Reading Article
Public date : 03, Jan 2023 (57,057 Read)
រឿងពស់ថ្លាន់

|
រឿងពស់ថ្លាន់
( ចាក ដី. ម. ) មានសេចក្តីដំណាលថា ក្នុងពុទ្ធកាលព្រះបរមស្តាព្រះនាមកស្សបៈ មានពស់ថ្លាន់ ១ បានកាន់យកនូវនិម្មិតក្នុងសំឡេងនៃភិក្ខុទាំងឡាយអ្នករៀននូវអភិធម្ម កាលស្វាធ្យាយនូវអាយតនកថាលុះស្លាប់ទៅ បានទៅកើតក្នុងឋានសួគ៌សោយសម្បត្តិទិព្វដរាបដល់ព្រះសាស្តាជាម្ចាស់នៃយើងបរិនិព្វាន ពេលព្រះសាស្តាបរិនិព្វានបានច្បុតមកកើតក្នុងត្រកូលព្រាហ្មណ៍ ។ ទារកនោះមានវ័យវឌ្ឍនាការចំរើនឡើងកាលណា ក៏ចេញទៅបួសក្នុងសំណាក់អាជីវក មាននាមាភិធេយ្យថាជនសោណាជីវក បានជាជិតុននៃព្រះនាងធម្មាជាអាឃ៌អគ្គមហេសីព្រះបាទពិន្ទុសារៈ ។ លំដាប់នោះព្រះទេវិធម្មាកាលទ្រទ្រង់នូវអសោកកុមារ មានចំណង់ប្លែកកើតឡើងហើយទូលព្រះរាជស្វាមីថាខ្ញុំព្រះអង្គចង់ឈរជ្រែងជាន់ព្រះចន្ទដោយជើងម្ខាង ព្រះអាទិត្យដោយជើងម្ខាង ហើយទំពារស៊ីនូវផ្កាយ របៀប ជន្លេនទាំងឡាយ និងព្រៃញាតស្បាតទាំងឡាយណាស់ ។ ព្រះរាជាទ្រង់ព្រះសណ្តាប់ពាក្យនោះហើយ បង្គាប់ឲ្យគេធ្វើនំអម្បែងធំៗពីរ ហើយប្រាប់ថា នេះព្រះចន្ទ នេះព្រះអាទិត្យ ហើយត្រាស់បង្គាប់ឲ្យធ្វើនំផ្លែអាយមូលៗ មានសណ្ឋានដូចផ្កាយ នំគ្រាប់ល្ងមានអាករដូចជារបៀបនៃពពក និងបង្អែមមានសណ្ឋានដូចញាតស្បាត ទើបឲ្យជំរះព្រះរាជលាន ហើយក្រាលកន្ទេលផែងដែលដាចពីលើ ឲ្យយកបង្អែមដែលអណ្តែតឡើងៗ ពីប្រហោងនៃកន្ទេលផែងនោះហើយប្រាប់ថា នេះជន្លេនទាំងឡាយតាមសេចក្តីប្រាថ្នារបស់ព្រះនាងទេវី ។ ព្រះទេវីធម្មា ក៏ឈរជ្រែងលើនំអម្បែងធំៗដោយជើងទាំងពីរខាងដោយបំណងថា ឈរជ្រែងលើព្រះចន្ទព្រះអាទិត្យហើយទំពារសោយនំផ្លែអាយ នំគ្រាប់ល្ង និង បង្អែមដោយបំណងថា ទំពារសោយនូវផ្កាយ របៀបពពកនឹងញាតស្បាតតាមព្រះរាជចិន្តា ។ ព្រះរាជាចង់ដឹងនូវសេចក្តីសំរេចនៃចំណង់ប្លែក ក៏សួរអាជីវករឈ្មោះជនសោណៗ ថ្វាយដំណឹងតែបន្តិចថា មហារាជ ព្រះទេវី នឹងបានបុត្រដ៏ប្រសើរដ៏បរិបូណ៍ដោយលក្ខណៈជាអ្នកមានបុណ្យ ហើយចូលទៅព្រះទេវីថ្វាយដំណឹងតាមមតិរបស់ខ្លួនថា បពិត្រព្រះនាង