Reading Article
Public date : 26, Jul 2019 (19,035 Read)
ធ្វើបុណ្យដើម្បីអ្វី? ធ្វើបុណ្យដើម្បីលាងបាប?

|
ពុទ្ធសាសនិកជនទាំងឡាយគួរកុំច្រឡំពាក្យ ធ្វើបុណ្យ និង ពាក្យ លាងបាប ។ ដូចបានជ្រាបហើយថា ព្រះពុទ្ធជាម្ចាស់លើកយកទ្រឹស្តីកម្មផលជាមូលដ្ឋានក្នុងពុទ្ធសាសនា ។
កម្ម គឺអំពើដែលមានចេតនា គឺការតាំងចិត្តជាបច្ច័យ ។ បើគ្មានចេតនា គឺការតាំងចិត្ត អំពើក៏គ្មានដែរ ។ អំពើល្អ និងអំពើអាក្រក់ ពុំអាចលុបលាង ឬសងគ្នាបានទេ ។ អំពើល្អ រមែងនាំមកនូវផលល្អ អំពើអាក្រក់ រមែងនាំមកនូវផលអាក្រក់ ។ ដាំក្រូច បេះផលក្រូច ដាំស្វាយ បេះផលស្វាយ ដាំមៀន បេះផលមៀន ពុំដែលមាន ដាំដើមល្មុត បេះផលទៀបនេះទេ ។ រីឯការធ្វើបុណ្យ ក៏ដូចគ្នាដែរ ពុំមែនមានន័យថា យកកុសលកម្ម ទៅទូទាត់ ស៊ីសងគ្នាជាមួយអកុសលកម្ម ឲ្យរួចជ្រះស្រឡះ ដូចយើងយកប្រាក់ទៅសងជំពាក់គេឲ្យរួចជាអ្នកជានោះឡើយ ។ អកុសលកម្ម ដែលយើងបានប្រព្រឹត្ត យើងត្រូវតែទទួលផលអាក្រក់ ចៀសមិនរួច ។ ឯបុណ្យ ឬកុសលកម្ម ដែលយើងធ្វើ គឺដើម្បីបំភ្លេចអកុសលកម្ម កុំឲ្យកើតមានក្នុងសន្តានចិត្តតទៅទៀត រួចព្យាយាមសាងអំពើល្អតទៅមុខជានិច្ចនិរន្តរ៍ ដើម្បីសេចក្តីសុខសេចក្តីចម្រើន ក្នុងបច្ចុប្បន្នជាតិ និងអនាគតជាតិ ។ ព្រះពុទ្ធសម្តែងថា ចិត្តជាបុណ្យ បុណ្យជាសុខ ។ ដូចនេះ ទើបយើងតាំងចិត្តធ្វើបុណ្យប្រាថ្នាសុខ ។ តាមច្បាប់នៃកម្ម បើយើងប្រព្រឹត្តអាក្រក់តិច ប្រព្រឹត្តល្អបានច្រើន យើងទទួលផលអាក្រក់តិច ផលល្អច្រើន នាអនាគតជាតិ ។ ផ្ទុយទៅវិញ បើយើងសាងបាបច្រើនជាងធ្វើបុណ្យ យើងទទួលលទ្ធផលអាក្រក់ច្រើនជាងល្អ នាអនាគតជាតិ ។ សរុបសេចក្តីមក យើងឃើញថា ធ្វើបុណ្យពុំមែនលាងបាបទេ ។ លាងបាប ជាវិធីមួយរបស់សាសនាដទៃផ្សេង ដែលបានអះអាងថា បាបជនទាំងឡាយ ត្រូវបានលាងជម្រះដោយការមុជទាំងលាងបាប ក៏បានបរិសុទ្ធស្អាត ដែលជាហេតុផ្ទុយគ្នានឹងទស្សនៈពុទ្ធនិយម ។ ព្រះពុទ្ធោវាទ ចែងថាមិនមានជនដទៃណាស្រឡាញ់ជីវិតយើងជាងជីវិតរបស់គេទេ ។ នត្ថិ អត្ត សមំ បេមំ សេចក្តីស្រឡាញ់អ្វីស្មើនឹងខ្លួនមិនមានឡើយ បានសេចក្តីថា មិនមាននរណាស្រឡាញ់ខ្លួនយើង ជាងខ្លួនយើងស្រឡាញ់ខ្លួនរបស់ខ្លួនយើងទេ ។ នរណាលូកភ្លើង អ្នកហ្នឹងរលាកភ្លើង ពុំមែនយើងយកដៃលូកភ្លើង ស្រាប់តែទៅរលាកដៃអ្នកដទៃវិញ នោះគឺពុំអាចទាល់តែសោះ ។ អាស្រ័យហេតុនេះ សូមពុទ្ធបរិស័ទ ឈប់ច្រឡំ ពាក្យថា ធ្វើបុណ្យ និងពាក្យថា លាងបាប ។ ទ្រឹស្តីពុទ្ធសាសនាបញ្ជាក់ថា បុណ្យនីមួយៗដែល យើងបានធ្វើ យើងរមែងបានទទួលជានិច្ចនូវផល ឬផ្លែផ្កានៃបុណ្យ ហៅថា ផលានិសង្ស គឺ អានិសង្សនៃបុណ្យ ។ អានិសង្ស ដែលជាផ្លែផ្កានៃបុញ្ញកម្ម (ការធ្វើបុណ្យ) មិនគឺអ្វីក្រៅពីចិត្តត្រេកអររីករាយ ទូលំទូលាយធំធេង ដូចមហាសាគរ មុនធ្វើ កំពុងធ្វើ និងធ្វើរួចហើយ ដោយបានសម្រេចផលជាទីពេញចិត្ត ទទួលបាននូវបុញ្ញសម្បទាគ្រប់យ៉ាង ទាំងក្នុងបច្ចុប្បន្ន និងអនាគត ព្រមទាំងទទួលអារម្មណ៍ ជាបុណ្យជាប់ជានិច្ចក្នុងសន្តានចិត្ត ។ អានិសង្សបុណ្យ ៥ យ៉ាងគឺ៖ ១. តិក្ខបញ្ញាវិសាទោ មានប្រាជ្ញាក្លៀវក្លាមោះមុត ។ ២. សុវណ្ណតា មានពណ៌សម្បុរល្អ ។ ៣. សុរូបតា មានរូបល្អ ។ ៤. សុសណ្ឋានា មានសណ្ឋានទ្រង់ទ្រាយល្អ ។ ៥. ចក្កវត្តិរាជាហោតិ នឹងបានទៅជាស្តេចចក្រពត្តិក្នុងជាតិណាមួយមិនខានឡើយ ។ ពុទ្ធមាមកជន ដែលស្រឡាញ់ពេញចិត្តកល្យាណកម្ម (ការធ្វើបុណ្យ) តែងនាំគ្នានិយាយតៗគ្នាថា ធ្វើបុណ្យបានបុណ្យ ។ ពាក្យនេះមានន័យថា ធ្វើបុណ្យបានទទួលផលានិសង្ស ។ ការធ្វើបុណ្យកឋិនទាន បុណ្យផ្កា ការកសាងព្រះវិហារ កុដិសាលា បង្គន់ ផ្លូវថ្នល់ ស្ពាន អណ្តូង ស្រះ សាលារៀន មន្ទីរពេទ្យ ការផ្សព្វផ្សាយពុទ្ធសាសនា ដោយការសម្តែងធម្មទេសនា ឬដោយការចងក្រងក្បួនច្បាប់របស់ព្រះពុទ្ធ ជាសៀវភៅ បោះពុម្ពផ្សាយ ចែកចាយជាធម្មទាន ។ល។ សុទ្ធតែបានទទួលអនិសង្សតិច ឬច្រើន តាមកម្លាំងនៃការកសាង ឬកម្លាំងបុណ្យ ។ ដោយអានិសង្សមានច្រើនសន្ធឹកសន្ធាប់ មិនអាចលើកយកមកពណ៌នាទាំងអស់បាន ។ ដកស្រង់ចេញពីសៀវភៅ " ទ្រឹស្តីកម្មផល " រៀបរៀងដោយ ឈុន-គឹមអៀត ដោយ៥០០០ឆ្នាំ |