Reading Article
Public date : 27, Jul 2019 (14,293 Read)
កាមច្ឆន្ទៈ

|
ហេតុកើតឡើងនៃកាមច្ឆន្ទៈ
ក្នុងនិមិត្តទាំង ២ នោះ កាមច្ឆន្ទៈ រមែងកើតឡើងព្រោះ មនសិការដែលមិនត្រូវទំនងក្នុងសុភនិមិត្ត ។ វត្ថុដែលស្អាតក្តី អារម្មណ៍ដែលល្អក្តី ឈ្មោះថា សុភនិមិត្ត ។ ការធ្វើទុកក្នុងចិត្ត មិនដោយឧបាយ ការដាក់ចិត្តក្រៅផ្លូវ ការដាក់ចិត្តក្នុងវត្ថុដែលមិនទៀងថាទៀង ក្នុងវត្ថុដែលជាទុក្ខថាសុខ ក្នុងវត្ថុដែលមិនមែនខ្លួន ថាជាតួខ្លួន ឬក្នុងវត្ថុដែលមិនស្អាតថាស្អាត ឈ្មោះថា អយោនិសោមនសិការ ការធ្វើទុកក្នុងចិត្តមិនត្រូវទំនង ។ កាលភិក្ខុធ្វើអយោនិសោមនសិការនោះ ឲ្យកាន់តែច្រើនឡើង ក្នុងសុភនិមិត្តនោះ កាមច្ឆន្ទៈ រមែងកើតឡើង ។ ព្រោះហេតុនោះ ព្រះមានព្រះភាគ ទើបត្រាស់ថា ម្នាលភិក្ខុទាំងឡាយ សុភនិមិត្តមានហើយ កាលធ្វើឲ្យច្រើននូវអយោនិសោមនសិការ ក្នុងសុភនិមិត្តនោះ នេះជាអាហារដើម្បីការកើតឡើងនៃកាមច្ឆន្ទៈ ដែលមិនទាន់កើតឡើងឬ ដើម្បីការធ្វើកាមច្ឆន្ទៈដែលកើតឡើងហើយ ឲ្យកាន់តែកម្រើកក្រលែងឡើង ។ ហេតុលះបង់កាមច្ឆន្ទៈ ចំណែកកាមច្ឆនៈនោះ នឹងលះបង់បានដោយយោនិសោមនសិការ ការធ្វើទុកក្នុងចិត្តដោយត្រឹមត្រូវ ក្នុងអសុភនិមិត្ត ។ វត្ថុដែលមិនស្អាតក្តី អារម្មណ៍ដែលមិនល្អក្តី ឈ្មោះថា អសុភនិមិត្ត ។ ការធ្វើទុកក្នុងចិត្តដោយឧបាយ ការធ្វើទុកក្នុងចិត្តដោយត្រឹមត្រូវ ការធ្វើទុកក្នុងចិត្តក្នុងវត្ថុដែលមិនទៀងថា មិនទៀងក្នុងវត្ថុដែលជាទុក្ខ ថាជាទុក្ខ ក្នុងវត្ថុដែលមិនមែនខ្លួនថា មិនមែនខ្លួន ឬក្នុងវត្ថុដែលមិនស្អាត ថាមិនស្អាត ឈ្មោះថា យោនិសោមនសិការ ។ កាលភិក្ខុធ្វើយោនិសោមនសិការ នោះឯង ឲ្យប្រព្រឹត្តទៅកាន់តែច្រើនឡើងក្នុងអសុភនិមិត្តនោះ រមែងលះបង់នូវកាមច្ឆន្ទៈ ចេញបាន ព្រោះហេតុនោះ ព្រះមានព្រះភាគទើបត្រាស់ថា ម្នាលភិក្ខុទាំងឡាយ កាលអសុភនិមិត្តមានហើយ ការធ្វើឲ្យច្រើននូវយោនិសោមនសិការក្នុងអសុភនិមិត្តនោះ នេះជាអាហារដើម្បីការមិនកើតឡើងនៃកាមច្ឆន្ទៈ ដែលនៅមិនទាន់កើតឡើង ឬដើម្បីលះបង់នូវកាមច្ឆន្ទៈ ដែលកើតឡើងហើយ ។ ធម៌សម្រាប់លះបង់កាមច្ឆន្ទៈ ម្យ៉ាងទៀត ធម៌ ៦ ប្រការ រមែងប្រព្រឹត្តទៅដើម្បីលះបង់នូវកាមច្ឆន្ទៈគឺ ១. ការកាន់យកនូវអសុភនិមិត្តជាអារម្មណ៍ ២. ការប្រកបរឿយៗនូវអសុភភាវនា ៣. ការរក្សាទ្វារក្នុងឥន្រ្ទីយ៍ទាំងឡាយ ៤. ការដឹងប្រមាណក្នុងភោជន ៥. ការមានកល្យាណមិត្ត ៦. និយាយតែរឿងដែលជាទីសប្បាយ ។ ពិតហើយ កាលភិក្ខុកំណត់អសុភនិមិត្ត ១០ យ៉ាង ក៏អាចលះបង់កាមច្ឆន្ទៈបាន ។ កាលចម្រើនអសុភនិមិត្តក្តី កាលបិទទ្វារក្នុងឥន្រ្ទីយ៍ទាំងឡាយក្តី ដឹងប្រមាណក្នុងភោជនៈ ព្រោះកាលមានឱកាសបរិភោគសល់ត្រឹម ៤-៥ ដុំ ទៀតឆ្អែត ក៏ផឹកទឹក គ្រាន់តែញ៉ាំងអត្តភាពឲ្យប្រព្រឹត្តទៅបាន រមែងលះបង់នូវកាមច្ឆន្ទៈបាន ព្រោះហេតុនោះ ទ្រង់ទើបពោលទុកក្នុងខុទ្ទកនិកាយ ថេរគាថា ថា៖ ចត្តារោ បញ្ច អាលោបេ អភុត្វា បិវេ អលំ ផាសុវិហារាយ បហិតត្តស្ស ភិក្ខុនោ ភិក្ខុគប្បីវៀរដុំបាយ ៤-៥ ពុំនូត ហើយឆាន់ទឹក នេះជា ខ បដិបត្តិដែលសមគួររបស់ភិក្ខុដែលមានខ្លួនបានបញ្ជូនទៅហើយ ។ សូម្បីភិក្ខុដែលសេពគប់កល្យាណមិត្ត ដែលជាអ្នកត្រេកអរ ក្នុងការចម្រើនអសុភ ដូចព្រះតិស្សត្ថេរ អ្នកចម្រើនអសុភកម្មដ្ឋាន ក៏រមែងលះបង់នូវកាមច្ឆន្ទៈបាន សូម្បីដោយការចរចា ក្នុងរឿងជាទីសប្បាយ អាស្រ័យអសុភ ១០ ក្នុងឥរិយាបថ ឈរ ឬ អង្គុយជាដើម ក៏រមែងលះបង់នូវកាមច្ឆន្ទៈបាន ព្រោះហេតុនោះ ទើបទ្រង់ត្រាស់ថា ធម៌ ៦ ប្រការ រមែងប្រព្រឹត្តទៅ ដើម្បីលះបង់នូវកាមច្ឆន្ទៈ ដូច្នេះ ។ ភិក្ខុរមែងដឹងច្បាស់ថា កាមច្ឆន្ទៈ នេះលះបង់បានហើយដោយធម៌ ៦ ប្រការ រមែងមិនកើតឡើងតទៅទៀតដោយអរហត្តមគ្គ ។ ស្រង់ចេញពីសៀវភៅ " មហាសតិប្បដ្ឋានភាវនា " រៀបរៀងដោយ អ៊ឹម រ៉ៃយ៉ា ។ ដោយ៥០០០ឆ្នាំ |