Reading Article
Public date : 27, Jul 2019 (11,766 Read)
ព្រះមហាថេរៈ

|
ព្រះមហាថេរៈ
បានឮមកថា ព្រះមហាថេរៈអង្គុយក្នុងទីសម្រាកពេលថ្ងៃ កាលសន្ទនាជាមួយនឹងអន្ទេវាសិក បានបត់ដៃចូល ហើយលាចេញដូចដើម (បន្ទាប់ពីនោះ) ទើបសន្សឹមៗ បត់ដៃចូលទៀត ។ ពួកអន្ទេវាសិកបានសួរលោកថា លោកម្ចាស់ ហេតុដូចម្តេចលោកម្ចាស់ទើបបត់ដៃចូលយ៉ាងរហ័ស ហើយត្រឡប់លាទុកដូចដើមវិញ បន្ទាប់ពីនោះទើបសន្សឹមៗ បត់ដៃចូលទៀត ។ ព្រះមហាថេរៈឆ្លើយថា អាវុសោ តាំងពីខ្ញុំផ្តើមមនសិការកម្មដ្ឋាន ខ្ញុំមិនដែលលះបង់កម្មដ្ឋានហើយបត់ចូលឡើយ តែវេលានេះខ្ញុំនិយាយនឹងពួកលោកបានលះកម្មដ្ឋានហើយ ទើបបត់ដៃចូល ព្រោះដូច្នោះ ខ្ញុំទើបលាដៃចេញដូចដើម ហើយបត់ចូលបន្តិចម្តងៗ ទៅវិញទៀត ។ អន្តេវាសិកទាំងឡាយពិតថេរដីកាថា ល្អហើយ ល្អហើយ លោកម្ចាស់ ធម្មតាភិក្ខុគួរយ៉ាងហ្នឹង ។ សូម្បីក្នុង ឥរិយាបថបព្វៈនេះ ការមិនលះបង់កម្មដ្ឋាន គប្បីជ្រាបថា ឈ្មោះថា គោចរសម្បជញ្ញ ដោយប្រការដូច្នេះ ។ មិនមានអ្វីនៅក្នុងដែលឈ្មោះថា អត្តា បត់ដៃចូលមក ឬលាដៃចេញទៅ ។ តែការបត់ដៃចូល និងលាជើងចេញមានបានដោយការផ្សាយទៅនៃវាយោធាតុ ដែលកើតអំពីកិរិយារបស់ចិត្តមានប្រការដូចដែលពោលមកហើយ ដូចការកម្រើកដៃ និងជើងរបស់ទីងមោងដោយការទាញខ្សែ ព្រោះដូច្នោះ ក៏ការកំណត់ដឹង (ដូចដែលពោលមកនេះ) គប្បីជ្រាបចុះថា ឈ្មោះថា មាន អសម្មោហសម្បជញ្ញ ក្នុងឥរិយាបថបព្វៈ នេះ ។ ការប្រើសង្ឃាដី និងចីវរដោយការស្លៀកការដណ្តប់ ការប្រើបាត្រដោយការរក្សា ជាដើម ឈ្មោះថា ធារណៈ ក្នុងពាក្យថា សង្ឃាដិបត្តចីវរធារណ នេះ ។ ការបានអាមិស របស់ភិក្ខុអ្នកស្លៀក និងដណ្តប់ហើយ ត្រាច់ទៅបិណ្ឌបាត និងប្រយោជន៍ មានប្រការដូចដែលព្រះមានព្រះភាគត្រាស់ទុកនោះឯង ដោយន័យមានជាអាទិ៍ថា សីតស្ស បដិឃាតាយ (ដើម្បីបំបាត់ភាពរងា) ។ ឈ្មោះថា ប្រយោជន៍ក្នុងការទ្រទ្រង់សង្ឃាដី និងចីវរនោះ អ្នកសិក្សាគួរយល់សាត្ថកសម្បជញ្ញៈ ដោយអំណាចនៃប្រយោជន៍នោះ ដូច្នេះ ។ ចំណែកចីវរសាច់ម៉ដ្ឋ ជាសប្បាយៈរបស់អ្នកមានប្រក្រតីក្តៅ (ញើសចេញងាយ ) និងអ្នកមានកម្លាំង (តិច) ចីវរសាច់ក្រាស់គ្រោតគ្រាត ជាទីសប្បាយរបស់អ្នកមានប្រក្រតីរងាច្រើន (ឆាប់រងា) ខុសអំពីនេះក៏មិនជាទីសប្បាយ ។ ចីវរចាស់មិនជាទីសប្បាយរបស់នរណាៗ ឡើយ ។ ព្រោះវាធ្វើការកង្វល់ចិត្តឲ្យលោក ដោយឲ្យការជក់ចិត្តជាដើម ។ សំពត់ចីវរមួយផ្ទាំង (មិនបានកាត់ឲ្យជាខណ្ឌ) និងសំពត់សំបកឈើជាដើម ដែលជាទីតាំងនៃសេចក្តីលោភក៏យ៉ាងនោះ ព្រោះសំពត់ដូច្នោះ ធ្វើអន្តរាយដល់ការនៅតែឯងក្នុងព្រៃ ឬធ្វើអន្តរាយដល់ជីវិតក៏មាន និងដោយត្រង់ហើយ សំពត់ចីវរឯណានីមួយដែលកើតឡើង (បានមក) ដោយអំណាចមិច្ឆាជីវៈ មានការធ្វើនិមិត្តជាដើម និងចីវរណា កាលលោកប្រើទៅអកុសលធម៌ចម្រើនឡើង កុសលធម៌សាបសូន្យទៅចីវរនោះ ជាអសប្បាយ ប៉ុន្តែចីវរដែលខុសអំពីនេះ ជាសប្បាយ ។ ក្នុងសម្បជញ្ញបព្វៈនេះ អ្នកសិក្សាគប្បីយល់ សប្បាយសម្បជញ្ញ ដោយអំណាចនៃចីវរនោះឯង និងគោចរសម្បជញ្ញ ដោយអំណាចការមិនបោះបង់ចោលកម្មដ្ឋាន ។ មិនមានអ្វីដែលឈ្មោះថា អត្តា ក្នុងខាងក្នុងរបស់ភិក្ខុអ្នកដណ្តប់ចីវរមានតែការដណ្តប់ចីវរ ដោយការផ្សាយទៅនៃវាយោធាតុ ដែលកើតអំពីកិរិយារបស់ចិត្តមានប្រការដូចដែលពោលហើយប៉ុណ្ណោះ ។ បណ្តាចីវរ និងកាយទាំង ២ យ៉ាងនោះ សូម្បីចីវរក៏មិនមានការតាំងចិត្ត សូម្បីកាយក៏មិនដឹងថា ចីវរគ្រប់ដណ្តប់យើង ។ ធាតុទាំងឡាយប៉ុណ្ណោះគ្រប់ដណ្តប់ធាតុ ដូចយកសំពត់ចាស់ខ្ទប់រូប គឺគម្ពីរ ព្រោះដូច្នេះ បានចីវរដែលល្អហើយ ក៏មិនគួរធ្វើសេចក្តីត្រេកអរឡើយ បានមិនល្អ ក៏មិនគួរទោមនស្ស អធិប្បាយថា មនុស្សពួកខ្លះនាំគ្នាសក្ការបូជា នាគ ដំបូក ចេតីយ៍ និងដើមឈើ ជាដើម ដោយផ្កា គ្រឿងក្រអូប និងសំពត់ជាដើម ។ តែមនុស្សពួកខ្លះធ្វើវត្ថុដែលមិនមែនសក្ការៈ ដូចបន្ទោរបង់ឧច្ចារៈបស្សាវៈដាក់ យកភក់លាប យកកំណាត់ឈើវាយ និងសស្រ្តាប្រហារជាដើម នាគ ដំបូក និងដើមឈើជាដើម នឹងមិនធ្វើសេចក្តីត្រេកអរ សេចក្តីមិនត្រេកអរ សេចក្តីមិនត្រេកអរចំពោះសក្ការៈ ឬអសក្ការៈនោះ (យ៉ាងណា) ភិក្ខុក៏ដូច្នេះដូចគ្នា បានចីវរល្អហើយ ក៏មិនគួរធ្វើសេចក្តីត្រេកអរ បានចីវរមិនល្អ ក៏មិនគួរទោមនស្ស ។ ក្នុងសម្បជញ្ញបព្វៈនេះ អ្នកសិក្សាគួរយល់ អសម្មោហសម្បជញ្ញ ដោយអំណាចការពិចារណាដែលប្រព្រឹត្តទៅហើយ ដូចដែលពណ៌នាមកនេះចុះ ។ សូម្បីក្នុងការបីបាត្រ ក៏គួរជ្រាប អសម្មោហសម្បជញ្ញ ដោយអំណាចប្រយោជន៍ដែលនឹងគប្បីបាន ព្រោះមានការកាន់បាត្រជាបច្ច័យយ៉ាងនេះថា យើងនឹងមិនប្រញាប់ប្រញាល់កាន់បាត្រ តែនឹងកាន់យកបាត្រ (ដោយមានកម្មដ្ឋានជាសំខាន់) ត្រាច់ទៅបិណ្ឌបាត ក៏នឹងបានភិក្ខា ។ ចំណែកបាត្រធ្ងន់ មិនជាសប្បាយសម្រាប់ភិក្ខុអ្នកមានរាងកាយស្គម និងកម្លាំងតិច ហើយបាត្រដែលផ្សារភ្ជាប់ (ដែក) រួមគ្នា ៤-៥ ផ្ទាំង ខាត់មិនរាបស្មើល្អ មិនជាទីសប្បាយ ក៏កាលលាងបាត្រនោះឯង លោកនឹងមានការកង្វល់ ។ ចំណែកបាត្រដែលមានពណ៌ដូចកែវមណី ជាទីតាំងនៃលោភៈ មិនជាសប្បាយ ដោយន័យដែលបានពោលទុកហើយក្នុងចីវរនោះឯងតែបាត្រដែលបានពោលមកដោយការធ្វើនូវនិមិត្តជាដើម បាត្រណាកាលភិក្ខុនោះប្រើ អកុសលធម៌នឹងចម្រើនឡើង ឯកុសលធម៌នឹងសាបសូន្យទៅ បាត្រនេះជាអសប្បាយដោយចំណែកមួយប៉ុណ្ណោះ បាត្រដែលផ្សេងដទៃ (ក្រៅពីនេះ) ជាសប្បាយ ។ គប្បីជ្រាប សប្បាយសម្បជញ្ញ ដោយមិនលះបង់កម្មដ្ឋាន ។ មិនមានអ្វីដែលឈ្មោះថា ជាអត្តា ក្នុងខាងក្នុងដល់ភិក្ខុបីបាត្រ ធម្មតាការបីបាត្រ នឹងមានបាន ក៏ដោយការផ្សាយទៅនៃវាយោធាតុដែលកើតឡើងព្រោះកិរិយារបស់ចិត្ត មានប្រការដូចដែលពោលមកហើយ បណ្តាដៃនិងបាត្រ ទាំង ២ យ៉ាងនេះ ទាំងបាត្រក៏មិនមានការតាំងចិត្ត ទាំងដៃក៏មិនមានការតាំងចិត្ត បាត្រក៏មិនដឹងថា ដៃបីយើង សូម្បីក៏ដៃក៏មិនដឹងថា យើងបីបាត្រ ធាតុទាំងឡាយប៉ុណ្ណោះ បីពួកធាតុ ដូចក្នុងវេលាយកដង្កាប់ចាប់បាត្រដែលដុតនឹងភ្លើង ព្រោះដូច្នោះ ក្នុងសម្បជញ្ញបព្វៈនេះ គប្បីជ្រាប អសម្មោហសម្បជញ្ញ ដោយការពិចារណាអត្ថដែលប្រព្រឹត្តទៅហើយ ដូចដែលពណ៌នាមកនោះ ។ ម៉្យាងទៀត ភិក្ខុណាពិចារណាឃើញចីវរដូចសំពត់រុំដំបៅ បាត្រដូចជាអំបែងដាក់ថ្នាំ ភិក្ខាដែលបានមកក្នុងបាត្រដូចថ្នាំក្នុងអំបែង ភិក្ខុនេះគប្បីជ្រាបចុះថា ជាអ្នកមានប្រក្រតីធ្វើសេចក្តីដឹងខ្លួនដ៏ខ្ពង់ខ្ពស់ជាទីបំផុត ជាប្រក្រតីដោយ អសម្មោហសម្បជញ្ញ ក្នុងការទ្រទ្រង់សង្ឃាដី បីបាត្រ និងដណ្តប់ចីវរ ដូចបុរសដែលមានករុណាឃើញមនុស្សអនាថាដេកនៅក្នុងសាលាសម្រាប់មនុស្សអនាថាមានដៃជើងកំបុត