទុក​ជា ៣ ផ្នែក ហៅ​ថា “ព្រះ​ត្រៃលក្ខណ​បិដក” គឺ​វិន័យ​បិដក ១ សុត្តន្ត​បិដក ១ អភិធម្ម​បិដក ១ បិដក​ទាំង ៣ នេះ​ដូច​ជា​ទូ​សម្រាប់​ដាក់​នូវ​របស់​មាន​តម្លៃ គឺ​ព្រះ​ពុទ្ធ​សាសនា​នេះ​ឯង ។ ម៉្យាង​ទៀត ព្រះ​ពុទ្ធ​សាសនា​ដែល​ជា​ពាក្យ​ប្រដៅ​មនុស្ស​សត្វ​ឱ្យ​មាន​ប្រយោជន៍​ឱ្យ​បាន​សេចក្ដី​សុខ​នោះ មិន​មែន​ប្រដៅ​ឱ្យ​តែ​បាន​ប្រយោជន៍​នឹង​សុខ​ក្នុង​បរលោក​​មុខ ដែល​យើង​មើល​ទៅ​មិន​ឃើញ​នោះ​ទេ ជា​ពាក្យ​ប្រដៅ​ឱ្យ​បាន​ទាំង​ប្រយោជន៍​នឹង​សេចក្ដី​សុខ​ក្នុង​លោក​នេះ​ផង ដូច​សេចក្ដី​រៀប​រាប់​ដោយ​សង្ខេប​ត​ទៅ​នេះ ១ ព្រះ​អង្គ​ប្រដៅ​មនុស្ស​មិន​ឱ្យ​ប្រព្រឹត្ត​តាម​អបាយ​មុខ ៦ យ៉ាង គឺ​មិន​ឱ្យ​មិន​ផឹក​សុរា ១ មិន​ឱ្យ​ដើរ​លេង​តាម​ច្រក​ល្ហក​ក្នុង​វេលា​យប់ ១ មិន​ឱ្យ​ដើរ​មើល​ល្បែង​មហោស្រព ១ មិន​ឱ្យ​លេង​ល្បែង​ភ្នាល់ មាន​បៀប៉ោ​ជា​ដើម ១ មិន​ឱ្យ​សម​គំនិត​នឹង​មនុស្ស​ខូច​យក​ធ្វើ​ជា​មិត្ត​សម្លាញ់ ១ មិន​ឱ្យ​ខ្ជិល​ធ្វើ​ការងារ​រក​ស៊ី ១។ ២ ព្រះ​អង្គ​ប្រដៅ​មនុស្ស​ឱ្យ​ចេះ​សង្គ្រោះ​គ្នា​ទៅ​វិញ​ទោ​មក​តាម​ជាន់ គឺ​មាតា​បិតា​និង​កូន គ្រូ​អាចារ្យ​និង​សិស្ស ភរិយា​និង​ស្វាមី មិត្ត​សម្លាញ់​និង​សម្លាញ់​ផង​គ្នា ចៅហ្វាយ​នាយ​និង​ទាសកម្មករ​គឺ​កូន​ឈ្នួល​ឬ​បាវព្រាវ សមណៈ​គឺ​អ្នក​បួស​និង​គ្រហស្ថ ។ ព្រះ​ពុទ្ធ​សាសនា​ដែល​នាំ​យក​មក​ពន្យល់​បន្តិច​បន្តួច​ប៉ុណ្ណោះ​នេះ ឱ្យ​ឃើញ​ថា​ជា​ពាក្យ​ប្រដៅ​មនុស្ស​សត្វ​ឱ្យ​មាន​ប្រយោជន៍​ក្នុង​បច្ចុប្បន្ន​នេះ​ផង ។ សូម​អស់លោក​ទាំងឡាយ​ជ្រាប​នេះ ព្រះ​ពុទ្ធ​សាសនា​នេះ​បើ​អ្នក​ណា​មួយ​បាន​កាន់ បាន​សិក្សា បាន​សង្កេត​ពិនិត្យ​មើល​ឱ្យ​សព្វ​គ្រប់​ទៅ​គង់​នឹង​បាន​ដឹង​ជា​ប្រាកដ ថា​មាន​រស​ជាតិ​ដ៏​ថ្លៃ​ថ្លា អាច​ឱ្យ​សម្រេច​ប្រយោជន៍​ដល់​ខ្លួន​អ្នក​ប្រតិបត្តិ​ក្នុង​បច្ចុប្បន្ន​នេះ​ផង ក្នុង​បរលោក​ខាង​មុខ​ផង ។ ឯ​សាសនា​ឯ​ទៀត​ដែល​មាន​ក្នុង​ស្រុក​យើង​ក៏​សុទ្ធ​តែ​មាន​ពាក្យ​ប្រដៅ​ឱ្យ​មនុស្ស​ប្រតិបត្តិ​ល្អ​ដោយ​ឡែក​ដែរ យើង​មិន​បន្តុះ​បង្អាប់​សាសនា​របស់​គេ​នោះ​ទេ ព្រោះ​ចូល​ចិត្ត​ថា ធម្មតា​ពាក្យ​ប្រដៅ​ដែល​ហៅ​សាសនា​នីមួយៗ បើ​ប្រសិន​ជា​ប្រដៅ​ឱ្យ​មនុស្ស​ប្រព្រឹត្ត​ធ្វើ​នូវ​អំពើ​សុទ្ធ​តែ​អាក្រក់​នោះ តើ​អ្នក​ណា​គេ​នឹង​ខំ​ប្រតិបត្តិ​តាម គឺ​មាន​ពាក្យ​ប្រដៅ​ឱ្យ​ធ្វើ​ល្អ​ដែរ បើ​មិន​មាន​ច្រើន​ក៏​គង់​មាន​ខ្លះ ល្មម​តែ​អ្នក​ដែល​ចូល​ចិត្ត​ជឿ​យក​មក​ប្រតិបត្តិ​តាម​បាន តែ​ទោះ​បី​មាន​ដូច្នោះ​ក្ដី​ក៏​គង់​មិន​មាន​លើស​លុប​ជាង​ព្រះ​ពុទ្ធ​សាសនា​ឡើយ ក្នុង​សាសនា​ឯ​ទៀត​បើ​មាន​សេចក្ដី​ប្រតិបត្តិ​ត្រូវ​ល្អ​ប៉ុន្មាន សេចក្ដី​ប្រតិបត្តិ​នោះ​ក៏​សឹង​មាន​បរិបូណ៌​គ្រប់​គ្រាន់​ខាង​ព្រះ​ពុទ្ធ​សាសនា​ឯ​ណេះ​ឥត​មាន​ខ្វះ ព្រោះ​ព្រះ​ពុទ្ធ​សាសនា​នេះ​កើត​មាន​ឡើង​មុន​សាសនា​ឯ​ទៀតៗជា​ច្រើន ។ ហេតុ​ដូច្នោះ អស់​លោក​អ្នក​ទាំងឡាយ​ដែល​បាន​ចូល​មកកាន់​ព្រះ​ពុទ្ធ​សាសនា​ហើយ គួរ​តាំង​ចិត្ត​ប្រតិបត្តិ​ឱ្យ​ស៊ប់សួន បើ​មាន​កិច្ច​ធុរៈ​រវល់​ចំពោះ​ខ្លួន​ច្រើន មិន​អាច​នឹង​ប្រតិបត្តិ​ឱ្យ​ពេញ​បន្ទុក​បាន ក៏​គប្បី​ប្រតិបត្តិ​យ៉ាង​តិច​ល្មម​សម​គួរ​ដល់​កម្លាំង​ដែល​អាច​នឹង​ប្រតិបត្តិ​ច្រើន​យ៉ាង តាម​ជាន់​នៃ​អ្នក​ប្រតិបត្តិ ដូច​សេចក្ដី​អធិប្បាយ​ត​ទៅ​ក្នុង​ខាង​មុខ ។ ម្យ៉ាង​ទៀត ការ​ប្រតិបត្តិ​តាម​ព្រះ​ពុទ្ធ​សាសនា​នេះ ដូច​ក្នុង​សម័យ​ឥឡូវ​នេះ​ជា​ការ​លំបាក​នឹង​ចេះ​ដឹង​ពេក​ទេ ពិត​មែន​ជា​ព្រះ​ពុទ្ធ​សាសនា​ប្រៀប​ដូច​ជា​របស់​មាន​តម្លៃ​តម្កល់​នៅ​ក្នុង​ទូ​ដ៏​មាំមួន​ពោល​គឺ​ព្រះ​ត្រៃបិដក ហើយ​ចាក់​សោ គឺ​ថា​ភាសា​បាលី អ្នក​ដែល​មិន​ចេះ​ភាសា​បាលី​ដូច​គេ​ឥត​មាន​កូន​សោ​នៅ​ដៃ មិន​អាច​នឹង​ចាក់​បើក​ទូ​យក​របស់​មាន​តម្លៃ គឺ​ព្រះ​ពុទ្ធ​សាសនា​មក​បាន ឯ​សព្វ​ថ្ងៃ​នេះ​ក្នុង​ស្រុក​យើង​កូន​សោ​កាន់​តែ​មាន​ក្រែល​ដែរ​ហើយ កូន​សោ​នោះ​គឺ​គម្ពីរ​សាត្រា ឬ​សៀវភៅ​ដែល​គេ​ប្រែ​ពី​ភាសា​បាលី​មក​ជា​ភាសា​យើង​ហើយ​បោះពុម្ព​ឡើង កាល​បើ​បាន​សៀវភៅ​ប្រែ​ធម៌​អាថ៌​ទាំងនោះ​មក​ក៏​ដូច​គេ​មាន​កូន​សោ​នៅ​ដៃ អាច​នឹង​ចាក់​ទូ​គឺ​ព្រះ​ត្រៃបិដក​បើក​យក​របស់​មាន​តម្លៃ​គឺ​ព្រះ​ពុទ្ធ​សាសនា មក​ប្រដាប់​តាក់​​តែង​ខ្លួន​គឺ​ប្រតិបត្តិ​តាម​ដូច​ប្រាថ្នា​បាន ។ ពុទ្ធ​សាសន​បដិបត្តិ សេចក្ដី​ប្រតិបត្តិ​ក្នុង​ព្រះ​ពុទ្ធ​សាសនា ដែល​អ្នក​កាន់​សាសនា​ត្រូវ​ប្រព្រឹត្ត​ប្រតិបត្តិ​តាម​នោះ បើ​ចែក​ដោយ​សង្ខេប​មាន ៣ ជាន់​គឺ ៖ ១- ជាន់​ខាង​ក្រោម​គឺ​លោកិយ​ធម៌ សម្រាប់​ពុទ្ធ​សាសនិក​ជន​គឺ​ជន​អ្នក​កាន់​ព្រះ​ពុទ្ធ​សាសនា​ជាន់​ក្រោម គឺ​អ្នក​ដែល​ជា​បុថុជ្ជន ប្រតិបត្តិ​ធ្វើ​តាម​ដើម្បី​នឹង​ឈាន​ឡើង​ទៅ​កាន់​ជាន់​កណ្ដាល ។ ២- ជាន់​កណ្ដាល​គឺ​លោកុត្តរ​ធម៌ សម្រាប់​ពុទ្ធ​សាសនិក​ជន​ជាន់​កណ្ដាល គឺ​អ្នក​ដែល​បាន​តម្កល់​នៅ​ក្នុង​មគ្គផល តាំង​ពី​ទី១ គឺ​សោតាបត្តិមគ្គ ដល់​ទី៧ គឺ​អរហត្ត​មគ្គ ប្រតិបត្តិ​ធ្វើ​តាម ដើម្បី​នឹង​ឈាន​ឡើង​ទៅ​កាន់​ជាន់​ខ្ពស់​បំផុត ។ ៣- ជាន់​ខ្ពស់​បំផុត​គឺ​លោកុត្តរ​ធម៌ សម្រាប់​ពុទ្ធសាសនិកជន​ជាន់​ខ្ពស់​បំផុត គឺ​អ្នក​ដែល​បាន​តម្កល់​នៅ​ក្នុង​អរហត្ត​ផល ប្រព្រឹត្ត​ប្រតិបត្តិ​តាម ។ ក្នុង​ឱកាស​នេះ នឹង​អធិប្បាយ​តែ​ត្រង់​សេចក្ដី​ប្រតិបត្តិ​ក្នុង​ព្រះ​ពុទ្ធ​សាសនា​ជាន់​ខាង​ក្រោម សម្រាប់​មនុស្ស​ជា​បុថុជ្ជន​ សេចក្ដី​ប្រតិបត្តិ​នោះ​មាន​បែប​ផ្សេង​គ្នា​ជា​ពីរ​យ៉ាង គឺ​សេចក្ដី​ប្រតិបត្តិ​សម្រាប់​អ្នក​បួស ១ សម្រាប់​គ្រហស្ថ ១ ។ នឹង​សម្ដែង​តែ​ត្រង់​សេចក្ដី​ប្រតិបត្តិ​សម្រាប់​គ្រហស្ថ ដោយ​សង្ខេប​ដូច​មាន​ត​ទៅ​នេះ ផ្លូវ​ប្រតិបត្តិ​ក្នុង​ព្រះ​ពុទ្ធ​សាសនា ដែល​គ្រហស្ថ​ត្រូវ​ប្រតិបត្តិ​នោះ​មាន​ច្រើន​ប្រការ មាន​តាំង​ពី​កិច្ច​ដែល​តម្កល់​ខ្លួន​នៅ​ក្នុង​ព្រះ​ត្រៃ​សរណគមន៍ ដរាប​ដល់​សេចក្ដី​ប្រតិបត្តិ​ធ្វើ​ខ្លួន​ឱ្យ​តម្កល់​នៅ​ក្នុង​អរិយ​ភូមិ មាន​សោតាបត្តិមគ្គ​ជា​ដើម ។ អ្នក​ដែល​ប្រតិបត្តិ​ក្នុង​ព្រះ​ពុទ្ធសាសនា កាល​ជាន់​ដើម​ពី​ក្នុង​ពុទ្ធ​សម័យ ឬ​ក៏​ក្នុង​កាល​ខាង​ក្រោយ​ត​ពី​ព្រះ​ជា​បរម​គ្រូ​ទ្រង់​ចូល​បរិនិព្វាន​រៀង​មក ក៏​រមែង​ប្រតិបត្តិ​ទៅ​តាម​សមគួរ​ដល់​សទ្ធា​ចិត្ត​របស់​ខ្លួន​ទី​ទៃៗ អ្នក​ខ្លះ​បាន​តម្កល់​នៅ​ក្នុង​ព្រះ​ត្រៃ​សរណគមន៍ អ្នក​ខ្លះ​តម្កល់​ខ្លួន​នៅ​ក្នុង​និច្ចសីល និង​ឧបោសថ​សីល និង​សុចរិតទាំង៣ប្រការ អ្នក​ខ្លះ​ក៏​បាន​ប្រតិបត្តិ​តាម​គន្លង​នៃ​សមថភាវនា​និង​វិបស្សនា​ភាវនា ដរាប​ដល់​ធ្វើ​ខ្លួន​ឱ្យ​ផុត​ជាតិ​ជា​បុថុជ្ជន ឱ្យ​តម្កល់​នៅ​ក្នុង​ទី​អរិយ​ភូមិ​បាន ។ អស់​លោក​អ្នក​ទាំង​ឡាយ ក៏​សុទ្ធ​តែ​ជា​អ្នក​ប្រកប​ដោយ​កិច្ច​កង្វល់ ក្នុង​ការងារ​ដែល​ត្រូវ បើ​មិន​អាច​នឹង​ប្រតិបត្តិ​ឱ្យ​សព្វ​គ្រប់​បាន ក៏​គប្បី​ប្រតិបត្តិ​ឱ្យ​សម​គួរ​ដល់​ស្ថាន​ដែល​ត្រូវ​បាន​ឈ្មោះ​ថា​ជា​អ្នក​កាន់​ព្រះ​ពុទ្ធ​សាសនា ត្រឹម​តែ​សេចក្ដី​ខាង​ក្រោយ​នេះ​គឺ ១- តម្កល់​ខ្លួន​នៅ​ក្នុង​ព្រះ​ត្រៃ​សរណគមន៍ គឺ​តាំង​ចិត្ត​ជឿ​ជាក់​ហើយ​ចេញ​វាចា​ប្រកាស​យក ព្រះ​ពុទ្ធ ព្រះ​ធម៌ និង​ព្រះ​សង្ឃ​ថា​ជា​ទី​ពឹង ទី​រឭក ព្រម​ទាំង​សេចក្ដី​ដឹង​ក្នុង​គុណ​នៃ​ព្រះ​រតន​ត្រ័យ​នោះ​ផង មាន​ដឹង​ថា ព្រះ​ពុទ្ធ​ព្រះ​អង្គ​មាន​នាម​ថា “អរហំ” ព្រោះ​ព្រះ​អង្គ​កម្ចាត់​បង់​ហើយ​នូវ​សត្រូវ​គឺ​ធម៌​ជា​គ្រឿង​សៅហ្មង​ដូច្នេះ​ជាដើម ដឹង​ថា “ស្វាក្ខាតោ ភគវតា ធម្មោ” ព្រះ​បរិយត្តិ​ធម៌​និង​នរលោកុត្តរ​ធម៌ ដែល​ព្រះ​អរហំ​សម្មាសម្ពុទ្ធ​ទ្រង់​ត្រាស់​សម្ដែង​ហើយ​ល្អ ដូច្នេះ​ជា​ដើម ដឹង​ថា “សុបដិបន្នោ ភគវតោ សាវកសង្ឃោ” ព្រះ​សង្ឃ​ជា​សាវក​របស់​ព្រះ​ដ៏​មាន​ព្រះ​ភាគ លោក​ប្រតិបត្តិ​ហើយ​ដោយ​ល្អ ដូច្នេះ​ជា​ដើម ។ ២- សមាទាន​រក្សា​សីល ៥ គឺ​វៀរ​មិន​សម្លាប់​បំបាត់​ជីវិត​សត្វ​តូច​ធំ ១ មិន​លួច​ទ្រព្យ​របស់​អ្នក​ដទៃដែល​មិន​ឱ្យ ១ មិន​ប្រព្រឹត្ត​ខុស​ក្នុង​ផ្លូវ​កាម ១ មិន​និយាយ​កុហក ១ មិន​ផឹក​សុរា ១ ។ (សីល ៥ នេះ​ត្រូវ​រក្សា​ឱ្យ​បាន​ជាប់​ជានិច្ច បើ​ប្រសិន​ជា​មាន​ដាច់​ត្រង់​សីល​ណា​មួយ​នៅ​ពេល​ណា​ដោយ​សេចក្ដី​ភ្លាំង​ភ្លាត់​នោះ ត្រូវ​សមាទាន​អំពី​អ្នក​ដទៃ ឬ​គ្រាន់​តែ​អធិដ្ឋាន​ដោយ​ខ្លួន​ឯង ឱ្យ​បាន​ជាប់​ឡើង​វិញ​ក៏​បាន) ។ ៣- រក្សា​នូវ​សុចរិត ៣ ប្រការ​គឺ កាយ​សុចរិត ១ វចី​សុចរិត ១ មនោ​សុចរិត ១ ។ កាយ​សុចរិត ប្រព្រឹត្ត​ល្អ​ដោយ​កាយ មាន ៣ ​យ៉ាង​គឺ វៀរ​មិន​ឱ្យ​សម្លាប់​បំបាត់​ជីវិត​សត្វ​តូច​ធំ ១ វៀរ​មិន​លួច​យក​ទ្រព្យ​របស់​អ្នក​ដទៃ ១ វៀរ​មិន​ប្រព្រឹត្ត​ខុស​ក្នុង​ផ្លូវ​កាម​គឺ​ការ​កន្លង​ប្រវេណី ១ ។ វចី​សុចរិត ប្រព្រឹត្ត​ល្អ​ដោយ​វាចា មាន ៣​យ៉ាង​គឺ វៀរ​មិន​និយាយ​កុហក ១ វៀរ​មិន​និយាយ​ពាក្យ​ញុះញង់ ១ វៀរ​មិន​និយាយ​អាក្រក់​គឺ​ពាក្យ​ចាក់​ដោត​ដោយ​ការ​ប្រទេច​ផ្ដាសា ១ វៀរ​មិន​និយាយ​ពាក្យ​ឥត​ប្រយោជន៍ ១ ។ មនោ​សុចរិត ប្រព្រឹត្ត​ល្អ​ដោយ​ចិត្ត មាន៣​យ៉ាង​គឺ មិន​មាន​ប្រាថ្នា​លោភលន់​ចង់​បាន​ទ្រព្យ​របស់​អ្នក​ដទៃ ១ មិន​មាន​គំនិត​គំនុំ​គុំ​ធ្វើ​អ្នក​ដទៃ​ឱ្យ​វិនាស ១ មាន​គំនិត​គិត​ត្រូវ​តាម​ហេតុ​ពិត ១ (តាំង​ពី​ត្រៃ​សរណគមន៍​ដល់​សុចរិត ៣ ប្រការ មាន​ពិស្ដារ​ក្នុង​សៀវភៅ​គិហិបដិបត្តិ) ។ សេចក្ដី​ប្រតិបត្តិ​ក្នុង​ព្រះ​ពុទ្ធ​សាសនា​ដូច​រៀប​រាប់​ខាងលើ​នេះ សូម្បី​បន្តិច​ប៉ុណ្ណេះ ក៏​គង់​តែ​នឹង​មាន​ប្រយោជន៍​ដល់​អ្នក​ដែល​ប្រតិបត្តិ​តាម​ដូច​សេចក្ដី​ខាង​ក្រោយ​នេះ ៖ ១- នឹង​បាន​នូវ​អំណរ​ពេញ​ចិត្ត​ខ្លួន​ឯង​ថា “ខ្លួន​អញ​បាន​តម្កល់​ខ្លួន​ក្នុង​ទី​ដ៏​ត្រូវ​ហើយ អញ​បាន​ត្រូវ​ហើយ អញ​ឥត​មាន​ខុស​ទេ ” ។ ២- នឹង​បាន​ជា​ទី​ទុក​ចិត្ត ជា​មនុស្ស​ជំនឿ​ពេញ​ចិត្ត​នៃ​អ្នក​ឯ​ទៀត គឺ​ថា​បើ​ខ្លួន​នៅ​ក្នុង​បន្ទុក​អ្នក​ឯ​ទៀត​ដែល​យស​សក្ដិ​ធំ​ជាង​ខ្លួន គេ​នឹង​ទុក​ចិត្ត​ជឿ​ស្រឡាញ់​រាប់​អាន ដោយ​គេ​ខឹង​ថា​ខ្លួន​ជា​អ្នក​សុចរិត​ល្អ​ហើយ គេ​នឹង​លើក​សរសើរ​ទំនុក​បម្រុង​ឱ្យ​បាន​នូវ​សេចក្ដី​ថ្កុំថ្កើង​និង​សេចក្ដី​សុខ​ស្រួល ព្រោះ​ហេតុ​ដែល​ខ្លួន​កាន់​សុចរិត​គួរ​ឱ្យ​គេ​ទុក​ចិត្ត​បាន ។ ៣- នឹង​មាន​កិត្តិសព្ទ​កេរ្តិ៍​ឈ្មោះ​ថា​ជា​អ្នក​ប្រព្រឹត្ត​សុចរិត​ត្រឹម​ត្រូវ ។ ៤- វេលា​ដែល​នឹង​ដល់​នូវ​មរណ​កាល ក៏​ឥត​មាន​សេចក្ដី​វង្វេង​ឡើយ ។ ៥- លុះ​ធ្វើ​មរណកាល​ទៅ​ហើយ ក៏​រមែង​បាន​ទៅ​កើត​ក្នុង​សុគតិភព ។ ម្យ៉ាង​ទៀត សូម​អស់​លោក​អ្នក​ទាំង​ឡាយ​ជ្រាប​ថា​ផល​ប្រយោជន៍​ដែល​កើត​ឡើង​អំពី​សេចក្ដី​ប្រតិបត្តិ​ក្នុង​ព្រះ​ពុទ្ធ​សាសនា ដូច​សេចក្ដី​អធិប្បាយ​ក្នុង​ខាង​លើ​នេះ ។ ប្រភព ៖ ទស្សនាវដ្ដី​កម្ពុជសុរិយា ឆ្នាំ១៩៣៧ ខ្សែទី១០-១១ ដោយ៥០០០ឆ្នាំ
images/articles/3057/54w3erswe.jpg
ផ្សាយ : ២៤ មិថុនា ឆ្នាំ២០២៤ (អាន: ៨,៤៤២ ដង)
