Reading Article
Public date : 26, Jul 2019 (13,861 Read)
និយមន័យរបស់និព្វាន

|
ម្តងនេះយើងសាកល្បងមកពិចារណាពីនិយមន័យ និងពាក្យអធិប្បាយអំពីនិរវណៈ តាមដែលមានប្រាកដនៅក្នុងគម្ពីរភាសាបាលីជាន់ដើមផ្សេងៗវិញម្តង ។ " និរវាណៈ គឺការរលត់ទៅនៃចំណង់ (តណ្ហា) ការលះបង់នូវចំណង់ ការរលាស់ចោលនូវចំណង់ ការអស់ទៅនៃចំណង់ ការដាក់ចុះនូវចំណង់ " " គឺការស្ងប់រម្ងាប់ទៅនៃសង្ខតធម៌ទាំងពួង ការលះចោលនូវកិលេសទាំងពួង ការជីកគាស់ចោលនូវឫសគល់នៃចំណង់ ការផ្តាច់បង់ចោលនូវចំណង់គឺនិព្វាន " " ម្នាលភិក្ខុទាំងឡាយ ! អសង្ខតធម៌ (និរវាណៈ)ជាអ្វី ? ម្នាលភិក្ខុទាំងឡាយ ! គឺការរលត់ទៅនៃសេចក្តីត្រេកត្រអាល (រាគក្ខយោ) ការអស់ទៅនៃទោសៈ (ទោសក្ខយោ) ការអស់ទៅនៃសេចក្តីវង្វេង (មោហក្ខយោ) ។ ម្នាលភិក្ខុទាំងឡាយ! នេះឯងហើយហៅថា អសង្ខតធម៌ (និព្វាន) " " ម្នាលរាធៈ ! ការអស់ទៅនៃចំណង់ (តណ្ហក្ខយោ) គឺនិព្វាន " " ម្នាលភិក្ខុទាំងឡាយ ! ក្នុងចំណោមធម៌ដែលមានបច្ច័យតាក់តែង (សភាវៈដែលកើតឡើងព្រោះអាស្រ័យហេតុ) ឬមិនមានបច្ច័យតាក់តែងទាំងឡាយ ការប្រោសចាកនូវភាពត្រេកត្រអាល (វិរាគៈ) ចាត់ថាជាកំពូលនៃធម៌ទាំងពួង ។ វិរាគៈ ក៏គឺការមានឥស្សរភាពពី មានៈ ការបំបាត់បង់នូវចំណង់ ការដកចេញនូវការប្រកាន់មាំ ការកាត់ផ្តាច់នូវវដ្តៈ ការអស់ទៅនៃតណ្ហា ការរំលត់(កិលេស) គឺនិព្វាន " ។ ពេលបរិព្វាជកម្នាក់សួរព្រះសារីបុត្រ អគ្គសាវ័ករបស់ព្រះពុទ្ធជាម្ចាស់ថា " និព្វានគឺអ្វី ? " ចម្លើយរបស់ព្រះសារីបុត្រ ក៏មានលក្ខណៈដូចទៅនឹងនិយាមនៃអសង្ខតធម៌ ដែលព្រះពុទ្ធជាម្ចាស់បានត្រាស់ទុកនោះថា " ការរលត់ទៅនៃសេចក្តីត្រេកត្រអាល ការរលត់ទៅនៃការខឹងក្រោធ ការរលត់ទៅនៃសេចក្តីវង្វេង " ។ " ការលះបង់ចោល ឬការកម្ចាត់បង់នូវតណ្ហានិងការពេញចិត្តនៅក្នុងឧបាទានក្ខន្ធ ៥ គឺការរំលត់ទុក្ខ " " ការរលត់ទៅនៃវដ្តៈ និងធម៌ដែលនាំឲ្យក្លាយទៅជាយ៉ាងនេះ ឬយ៉ាងនោះបានគឺនិព្វាន " ក្រៅពីនោះព្រះពុទ្ធជាម្ចាស់ ទ្រង់នៅបានត្រាស់ទៅដល់និរវាណៈថា " ម្នាលភិក្ខុទាំងឡាយ ! សភាវៈដែលមិនកើត មិនចាស់ និងដែលបច្ច័យតាក់តែងមិនបាន (មិនមានបច្ច័យតាក់តែង) នោះមានពិត ។ ប្រសិនបើសភាវៈដែលមិនកើត មិនចាស់ និងដែលមិនមានបច្ច័យតាក់តែងមិនមានទេនោះ ក៏នឹងមិនមានការរលាស់ខ្លួនចេញចាកសភាវៈ ដែល កើត ចាស់ ឈឺ ស្លាប់ និងដែលមានបច្ច័យតាក់តែងនោះឡើយ តែព្រោះមានសភាវៈដែលមិនកើត មិនចាស់ និងដែលមិនមានបច្ច័យតាក់តែងនោះឯង ទើបមានការរលាស់ខ្លួនចេញចាកសភាវៈដែល កើត ចាស់ ឈឺ ស្លាប់ ហើយដែលមានបច្ច័យតាក់តែង " ។ " ទីដែលមិនមានធាតុ ៤ គឺ ទឹក ដី ភ្លើង និងខ្យល់ មិនមានបណ្តោយ មិនមានទទឹង មិនមានភាពហ្មត់ចត់ មិនមានភាពគ្រោកគ្រាត អំពើល្អនិងអាក្រក់ នាមនិងរូប