Reading Article
Public date : 07, Jul 2013 (14,500 Read)
ផ្ទុះគ្រាប់បែកនៅវត្តឥណ្ឌា Bodh Gaya (មណ្ឌលព្រះមហាពោធិព្រឹក្ស) របួសព្រះសង្ឃពីរអង្គ

|
ប្រភពៈ RFi
ដោយ ព្រំ សឿន សូលីណា នៅថ្ងៃអាទិត្យនេះ នៅប្រទេសឥណ្ឌា វត្តព្រះពុទ្ធសាសនា Boddh Gaya ដែលជាបិតិកភណ្ឌពិភពលោក បានរងនូវការវាយប្រហារដោយការផ្ទុះគ្រាប់បែកជាច្រើនគ្រាប់បណ្តាលអោយព្រះសង្ឃពីរអង្គរងរបួស។ ការផ្ទុះទាំងនេះមានកម្រិតខ្សោយ មិនបានប៉ះពាល់ដល់ដើមពោធិព្រឹក្សដែលព្រះពុទ្ធទ្រង់ធ្លាប់គង់នៅក្រោម កាលពី៥៣១ឆ្នាំមុនគ្រឹស្តសករាជនោះឡើយ។ នាយករដ្ឋមន្ត្រីឥណ្ឌា Manmohan Singh បានប្រកាសមិនអត់ឱនដល់ជនដៃដល់ដែលវាយប្រហារទីកន្លែងសាសនាឡើយ។ |
យោងតាមប៉ូលិសឥណ្ឌា នៅព្រឹកថ្ងៃអាទិត្យនេះ មានការផ្ទុះគ្រាប់បែកក្នុងកម្រិតខ្សោយដល់ទៅ៨ បានវាយប្រហារមកលើវត្តព្រះពុទ្ធសាសនា Bodh Gaya បណ្តាលអោយព្រះសង្ឃទីបេមួយអង្គ និងព្រះសង្ឈភូមាមួយអង្គរងរបួស។ ប៉ូលិសបានធ្វើការទប់ស្កាត់គ្រាប់បែកចំនួនពីរគ្រាប់ទៀតមិនអោយផ្ទុះ។ ក្នុងនោះ គ្រាប់បែកមួយគ្រាប់ត្រូវបានគេដាក់នៅក្រោមរូបសំណាកព្រះពុទ្ធរូបមួយអង្គដែលមានកំពស់២៤ម៉ែត្រ។ ការផ្ទុះនៅថ្ងៃអាទិត្យនេះ មិនបានប៉ះពាល់ដើមពោធិព្រឹក្សដែលព្រះសម្មាសម្ពុទ្ធធ្លាប់គង់នៅក្រោម កាលពី៥៣១ឆ្នាំមុនគ.ស ទេ។ គួរបញ្ជាក់ថា វត្ត Bodh Gaya ស្ថិតនៅចំងាយ១១០ គ.ម ខាងត្បូងរដ្ឋធានីPatna ក្នុងរដ្ឋ Bihar ភាគឦសានឥណ្ឌា។ វត្តនេះជាវត្តព្រះពុទ្ធសាសនាយ៉ាងល្បីល្បាញមួយកន្លែងក្នុងលោក មានរក្សាទុកនូវដើមពោធិព្រឹក្សដែលមានវ័យចំណាស់យូរលង់ ទាក់ទាញពុទ្ធសាសនិកគ្រប់ទិសទីអោយចូលមកគោរពបូជា។ ក្រសួងមហាផ្ទៃឥណ្ឌាបានរិះគន់បរិហារការផ្ទុះនេះថាជាអំពើភេរវកម្ម។ ប៉ុន្តែ រហូតមកដល់ពេលនេះ នៅមិនទាន់មានក្រុមភេរវជនណាមួយប្រកាសថាខ្លួនបង្កការផ្ទុះអស់នេះនៅឡើយទេ។ ការវាយប្រហារផ្នែកពុទ្ធសាសនានៅឥណ្ឌាកម្រកើតមានណាស់។ ដោយឡែក ថ្មីៗនេះ នៅប្រទេសភូមា បង់ក្លាដែសនិងស្រីលង្កាដែលនៅជិតខាងក្បែរនោះ គេឃើញមាននូវអំពើហិង្សាជាច្រើន រវាងអ្នកកាន់សាសនាព្រះពុទ្ធនិងអ្នកកាន់សាសនាអ៊ីស្លាម៕ ប្រភពៈ http://www.khmer.rfi.fr/Explosions-temple-BodhGaya-deux-moines-blesses ខាងក្រោមនេះផងដែរ បានមកពីប្រភពគេហទំព័របរទេសៈ
រូបភាពនេះបានមកពីបណ្តាញ facebook:
![]()
|