កម្មដ្ឋាន ៤០ គឺ កសិណ ១០ អសុភ ១០ អនុស្សតិ ១០ ព្រហ្មវិហារ ៤ អារុប្ប ៤ សញ្ញា ១ វវដ្ឋាន ១ រួមជា ៤០។ កសិណ ១០ ១. បឋវីកសិណ យកដីធ្វើជាវង់កសិណ។ ២.អាបោកសិណ យកទឹកធ្វើជាវង់កសិណ។ ៣. តេជោកសិណ យកភ្លើងធ្វើជាវង់កសិណ។ ៤. វាយោកសិណ យកខ្យល់ធ្វើជាកសិណ។ ៥. នីលកសិណ យកវត្ថុមានពណ៌ខៀវជាកសិណ។ ៦. បីតកសិណ យកវត្ថុមានពណ៌លឿងជាកសិណ។ ៧. លោហិតកសិណ យកវត្ថុមានពណ៌ក្រហមជាកសិណ។ ៨. ឱទាតកសិណ យកវត្ថុមានពណ៌សជាកសិណ។ ៩. អាកាសកសិណ យកអាកាសដែលកំណត់ទុកជាកសិណ។ ១០. អាលោកកសិណ យកពន្លឺជាកសិណ។ អសុភ ១០ ១. ឧទ្ធុមាតក អសុភហើមពោរពងឡើង។ ២. វិនីលក អសុភហើមមានពណ៌ខៀវដោយច្រើន។ ៣. វិបុព្វក អសុភហើមមានខ្ទុះហូរទៅក្នុងខាងលើ ខាងក្រោម។ ៤. វិច្ឆិទ្ទក អសុភដែលគេកាត់ដាច់ពាក់កណ្តាលខ្លួន។ ៥. វិក្ខាយិតក អសុភដែលសត្វខាំកកេរស៊ីមានសំណាមរលុះរលាយផ្សេងៗ។ ៦. វិក្ខិត្តក អសុភដែលគេកាត់ដាច់ចេញពីគ្នាជាកំណាត់ៗ រាត់រាយទៅផ្សេងៗ។ ៧. ហតវិក្ខិត្តក អសុភដែលគេកាប់សាប់មានស្នាមសាំរវាម។ ៨. លោហិតក អសុភត្រូវប្រហារមានឈាមហូរស្រោចស្រប។ ៩. បុឡូវក អសុភមានដង្កូវចុះហូរចេញតាមទ្វារទាំង ៩។ ១០. អដ្ឋិក អសុភមានតែរាងឆ្អឹងរាត់រាយខ្ចាត់ខ្ចាយទៅផ្សេងៗ។ អនុស្សតិ ១០ ១. ពុទ្ធានុស្សតិ សេចក្តីរលឹករឿយៗ មានពុទ្ធគុណជាអារម្មណ៍។ ២. ធម្មានុស្សតិ សេចក្តីរលឹករឿយៗ មានធម្មគុណជាអារម្មណ៍។ ៣. សង្ឃានុស្សតិ សេចក្តីរលឹករឿយៗ មានសង្ឃគុណជាអារម្មណ៍។ ៤. សីលានុស្សតិ សេចក្តីរលឹករឿយៗ មានសីលជាអារម្មណ៍។ ៥. ចាគានុស្សតិ សេចក្តីរលឹករឿយៗ មានចាគគុណជាអារម្មណ៍។ ៦. ទេវតានុស្សតិ សេចក្តីរលឹករឿយៗ មានសទ្ធាទិគុណរបស់ទេវតា និងសទ្ធាទិគុណ​របស់​ខ្លួន​ជា​អារម្មណ៍។ ៧. មរណានុស្សតិ សេចក្តីរលឹករឿយៗ មានសេចក្តីស្លាប់ជាអារម្មណ៍។ ៨. កាយគតាសតិ សេចក្តីរលឹកតាំងចុះក្នុងកាយ មានកោដ្ឋាសនិមិត្ត [និមិត្តរបស់​ចំណែក​នៃ​អាការៈ​ទាំង ៣២ មានសក់ជាដើម(នៃអាការៈ មានសក់ជាដើមជាអារម្មណ៍)។ ៩. អានាបានស្សតិ សេចក្តីរលឹក មានអស្សាសបស្សាសនិមិត្ត (និមិត្តរបស់ខ្យល់​ដង្ហើម​ចេញ​ចូល។)ជាអារម្មណ៍។ ១០. ឧបសមានុស្សតិ សេចក្តីរលឹករឿយៗ មានគុណរបស់ព្រះនិព្វានដែល​ជាទីរម្ងាប់​នូវទុក្ខ​ទាំង​ពួងជាអារម្មណ៍។ ព្រហ្មវិហារ ៤ ១. មេត្តា ផ្សាយមេត្តាដល់សព្វសត្វទាំងអស់។ ២. ករុណា ផ្សាយករុណាដល់សព្វសត្វទាំងអស់។ ៣. មុទិតា ផ្សាយមុទិតាដល់សព្វសត្វទាំងអស់។ ៤. ឧបេក្ខា ផ្សាយឧបេក្ខាដល់សព្វសត្វទាំងអស់។ អារុប្ប ៤ ១. អាកាសនញ្ចាយតនៈ យកអាកាសក្នុងបដិភាគនិមិត្ត ដែលកើតអំពីកសិណ ៩ លើកអាកាសកសិណ​ចេញ ដែលមិនមានទីបំផុតជាអារម្មណ៍។ ២. វិញ្ញាណញ្ចាយតនៈ ស្រាវយកអរូបវិញ្ញាណទី១ ដែលផ្សាយទៅមិនមាន​ទីបំផុត​មក​ជា​អារម្មណ៍។ ៣. អាកិញ្ចញ្ញាយតនៈ កំណត់យកអរូបវិញ្ញាណទី១ ដែលផ្សាយទៅមិនមាន​កង្វល់តិច​តួច​មក​ជាអារម្មណ៍។ ៤. នេវសញ្ញានាសញ្ញាយតនៈ កំណត់យកសេចក្តីល្អិតរបស់អរូបវិញ្ញាណទី២ ដែល​មាន​ស្ទើរ​តែនឹងមិនមានមកជាអារម្មណ៍។ សញ្ញា ១ សញ្ញានោះ សំដៅយក អាហារេបដិកូលសញ្ញា ដែលយោគាវចរពិចារណា​អាហារ​ដោយ​បដិកូល។ វវដ្ឋាន ១ វវដ្ឋាននោះ សំដៅយកចតុធាតុវវដ្ឋាន ដែលព្រះយោគាវចរពិចារណាកំណត់ធាតុទាំង ៤ ក្នុង​ករជកាយ។ រួមទាំងអស់ ត្រូវជាកម្មដ្ឋាន ៤០។ ដោយ៥០០០ឆ្នាំ (ប្រភព)
images/articles/3059/2book.jpg
ផ្សាយ : ២៤ មិថុនា ឆ្នាំ២០២៤ (អាន: ១៦,១០៧ ដង)
សីល​មាន​ន័យថា ទំលាប់ ឬប្រក្រតី ដោយ​សេចក្តីពីរយ៉ាងគឺ សមាធាន កិរិយាដម្កល់ដោយប្រពៃ គឺ​ភាព​មិន​រាត់រាយ​នៃកាយកម្ម វចីកម្ម មនោកម្ម ដោយ​អំណាច​នៃ​ខ្លួន​ជាអ្នក​មាន​សីល​ល្អ​បរិសុទ្ធ។ ឧបធារណៈ កិរិយាចូលទៅទ្រទ្រង់ គឺភាព​ទ្រទ្រង់​ដោយ​អំណាច​នៃ​ការ​ដម្កល់​នៃ​ធម៌​ជា​កុសល​ទាំងឡាយ កុសល​ទាំងនោះ ទុកជា​រូបាវចរកុសល​ក្តី អរូបាវចរ​កុសល​ក្តី ដែលតាំង​នៅ​​ស្ថិត​ស្ថេរ​បាន អាស្រ័យ​មាន​សីល​ជា​ឫសគល់ បើគ្មាន​សីល​ជា​ឫសគល់​ទេ កុសល​ទាំងនោះ ក៏​រលត់​រលាយ​បាត់ទៅ ព្រោះហេតុ​នោះ សាធុជន អ្នក​ចង់បាន​សេចក្តី​សុខ ដែល​ត្រូវ​ញុំាង​កុសល​ជា​រូបាវចរ ឬ​លោកុត្តរ ឲ្យ​កើតឡើង​ក្នុង​សន្តាន​នៃ​ខ្លួន ក៏គប្បី​ជម្រះ​សីល​ដែល​ខ្លួន​បាន​សមាទាន​ហើយ​ ឲ្យស្អាត​បរិសុទ្ធ​ផូរផង់ កុំគប្បី​ឲ្យ​មាន​សេចក្តី​សៅហ្មង​ឡើយ។​ ន័យម្យ៉ាងទៀត សីល​មាន​ន័យ​ ៤​ផ្សេង​ទៀតគឺសិរដ្ឋោ មាន​អត្ថ​ថា​ កំពូល។ សីល​ជាគុណជាតិមួយ ជាគ្រឿង​ប្រក់​រក្សា​ទុកនូវ​កុសល​ដទៃ​ មានកុសល​ថ្នាក់​សមាធិ ឬកុសល​ថ្នាក់​វិបស្សនា​ជាដើម ព្រោះ​ហេតុថា កុសល​ទាំង​អស់នោះ កាលបើ​គ្មាន​សេចក្តី​សង្រួម គឺសីល​ជា​ខាង​ដើម​ទេ នោះក៏​មិន​កើត​ឡើង​បាន។ ប្រសិន​ណាបើ​កុសល​ទាំង​អស់នោះ​បាន​កើតឡើង​ហើយ ដោយ​មាន​សីល​ជាហេតុ​ខាង​ដើម តែ​ដល់​ពេលក្រោយ សីល​នោះ​រលត់​បាត់​ទៅ កុសល​ទាំងអស់​នោះ ក៏ត្រូវ​សាប​សូន្យ​ទៅវិញ​ដែរ។ សីសដ្ឋោ មាន​អត្ថថា ក្បាល។ សត្វទាំងឡាយ បើគ្មានក្បាល​ទេ ក៏ត្រូវ​ស្លាប់​អស់​ជីវិត​ទៅ មាន​ឧបមា​យ៉ាងណា កុសល​ទាំងឡាយ មាន​កុសល​ថ្នាក់​សមាធិ បញ្ញា និង​លោកុត្តរ ដែល​កើតឡើង និង​មាន​ការ​ប្រព្រឹត្ត​រីកចំរើន​ទៅបាន ក៏ព្រោះ​តែសីល កាលបើ​គ្មាន​សីល​ហើយ កុសល​ទាំងនោះ​ក៏​ត្រូវ​រលត់​សាប​សូន្យទៅ ក៏មាន​សេចក្តី​ឧបមេយ្យ​យ៉ាង​នោះ​ដែរ។ សីតលដ្ឋោ សីលមានអត្ថថា ត្រជាក់។ សីល​ជាគុណជាតិ​មួយ បដិបក្ខ​នឹង​ទោសៈ កាល​បើ​សីល​កើតឡើង​ក្នុង​សន្តាន​ចិត្ត​ហើយ ទោសៈ (ធម្មជាតិ​ប្រទូស្ត​ក្នុង​អារម្មណ៍) ក៏​រលត់​ទៅ កិលេស គឺទោសៈ​នេះហើយ ដែលជា​តួ​ភ្លើងមួយ តែង​ដុត​កំដៅ​នូវ​ចិត្ត​សត្វ​ឲ្យ​ក្តៅ​ក្រហល់​ក្រហាយ​ឆេះឡើង​បណ្តាល​ឲ្យសត្វ​​ទាំងឡាយ សាង​នូវ​អំពើ​បាប​ប្រកប​ដោយ​កាយ វាចា ចិត្ត មាន​ការ​សម្លាប់​សត្វ​ ជេរប្រទេច​ជាដើម ដែល​ឲ្យ​ផល​ជាទុក្ខ​ក្នុង​សំសារវដ្ត។ សត្វ​ទាំងអស់ កាលបើ​បាន​ធ្វើ​នូវ​សេចក្តី​សង្រួម​កាយ វាចា ចិត្ត​ឲ្យ​ផុត​ចាក​បាបកម្ម​ ជាង្នក​មិនមាន​ទោសៈ មាន​ចិត្ត​ស្ងប់​ស្រួល កាយកម្ម​ក៏​ស្ងប់ វចីកម្ម ក៏ស្ងប់ មនោកម្ម​ក៏ស្ងប់ ម្ល៉ោះ​ហើយ​សត្វ​ទាំងនោះ ក៏ដល់​នូវ​ការ​ត្រជាក់​សុខស្រួល ផុត​ចាក​ពៀរ​វេរា​គ្រប់​យ៉ាង​ដែល​កើត​អំពី​បាបកម្ម រស់នៅ​ជាសុខ​ក្នុង​បច្ចុប្បន្ន​ជាតិនេះ នឹង​បាន​សុខ​តទៅ​ក្នុង​លោក​ខាងមុខ​ថែមទៀត។ សិវដ្ឋោ មានអត្ថថា ក្សេមក្សាន្ត។ មាន​ព្រះពុទ្ធដីកា​ថា សីលេន និព្វុតឹ យន្តិ សត្វ​ទាំង​ឡាយ​ទៅដល់​ព្រះនិព្វាន​ជាទី​រលត់​បង់នូវ​សេចក្តី​ទុក្ខ​គ្រប់​យ៉ាង ក៏ព្រោះ​សីល។ ព្រះ​និព្វាន ជាទី​សុខ​ក្សេមក្សាន្ត ចាក​សេចក្តី​ទុក្ខ​​គ្រប់យ៉ាង ព្រះយោគាវចរ ដែល​បាន​ដល់​ទី​នោះ មិនមែន​បាន​ដោយ​ហេតុ​ដទៃឡើយ គឺដល់​ព្រះនិព្វាន​ដោយ​អាស្រ័យ​សេចក្តី​ប្រតិបត្តិ​ក្នុង​សមថវិបស្សនា​កម្មដ្ឋាន ដែល​មាន​ការ​រក្សាសីល​ជាហេតុ។ ម្យ៉ាងទៀត សូម្បី​សត្វ​ទាំងឡាយ ដែល​នៅ​អន្ទោល​ទៅ​មកក្នុង​ភពបី ដែល​បាន​ទទួល​សោយ​នូវ​សេចក្តី សុខ​ដ៏ច្រើន ក៏ព្រោះ​​ការ​រក្សាសីល​ជាហេតុ ដូច​ពុទ្ធដីកា​ថា សីលេន សុគតឹ យន្តិ សីលេន ភោគសម្បទា សត្វទាំងឡាយទៅកាន់​សុគតិ ក៏ព្រោះ​សីល ការ​បរិបូណ៌​ដោយ​ភោគ​សម្បត្តិ ក៏ព្រោះ​សីល។ សត្វ​ទាំងឡាយ ដែល​មិនបាន​សេចក្តី​សុខ តែង​ជួប​នូវ​សេចក្តី​ទុក្ខ​លំបាក និង​មហន្តរាយ មាន​ការ​កើត​ក្នុង​មហានរក ប្រេត​ អសុរកាយ តិរច្ឆាន ព្រោះ​តែ​គ្មាន​សីល។ សត្វ​ទាំងឡាយ​ដែល​កើត​ក្នុង​ភពបី បាន​សោយ​នូវ​ទោស ៥យ៉ាង គឺ អាយុ​ខ្លី ១ វិនាសទ្រព្យ ១ ខ្ទើយ ឬច្រើន​ដោយ​ការ​ជាប់ចោទ​អំពី​សំណាក់​នៃ​ជន​ដទៃ ១ ការ​ពោល​បង្កាច់​បង្ខូច​ចំពោះ​ពាក្យដែល​ខ្លួន​ពោល​ពិតហើយ ១ ការ​ឆ្កួត​លីលា​វង្វេង ១ ព្រោះ​ទោស​ គឺការមិន​រក្សា​សីល​ហ្នឹងឯង។ សីល មានធម៌ពីរយ៉ាង ជាហេតុពិត។ ហិរិ សេចក្តីខ្មាសបាប។ មាន​ឧបមា ដូចជាបុរសខ្ពើមលាមក មិនចង់​ចាប់ពាល់​ដោយ​ដៃ​យ៉ាងណា បាបធម៌ បុគ្គលគួរ​ខ្ពើម មិនប្រព្រឹត្ត​អំពើបាប​នោះ ក៏យ៉ាងនោះដែរ។ ឱត្តប្ប សេចក្តីតក់ស្លុតនឹងអំពើបាប។ មានឧបមា ដូចជា​បុគ្គល​មិន​ចាប់​ពាល់​នូវ​ភ្លើង​ដែល​កំពុង​​ឆេះ ព្រោះ​ខ្លាច​រលាក​យ៉ាងណា បុគ្គល​មិន​គួរ​ប្រព្រឹត្ត​អំពើ​បាប ព្រោះ​ខ្លាច​ទោស​នៃ​អំពើ​បាប​នោះ​ឲ្យផល​ ក៏យ៉ាង​នោះ​ដែរ។ សេចក្តីពិតថា កាលដែលហិរិ និង​ឱត្តប្បមាន សីល​រមែង​កើតឡើងផង ស្ថិតនៅផង តែបើ​ហិរិ និង​ឱត្តប្ប​មិនមាន​ទេនោះ សីល​កើតឡើង តែ​មិនស្ថិតនៅ។ អានិសង្សរបស់សីលក្នុងគម្ពីរវិសុទ្ធិមគ្គមានសេចក្តីថា កាលបើសីលបរិសុទ្ធហើយ ជាបច្ច័យ​កើត​ឡើង​អវិប្បដិសារៈ (សេចក្តី​មិន​ក្តៅក្រហាយ​ស្តាយ​ក្រោយ)។ អវិប្បដិសារៈ​កើតឡើង ជាបច្ច័យ​ឲ្យកើត​បាមោជ្ជៈ (សេចក្តី​រីករាយ​​ទន់)។ បាមោជ្ជៈ​កើតឡើង ជាបច្ច័យ​ឲ្យ​កើត​បីតិ (សេចក្តី​ឆ្អែត​ចិត្ត)។ បីតិកើត​ឡើង​ហើយ ជាបច្ច័យ​ឲ្យ​កើត​បស្សទ្ធិ (សេចក្តី​ស្ងប់​កាយ​ស្ងប់​ចិត្ត)។ បស្សទ្ធិ​កើតឡើង​ហើយ ជាបច្ច័យ​ឲ្យ​កើត​សុខ (សេចក្តី​ស្រួល​កាយ ស្រួលចិត្ត)។ សុខ​កើតឡើង​ហើយ ជាបច្ច័យ​ឲ្យកើត​សមាធិ (ការ​តម្កល់​ចិត្ត​នឹង)។ សមាធិ​កើតឡើង​ហើយ ជាបច្ច័យ​ឲ្យកើត​យថាភូតញ្ញាណទស្សន (ប្រាជ្ញាដែល​ដឹង​ច្បាស់ ឃើញ​ច្បាស់​នូវ​ធម៌​តាមពិត)។ យថាភូតញ្ញាណទស្សន​កើតឡើងហើយ ជាបច្ច័យ​ឲ្យកើត​និព្វិទា (សេចក្តី​នឿយណា)។ និព្វិទា​កើត​ឡើង​ហើយ ជាបច្ច័យ​ឲ្យកើត​វិរាគ (ការ​ប្រាសចាក​តម្រេក)។ វិរាគ​កើតឡើង​ហើយ ជាបច្ច័យ​ឲ្យកើត​វិមុត្តិ (ការរួច​ផុត​ស្រឡះ​ចាក​កិលេស)។ វិមុត្តិ​កើតឡើង​ហើយ ជាបច្ច័យ​ឲ្យកើត​វិមុត្តិញ្ញាណទស្សន (ប្រាជ្ញា​ដឹងច្បាស់ ឃើញ​ច្បាស់​ថា រួច​ផុត​ស្រឡះ​ចាក​កិលេស)។ អានិសង្ស​សីល ៥ទៀតគឺ ១. បុគ្គលអ្នកមានសីល មានសីលបរិបូណ៌ រមែង​បាន​នូវ​គំនរ​ភោគសម្បត្តិ​ដ៏​ច្រើន ដែល​មាន​សេចក្តី​មិន​ប្រមាទ​ជាហេតុ។ ២. កល្យាណកិត្តិស័ព្ទរបស់អ្នកមានសីល មានសីល​ពេញ​លេញ រមែង​ផុសផុល​ឡើយ។ ៣. បុគ្គលអ្នកមានសីល មានសីលបរិបូណ៌ រមែង​ចូលទៅ​កាន់​បរិស័ទ​ណាមួយ ទុក​ជា​ខត្តិយ​បរិស័ទក្តី ព្រាហ្មណ​បរិស័ទ​ក្តី គហបតិ​បរិស័ទ​ក្តី សមណ​បរិស័ទ​ក្តី ជាអ្នក​ក្លៀវ​ក្លា មិន​អៀន​អន់​ចូល​ទៅរក។ ៤. បុគ្គលអ្នកមានសីល មានសីលបរិបូណ៌ ជាអ្នក​មិនវង្វេង ធ្វើ​កាលកិរិយា (ស្លាប់)។ ៥. បុគ្គលអ្នកមានសីល មានសីលបរិបូណ៌ បន្ទាប់​អំពី​បែកធ្លាយ​កាយ​ទៅ រមែង​ចូល​ទៅ​កើត​ក្នុង​សុគតិ​សួគ៌​ទេវលោក។ (បិ. ៥៧, ឃ.២៤២) សិក្ខាបទ ៥ បាណាតិបាតា វេរមណី ចេតនា ជាហេតុ​វៀរចាក​កិរិយា​ធ្វើ​សត្វ​មាន​ជីវិត​ឲ្យ​ធ្លាក់​ចុះ​កន្លង គឺសម្លាប់​សត្វ។ អទិន្នាទានា វេរមណី ចេតនា ជាហេតុ​វៀរចាក​កិរិយា​កាន់​យក​នូវ​វត្ថុ​ដែល​គេ​មិន​បាន​ឲ្យ​ដោយ​កាយ ឬ​ដោយ​វាចា។ កាមេសុមិច្ឆាចារា វេរមណី ចេតនា ជាហេតុ​វៀរចាក​កិរិយា​ប្រព្រឹត្តខុស​ក្នុង​កាម​ទាំង​ឡាយ។ មុសាវាទា វេរមណី ចេតនា ជាហេតុ​វៀរចាក​កិរិយា​ពោល​នូវ​ពាក្យ​កុហក។ សុរាមេរយមជ្ជប្បមាទដ្ឋានា វេរមណី ចេតនា ជាហេតុ​វៀរចាក​ហេតុ​ជា​ទីតាំង​នៃ​សេចក្តី​ប្រមាទ គឺ​ផឹក​នូវ​ទឹក​ស្រវឹង គឺ​សុរា និង​មេរ័យ។ សិក្ខាបទ ១០ បាណាតិបាតា វេរមណី ចេតនា ជាហេតុ​វៀរចាក​កិរិយា​ធ្វើ​សត្វ​មាន​ជីវិត​ឲ្យ​ធ្លាក់​ចុះ​កន្លង គឺសម្លាប់​សត្វ។ អទិន្នាទានា វេរមណី ចេតនា ជាហេតុ​វៀរចាក​កិរិយា​កាន់​យក​នូវ​វត្ថុ​ដែល​គេ​មិន​បាន​ឲ្យ​ដោយ​កាយ ឬ​ដោយ​វាចា។ អព្រហ្មចរិយា វេរមណី ចេតនា ជាហេតុ​វៀរចាក​កិរិយា​ប្រព្រឹត្ត​នូវ​ធម៌​មិន​ប្រសើរ គឺ​សេព​នូវ​មេថុនធម្ម។ មុសាវាទា វេរមណី ចេតនា ជាហេតុ​វៀរចាក​កិរិយា​ពោល​នូវ​ពាក្យ​កុហក។ សុរាមេរយមជ្ជប្បមាទដ្ឋានា វេរមណី ចេតនា ជាហេតុ​វៀរចាក​ហេតុ​ជា​ទីតាំង​នៃ​សេចក្តី​ប្រមាទ គឺ​ផឹក​នូវ​ទឹក​ស្រវឹង គឺ​សុរា និង​មេរ័យ។ វិកាលភោជនា វេរមណី ចេតនា ជាហេតុ​វៀរចាក​កិរិយា​បរិភោគ​នូវ​ភោជនាហារ​ក្នុង​កាល​ខុស។ នច្ចគីតវាទិតវិសូកទស្សនា វេរមណី ចេតនា ជាហេតុ​វៀរចាក​កិរិយា​រាំ និង​ច្រៀង និង​ប្រគំ និង​មើល​នូវ​ល្បែង​ដែល​ជា​សត្រូវ​ដល់​កុសលធម៌។ មាលាគន្ធវិលេបន ធារណមណ្ឌន វិភូសនដ្ឋានា វេរមណី ចេតនា ជាហេតុ​វៀរចាក​កិរិយា​ទ្រទ្រង់ និង​ប្រដាប់​តាក់តែង និង​ស្អិតស្អាង (រាងកាយ) ដោយ​ផ្កា​កម្រង និង​គ្រឿង​ក្រអូប និង​គ្រឿង​លាប​ផ្សេងៗ។ ឧច្ចាសយនមហាសយនា វេរមណី ចេតនា ជាហេតុ​វៀរចាក​ទីសេនាសនៈ​ដ៏ខ្ពស់​ហួស​ប្រមាណ និង​សេនាសនៈ​ដ៏​ប្រសើរ។ ជាតរូបរជតប្បដិគ្គហនា វេរមណី ចេតនា ជាហេតុ​វៀរចាក​កិរិយា​ទទួល​កាន់​យក​​នូវ​មាស និង​ប្រាក់ ដោយ​ខ្លួន​ឯង ឬប្រើ​អ្នកដទៃ​ឲ្យ​ទទួល​កាន់យក​ហើយ​ត្រេកអរ​ចំពោះ​មាស និង​ប្រាក់​នោះ។ សិក្ខាបទ ៨ បាណាតិបាតា វេរមណី ចេតនា ជាហេតុ​វៀរចាក​កិរិយា​ធ្វើ​សត្វ​មាន​ជីវិត​ឲ្យ​ធ្លាក់​ចុះ​កន្លង គឺសម្លាប់​សត្វ។ អទិន្នាទានា វេរមណី ចេតនា ជាហេតុ​វៀរចាក​កិរិយា​កាន់​យក​នូវ​វត្ថុ​ដែល​គេ​មិន​បាន​ឲ្យ​ដោយ​កាយ ឬ​ដោយ​វាចា។ អព្រហ្មចរិយា វេរមណី ចេតនា ជាហេតុ​វៀរចាក​កិរិយា​ប្រព្រឹត្ត​នូវ​ធម៌​មិន​ប្រសើរ គឺ​សេព​នូវ​មេថុនធម្ម។ មុសាវាទា វេរមណី ចេតនា ជាហេតុ​វៀរចាក​កិរិយា​ពោល​នូវ​ពាក្យ​កុហក។ សុរាមេរយមជ្ជប្បមាទដ្ឋានា វេរមណី ចេតនា ជាហេតុ​វៀរចាក​ហេតុ​ជា​ទីតាំង​នៃ​សេចក្តី​ប្រមាទ គឺ​ផឹក​នូវ​ទឹក​ស្រវឹង គឺ​សុរា និង​មេរ័យ។ វិកាលភោជនា វេរមណី ចេតនា ជាហេតុ​វៀរចាក​កិរិយា​បរិភោគ​នូវ​ភោជនាហារ​ក្នុង​កាល​ខុស។ នច្ចគីតវាទិតវិសូកទស្សនា មាលាគន្ធវិលេបន ធារណមណ្ឌន វិភូសនដ្ឋានា វេរមណី ចេតនា ជាហេតុ​វៀរចាក​កិរិយា​រាំ និង​ច្រៀង និង​ប្រគំ និង​មើល​នូវ​ល្បែង​ដែល​ជា​សត្រូវ​ដល់​កុសលធម៌ និង​ទ្រទ្រង់ និង​ប្រដាប់​តាក់តែង និង​ស្អិតស្អាង (រាងកាយ) ដោយ​ផ្កា​កម្រង និង​គ្រឿង​ក្រអូប និង​គ្រឿង​លាប​ផ្សេងៗ។ ឧច្ចាសយនមហាសយនា វេរមណី ចេតនា ជាហេតុ​វៀរចាក​ទីសេនាសនៈ​ដ៏ខ្ពស់​ហួស​ប្រមាណ និង​សេនាសនៈ​ដ៏​ប្រសើរ។ ដោយ៥០០០ឆ្នាំ
images/articles/3060/Buddhist-Hell-Garden-12.jpg
ផ្សាយ : ២៤ មិថុនា ឆ្នាំ២០២៤ (អាន: ៧,៧៣០ ដង)
សីលវិបត្តិ ការវិនាសនៃសីល ទោសនៃការវិនាសសីល របស់បុគ្គលអ្នកទ្រុស្តសីល គឺ​ព្រះមានព្រះភាគ​ទ្រង់សំដែងក្នុងព្រះសូត្រ មាន៥ប្រការ បុគ្គលអ្នកទ្រុស្តសីល តែងបាន​នូវ​ទោស ៥យ៉ាងគឺ ១. មិនបាននូវគំនរទ្រព្យសម្បត្តិ (ទ្រព្យសម្បត្តិចេះតែវិនាស)។ ២. កិត្តិស័ព្ទអាក្រក់ផុសអណ្តែតឡើង។ ៣. តែងមានមុខអៀនអន់ ដាក់មុខសំយុងចុះ ក្នុងកាលចូលទៅកាន់ទីប្រជុំជន។ ៤. វង្វេងស្មារតី ក្នុងពេលធ្វើកាលកិរិយា (ស្លាប់)។ ៥. បន្ទាប់អំពីបែកធ្លាយ ទំលាយខន្ធទៅ តែងចូលទៅកើតក្នុងអបាយភូមិ។ ម្យ៉ាងទៀត ក្នុងសព្វលហុសូត្រ ព្រះមានព្រះភាគទ្រង់ត្រាស់សំដែង​អំពី​ទោសរបស់​បញ្ចវេរា​​ដោយ​មាន​សេចក្តីថា ១. អំពើ គឺ ការសម្លាប់សត្វមានជីវិត តែងនាំសត្វឲ្យកើត​ក្នុងនរក កំណើត​​តិរច្ឆាន ប្រែតវិស័យ បើសិនជាកម្មនោះជាកម្មស្រាលបំផុត កាលបើកើតជាមនុស្ស នាំឲ្យ​អាយុខ្លី។ ២. អំពើ គឺការលួចទ្រព្យគេ តែងនាំសត្វឲ្យកើតក្នុងនរក កំណើត​តិរច្ឆាន ប្រែតវិស័យ បើកម្មនោះជាកម្មស្រាលបំផុត កាលបើកើតជាមនុស្ស ក៏នាំមកនូវសេចក្តីវិនាស​ទ្រព្យសម្បត្តិ។ ៣. អំពើ គឺការប្រព្រឹត្តខុសក្នុងកាម តែងនាំសត្វឲ្យកើតក្នុងនរក កំណើត​តិរច្ឆាន ប្រែតវិស័យ បើកម្មនោះជាកម្មស្រាលបំផុត កាលបើកើតជាមនុស្ស ក៏នាំមកនូវ​ពៀរ មួយអន្លើដោយសត្រូវ។ ៤. អំពើ គឺការពោលពាក្យកុហក តែងនាំសត្វឲ្យកើតក្នុងនរក កំណើត​តិរច្ឆាន ប្រែតវិស័យ បើកម្មនោះជាកម្មស្រាលបំផុត កាលបើកើតជាមនុស្ស តែងជួប​ប្រទះ​នូវការពោលបង្កាច់អំពីសំណាក់នៃជនដទៃ។ ៥. អំពើ គឺការផឹកទឹកស្រវឹង តែងនាំសត្វឲ្យកើតក្នុងនរក កំណើត​តិរច្ឆាន ប្រែតវិស័យ បើកម្មនោះជាកម្មស្រាលបំផុត កាលបើកើតជាមនុស្ស ក៏នាំឲ្យទៅជា​មនុស្សឆ្កួត​លីលា។ ម្យ៉ាងទៀត ទោសរបស់សីលវិបត្តិ គឺបុគ្គលអ្នកទ្រុស្តសីល មិនជាទីគាប់ចិត្តរបស់ទេវតា និង​មនុស្សទាំងឡាយ ជាបុគ្គល គឺ​សព្រហ្មចារីមិនគប្បីទូន្មានរឿយៗ ប្រកបដោយ​ទុក្ខ​ដល់​​សព្រហ្មចារី ដែលកើតវិប្បដិសារី ក្នុងពេលដែលគេតិះដៀល បុគ្គលអ្នកទ្រុស្តសីល និងសរសើរនូវបុគ្គលអ្នកមានសីល មានសម្បុរអាក្រក់ ដូចជាសំពត់សាដក ដែលគេធ្វើ​អំពីសំបកធ្មៃ មានកិរិយាប៉ះព្រមនូវទុក្ខ មានតម្លៃតិច មានការជម្រះលំបាក ដូចជា​រណ្តៅ​លាមក ដែលគេកប់អស់ឆ្នាំជាអនេក ជាអ្នកបួសខាងក្រៅអំពីឧភតោសង្ឃ ដូចជា​អង្កត់​ឧស ដែល គេដុតខ្មោចហើយ សូម្បីប្តេជ្ញាខ្លួនឯងថាជាភិក្ខុ ក៏មិនមែនជាភិក្ខុ ដូច​សត្វលា ជាប់តាមហ្វូងគោ មានសេចក្តីតក់ស្លុតរឿយៗ ដូចជាបុរសប្រកបដោយពៀរទាំងអស់ មិនគួរ​រួមនៅជាមួយ ដូចជាសាកសព សូម្បីប្រកបដោយគុណ មានសុតៈជាដើម ក៏មិនគួរ​ដល់ការបូជា​របស់​សព្រហ្មចារីទាំងឡាយ ដូចជាភ្លើងក្នុងព្រៃដុតខ្មោច មិនគួរដល់ការ​បូជា​របស់ពួកព្រាហ្មណ៍ មិនគួរត្រាស់ដឹងនូវគុណវិសេស ដូចមនុស្សមិនគួរក្នុងកាលឃើញរូប អស់សង្ឃឹមក្នុងប្រះសទ្ធម្ម ឬដូចជាកុមារតូចនៃចណ្ឌាល អត់មានសង្ឃឹមក្នុងរាជ្យ សូម្បី​កាល​សំគាល់នូវខ្លួនថា អញជាអ្នកប្រកបដោយសេចក្តីសុខក្នុងរាជ្យ ក៏ប្រកបដោយ​សេចក្តី​ទុក្ខតែម្យ៉ាង មែនពិត។ ដោយ៥០០០ឆ្នាំ
images/articles/3081/__________________.jpg
ផ្សាយ : ២៤ មិថុនា ឆ្នាំ២០២៤ (អាន: ៣,១២៩ ដង)
ខ្លឹមសារនៅក្នុង ខជ្ជនីយវគ្គទី ៣ ( បិដក ៣៣ ទំព័រ ២១៧ ) លោកនេះ គឺបែបហ្នឹងឯង ។ ភ្លឺងងឹត ជិតឆ្ងាយ សុខទុក្ខ រីករាយសោកសៅ...កើតឡើងហើយវិនាសទៅ ។ មនុស្សដ៏ច្រើនបានកើតទុក្ខកន្ទក់កន្ទេញថា ម្ដេចក៏សេចក្ដីស្លាប់មកឆាប់យ៉ាងនេះ...។ កិច្ចបដិបត្តិក្នុងព្រះធម៌ គឺសតិរលឹកដឹង វិបស្សនាឃើញសង្ខារលោកតាមពិតថា បែបហ្នឹងឯង ( តថានិ ) ហើយមិនកើតទុក្ខក្នុងចិត្តឡើយ ប៉ុណ្ណឹង ជាការសមរម្យហើយ ។ ភិក្ខវេ... សោ ឯវំ បជានាតិ នត្ថិ នុ ខោ តំ កិញ្ចិ លោកស្មឹ យមហំ ឧបាទិយមានោ ន វជ្ជវា អស្សន្តិ។ ម្នាលភិក្ខុទាំងឡាយ... អរិយសាវ័កនោះរមែងដឹងយ៉ាងនេះថា កាលបើអាត្មាអញ ប្រកាន់របស់ណាដែលមិនមានទោស របស់នោះ រមែងមិនមានតិចតួចក្នុងលោកឡើយ ៕៚ ជំនួយសតិភាគទី ២៥ សិក្សាព្រះសូត្រភាគទី ២១ ដោយ៥០០០ឆ្នាំ