បានត្រូវកម្ចាត់បង់ទៅទាំងអស់ មិនមានលោកនេះ មិនមានលោកខាងមុខ មិនមានការមក មិនមានការទៅ មិនមានការស្លាប់ មិនមានការកើត មិនមានអាយតនៈខាងក្នុង និង អាយតនៈខាងក្រៅ គឺព្រះនិព្វាន " ។ ដោយហេតុដែលនិរវាណៈ មានការអធិប្បាយដោយស័ព្ទបដិសេធ (អវិជ្ជមាន) ដូច្នេះ ទើបធ្វើឲ្យមនុស្សជាច្រើន មានការយល់ខុសថា និរវាណៈជាសភាពអវិជ្ជមាន ហើយជាសភាវៈដែលទៅសម្តែងទៅដល់ការបំផ្លាញអត្តា (ខ្លួន) ។ តាមពិតទៅ និរវាណៈ គឺមិនបានបំផ្លាញអត្តាសោះឡើយ ព្រោះថាមិនមានអត្តាដែលនឹងឲ្យបំផ្លាញ ប៉ុន្តែប្រសិនបើចាត់ទុកថាជាការបំផ្លាញមែននោះ ក៏ប្រហែលជាការបំផ្លាញនូវមោហៈ (សេចក្តីល្ងង់) ដែលជាការបំផ្លាញនូវការយល់ខុស ទាក់ទងជាមួយនឹងអត្តាទៅវិញទេ ។ វាពិតជាមិនត្រឹមត្រូវសោះឡើយ ដែលនឹងនិយាយថា និរវាណៈ ជាសភាវៈមិនមាន (សូន្យ) ឬថាជាសភាវៈដែលមានពិត ។ គំនិតថា " មិនមាន " (អវិជ្ជមាន) និង " មាន " (វិជ្ជមាន) នេះគឺវាគ្រាន់តែជាការប្រើនៅក្នុងលក្ខណៈប្រៀបធៀប ដែលស្ថិតនៅក្នុងក្របខណ្ឌទេ្វភាព (ជាគូៗ) ប៉ុណ្ណោះ ។ ស័ព្ទផ្សេងៗទាំងនេះ មិនអាចនាំមកប្រើជាមួយ " និរវាណៈ " ដែលជាបរមត្ថសច្ចៈ ហើយដែលស្ថិតនៅលើទ្វេភាព គឺការប្រៀបធៀបនោះបានឡើយ ។ ពាក្យពេចន៍បដិសេធ (អវិជ្ជមាន) ក៏មិនមែនសុទ្ធតែមានន័យទៅដល់ សភាវៈដែលនិយាយអំពី " ភាពមិនមាន " ជានិច្ចនោះដែរ ។ ដូចយ៉ាងពាក្យថា " មានសុខភាពល្អ " ក្នុងភាសាបាលី ឬសំស្រ្កឹតថា " អារោគយា " ដែលជាពាក្យបដិសេធ មានអត្ថន័យដោយរូបស័ព្ទថា " ការមិនមានរោគ " ដូច្នេះពាក្យថា " អារោគយា " នេះ មិនមែនជាសភាវៈអវិជ្ជមានឡើយ ដូចគ្នាទៅនឹងពាក្យថា " ការមិនស្លាប់ " (ស្របទៅនឹងពាក្យសំស្រ្កឹតថា អម្រឹតឬបាលីថាអមតៈ ) ដែលជាវេវចនស័ព្ទរបស់និរវណៈដូចគ្នា ជាពាក្យក្នុងលក្ខណៈបដិសេធ តែក៏មិនមែនមានន័យថា ការមិនស្លាប់ជាសភាវៈអវិជ្ជមានឡើយ ។ ពាក្យន័យដូចមួយទៀតរបស់ និរវាណៈ គឺការរួចស្រឡះ (បាលីថាមុត្តិឬសំស្រ្តឹតថាមុក្តិ) ។ ពាក្យនេះប្រហែលជាគ្មាននរណានិយាយថា ការរួចស្រឡះជាការមិនមាន (អវិជ្ជមាន) នោះឡើយ ដ្បិតថាការរួចស្រឡះ គឺសំដៅដល់ការមានឥស្សរភាពពីអ្វីដែលជាឧបសគ្គ ដែលមានដំណើរទៅនៅក្នុងផ្លូវអាក្រក់ ក៏ដូចជាប្រព្រឹត្តទៅក្នុងផ្លូវអវិជ្ជមាន ម្លោះហើយពាក្យថា " ការរួចស្រឡះ " មិនមែនជាសភាវៈបដិសេធនោះឡើយ ។ ហេតុដូច្នេះ និរវាណៈ មុត្តិ វិមុត្តិ និរោធ ឬនិព្វាន បានដល់ការរួចផុតពីអំពីអាក្រក់ទាំងពួង ជាការរួចផុតពីលោភៈ (សេចក្តីលោភ) ទោសៈ (ការខឹងក្រោធ) មោហៈ (សេចក្តីវង្វេង) ជាការរួចផុតពីអ្វីៗគ្រប់យ៉ាង ពីទ្វិភាវៈ (ទ្វេភាព) ពីការប្រៀបធៀបពីកាលៈនិងពីទេសៈ ។ ដកស្រង់ចេញពីសៀវភៅ " ព្រះពុទ្ធទ្រង់បង្រៀនអ្វី " បែ្រសម្រួលដោយ លីន កុសល ដោយ៥០០០ឆ្នាំ |