Reading Article
Public date : 26, Jul 2019 (11,454 Read)
បុគ្គលដែលមានមិត្ត និយាយចាក់បណ្តោយឲ្យតែគាប់ចិត្ត

|
បុគ្គលដែលមានមិត្ត និយាយចាក់បណ្តោយឲ្យតែគាប់ចិត្ត មានលក្ខណៈ ៤ យ៉ាងដូចនេះគឺ៖
១. បាបកម្មំបិស្ស អនុជានាតិ យល់ព្រមឲ្យមិត្តធ្វើបាប មនុស្សណាដែលអនុញ្ញាតឲ្យយើងធ្វើនូវបាបកម្ម មានការសម្លាប់សត្វជាដើម ដើម្បីផ្កាប់ចិត្តយើង ក៏ដូចជាអនុញ្ញាតឲ្យយើងទៅកើតក្នុងឋាននរក ប្រេត អ៊ីចឹងដែរ ។ ពាក្យសរសើរនៅក្នុងលោកមានច្រើនណាស់ ហើយវាជាគ្រឿងនាំឲ្យស្រវឹង នាំឲ្យវង្វេងដ៏ក្រៃលែងទៀតផង មានមនុស្សច្រើនណាស់ដែលស៊ីជេរ ទីបំផុតត្រូវបរាជ័យក្នុងការងាររបស់ខ្លួន ព្រោះខ្លួនឯងមានចំណុចខ្សោយ ។ តាមពិតមនុស្សយើងមិនមែនល្អបរិសុទ្ធដោយសារពាក្យសម្តីសរសើរ ឬពាក្យបញ្ជោរទេ ពិតមែនតែមានពេលខ្លះ បានធ្វើឲ្យយើងមានកម្លាំងចិត្តខ្លាំងក្លាក្នុងការងារដោយសារពាក្យសរសើរក៏ដោយ ប៉ុន្តែដែលយើងជាមនុស្សល្អបរិសុទ្ធពិតនោះ គឺព្រោះយើងមានការងារប្រាសចាកទោសឯណោះទេតើ មិនមែនដោយសារគេថាយើងល្អ យើងក៏ល្អតាមគេថានោះទេ បើមនុស្សអាក្រក់ឬល្អតាមតែពាក្យរបស់អ្នកដទៃ សូម្បីព្រះសម្មាសម្ពុទ្ធក៏មិនផុតពីការសៅហ្មងដែរ តែនេះពុំមែនដូច្នោះឡើយ មានតែការងារប៉ុណ្ណោះដែលរៀបចំមនុស្សឲ្យជាបុគ្គលសៅហ្មង ឬជាបុគ្គលបរិសុទ្ធ ។ ២. កល្យាណកម្មំបិស្ស អនុជានាតិ យល់ព្រមឲ្យមិត្តធ្វើនូវអំពើល្អ ការយល់ព្រមនេះមិនមែនដោយចិត្តសប្បុរស ក្នុងនាមជាមិត្តល្អនោះទេ បើជាមិត្តពិតជាអនុគ្រោះយើងមែនមិនមែនពេលខ្លះព្រមឲ្យយើងធ្វើបាប ដោយមិនបានហាមឃាត់នោះឡើយ ។ យើងត្រូវតែប្រយ័ត្នឲ្យណាស់ ចំពោះមនុស្សខ្លះដែលនិយាយចាក់បណ្តោយ គេមិនមានគំនិតចង់ឲ្យយើងចម្រើននោះទេ គេមានតែត្រេកអរនៅពេលណាដែលយើងធ្លាក់ដុនដា ចំពោះមិត្តប្លមគេមានចិត្តប្រឡងប្រណាំងជាមួយយើងជានិច្ច នៅពេលដែលយើងមានលំនឹង ឬកំពុងចម្រើនគេមិនចោលយើងទេ គេពឹងយើងលិទ្ធដៃលិទ្ធជើង នៅពេលណាដែលយើងចុះខ្សោយ ឬមានសេចក្តីប្រមាទភ្លាំងភ្លាត់បន្តិចបន្តួចនៅក្នុងការងារ គេជួយច្រានយើងដោយពាក្យសរសើរ ក្នុងគោលបំណងកុំឲ្យយើងមើលឃើញនូវការប្រហែសធ្វែសរបស់យើង លុះដល់កំហុសយើងកាន់តែច្រើន ដើម្បីជ័យជម្នះរបស់គេមកលើយើង គឺគេដើរខ្សឹបប្រាប់អ្នកដទៃ នូវអ្វីៗដែលជាសេចក្តីប្រមាទធ្វេសប្រហែសរបស់យើង ថែមទាំងប្រឌិតរឿងអាស្រូវមិនពិតផ្សំបញ្ចូលទៀតផង គឺដល់ពេលដែលធាក់យើងឲ្យខ្ទាត់ ដើម្បីគេបានកន្លែងនោះ ព្រោះគេឃ្លានយូរហើយ ។ មានបុគ្គលខ្លះមិនហ៊ានហាមឃាត់យើងដែលធ្វើនូវអំពើឆ្គាំឆ្គង ប៉ុន្តែមិនប្រាកដជាយល់ព្រមឲ្យយើងប្រព្រឹត្តនោះឡើយ មកអំពីគេខ្លាចយើងខឹង ខ្លាចយើងស្អប់គេ បានជាគេមិនហ៊ានឃាត់គេអាចធ្វើជាមិត្តល្អបាន បើគេព្យាយាមដឹកនាំឲ្យយើងស្តាប់ធម៌ រៀនធម៌ គេសរសើរយើងក្នុងផ្លូវល្អ ក្នុងគោលបំណងឲ្យយើងមាននូវស្មារតីវៀរចាកអំពើសៅហ្មងដោយខ្លួនឯង ។ មនុស្សមានច្រើនប្រភេទណាស់ ប៉ុន្តែការជ្រើសរើសមិត្តមិនមែនជាការផ្សងព្រេងដូចចាក់ឆ្នោតទេ គឺត្រូវតែសិក្សាអំពីលក្ខណៈមនុស្សឲ្យបានច្បាស់ តាមដែលព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សម្តែង តាមពិតព្រះសម្មាសម្ពុទ្ធជាកល្យាណមិត្តមួយព្រះអង្គដ៏កំពូលក្រៃលែង ជាមួយនឹងពុទ្ធបរិស័ទយើង ការប្រព្រឹត្តព្រហ្មចរិយធម៌បានសម្រេចទាំងមូល ដោយអាស្រ័យព្រះអង្គជាកល្យាណមិត្ត ប៉ុន្តែសេចក្តីនេះ ព្រះសម្មាសម្ពុទ្ធ ទ្រង់ត្រាស់សម្តែងឲ្យយើងមាននូវកល្យាណមិត្ត តាមដានពិនិត្យការប្រព្រឹត្តរបស់យើងរាល់ថ្ងៃ ខុសឬត្រូវយ៉ាងណាៗ ឲ្យហ៊ានជួយថាជួយប្រាប់ ព្រមទាំងនៅរួមសុខរួមទុក្ខទៀតផង ។ មនុស្សល្អកម្ររកបានណាស់ មនុស្សល្អធ្វើអាក្រក់បានដោយលំបាកក៏ពិតមែន ប៉ុន្តែមនុស្សអាក្រក់ធ្វើអាក្រក់បានដោយងាយ ថែមទាំងមិនចេះឆ្អែតក្នុងការធ្វើនូវអំពើអាក្រក់នោះទៀតផង ដូចជាមិត្តប្លមផ្នែកខាងនិយាយចាក់បណ្តោយក្នុងលក្ខណៈប្រការទី ៣ បានដល់ៈ ៣. សម្មុខស្ស វណ្ណំ ភាសតិ និយាយសរសើរមិត្តតែក្នុងទីចំពោះមុខ មនុស្សយើងបានដឹងអំពីចំណុចទន់ខ្សោយរបស់មនុស្សផងគ្នា ទើបនិយមយកពាក្យសរសើរមកធ្វើជាឧបករណ៍ប្រើប្រាស់ សម្រាប់ទាក់យកផលកម្រៃ ឬសម្រាប់ផ្តួលរំលំគ្នាទៀតផង ដូចជាពាក្យសរសើរនៃមនុស្សដែលជាមិត្តប្លម ពាក្យសរសើរ នោះវាជាគ្រឿងស្រវឹង ឬវាជាគ្រឿងបំពុលរបស់គេ មនុស្សយើងដែលមិនបានយកចិត្តទុកដាក់ពិចារណាឲ្យបានដិតដល់ ក៏រមែងបរិភោគនូវគ្រឿងស្រវឹង ឬគ្រឿងបំពុលនោះ ដោយពុំដឹងខ្លួន ពោលគឺវង្វេងភ្លេចសតិ ។ មនុស្សយើងខំប្រឹងធ្វើល្អ ដោយការចំណាយធនធានឲ្យទៅជាទាន ឬក៏ការខ្នះខ្នែងផ្សេងៗជាដើម លុះដល់មានអ្នកដទៃរំលឹកឈ្មោះសរសើរ ក៏ភ្លេចនឹកជ្រះថ្លាចំពោះកុសលធម៌ ដែលជាកល្យាណមិត្ត ជាគុណដ៏ប្រសើរពិតៗ ដោយមកអំពីរវល់តែត្រេកអរពេញចិត្តនឹងខ្លួនឯងដែលគេសរសើរ ចំពោះមុខមហាជន មានពេលខ្លះទៀត គេសរសើរប៉ុណ្ណឹងមិនគ្រប់ល្មមទេ ចង់ឲ្យគេនឹកសរសើរបន្ថែមទៀត ក៏បានពោលថា " កុំចាំបាច់សរសើរខ្ញុំអី " គឺចង់ឲ្យគេស្ងើចថា ខ្លួនឯងមិនចេះស៊ីជោរឡើយ ។ ការលិចលង់ផុងខ្លួនក្នុងពាក្យសរសើរ ត្រូវបានបាត់បង់នូវគំនរបុណ្យកុសលអស់ច្រើនណាស់ គឺកុសលគ្រប់កាលទាំងបី (មុនធ្វើ កំពុងធ្វើ ធ្វើរួចហើយ) ទាំងការតាំងចិត្តក៏មិនបានស្លុះចុះស៊ប់ឲ្យណែន នៅក្នុងបុណ្យកុសលពិតប្រាកដទៀតផង វាមិនត្រឹមតែជាមេរោគបំផ្លាញសុខភាពផ្លូវចិត្ត បញ្ចុះកម្លាំងរបស់បុណ្យកុសលប៉ុណ្ណឹងទេ ការវង្វេងនឹងពាក្យសរសើរ នាំឲ្យមនុស្សលោកជួយខ្លួនឯងមិនរួចចាកអំពីរណ្តៅលាមកគឺអំពើទុច្ចរិតទៀតផង ។ ភិក្ខុត្រូវទោសបារាជិកហើយ នៅហ៊ានបន្លំខ្លួនធ្វើជាសង្ឃ ព្រោះខ្លាចបាត់បង់នូវពាក្យសរសើរ និងកិត្តយសជាដើម មិត្តក្បត់មិត្ត សិស្សក្បត់គ្រូ ប្តីប្រពន្ធក្បត់គ្នា ។ល។ ព្រមដោយបាបកម្មផ្សេងៗទៀតមានបាណាតិបាត (ការសម្លាប់សត្វមានជីវិត) ជាដើម គឺមួយចំណែកធំព្រោះចង់បានមុខមាត់ កិត្តយស កេរ្តិ៍ឈ្មោះ និងពាក្យសរសើរ មានខ្លះរហូតដល់ទៅបោកប្រាស់ប្រាក់គេ ដើម្បីយកមកកសាងវត្តនៅស្រុករបស់ខ្លួនឯងក៏មានដែរ ។ ពាក្យសរសើរ គឺជាមាត់ជ្រោះដ៏រអិលមួយកន្លែង វាងាយនាំឲ្យធ្លាក់បាក់កស្លាប់ណាស់ ចំពោះបុគ្គលដែលគ្រាន់តែប្រយ័ត្នល្មមៗនោះ ព្រោះហេតុនោះ ទើបយើងត្រូវប្រយ័ត្នឲ្យមែនទែន ចំពោះមនុស្សដែលជាមិត្តប្លម គេសរសើរយើងរឿយៗនៅចំពោះមុខតែប៉ុណ្ណោះ ។ ៤. បរម្មុខស្ស អវណ្ណំ ភាសតិ ពោលទោសមិត្តក្នុងទីកំបាំងមុខ គេមិនមានចិត្តអាណិតមេត្តាយើងឡើយ គេបានផ្សែផ្សំរឿងនេះបន្តិចរឿងនោះបន្តិច ស្មានខ្លះប្រហែលខ្លះ ពិតខ្លះ មិនពិតខ្លះ ក្នុងការនិយាយអំពីយើងជាមួយនឹងអ្នកដទៃ ។ គួរនឹករឭកដល់ទឹកចិត្តឪពុកម្តាយ គាត់ពោលស្តីថាឲ្យកូនចៅ ទូន្មានប្រៀនប្រដៅរឿយៗ ជានិច្ច ប៉ុន្តែទោះគាត់ដឹងនូវកំហុសខុសឆ្គាំឆ្គងរបស់យើងជាកូនយ៉ាងណាៗ ការនេះ គាត់មិនដើរនិយាយប្រាប់គេប្រាប់ឯង អំពីអ្វីដែលជារឿងមិនល្អ របស់កូនគាត់ទេ គាត់ពិតជាបិទបាំងណាស់ ប្រសិនបើជារឿងហ្នឹងវាធ្ងន់ធ្ងរពេក អ្នកដទៃក៏បានដឹងខ្លះដែរនោះ គាត់ក៏និយាយដែរ ប៉ុន្តែបន្តិចបន្តួចប៉ុណ្ណោះ នៅពេលដែលមានគេសាកសួរបញ្ជាក់រឿងនោះៗថែមទាំងសម្តែងទឹកចិត្តកង្វល់ ភ័យព្រួយចំពោះកូនរបស់គាត់ទៀតផង មិនមែននិយាយដោយសប្បាយរីករាយ នូវទោសកំហុសរបស់យើងដែលជាកូនរបៀបដូចមិត្តប្លមនោះទេ ដូច្នេះមាតាបិតាគឺជាមិត្តជិតដិត ស្និទ្ធស្នាល ប្រកបដោយការតស៊ូ និងការលះបង់ដ៏ធំធេង ចំពោះបុត្តធីតា ។ ការនិយាយអំពីទោសកំហុសរបស់អ្នកដទៃ មិនមែនសុទ្ធតែមិនល្អទាំងអស់នោះទេ បើយើងនិយាយដោយស្មារតី មិនបៀតបៀនអ្នកដទៃ មិនដើម្បីលើកតម្កើងខ្លួនឯង គឺនិយាយដោយកុសលចិត្តពិតៗ ក្នុងន័យដើម្បីឲ្យអ្នកស្គាល់កុំធ្វើតម្រាប់តាម ការនិយាយដោយចិត្តគំនិតបែបនេះជាការប្រពៃ សេចក្តីនេះ សូម្បីយើងនិយាយអំពីគុណអ្នកដទៃពិតៗ ក៏មិនប្រាកដថាសុទ្ធតែល្អនោះទេ ព្រោះវាអាចជាពិសពុល ដោយអំណាចចិត្តអកុសលនាំឲ្យនិយាយ ដូច្នេះរឿងនេះយើងគ្រាន់តែចាំទុកថា " បុគ្គលពាលមានការសម្លឹងទោសអ្នកដទៃជាកម្លាំង បណ្ឌិតមានការមិនសម្លឹងទោសអ្នកដទៃជាកម្លាំង អ្នករៀនច្រើនមានការពិចារណាជាកម្លាំង អ្នកស្ងប់រម្ងាប់មានសេចក្តីអត់ធន់ជាកម្លាំង " ដកស្រង់ចេញពីសៀវភៅ "មនុស្សនិងការងារ " រៀបរៀងដោយ លោកគ្រូអគ្គបណ្ឌិត ប៊ុត សាវង្ស ។ ដោយ៥០០០ឆ្នាំ |