images/articles/3083/206earch.jpg
ផ្សាយ : ២៤ មិថុនា ឆ្នាំ២០២៤ (អាន: ៧,១២៦ ដង)
បច្ចេកពុទ្ធ (បុំ.) [បច្ចេក+ពុធ៑+ត] អ្នកត្រាស់ដឹងដោយចំណែកមួយ ។ បច្ចេកពុទ្ធ (ន.) [ប៉័ច-ចេកៈពុទ្ធ] លោកអ្នកត្រាស់ដឹងចំពោះបានតែខ្លួន មួយ សម្ដែងធម៌ប្រៀនប្រដៅអ្នកដទៃផងមិនកើត : ព្រះបច្ចេកពុទ្ធ ។ ១. បញ្ញាធិកបច្ចេកពុទ្ធ បច្ចេកពោធិសត្វដែលក្រៃលែងដោយបញ្ញា ត្រូវបំពេញបារមី ចំនួន ២ អសង្ខេយ្យ ១ សែនកប្ប ទើបបានត្រាស់ដឹងបច្ចេកពោធិញ្ញាណ ។ ២. សទ្ធាធិកបច្ចេកពុទ្ធ បច្ចេកពោធិសត្វដែលក្រៃលែងដោយសទ្ធា ត្រូវបំពេញបារមី ច្រើនជាង ២ អសង្ខេយ្យ ១ សែនកប្ប តែមិនដល់ ៣ អសង្ខេយ្យទេ ទើបបានត្រាស់ដឹងបច្ចេកពោធិញ្ញាណ ។ ៣. វីរិយាធិកបច្ចេកពុទ្ធ បច្ចេកពោធិសត្វដែលក្រៃលែងដោយ វីរិយៈ ត្រូវបំពេញបារមី ច្រើនជាងចំនួនរបស់សទ្ធាធិកបច្ចេកពុទ្ធ តែមិនដល់ ៣ អសង្ខេយ្យទេ ទើបបានត្រាស់ដឹងបច្ចេកពោធិញ្ញាណ ។ (អត្ថន័យចាក បរមត្ថទីបនី អដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ថេរគាថា និទានគាថាវណ្ណនា) ។ ដោយ​៥០០០​ឆ្នាំ​
images/articles/1538/2024-06-22_08_25_43-Window.png
ផ្សាយ : ២២ មិថុនា ឆ្នាំ២០២៤ (អាន: ១៣,៣១២ ដង)
វាសនា​បារមី យើង​បាន​យល់​ដឹង​ជា​ទូទៅ​ថា បើ​អ្នក​ណា​មាន​ហើយ នឹង​ជា​មនុស្ស​សម្បូណ៌​ទៅ​ដោយ​សេចក្ដី​សុខ លាភយស និង​ឋានៈ​មុខ​នាទី ។ មនុស្ស​ដែល​មាន​វាសនា​បារមី​ល្អ រមែង​ជាទី​រាប់​អាន​ គោរព​ស្រលាញ់​របស់​មនុស្ស​គ្រប់​ជាន់​គ្រប់​ថ្នាក់ បើ​មាន​បុគ្គល​ណាប៉ង​ប្រទូស​រ៉ាយ ឬ​ច្រណែន​ឈ្នា​នីស​គិត​ផ្ដួល​រំលំ រមែង​ប្រព្រឹត្ត​ទៅ​មិន​បាន​ឡើយ ត្រឡប់​បែរ​ទៅ​ជា​ចាញ់​ខ្លួន​ឯងវិញ។ វាស​នា​បារមី សំដៅ​ដល់​សេចក្ដី​ល្អ​ដែល​បាន​សន្សំ​ទុក​មក​យូរ​ហើយ រហូត​ក្លាយ​ជា​បុណ្យ​បារមី​ដែលសម្បូណ៌​ពេញ​ទី អាច​តប​ស្នង​ផល​ឲ្យ​ដល់​អ្នក​ធ្វើ បាន​សម្រេច​តាម​ប្រាថ្នា ។មនុស្ស​យើង​យើង​អាច​សាង​បំពេញ​នូវ​វាសនា​បារមី​នោះ​បាន គឺ​ធ្វើ​ឲ្យ​កើត​មាន​ក្នុង​ខ្លួន ដោយ​បដិបត្តិ​ចម្រើន​គុណ​ធម៌ ៣ ប្រការ ៖ ១- បុព្វេកតបុញ្ញតា ភាព​ជា​អ្នក​មាន​បុណ្យ​បាន​ធ្វើទុក​ក្នុង​កាល​មុន ។ ពាក្យ​ថា មុន ក្នុង​ទី​នេះ​មាន​ ២ ផ្នែក​គឺ ក្នុង​ជាតិ​មុនៗ និង​ក្នុង​ជាតិ​នេះ​ឯង ។ បុណ្យ​ដែល​បាន​ធ្វើ​ក្នុង​ជាតិ​មុនៗ ដូច​ជា ធ្លាប់​ឲ្យ​ទាន​មក​ច្រើន ធ្លាប់​រក្សា​សីល​បាន​បរិសុទ្ធ ធ្លាប់​អប់រំ​ចិត្ត​បាន​ល្អ​ជា​ដើម ដូច្នេះ​រមែង​តប​ស្នង​ឲ្យ​អ្នក​ធ្វើ​តាំង​តែ​អំពី​បដិសន្ធិ ដូច​ជា​កើត​ក្នុង​ត្រកូល​ខ្ពង់ខ្ពស់ មាន​សម្បត្តិ​ច្រើន កើត​មក​មាន​រូបរាង​ល្អ​មាន​ប្រាជ្ញា​ឈ្លាស​វៃ​ជា​ដើម ជា​ប្រភេទ​មនុស្សអ្នក​មាន​បុណ្យ​បារមី​មក​កើត ។ ចំណែក​បុណ្យ​ដែល​បាន​ធ្វើ​ក្នុង​ថ្ងៃ​មុន​ៗ​ក្នុង​ជាតិ​នេះ​នោះ សំដៅ​ដល់​ការ​ដែល​បាន​កើត​មកជា​មនុស្ស​ហើយ មិន​មានប្រមាទ​ក្នុង​ជីវិត តាំង​ចិត្ត​ធ្វើ​សេចក្ដី​ល្អ​ផ្សេងៗ ចេះ​ប្រយ័ត្ន​ប្រយែង និង​ឧស្សាហ៍ ព្យាយាម ។មនុស្ស​ដែល​មាន​បុណ្យ​បាន​ធ្វើ​ទុក​មក​ទាំង​ពីរ​ផ្នែក​គឺ​ទាំង​សេចក្ដី​ល្អ​ក្នុង​ជាតិមុន និង​សេចក្ដី​ល្អ​ក្នុង​ជាតិ​នេះ បុណ្យ​វាសនា​បារមី​នោះ​ឯង រមែង​ធានា​រ៉ាប់​រង​ជីវិត​ក្នុងការ​ធ្វើ​ជីវិត​ឈាន​ទៅ​ដល់​សេចក្ដី​សម្រេច។ ២- សប្បុរិសូបសំសេវ ការ​បាន​ចូល​ទៅ​សេព​គប់​ជា​មួយ​នឹង​សប្បុរស ។ គុណ​ធម៌​ទី​ ២ នេះ ដោយ​អាស្រ័យ​បាន​នៅ​ក្នុង​ប្រទេស​ដ៏​សម​គួរ គឺ​ប្រទេស ឬ​កន្លែង​ដែល​មាន​សប្បុរស នេះ​ជា​គុណធម៌​ដ៏​សំខាន់​ក្នុង​បច្ចុប្បន្ន​ជាតិ​ព្រោះ​ការ​សេពគប់​នឹង​សប្បុរស​នាំ​ឲ្យបាន​ស្ដាប់​នូវ​ព្រះធម៌​ដែល​ជាប្រទីប​បំភ្លឺ​ប្រាប់​អំពី​ការ​ពិត​នៃ​ជីវិត ។ ការ​បានស្ដាប់​ព្រះធម៌​នាំ​មក​នូវ​បញ្ញា ដែល​ជា​ការ​ជ្រោម​ជ្រែង​ដល់​វាសនា​បារមី​ដ៏​សំខាន់​បំផុត ។ ៣- អត្តសម្មាបណិធិ ការ​តម្កល់​ខ្លួន​ដោយ​ប្រពៃ ។ គុណធម៌​ទី ៣ នេះ បាន​ដល់​ការ​ប្រព្រឹត្ត​បដិបត្តិ​ល្អ គឺ​ជា​មនុស្ស ដែល​ប្រកាន់​យក​នូវ​គុណធម៌​ជា​សម្បត្តិ​ដ៏​មាន​តម្លៃ​បំផុត​ក្នុង​ជីវិត ។ មនុស្ស​យើង​ពិត​មែន​តែ​មាន​បុណ្យ​វាសនា​ចាស់​បាន​សាង​ទុក​មក តែ​បើបច្ចុប្បន្ន​ជា​មនុស្ស​ប្រមាទ​ឡេះឡោះ ប្រព្រឹត្ត​តែ​អំពើ​ថោក​ទាប​ផ្សេង​ៗ​បុណ្យ​វាសនា​ដែល​សាង​ពី​មុន​នោះ រមែង​កប់​បាត់ មិនបានឲ្យ​ផល​សម្រេច​ឡើយ ។ ផ្ទុយ​មក​វិញ បើ​វាសនា​បារមី​ចាស់​ដែល​បាន​សាង​មក ពុំ​សូវ​សម្បូណ៌​យ៉ាង​ណា​ក៏​ដោយ​តែ​បច្ចុប្បន្ន​បាន​ប្រព្រឹត្ត​ល្អ បដិបត្តិ​ដោយ​ប្រពៃ តម្ដល់​ខ្លួន​ក្នុង​សទ្ធា សីល សុតៈ ចាគៈ និង​បញ្ញា មិន​ញាប់ញ័រទៅ​តាម​អំណាច​នៃ​វត្ថុ​ញុះញង់​ក្នុង​លោក រមែង​ធ្វើ​ឲ្យ​មាន​វាសនា​បារមី​ដល់​ព្រម​ដោយ​សព្វ​គ្រប់ ។ សរុប​សេចក្ដី​មក គ្រប់​គ្នា​មាន​ឱកាស​បំពេញ​វាសនា​បារមី ។ ប្រសិន​បើ​គុណធម៌​ទី​ ១ មិន​បាន​បំពេញ ព្រោះ​កាល​ដែល​កន្លង​ទៅ ត្រូវ​សេចក្ដី​ប្រមាទ​គ្រប​សង្កត់ តែ​មនុស្ស​យើង​ អាច​បំពេញ​បាន​នូវ​គុណ​ធម៌​ទាំង​ពីរ​ប្រការចុង​ក្រោយ គឺ​អាច​ធ្វើ​បានក្នុង​ជាតិ​នេះ។ ក្មេង​ចេញ​ពី​ស្រុក​ស្រែ​មក បាន​ជា​រដ្ឋ​មន្ត្រី មនុស្ស​ដែល​រត់​ពី​ស្រុក​ក្រៅ​មក មាន​ខោអាវ​តែ​មួយ​ចង្កេះ អាច​បាន​ជា​សេដ្ឋី មនុស្ស​អ្នក​បម្រើ​គេ អាច​បាន​ជា​ព្រះរាជា​ទាំង​អស់​នេះ​មាន​មក​ជា​ហូរហែ ជា​ការ​បញ្ជាក់​ប្រាប់​អំពី​បុណ្យ​វាសនា​បារមី​របស់​មនុស្ស​យើង។ ដកស្រង់​ចេញ​ពី​សៀវភៅ ពន្លឺ​ធម៌​ព្រះពុទ្ធ ដោយ​៥០០០​ឆ្នាំ​
images/articles/1520/Untitled-1-Recovered.jpg
ផ្សាយ : ២២ មិថុនា ឆ្នាំ២០២៤ (អាន: ៣១,៣៩២ ដង)
គម្ពីរពុទ្ធសាសនា ព្រះពុទ្ធវចនៈ​ដែល​យើង​ហៅ​ថា​ជា​ព្រះធម៌​នោះ ត្រូវ​បាន​រៀប​ចំ​តាម​លំដាប់​គម្ពី​រ​បី​ប្រភេទ​ដាច់​ដោយ​ឡែក​ពី​គ្នា។ គម្ពីរ​ទាំង​បី​នោះ​ត្រូវ​បាន​គេ​ស្គាល់​ជា​ទូទៅ​ថា ព្រះត្រៃ​បិដក។ ចំនួន​នៃ​ព្រះពុទ្ធវចនៈ​នេះគឺ​ទូលំទូលាយ​ណាស់ ហើយ​គេ​ចាត់​ទុក​ជា​ពាក្យ​សព្វវចនា​ធិប្បាយ។ ទោះ​បី​ជា​មាន​ការ​ផ្លាស់​ប្ដូរ និង​ការ​ត្រួត​ពិនិត្យ​សើរើ​នូវ​ពុទ្ធ​វចនៈ​ក្នុង​នៅ​តែ​ធរមាន​យ៉ាង​រឹង​មាំ ថែម​ទាំង​ត្រូវ​បាន​គេ​ឲ្យ​តម្លៃ​រហូត​ដល់
images/articles/1522/Untitled-1-Recovered.jpg
ផ្សាយ : ២២ មិថុនា ឆ្នាំ២០២៤ (អាន: ២០,០៤០ ដង)
ពិចារណា​ដល់​សេចក្ដី​ល្អ​របស់​គេ ជា​ធម្មតា​មនុស្ស​យើង​ដោយ​ទូទៅ ម្នាក់ៗ​ រមែង​មាន​ចំណុច​ល្អ​ខ្លះ មាន​ចំណុច​អាក្រក់​ខ្លះ និង​រក​មនុស្ស​ល្អសុទ្ធ មិន​ឲ្យមាន​ចំណុច​ខ្វះ​ខាត​សោះ​នោះ​មិន​បាន​ឡើយ។ មាន​ចំណុច​ខ្លះ យើង​ថា​ល្អ អ្នក​ដទៃ​ថា​មិន​ល្អ​ ចំណុច​ខ្លះ​ទៀត យើង​ថា​មិន​ល្អ តែ​អ្នក​ដទៃ​ ដែល​ធ្វើ​ឲ្យ​យើង​ក្រោធ​នោះ គឺ​ជា​ចំណុច​ខ្សោយ ឬ​ចំណុច​ខ្វះខាត​របស់​គេ​ម្យ៉ាង
images/articles/1527/Untitled-1-Recovered.jpg
ផ្សាយ : ២២ មិថុនា ឆ្នាំ២០២៤ (អាន: ២១,១៥៤ ដង)
ត្រួត​ត្រា​មើល​ខ្លួន​ឯង ប្រក្រតី​មនុស្ស​យើង ច្រើន​តែ​សម្លឹង​មើល​អ្នក​ដទៃ​ពិចារណា​វែកញែក​គ្នា​ពី​អ្នក​ដទៃ និង​ច្រើន​តែ​មើល​ឃើញ​កំហុស​របស់​គេ​ប៉ុណ្ណោះ។ សភាព​បែប​នេះ ព្រោះ​មក​អំពី​គុណ​ភាព​របស់​ចិត្ត​ក្នុង​ពេល​សម្លឹង​មើល។ បើ​អ្នក​សម្លឹង​មាន​ចិត្ត​លំអៀង ទៅ​ក្នុង​ផ្លូវ​ដែល​មិន​ល្អ​ស្រេច​ជា​មុន​ហើយ​ការ​សម្លឹង ក៏​រមែង​ឆៀង​ទៅ​រក​តែ​ចំណុច​ខ្វះ​ខាត​របស់​គេ​ប៉ុណ្ណោះ
images/articles/1534/__________________________________________.jpg
ផ្សាយ : ២២ មិថុនា ឆ្នាំ២០២៤ (អាន: ១២,២៤៨ ដង)
នៅ​ក្នុង​សង្គម​គ្រួសារ​នីមួយៗ តែង​មាន​សុខ​​មាន​ទុក្ខ​លាយ​ឡំ​គ្នា ​ទាំង​ដែល​គ្រប់​គ្នា​ក្នុង​ក្រុម​គ្រួសារ​មិន​ប្រាថ្នា​ទុក្ខ ប្រាថ្នា​តែ​សេចក្ដី​សុខ​ហ្នឹង​ឯង។ចាប់​តាំង​អំពី​មាន​គំនិត​គ្រប់​គ្រង​ផ្ទះ​មក រហូត​ដល់​រៀប​ការ​មាន​គ្រួសារ​ប្ដី​ប្រពន្ធ​កូន​ចៅ ម្នាក់​ៗ​ខំ​ធ្វើ​ការ​សន្សំ​ទ្រព្យ ដោយ​បោះ​បង់​ចិត្ត​ខ្លួន​ឯង​ចោល ខ្វះ​ការ​អប់រំ​ទូន្មាន​ធ្វើ​ឲ្យ​ចិត្ត​មាន​តែ​ការ​ស្រេក​ឃ្លាន រហេម​រហាម សៅហ្មង​ ស្មោក​គ្រោកមាន​រោគ​រួបរឹត រីង​រៃ​រ៉ាំ​រ៉ៃ កំព្រី​កំព្រា រងាតែល​តោល។ ដូច​ពោល​មក​នវ ឈ្មោះ​ថា បោះ​បង់​ខ្លួន​ឯង​ចោល​ដោយ​ពិត ហើយ​មិន​បាន​ចេះ​គិត​អាណិត​ខ្លួន​ឡើយ ព្រោះ​មាន​​សេចក្ដី​ដឹង​ខ្លួន​ថា ខ្លួន​បាន​ប្រឹង​ប្រែង​ជួយ​ខ្លួន​ឯង​ទៅ​ហើយ ដោយ​ការ​ខំ​ស្វែង​រក​ទ្រព្យសម្បត្តិ​តែ​ម្យ៉ាង។ ការ​រស់​នៅ​ជា​មួយ​អ្នក​ដទៃ សូម្បី​ក្នុង​ក្រុម​គ្រួសារ តើ​យើង​ត្រូវ​ការ​យក​ឈ្នះ​គ្នា ឬ​ក៏​ត្រូវ​ការ​សេចក្ដី​សុខ។តាម​ពិត សេចក្ដី​សុខ​ជា​ទិស​ដៅ​ប្រាថ្នា​នៃ​មនុស្ស​យើង​គ្រប់​គ្នា ពាក្យ​ថា សុភមង្គល ក៏​ជា​ឈ្មោះ​នៃ​សេចក្ដី​សុខ​នេះ​ដែរ ឯ​សេចក្ដី​សុខ​ដ៏​សំខាន់​នៃ​ជីវិត គឺ​សុខ​ចិត្ត។សេចក្ដី​សុខ​មាន​ហេតុ​ច្រើន​ប្រការ ត្រូវ​ចាំ​ថា​មិន​មែន​មាន​ទ្រព្យ​ជា​មហាសេដ្ឋី​ហើយ បាន​សុខ​គ្រប់​យ៉ាង​នោះ​ទេ ហើយ​ក៏​មិន​មែន​ទាល់​តែ​ជា​អ្នក​មាន​ទ្រព្យ​សម្បត្តិ​ច្រើន ទើប​អាច​រក​សេចក្ដី​សុខ​ឲ្យ​ខ្លួន​ឯង​និង​អ្នក​ដទៃ​បាននោះ​ដែរ។ ព្រះ​សម្មាសម្ពុទ្ធ​ទ្រង់​ត្រាស់​សម្ដែង​ថា សម្លាប់​សេចក្ដី​ក្រោធ​បាន​រមែង​ដេក​នៅ​ជា​សុខ នេះ​ជា​ការ​ពិត​ដែល​យើង​គ្រប់​គ្នាត្រូវ​ចាំ​កុំ​ភ្លេច ហើយ​ត្រូវ​បដិបត្តិ​កម្ចាត់​ការខឹង​ក្រោធ​បន្តិច​ម្ដងៗ យើង​ត្រូវ​តែ​យល់​ដឹង​ដូច​តទៅ​នេះ​គឺៈ ខឹង​នឹង​គេ គឺ​ដុត​ចិត្ត​ខ្លួន​ឯង បើ​យើង​ដុត​ចិត្ត​ខ្លួនឯង​ យើង​ហ្នឹង​ឯង​ល្ងង់​ហើយ​ឆ្កួត​ទៀត។ ខឹង​នឹង​គេ គឺ​អន់​ជាង​គេ គឺ​អន់​ថយ​ជាង​អ្នក​ដែល​យើង​ខឹង​នោះ​ទៅ​ទៀត ដូច​ជា​លុត​ជង្គង់​សូម​សេចក្ដី​សុខ​ពី​គេ​អ៊ីចឹង។ ខឹង​នឹង​គេ គឺ​ចាប់​ផ្ដើម​ពី​ការ​ទាស់​ចិត្ត ការ​ទាស់​ចិត្ត​មក​ពី​គិត​ថា គេ​ហ្នឹង​ឯង​ជា​អ្នក​ធ្វើ​នូវ​អ្វីៗ​ឲ្យ​យើង​ទាស់​ចិត្ត តែ​ការ​ពិត មក​ពី​យើង​មិន​យល់​អំពី​ធម្មជាតិ​ក្នុង​មនុស្ស​ហើយ​យើង​ប្រកាន់​ខុស​ទៅ​ក្នុង​ធម្មជាតិ​នោះ​ឯង។ យើង​ស្អប់​គេ គឺ​ស្អប់​ខ្លួន​ឯង ព្រោះ​សាង​ភាពសៅហ្មងឲ្យ​ប្រឡាក់​ចិត្ត​ខ្លួន​ឯង​តែ​ប៉ុណ្ណោះ ដោយ​មិន​បាន​ឲ្យ​ភាព​សៅហ្មង គឺ​ការ​ស្អប់​នោះ​ចូល​ទៅ​ក្នុង​ខ្លួន​អ្នក​ដទៃ​ឡើយ។ ដូច្នេះ បើ​យើង​ពិត​ជា​ស្រឡាញ់​ខ្លួន​ឯង​មែន ត្រូវ​ព្យាយាម​រក្សា​ចិត្ត​របស់​ខ្លួន​កុំ​ឲ្យ​សៅហ្មង​ឡើយ។ អ្នកដទៃ​ធ្វើ​ល្អ​មិន​បាន ព្រោះ​មក​អំពី​មហា​កុសល​មិន​បាន​កើត​ឡើង​ក្នុង​ចិត្ត​របស់​គេ មិន​មែន​មក​ពី​គេ​មិន​ធ្វើ​ល្អ​ឲ្យ​យើង​ទេ។ អ្វី​ៗ​មាន​ហេតុ​ជា​បច្ច័យ​ទើប​កើត​ឡើង។ដូច្នេះ យើង​ត្រូវ​យល់​ថា អ្នក​ដទៃ​ធ្វើ​ល្អ​ឲ្យ​ខ្លួន​គេ​មិន​បាន​ផង មាន​រឿង​អ្វី​ដែល​គេ​មក​ធ្វើ​ល្អ​ឲ្យ​យើង​បាន? អ្នក​ណាៗ​ ដែល​ធ្វើ​អំពើ​មិន​ល្អ និយាយ​អាក្រក់​គិត​អាក្រក់​ក្នុង​លោក​នេះ​នោះ តាម​ពិត ដោយ​ធម្មជាតិ​គឺ​មិន​មែន​អ្នក​នោះ​ធ្វើ និយាយ និង​ជា​អ្នក​គិត​នោះ​ទេ នេះ​ព្រោះ​អាស្រ័យ​ហេតុ ៣ ដែល​ស្ថិត​នៅ​ក្នុង​សន្ដាន​តែ​ប៉ុណ្ណោះ។ ហេតុ​ ៣ គឺ លោភ​ហេតុ ទោស​ហេតុ និង មោហ​ហេតុ។ បើ​ហេតុ​ ៣ នេះ​ត្រូវបាន​លះ​អស់​ពី​ចិត្ត​សន្ដាន​ហើយ គឺ​មិន​មាន​អ្នក​ណា​ធ្វើ​អាក្រក់​សោះ​ឡើយ។ ហេតុ​ទាំង​ ៣ នេះ​ឯង ដូច​ជា​ខ្មោច​បិសាច​ដែល​ស្ថិត​នៅ​ក្នុង​ខ្លួន​មនុស្ស​យើង​អ៊ីចឹង។ ដូច្នេះ យើង​មិន​ត្រូវ​ក្រោធ​ខឹង​ជា​មួយ​មនុស្ស​ណា​ម្នាក់​ឡើយ។ បើ​យើង​មិន​ក្រោធ​ខឹង​ហើយ គឺ​យើង​ហ្នឹង​ឯង​មាន​នូវ​សេចក្ដី​សុខ។ សេចក្ដី​សុខ​ក្នុង​ការ​មិន​ក្រោធ​ខឹង​នេះ ព្រោះ​បាន​យល់​ដឹង​ពី​ធម្មជាតិ ព្រោះ​មាន​អំណត់​អត់ធន់ និង​ព្រោះ​មាន​មេត្តា​ជា​ដើម គឺ​ជា​បុណ្យ​បារមី​ដ៏ប្រសើរ​ខ្ពង់​ខ្ពស់។ បើ​សម្លាប់​សេចក្ដី​ក្រោធ​ហើយ ក្នុង​លោក​នេះ​មិន​មាន​អ្នក​ណា​សម្រាប់​ឲ្យ​យើង​សម្លាប់ ឬ​សូម្បី​តែ​គ្រាន់​តែ​ស្អប់​នោះ​ឡើយ។ អ្វីៗ​ជុំ​វិញ​ជីវិត​រស់​នៅ​មាន​តែ​ភាព​មនោរម្យ ហាក់​ដូច​ជា​វិមាន​ក្នុង​ព្រហ្ម​លោក។ រឿង​ក្នុង​គ្រួសារ​សារ​សុបិន មាន​ឆៅ​មាន​ឆ្អិន​គួរ​ជិន​ណាយ មាន​ទុក្ខ​កង្វល់​ពុំ​រសាយ លុះ​ដល់​ឃ្លាត​ឆ្ងាយ​បែរ​អាល័យ។ ចិត្ត​ជាប់​ជំពាក់​ក្នុង​កាម​គុណ មាន​ទុក្ខ​ទារុណ​ធ្ងន់​ពេក​ក្រៃ ប្រយោជន៍​បាត់​បង់​តាម​យប់​ថ្ងៃ កាម​គុណ​ឧបមេយ្យ​បី​ដូច​ចោរ។ ដកស្រង់​ចេញ​ពី​សៀវភៅ ពន្លឺ​ធម៌​ព្រះពុទ្ធ ដោយ​៥០០០​ឆ្នាំ​
images/articles/1536/___________________________________________________.jpg
ផ្សាយ : ២២ មិថុនា ឆ្នាំ២០២៤ (អាន: ១១,០៤៥ ដង)
ការ​ប្រកួត​កី​ឡា គេ​បាន​ឈ្នះ​ហើយ គេ​សប្បាយ ​ឯ​ការ​បោះ​ឆ្នោត បើ​មាន​អ្នក​គាំទ្រ​ភាគ​ច្រើន គឺ​ត្រូវ​ឈ្នះហើយ​បាន​ធ្វើ​ជា​អ្នក​ធំ។នៅ​ក្នុង​គ្រួសារ ជា​រឿង​មនោសញ្ចេតនា​នៃ​មាតា​បិតា ភរិយា​ស្វាមី កូន​ប្រុស​ស្រី ។ល។ ដូច្នេះ មិន​មែន​ជា​រឿង​ប្រកួត​ប្រជែង និង​មិន​មែន​ចេះ​តែ​ប្រកាន់​យក​មតិ​ភាគ​ច្រើន​នោះ​ទេ។ ម្នាក់ៗ​មាន​តួនាទី​រៀង​ៗ​ខ្លួន ត្រូវ​ចេះ​គោរព​តួនាទី​របស់​ខ្លួន មាន​ការ​អ្វីៗត្រូវ​ពិគ្រោះ​ពិភាក្សា​មេគ្រួសារ​ជា​អ្នក​សម្រេច​ក្នុង​ចិត្ត​ការងារ ប៉ុន្តែការ​សំខាន់​គឺ​ម្នាក់ៗ​ត្រូវ​មាន​ធម៌​ក្នុង​ខ្លួន។ មាន​ធម៌​ក្នុង​ខ្លួន​ ទើប​អាច​បណ្ដេញ​អធម៌​ឲ្យ​ចេញ​ពី​ខ្លួន​បាន នេះ​ជា​ការ​យក​ឈ្នះ​ខ្លួន​ឯង ហើយ​គ្រប់​គ្រង​ខ្លួន​ដោយ​សតិ​សម្បជញ្ញៈ។មាន​ធម៌​ក្នុង​ខ្លួន​ឈ្មោះ​ថា មាន​ខ្លួន​ជា​ទី​ពឹង និង​មាន​សុខ​ក្នុង​ខ្លួន​ឯង ដោយ​មិន​វង្វេង​ស្វែង​រក​សុខ​ក្នុង​វត្ថុ​ដទៃ មនុស្ស​ដទៃ​ជា​ខាង​ក្រៅ​ឡើយ។មាន​ធម៌​ក្នុង​ខ្លួន នាំ​ឲ្យ​មិន​កើត​ទុក្ខ​ជា​មួយ​នឹង​រឿង​គ្រប់​យ៉ាង គឺ​ទាន់​ពេល​ភ្លាមៗ ដែល​បាន​ទទួល​ដឹង​នូវ​រឿង​នោះ​ឯង។ ការ​មិន​កើត​ទុក្ខ គឺ​ជា​សុខ​ដ៏​វិសេស​ស្រេច​តែ​ម្ដង ដោយ​ការ​ស្ងប់​តណ្ហា។ មាន​ធម៌​ក្នុង​ខ្លួន ទើប​ដឹង​ថា​បញ្ហា​មិន​មែន​អ្នក​ដទៃ​ធ្វើ​ឲ្យ​ខ្លួន​ឯង​ទេ គឺ​បញ្ហា​នៅ​ក្នុង​ចិត្ត​របស់​ខ្លួន ព្រោះ​តែ​សេចក្ដី​ប្រកាន់។ ការ​មិន​ប្រកាន់​ជា​សុខ​ដ៏​ក្រៃ​លែង។មាន​ធម៌​ក្នុង​ខ្លួន នាំ​ឲ្យ​មិន​ប្រកាន់​ទៅ​ក្នុង​រឿង​ទាំង​ពួង ព្រោះ​បាន​ដឹង​អំពី​ធម្មជាតិ​តាម​សេចក្ដី​ពិត។ ក្នុង​ជីវិត​មនុស្ស សត្វ​ទាំង​អស់​គឺ​ជា​ធម្មជាតិ មាន​រូបធាតុ មាន​នាម​ធាតុ ប្រព្រឹត្ត​ទៅ​តាម​ហេតុ។ មាន​ធម៌ក្នុង​ខ្លួន នាំ​ឲ្យ​យល់​ដឹង​អំពី​ធម្មជាតិ​គ្រប់​យ៉ាង​ថា មិន​គួរ​ប្រកាន់​មាំ​ឡើយ។ ធម្មជាតិ​រមែងតែង​តែ​កើត​ឡើង​ហើយ​វិនាស​ទៅ​វិញ គឺ​ការ​វិនាស​ប្រែ​ប្រួល​ជា​ម្ចាស់​លើ​ធម្មជាតិ។មាន​ធម៌​ក្នុង​ខ្លួន នាំ​ឲ្យ​មាន​ចិត្ត​ទំនេរ​មិន​មាន​កង្វល់​ក្នុង​ការ​ហួង​ហែង​ជីវិត ហួង​ហែង​បញ្ចក្ខន្ធ​ឡើយ។ ការ​មិន​កង្វល់ និង​ការ​មិន​ប្រកាន់​ទើប​ជាទី​ពឹង​ពិតក្នុង​ជីវិត​នឹង​ក្នុង​ព្រះ​ពុទ្ធសាសនា។មាន​ធម៌​ក្នុង​ខ្លួន ទើប​ដឹង​ថា សេចក្ដី​សុខ​មិន​មែន​នៅ​លើ​ការ​យក​ឈ្នះ​អ្នក​ដទៃ​នោះ​ទេ គឺ​សេចក្ដី​សុខ​រមែង​មាន​ហេតុ​នៃ​សេចក្ដី​សុខ​ដោយ​ឡែក​ផ្សេង មាន​ដូចនេះ​ជា​ដើម​គឺ: សុខ​ព្រោះ​មិន​បៀត​បៀន​អ្នក​ដទៃ សុខ​ព្រោះ​សន្សំ​សេចក្ដី​ល្អ សុខ​ព្រោះ​ការ​ព្រម​ព្រៀង​គ្នា សុខ​ព្រោះ​មាន​បញ្ញា​យល់​ដឹង​ការ​ពិត សុខ​ព្រោះ​ការ​មិន​ក្រោធ​ខឹង សុខ​ព្រោះ​ការ​មិន​ប្រកាន់ សុខ​ព្រោះ​ការ​ឲ្យ​អភ័យ សុខ​ព្រោះ​ការ​មិន​យក​ទុក្ខ​មក​ដាក់​ខ្លួន សុខ​ព្រោះ​ការ​បាន​ឈ្នះ​ខ្លួន​ឯង។ រឿង​រ៉ាវ​នៅ​ក្នុង​ក្រុម​គ្រួសារ ពេល​ខ្លះ​គឺ​មិន​អាច​នាំ​យក​ហេតុ​ផល​មក​ជជែក​គ្នា​បាន​ឡើយ ព្រោះ​រឿង​រ៉ាវ​វា​នៅ​ពី​លើ​ហេតុ​ផល​ដែល​យើង​ចង់​និយាយ​ទៅ​ទៀត ដូច្នេះ​មាន​តែ​ការ​សម្រួល មាន​តែ​សម្បទាន និង​ការ​យល់​ដឹងអំពី​សេចក្ដី​ពិត​ហើយ​ព្រម​ទទួល​ប៉ុណ្ណោះ ទើប​វា​ជា​ការ​ល្អ។ មាន​ការ​បែក​បាក់​គ្នា​ច្រើន​ណាស់ គឺ​មក​អំពី​ការ​ប្រកាន់​ហេតុ​ផល​រៀងៗ​ខ្លួន ចង់​យក​ឈ្នះ​គ្នា ដោយ​អាងហេតុ​ផល​ដែល​ខ្លួន​មាន ដោយ​ប្រកាន់​ថា​ហេតុ​ផល​របស់​ខ្លួន​ត្រឹម​ត្រូវ ឯ​ម្ខាង​ទៀត​មិន​មាន​ហេតុ​ផល​អ្វី​ឲ្យ​ត្រឹម​ត្រូវ​ឡើយ ម្ល៉ោះ​ហើយ​ទី​បំផុត​ចុង​ក្រោយ​ក៏​ត្រូវ​បែក​គ្នា។ ហេតុ​ផល​គឺ​ពិត​ជា​របស់​ល្អ​ហើយ​ តែ​ត្រូវប្រើ​ឲ្យ​សម​ជា​មួយ​គ្នា​នឹង​ករណី​ព្រម​ទាំង​ពេល​វេលា​ផង។ សរុប​សេចក្ដី​មក បើ​មាន​ការ​ភ្លាង​ភ្លាត់​អ្វី កុំ​ចេះ​តែមក​បន្ទោស​គ្នា ប្រកែក​គ្នា ត្រូវ​មាន​គុណ​ធម៌​ប្រចាំ​ចិត្ត​សម្រាប់ដោះ​ស្រាយ​នូវ​បញ្ហនោះៗ។ រឿង​ក្នុង​គ្រួសាការ​សម្ដែង ដូច​ល្ខោន​គេតែង​លេង​ប្រឌិត គួរ​កុំ​ប្រកាន់​ល្ខោន​ជីវិត សិក្សា​ការ​ពិត​បរមត្ថធម៌។ អ្វី​ៗ​បី​ដូច​ជា​ខ្ចី​គេ ដូច​ឆ្អឹង​ទទេ​តែ​បិទ​ជ័រ កាម​គុណ​បី​ដូច​ការ​តាំង​គភ៌ ញាប់​ញ័រ​ប្រសូត​សោយ​សោកា។ ទ្រទ្រង់​គុណធម៌សាង​ក្ដីស្ងប់ បាន​អ្វី​គ្រប់ចប់​តណ្ហា អស់​ទុក្ខ​កង្វល់​អស់​ប្រាថ្នា លែង​សោយ​សោកា​សុខ​ពិត​ហោង។ ដកស្រង់​ចេញ​ពី​សៀវភៅ ពន្លឺ​ធម៌​ព្រះពុទ្ធ ដោយ​៥០០០​ឆ្នាំ​
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.59
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