បុត្ររបស់ព្រះនាងនឹងបានជាស្តេច ការឈរជាន់ព្រះចន្ទ និងព្រះអាទិត្យ ជាបុព្វនិមិត្តនៃស្តេចទាំងឡាយ ១០១ ក្នុងជម្ពូទ្វីបទាំងអស់ជាអ្នកបំរើព្រះរាជបុត្រនោះ ការទំពារស៊ីនូវផ្កាយ ជាបុព្វនិមិត្តនៃកិរិយាបានសម្លាប់នូវបងប្អូនមានមាតាផ្សេងគ្នាដែលមានមាយាទមិនគាប់ចិត្ត ការទំពារស៊ីនូវរបៀបពពកជាបុព្វនិមិត្ត នៃកិរិយាផ្តាច់បង់នូវគំនិតយល់ខុសហើយកាន់តាមរបៀបព្រះពុទ្ធសាសនា ការទំពារស៊ីនូវជន្លេន ជាបុព្វនិម្មិតនៃកិរិយាបាននូវអំណាចផ្សាយទៅក្នុងផែនដី ១ យោជន៍ ការទំពារស៊ីនូវញាតស្បាតពោលគឺកិរិយាលើកជើងទៅលើ ជាបុព្វនិម្មិតនៃកិរិយាបាននូវអំណាចផ្សាយទៅអាកាសខាងលើ ១ យោជន៍ ។ កាលបើទំនាយលក្ខណៈរាជបុត្ររួចហើយ អាជីវករឈ្មោះជនសោណទៅនៅក្នុងទី ១ ឆ្ងាយអំពីព្រះបរមរាជវាំង ១ យោជន៍ ។ ក្នុងកាលជាចំណេរមកខាងក្រោយ អសោកកុមារបានដំកល់នៅក្នុងរាជសម្បត្តិ ហើយស្តាប់នូវប្រវត្តិទាំងអស់ដែលព្រះវរមាតាប្រាប់ ក៏មានប្រាថ្នាចង់ធ្វើសក្ការបូជាដល់អាជីករឈ្មោះជនសោណនោះ ហើយត្រាស់បង្គាប់ឲ្យរាជបុរសទាំងឡាយ យកអង្រឹងមាសទៅទទួលជាកិត្តិយស ។ អាជីវករឈ្មោះជនសោណមកជាមួយនឹងរាជបុរសទាំងឡាយនោះ បានឃើញទីសម្រាប់គង់នៅរបស់ព្រះថេរឈ្មោះអស្សគុត្ត ទើបគិតថា នេះជាទីសម្រាប់នៅនៃបុព្វជិតទាំងឡាយ ហើយចុះចាកពីអង្រឹងចូលទៅកាន់ទីនោះ ក៏បានឃើញសត្វទាំងឡាយ មានសីហៈ និងខ្លាធំជាដើម ដើរជាពួកជាក្រុម មានមេត្តាចិត្តកើតដល់គ្នានឹងគ្នា មិនបៀតបៀនគ្នា ដោយអនុភាពនៃមេត្តាធម៌របស់ព្រះថេរទើបសួរថា នេះជាអ្វី ? ព្រះថេររមិលមើលឧបនិស្ស័យរបស់អាជីវករនោះ គឺឃើញថាកាលពីដើមធ្លាប់បានស្តាប់អាយតនកថា ហើយលោកគិតថាមានតែអាយតនកថាហ្នឹងឯង ទើបជាឧបនិស្ស័យរបស់អាជីវកនោះ ក៏ពោលប្រាប់ថា នែអាវូសោនោះជាអាយតនៈ ។ គ្រាន់តែបានឮថា អាយតនៈៗ ដូច្នេះ អាជីវកនោះក៏មានសេចក្តីអៀនខ្មាសខ្លាចបាបកើតឡើង ហើយអង្គុយច្រអាងហោងស្រួលបួល ។ ព្រះថេរក៏បោះសំពត់ងូតទឹកទៅឲ្យអាជីវកនោះៗ បួសក្នុងសំណាក់ព្រះថេរបានសម្រេចព្រះអរហត្តទៅ ៕ រឿងនេះបានដកស្រង់ចេញពីសៀវភៅប្រជុំនិទានជាតក ដោយ៥០០០ឆ្នាំ |