Reading Article
Public date : 26, Jul 2019 (25,404 Read)
អ្វីទៅដែលហៅថាបុណ្យ ? អ្វីទៅជាតួបុណ្យ?

|
បុណ្យ
ពាក្យថា បុណ្យ ជាភាសាសំស្រ្តឹត, ភាសាបាលីថា បុញ្ញៈ ។ ធម្មជាតិឯណាដែលជម្រះសម្អាតសន្តានចិត្តរបស់ខ្លួន ឲ្យស្អាតបរិសុទ្ធផូរផង់ ប្រាសចាកមន្ទិល គឺសេចក្តីសៅហ្មងចិត្តមាន លោភៈ ទោសៈ មោហៈ ជាដើម ហៅថា បុណ្យ ។ លោភៈ (សេចក្តីលោភលន់) ទោសៈ (សេចក្តីខឹងក្រេវក្រោធ) មោហៈ (សេចក្តីវង្វេង) ជាអកុសលមូល ឬជាឫសគល់នៃអកុសលធម៌ ។ យើងធ្វើបុណ្យ ដើម្បីជម្រះនូវអកុសលធម៌ ចេញពីខន្ធសន្តានរបស់យើង ហើយប្រមូលយកកុសលធម៌មកជំនួសវិញ ។ ដូចនេះ កុសលធម៌ណា ដែលជម្រះសន្តានចិត្តឲ្យស្អាតផូរផង់កុសលធម៌នោះឈ្មោះថា បុណ្យ ។ បុណ្យ បើបកស្រាយឲ្យងាយយល់នោះ មិនគឺអ្វីក្រៅពីសភាវៈដែលហាមឃាត់ចិត្ត បញ្ឈប់ចិត្ត មិនឲ្យត្រេកត្រអាល ចំពោះបាប ឬអកុសលធម៌ បំភ្លេចអារម្មណ៍បាបឲ្យអស់ពីខន្ធសន្តាន រួចហើយបំពេញកុសលធម៌ជំនួសវិញភ្លាម កុំឲ្យសន្តានចិត្តទំនេរ ជាហេតុនាំឲ្យចិត្តងាករេទៅរកកិលេស គឺគ្រឿងសៅហ្មងផ្សេងៗវិញបាន ។ ចិត្តជាធម្មជាតិស្អាតថ្លាផូរផង់ ពីកំណើតលុះមានឧបក្កិលេស គឺគ្រឿងសៅហ្មងចូលមករុំព័ទ្ធ ក៏បណ្តាលឲ្យចិត្តមានមន្ទិល មិនបរិសុទ្ធ ។ យើងខំសាងកុសលធម៌ ដុះខាត់អប់រំចិត្តឲ្យស្អាត មានរស្មីត្រចះត្រចង់ ដូចប្រក្រតីដើមឡើងវិញ ដោយពិធីឲ្យទាន រក្សាសីល ចម្រើនមេត្តា ភាវនា ។ល។ ហៅថា បុណ្យ ។ បុណ្យ មានចេតនាជាតួ ។ ការកសាងកុសលកម្មផ្សេងៗ សុទ្ធតែសម្រេចដោយចិត្ត មានចិត្តជាប្រភពផ្តួចផ្តើម ។ បុណ្យកើតឡើងក្នុងចិត្តជាមុន ទើបកើតឡើងក្នុងផ្លូវកាយ និងផ្លូវវាចាតាមក្រោយ ។ បុណ្យដែលកើតឡើងដោយផ្លូវកាយ ហៅថា កាយកម្ម កើតឡើងដោយផ្លូវវាចា ហៅថា វចីកម្ម កើតឡើងដោយចិត្តហៅថា មនោកម្ម ។ បុណ្យ មានហេតុ ឬលក្ខណៈ ៣យ៉ាងគឺ៖ ១. បសាទៈ មានចិត្តជ្រះថ្លា ។ ២. សំវេគៈ មានចិត្តសង្វេគតក់ស្លុត ។ ៣. តេសុចរិតា មានចិត្តស្អាតបរិសុទ្ធ ដោយកាយ វាចា ចិត្ត ។ បសាទៈ តាមទ្រឹស្តីព្រះពុទ្ធសាសនាថា កាលបើមានចិត្តរីករាយ ជ្រះថា្លចំពោះកុសលធម៌ បានកម្ចាត់បង់ នូវមច្ឆរិយៈ (សេចក្តីកំណាញ់) លះបង់ទ្រព្យសម្បត្តិទៅជាទាន ជាហេតុនាំឲ្យកើតបុណ្យ ។ សំវេគៈ កាលបើមានចិត្តតក់ស្លុតចំពោះសត្វនិងសង្ខារ ក្នុងលោកទាំងអស់ថា ជាសភាវៈមិនទៀងទាត់ ការត្រិះរិះសង្វេគដល់ សង្ខារមិនទៀងនេះ ឈ្មោះថាអ្នកមិនប្រមាទ ការមិនប្រមាទនេះ ជាផ្លូវនៃព្រះនិព្វាន ព្រះពុទ្ធសម្តែងថា ជាហេតុនាំឲ្យកើត បុណ្យ មួយដែរ ។ តេសុចរិតា កាលបើជនបុ្រសស្រីណា មានសេចក្តីបរិសុទ្ធ ជ្រះស្អាត ដោយកាយ វាចា ចិត្ត ក៏បណ្តាលជាហេតុឲ្យកើតទៅជាបុណ្យព្រោះកាយ វាចា ចិត្តនេះ ជាប្រធាននៃបុណ្យ កាលបើទ្វារទាំងបី (កាយទ្វារ វចីទ្វារ មនោទ្វារ) នេះស្អាតហើយ បុណ្យក៏កើតព្រមជាមួយគ្នា ។ បុណ្យមានស្ថានបីគឺ៖ ១. បុញ្ញហេតុ (ហេតុរបស់បុណ្យ) ២. បុញ្ញកិរិយា (កិរិយាជាបុណ្យ) ៣. បុញ្ញផល (ផលរបស់បុណ្យ) បុញ្ញហេតុ ចិត្តជាប្រភពរបស់បុណ្យ ។ បុណ្យ គឺជាកុសលធម៌ ដែលមាន អលោភៈ អទោសៈ អមោហៈ ជាកុសលមូល ។ គេលះបង់សេចក្តីលោភលន់ (លោភៈ) ដោយការឲ្យទាន ។ គេលះបង់ សេចក្តីក្រោធខឹង (ទោសៈ) ដោយការរក្សាសីល ។ គេលះបង់សេចក្តីវង្វេង (មោហៈ) ដោយចម្រើនភាវនាអប់រំប្រាជ្ញា ឲ្យភ្លឺថ្លា ហៅថា ហេតុរបស់បុណ្យ គឺ បុញ្ញហេតុ ។ បុញ្ញកិរិយា គឺជាបុណ្យដែលគេធ្វើសម្រេចដោយវត្ថុនីមួយៗ មាន១០យ៉ាង ហៅថា បុញ្ញកិរិយាវត្ថុ ១០ យ៉ាងគឺ៖ ១. ទានមយៈ បុណ្យសម្រេចដោយការឲ្យទាន ២. សីលមយៈ បុណ្យសម្រេចដោយការរក្សាសីល ៣. ភាវនមយៈ បុណ្យសម្រេចដោយការភាវនាចម្រើនកុសល ។ ៤. អបចាយនមយៈ បុណ្យសម្រេចដោយការកោតក្រែងចាស់ព្រឹទ្ធាចារ្យ រៀមច្បង ។ ៥. បត្តិទានមយៈ បុណ្យសម្រេចដោយការចែករំលែកបុណ្យដល់គ្នា ។ ៦. បត្តានុមោទនាយមៈ បុណ្យសម្រេចដោយការត្រេកអរចំពោះ ចំណែកបុណ្យដែលអ្នកដទៃឲ្យ ។ ៧. វេយ្យវច្ចមយៈ បុណ្យសម្រេចដោយការខ្វល់ខ្វាយជួយខ្នះខ្នែងក្នុងពិធីបុណ្យនានា ។ ៨. ធម្មស្សវនមយៈ បុណ្យសម្រេចដោយការស្តាប់ធម៌ ។ ៩. ធម្មទេសនាមយៈ បុណ្យសម្រេចដោយការសម្តែងធម៌ ។ ១០. ទិដ្ឋុជុកម្មមយៈ បុណ្យសម្រេចដោយធ្វើទិដ្ឋិឲ្យត្រង់ (សម្មាទិដ្ឋិ) ។ បុញ្ញផល គឺផលបុណ្យនីមួយៗ ដែលយើងសន្សំទុក គឺជាការសន្សំទុកនូវបុណ្យជាប់ជានិច្ច នាំនូវសេចក្តីសុខ ត្រជាក់ត្រជុំ ទូលំទូលាយ មិនមានក្រៅក្រហាយ អន្ទះអន្ទែង រួមមកហៅថា ផលរបស់បុណ្យ ។ បុណ្យ ផ្តល់នូវសម្បទា ៥ យ៉ាង ហៅថា បុញ្ញសម្បទា គឺ៖ ១. ញាតិសម្បទា សំបូរដោយញាតិ ។ ២. អារោគ្យសម្បទា បរិបូណ៌ដោយសុខភាពមិនមានរោគបៀតបៀន ។ ៣. ភោគសម្បទា បរិបូណ៌ដោយទ្រព្យសម្បត្តិ ។ ៤. សីលសម្បទា បរិបូណ៌ដោយសីលទាន ។ ៥. ទិដ្ឋិសម្បទា បរិបូណ៌ដោយសម្មាទិដ្ឋិគឺ ប្រាជ្ញាយល់ឃើញត្រូវ ។ ដកស្រង់ចេញពីសៀវភៅ " ទ្រឹស្តីកម្មផល " រៀបរៀងដោយ ឈុន-គឹមអៀក ដោយ៥០០០ឆ្នាំ |