Reading Article
Public date : 03, Jun 2022 (13,440 Read)
ភ័យក្នុងអាហារ ៤

|
ភ័យក្នុងអាហារ ៤
ក្នុងអាហារទាំង ៤ យ៉ាងនេះ ដែលឲ្យសម្រេចនូវអាហារកិច្ចដោយអំណាចនៃការឧបត្ថម្ភជាដើម គួរឃើញភ័យ ៤ ប្រការ ។ ក្នុងវឡិង្ការាហារ បានដល់ភ័យគឺ សេចក្តីប្រាថ្នា ។ ក្នុងផស្សាហារ បានដល់ភ័យគឺ ការជាប់ជំពាក់ ។ ក្នុងមនោសញ្ចេតនាហារបានដល់ភ័យគឺការប្រមូលមក (ពោលគឺការសន្សំកម្ម) ។ ឯវិញ្ញាណាហារ បានដល់គឺការធ្លាក់ចុះកាន់កំណើត (ពោលគឺបដិសន្ធិនោះឯង ) ។ ព្រោះហេតុអ្វី ? ព្រោះថា សត្វទាំងឡាយសាងភ័យ គឺសេចក្តីប្រាថ្នាក្នុងកវឡិង្ការាហារ ប្រឈមមុខនឹងក្តៅរងាជាដើម ។ ធ្វើការងារផ្សេងៗ ដើម្បីត្រូវការអាហារ រមែងចូលដល់សេចក្តីទុក្ខមិនតិចតួចឡើយ ។ បុគ្គលខ្លះ សូម្បីបានបួសក្នុងព្រះពុទ្ធសាសនានេះហើយក៏ដោយ ក៏នៅមានការស្វែងរកអាហារ ដោយការស្វែងរកដែលពុំសមគួរ មានវេជ្ជកម្មជាដើម ។ ព្រោះការចិញ្ចឹមជីវិតខុស ក៍បានទៅជាបុគ្គលដែលត្រូវគេនិន្ទាពោលទោសក្នុងបច្ចុប្បន្ននេះ ដល់ទៅក្នុងភពខាងមុខ ក៏កើតជាសមណប្រេត ដោយន័យដែលបានពោលទុកហើយក្នុងលក្ខណសំយុត្ត មានជាអាទិ៍ថា សូម្បីសង្ឃាដីរបស់អ្នក ក៏ត្រូវភ្លើងឆេះទ្រលោមហើយ សេចក្តីប្រាថ្នាក្នុងកវឡិង្ការាហារនោះឯង គប្បីជ្រាបថាជាភ័យ ព្រោះហេតុនេះឯង ។ ជនទាំងឡាយដែលមានអស្សាទៈ (ត្រេកអរជាប់ចិត្ត) ក្នុងផស្សៈ ក៏ប្រព្រឹត្តខុសចំពោះកិរិយារបស់អ្នកដទៃដែលស្វាមីគេរក្សាគ្រប់គ្រង ឬក៏ប្រព្រឹត្តអទិន្នាទានជាដើម កាលដែលម្ចាស់គេចាប់បាន គេចាប់ប្រគល់ឲ្យដល់ព្រះរាជា ។ តទៅទៀតព្រះរាជាក៏ត្រាស់បង្គាប់ឲ្យធ្វើទណ្ឌកម្ម ដោយប្រការផ្សេងៗ លុះដល់ស្លាប់ទៅ ក៏ត្រូវបានទទួលភ័យ គឺទុគ្គតិ ។ កម្មដែលមាន អស្សាទៈក្នុងផស្សៈ ជាឫសគល់ ជាហេតុឲ្យជួបប្រសព្វភ័យទាំងបច្ចុប្បន្ន ទាំងក្នុងបរលោកដោយប្រការដូច្នេះ ។ ចំណែកឯភ័យក្នុងភពទាំង ៣ ដែលមានកុសល និងអកុសលកម្មនោះ ជាមូលដ្ឋាន ភ័យនោះនឹងមកដោយសព្វគ្រប់ទាំងអស់ ព្រោះការប្រមូលមកនូវកុសលកម្ម និងអកុសលកម្មនោះឯង ។ ព្រោះហេតុនេះ ការប្រមូលមកក្នុងមនោសញ្ចេតនាហារនោះឯង គប្បីជ្រាបថា ជាភ័យ ។ រីឯបដិសន្ធិវិញ្ញាណវិញ ក៏រមែងទទួលមកនូវបដិសន្ធិនាមរូបនោះឯង កើតឡើងក្នុងទីដែលចាប់កំណើត និងការដែលបដិសន្ធិវិញ្ញាណនោះ កើតឡើងហើយ ភ័យគ្រប់យ៉ាងក៏កើតឡើងដូចគ្នា ព្រោះមានបដិសន្ធិនោះជាឫសគល់ ។ ព្រោះហេតុដូចដែលពណ៌នាមកហើយនេះឯង ការចាប់កំណើត គឺបដិសន្ធិវិញ្ញាណ គប្បីជ្រាបថា ជាភ័យក្នុងវិញ្ញាណាហារ ដូច្នេះឯង ។ (ការកំណត់ដឹងនូវអាហារទាំង ៤ ដើម្បីកម្ចាត់បង់នូវភ័យ គប្បីសិក្សាក្នុង បុត្តមំសសូត្រ ក្នុងសំយុត្តនិកាយ និទានវគ្គ ជាបន្តទៀត ) ។ ព្រះពុទ្ធប្រៀបដូចជាអ្នកដុតព្រៃ ព្រះធម៌ដុតព្រៃគឺ កិលេស ប្រៀបដូចជាភ្លើងដុតព្រៃ ព្រះសង្ឃដែលជាបុញ្ញក្ខេត្ត ព្រោះដុតកិលេសបានហើយ ប្រៀបដូចភូមិភាគដែលជាស្រែ ព្រោះដុតព្រៃអស់ហើយ ។ ស្រង់ចាកសៀវភៅ " សៀវភៅជំនួយសតិភាគ ១៣ " រៀបរៀងដោយលោកគ្រូអគ្គបណ្ឌិតធម្មាចារ្យ ប៊ុត សាវង្ស ។ ដោយ៥០០០ឆ្នាំ |