Reading Article
Public date : 26, Jul 2019 (15,444 Read)
អាហារតាមទ្រឹស្តីព្រះពុទ្ធសាសនា

|
តាមគោលការណ៍របស់ព្រះពុទ្ធសាសនា អាហារមាន ៤ ប្រភេទ ក្នុងលក្ខណៈដែលជាមូលហេតុឬជាបច្ច័យ ដែលចាំបាច់សម្រាប់ទ្រទ្រង់ជីវិតនិងការបន្តនូវដំណើរជាប់មិនដាច់ (វិលវល់កើតស្លាប់) ជាពពួកសត្វទាំងឡាយគឺ
១. អាហារគឺវត្ថុទូទៅ (កពលិង្ការោហារ) ២. អាហារគឺការប៉ះទង្គិចគ្នារវាងអាយតនៈខាងក្នុង (រួមទាំងចិត្ត) ជាមួយអាយតនៈខាងក្រៅ (ផស្សាហារ) ៣. ការដឹងច្បាស់ (វិញ្ញាណាហារ) ៤. ចេតនាឬការតម្កល់ចិត្តមាំ (មនោសញ្ចេតនាហារ) ក្នុងអាហារទាំង ៤ ប្រភេទនេះ អាហារចុងក្រោយគឺមនោសញ្ចេតនាហារ បានដល់ការតាំងចិត្តយ៉ាងមុតមាំ ដែលនឹងមានជីវិតមានភព (ការចង់ក្លាយទៅជានេះ ឬជានោះ) មានជាតិ (ការកើត) មានការបន្តភ្ជាប់ និងមានក្រៃលែងឡើងថែមទៀត ។ ការតម្កល់ចិត្តមាំដូច្នេះឯង ដែលជាអ្នកបង្កើតឫសគល់នៃការតាំងនៅ (បញ្ចក្ខន្ធ) ក្នុងភាពជានេះ ជានោះនិងការបន្តភ្ជាប់ ។ វាជាកម្លាំងរុញច្រានឲ្យឈានទៅធ្វើកម្មល្អឬកម្មអាក្រក់បាន (កុសលាកុសលកម្ម) ។ ការតាំងចិត្តមាំនេះគឺជាតួចេតនា ដូចដែលព្រះពុទ្ធអង្គទ្រង់បានត្រាស់ថា " ពេលបុគ្គលយល់នូវអាហារគឺចេតនា ហើយក៏រមែងឈ្មោះថាយល់នូវតណ្ហាទាំង៣យ៉ាងផងដែរ " ។ ដូចនេះពាក្យថា តណ្ហា ចេតនា មនោសញ្ចេតនានិងកម្ម សុទ្ធសឹងមានអត្ថន័យដូចគ្នាពោលគឺសំដៅដល់ការប្រាថ្នាចង់បាន ការតាំងចិត្តមាំដែលចង់ឲ្យខ្លួនក្លាយទៅជាយ៉ាងនេះ ឬយ៉ាងនោះ ដែលនឹងឲ្យកើតថ្មី ឬដែលនឹងឲ្យមានច្រើនឡើង ដែលនឹងចម្រើនធំធាត់ខ្លាំងឡើង ដែលនឹងសន្សំច្រើនឡើង ។ ចំណង់ទាំងនេះឯង គឺជាមូលហេតុរបស់ការកើតឡើងនៃសេចក្តីទុក្ខ ស្ថិតនៅក្នុងសង្ខារក្ខន្ធ ដែលជាខន្ធមួយក្នុងចំណោមខន្ធទាំង ៥ (បញ្ចក្ខន្ធ) ប្រកបឡើងជាសត្វជាបុគ្គល ។ ខនេះជាចំណុចមួយដែលមានសារៈសំខាន់ ហើយជាខ្លឹមសារដ៏ពិតប្រាកដនៃឱវាទទូន្មានរបស់ព្រះពុទ្ធជាម្ចាស់ ។ ព្រោះហេតុដូច្នេះ យើងចាំបាច់ត្រូវកត់សម្គាល់និងចងចាំឲ្យបានច្បាស់ថា មូលហេតុនៃការកើតឡើងរបស់ទុក្ខគឺស្ថិតនៅក្នុងតួទុក្ខនោះឯង នឹងថាកើតមកអំពីខាងក្រៅនោះគឺមិនមែនឡើយ ។ នៅក្នុងលំនាំដូចគ្នានេះទៀតសោត ក៏ចាំបាច់ត្រូវតែចងចាំឲ្យបានច្បាស់ផងដែរថា មូលហេតុឬប្រភពរបស់ការរំលត់ទៅនៃសេចក្តីទុក្ខឬការកម្ចាត់ទុក្ខនោះ ក៏ស្ថិតនៅក្នុងតួទុក្ខនោះឯងដូចគ្នា នឹងថាមកពីខាងក្រៅណាមួយនោះក៏ទេដែរ ។ ទាំងនេះគឺអត្ថន័យបានមកពីព្រះសូត្រមួយ ដែលតែងតែជួបប្រទះជាញឹកញាប់ក្នុងគម្ពីរព្រះបាលីដើមថា " យំ កិញ្ចិ សមុទយ ធម្មំ សព្វន្តំ និរោធធម្មំ " ដែលមានសេចក្តីជាភាសាខ្មែរថា " សភាវៈទាំងឡាយណាដែលមានការកើតឡើងហើយ (ជាធម្មតា) សភាវៈទាំងឡាយនោះរមែងមានការរលត់ទៅវិញ(ជាធម្មតា) " ។ បុគ្គល សត្វ វត្ថុ ឬសភាវៈណាមួយ ប្រសិនបើនៅក្នុងខ្លួនរបស់វា មានសារជាតិនៃការកើតឡើងជាធម្មតា មានការតាំងឡើងជាធម្មតា ។ បុគ្គល សត្វ វត្ថុឬសភាវៈនោះៗ នៅក្នុងខ្លួនរបស់វាផ្ទាល់ ក៏មានសារជាតិនៃការបែកធ្លាយទៅវិញជាធម្មតា(ចំណុចនេះនឹងលើកមកអធិប្បាយម្តងទៀត នៅពេលនិយាយដល់អរិយសច្ចៈខទី៣គឺនិរោធ) ។ ដកស្រង់ចេញពីសៀវភៅ " ព្រះពុទ្ធទ្រង់បង្រៀនអ្វី " បែ្រសម្រួលដោយ លីន កុសល ដោយ៥០០០ឆ្នាំ |