Reading Article
Public date : 26, Jul 2019 (52,253 Read)
ការឲ្យនូវទីសេនាសនៈ ឈ្មោះថាឲ្យនូវវត្ថុគ្រប់យ៉ាង

|
សុត្តន្តបិដក សំយុត្តនិកាយ សគាថវគ្គ បឋមភាគលេខ ២៩ ក្នុងកិន្ទទសូត្រ មានទេវតាមួយអង្គ ក្រាបបង្គំទូលសួរព្រះដ៏មានព្រះភាគដោយពាក្យបាលីថា
" កីទទោ ពលទោ ហោតិ កីទទោ ហោតិ វណ្ណទោ កីទទោ សុខទោ ហោតិ កីទទោ ហោតិ ចក្ខុទោ យោ ច សព្វទទោ ហោតិ តំ មេ អក្ខាហិ បុច្ឆិតោតិ " ។ ប្រែថា៖ បុគ្គលឲ្យអ្វី ឈ្មោះថា ឲ្យនូវកម្លាំង ? បុគ្គលឲ្យអ្វី ឈ្មោះថា ឲ្យនូវពណ៌សម្បុរណ៍ ? បុគ្គលឲ្យអ្វី ឈ្មោះថា ឲ្យនូវសេចក្តីសុខ ? បុគ្គលឲ្យអ្វី ឈ្មោះថា ឲ្យនូវចក្ខុ គឺភ្នែក ? មួយទៀត បុគ្គលណា ឲ្យអ្វីឈ្មោះថា ឲ្យនូវវត្ថុគ្រប់យ៉ាង ? សូមព្រះអង្គសម្តែងប្រាប់សេចក្តីនោះ ដល់ខ្ញុំព្រះអង្គដែលជាអ្នកសួរ ។ ព្រះដ៏មានព្រះភាគបានឆ្លើយតបទៅទេវតានោះដោយគាថាដូច្នេះថា " អន្នទោ ពលទោ ហោតិ វត្ថទោ ហោតិ វណ្ណទោ យនទោ សុខទោ ហោតិ ទីបទោ ហោតិ ចក្ខុទោ សោ ច សព្វទទោ ហោតិ យោ តទាតិ ឧបស្សយំ អមតន្ទទោ ច សោ ហោតិ យោ ធម្មមនុសាសតីតិ " ។ ប្រែថា៖ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់សម្តែងថា បុគ្គលឲ្យបាយ ឈ្មោះថា ឲ្យនូវកម្លាំង ឲ្យសំពត់ ឈ្មោះថា ឲ្យនូវពណ៌សម្បុរណ៍ ឲ្យនូវយានជំនិះ ឈ្មោះថា ឲ្យសេចក្តីសុខ ឲ្យប្រទីប ឈ្មោះថា ឲ្យចក្ខុ មួយទៀតបុគ្គលណា ឲ្យទីនៅអាស្រ័យ បុគ្គលនោះ ឈ្មោះថា ឲ្យនូវវត្ថុគ្រប់យ៉ាង បុគ្គលណាប្រៀនប្រដៅធម៌ បុគ្គលនោះ ឈ្មោះថា ឲ្យនូវព្រះនិព្វាន ។ ស្រង់ចាកសៀវភៅ " អានិសង្សទីសេនាសនទាន " រៀបរៀងដោយធម្មាចារ្យ កែវ-វិមុត្ត ដោយ៥០០០ឆ្នាំ |