មានទឹករងៃ និងឈាម ទាំងពួកដង្កូវ ហូរចេញអំពីដំបៅ មានរុយក្បាលខៀវទំបឺតដំបៅ ទើបបានស្វែងរកសំពត់រុំមុខដំបៅ និងថ្នាំ ព្រមទាំងអំបែងដាក់ថ្នាំទៅប្រគល់ឲ្យដល់ពួកគេទាំងនោះ ក្នុងចំនួនវត្ថុទាំងនោះ សូម្បីសំពត់ដែលមានសាច់ម៉ដ្ឋក៏ធ្លាក់ដល់ពួកគេខ្លះ ដែលមានសាច់គ្រោតគ្រាតធ្លាក់ដល់ពួកគេខ្លះ ដែលមានទ្រង់ទ្រាយមិនស្អាតក៏ធ្លាក់ដល់ពួកគេខ្លះ សូម្បីត្រឡោកដូងដាក់ថ្នាំដែលមានទ្រង់ទ្រាយស្អាត ក៏ធ្លាក់ដល់ពួកគេខ្លះ ដែលមានទ្រង់ទ្រាយមិនស្អាតក៏ធ្លាក់ដល់ពួកគេខ្លះ ពួកគេនឹងមិនត្រេកអរ ឬទោមនស្សក្នុងវត្ថុទាំងនោះ ព្រោះពួកគេមានសេចក្តីត្រូវការសំពត់ត្រឹមតែបិតដំបៅប៉ុណ្ណោះ និងត្រឡោកដូងត្រឹមតែប្រើដាក់ថ្នាំប៉ុណ្ណោះ ដូច្នោះ ។ គប្បីជ្រាបការវិនិច្ឆ័យក្នុងការឆាន់ ជាដើម (ដូចតទៅនេះ)៖ បទថា អសិតេ សេចក្តីថា ក្នុងការឆាន់បិណ្ឌបាត ។ បទថា បីតេ សេចក្តីថា ក្នុងការផឹកទឹកបបរជាដើម ។ បទថា ខាទិតេ សេចក្តីថា ក្នុងការទំពាស៊ីនូវខាទនីយៈដែលធ្វើដោយម្សៅជាដើម ។ បទថា សាយិតេ សេចក្តីថា ក្នុងការទទួលរសមានស្ករអំពៅជាដើម ។ ក្នុងការឆាន់ជាដើមនោះ ប្រយោជន៍ទាំង ៨ យ៉ាង ដែលព្រះពុទ្ធត្រាស់ទុកដោយន័យមានជាអាទិថា នេវ ទវាយ (មិនមែនដើម្បីលេង) ឈ្មោះថា ប្រយោជន៍ អ្នកសិក្សាគប្បីជ្រាប សាត្ថកសម្បជញ្ញ ដោយអំណាចនៃប្រយោជន៍នោះ ។ ក៏បុគ្គលណាមានសេចក្តីមិនសប្បាយ ព្រោះភោជនណា ភោជននោះជាអសប្បាយសម្រាប់បុគ្គលនោះ ចំណែកភោជនណាបានមកដោយការធ្វើនូវនិមិត្តជាដើម ហើយកាលណាលោកឆាន់ភោជនណាអកុសលធម៌ទាំងឡាយចម្រើនឡើង កុសលធម៌ទាំងឡាយសាបសូន្យទៅ ។ ភោជននោះ ជាអសប្បាយតែម៉្យាងប៉ុណ្ណោះ ។ តែភោជនក្រៅពីនេះជាសប្បាយ ។ អ្នកសិក្សាគួរយល់ សប្បាយសម្បជញ្ញ ដោយអំណាចនៃភោជនដែលជាសប្បាយនោះ នឹងគប្បីជ្រាប គោចរសម្បជញ្ញ ដោយមិនលះបង់កម្មដ្ឋានឡើយ ។ មិនមាននរណាឈ្មោះថា ជាអត្តា ក្នុងខាងក្នុងជាអ្នកបរិភោគ មានតែការទទួលបាត្រ ធម្មតាដោយការផ្សាយទៅនៃវាយោធាតុដែលកើតពីកិរិយារបស់ចិត្ត មានប្រការដូចដែលពោលមកហើយប៉ុណ្ណោះ មានតែការលូកដៃចុះក្នុងបាត្រធម្មតា ដោយការផ្សាយទៅនៃវាយោធាតុ ដែលកើតអំពីកិរិយារបស់ចិត្តប៉ុណ្ណោះ មានតែការពូតដុំបាយ ការលើកដុំបាយឡើង និងការបើកមាត់ទទួល ដោយការផ្សាយទៅនៃវាយោធាតុ ដែលកើតពីកិរិយារបស់ចិត្តប៉ុណ្ណោះ មិនមានអ្នកណាយកកូនសោរ និងគ្រឿងយន្តបើកឆ្អឹងចង្កា មានតែការដាក់ពំនូតបាយក្នុងមាត់ ការឲ្យធ្មេញខាងលើធ្វើនាទីជំនួសអង្រែ ការឲ្យធ្មេញខាងក្រោមធ្វើនាទីជំនួសត្បាល់ និងការឲ្យអណ្តាតធ្វើនាទីជំនួសដៃដោយការផ្សាយទៅនៃវាយោធាតុដែលកើតពីកិរិយារបស់ចិត្តប៉ុណ្ណោះ ។ ដោយហេតុនេះ ទឹកមាត់ចំនួនតិចតួចចុងអណ្តាត ក្នុងបណ្តាចុងនិងគល់នោះ (ហើយ) ទឹកមាត់ចំនួនច្រើនត្រង់គល់អណ្តាត ក៏នឹងលាយឡំពំនួតបាយនោះ ពំនូតបាយនោះនឹងប្រមៀលទៅមកដោយដៃគឺ អណ្តាត ក្នុងត្បាល់ គឺ ធ្មេញ (ថ្កាម) ក្រោម សើមទៅដោយទឹកមាត់គឺស្មេស៍ បុកយ៉ាងល្អិតដោយអង្រែ គឺធ្មេញ (ថ្កាម) លើ ឈ្មោះថា នរណាៗ នឹងយកស្លាបព្រា ឬវែកស៊កចូលទៅខាងក្នុង (មាត់) មិនមាន (ពំនូតបាយ) ចូលទៅបានព្រោះវាយោធាតុនោះឯង ពំនូតបាយដែលចូលទៅហើយ នរណាៗ ឈ្មោះថា នឹងឲ្យបញ្ឈប់ទុកធ្វើឲ្យ (ដូច) ជាគំនរចំបើងទុកមិនមាន តែនឹងបញ្ឈប់ទុកបានដោយអំណាចវាយោធាតុប៉ុណ្ណោះ ដែលបញ្ឈប់ទុកហើយ នរណាៗ ឈ្មោះថានឹងតាំងចង្រ្កាន បង្កាត់ភ្លើងបបរឲ្យរលួយមិនមាន តែនឹងរលួយបានព្រោះតេជោធាតុប៉ុណ្ណោះ ដែលរលួយហើយៗ នរណាៗ ឈ្មោះថា នឹងយកឈើច្រត់កៀរចេញទៅខាងក្រៅក៏មិនមាន វាយោធាតុប៉ុណ្ណោះ នឹងដឹកនាំចេញទៅ ដោយហេតុយ៉ាងនេះ វាយោធាតុនាំ (ពំនូតបាយ) ចូលទៅផង ឲ្យឈប់នៅផង ឲ្យរមៀលទៅមកផង ឲ្យរលាយទៅផង ឲ្យនាំចេញទៅផង ឲ្យឈប់នៅផង ឲ្យប្រមៀលទៅមកផង ឲ្យរលាយទៅផង ឲ្យនាំ (កាក) ចេញទៅផង បឋវីធាតុទ្រទ្រង់ទុកផង ឲ្យប្រមៀលទៅមកផង ឲ្យរលាយផង អាបោប្រមូលផ្គុំផង រក្សាទុកឲ្យស្រស់ផង តេជោធាតុនឹងរំលាយនូវអាហារដែលចូលទៅខាងក្នុងហើយ អាកាសធាតុជាប្រហោង វិញ្ញាណធាតុនឹកដល់ដោយអាស្រ័យការប្រកបគ្នា ដោយប្រពៃក្នុងធាតុនោះៗ អ្នកសិក្សាយល់សម្មោហសម្បជញ្ញៈ ក្នុងសម្បជញ្ញបព្វៈ ដោយការពិចារណា ដែលប្រព្រឹត្តទៅហើយ ដូចដែលពណ៌នាមកនេះចុះ ។ ស្រង់ចាក សៀវភៅ អដ្ឋកថាសតិប្បដ្ឋានសូត្រ ដោយ៥០០០ឆ្នាំ |