Reading Article
Public date : 27, Jul 2019 (13,464 Read)
សម្បត្តិរបស់ជនមានសទ្ធាមិនវិនាសសាបសូន្យ

|
រឿងព្រាហ្មណ៍សម្លាប់កូនធ្វើទាន
(ចាក គ. ទា.) ( សម្បត្តិរបស់ជនមានសទ្ធាមិនវិនាសសាបសូន្យ ) កាលពីព្រេងនាយ មានព្រាហ្មណ៍ម្នាក់មានសទ្ធាជឿស៊ប់ក្នុងព្រះពុទ្ធសាសនា ជាអ្នកពេញចិត្តក្នុងការធ្វើទាន ។ ព្រាហ្មណ៍នេះកាលមាតាបិតារៀបឲ្យមានគូស្រករ បានចែកទ្រព្យសម្បត្តិជាច្រើនស្មើភាគនឹងបងប្អូនរបស់គាត់ ដល់ពេលក្រោយមកព្រាហ្មណ៍នេះទៅជាអ្នកក្រដើរសុំទានគេ ឯបងប្អូនទាំងប៉ុន្មានសុទ្ធតែជាអ្នកមានទ្រព្យ ប៉ុន្តែគេមិនដែលឲ្យវត្ថុអ្វីបន្តិចបន្តូចដល់ព្រាហ្មណ៍នោះឡើយ ពួកជនទាំងឡាយតែងហៅព្រាហ្មណ៍នោះថាទុគ្គតព្រាហ្មណ៍ ។ ឯទុគ្គតព្រាហ្មណ៍នោះមានកូនប្រុសមួយរូប ជាទីស្រឡាញ់ពេញចិត្តនៃឪពុកមានិងម្តាយមីងក្រៃពេក ។ ថ្ងៃមួយមានព្រះអរហន្តមួយព្រះអង្គនិមន្តទៅបិណ្ឌបាត ទុគ្គតព្រាហ្មណ៍ឃើញហើយមានសេចក្តីជ្រះថ្លា និមន្តចូលទៅផ្ទះដើម្បីទទួលភត្ត លុះលោកចូលទៅគង់ហើយ ទួលលោកឲ្យរង់ចាំភត្តបន្តិច ទើបគិតគ្នាប្តីប្រពន្ធថា យើងបានអ្វីធ្វើចង្ហាន់លោក បើក្នុងផ្ទះយើងសូម្បីតែអង្ករ ១ គ្រាប់ក៏គ្មានផង ទុគ្គតព្រាហ្មណ៍នឹកឃើញថាបងប្អូនយើងស្រលាញ់កូនយើងណាស់ បើយើងយកកូនទៅដាក់នៅមាត់រូង នាគរាជ ក្រោយផ្ទះយើង នាគនឹងខាំស៊ីមួយរំពេច ហើយយើងទៅ ប្រាប់បងប្អូនថា កូនស្លាប់ឥឡូវបាននិមន្តលោក ១ អង្គមកធ្វើបុណ្យឲ្យវា ។ បងប្អូនយើងគេមុខតែយកអង្ករត្រីជាដើមមកឲ្យយើងធ្វើចង្ហាន់លោកមិនខាន លុះគិតហើយក៏យកកូនទៅដាក់នៅមាត់រន្ធនាគរាជ ពួនចាំមើល ។ នាគរាជកាលបើធុំក្លិនមនុស្សហើយ ក៏ស្ទុះចេញមក ។ ដោយគុណនៃសទ្ធាពិតប្រាកដរបស់ព្រាហ្មណ៍ និងអានុភាពនៃអាយុរបស់កុមារនោះមិនអស់ផង ក៏បណ្តាលឲ្យនាគរាជនោះភ្ញាក់ផ្អើលនឹងកុមារ ស្ទុះរត់ចេញទៅ ជ្រុះកែវចេញពីក្នុងមាត់ក្បែរមាត់រន្ធ ។ កុមារឃើញកែវភ្លឺៗ រើសយកមកកាន់លេង ។ ឯមាតាបិតាឃើញកូនកាន់លេងដូច្នេះ ក៏ស្ទុះទៅយកកូននិងកែវ កែវនោះល្អក្រៃលែងរកថ្លៃកាត់មិនបានយកទៅលក់ឲ្យសេដ្ឋីក្នុងនគរនោះ គេមិនហ៊ានទិញ ព្រោះគ្មានលុយឲ្យ ។ ទុគ្គតព្រាហ្មណ៍ ក៏បញ្ចាំកែវទុកនឹងសេដ្ឋីសិន សុំយកម្ហូបចំណីបាយសម្លមកប្រគេនលោក ។ ដល់ពេលក្រោយបានយកកែវទៅថ្វាយព្រះរាជាៗ ទ្រង់តាំងឲ្យធ្វើសេដ្ឋីក្នុងនគរនោះ ដល់អស់អាយុបានទៅកើតនៅស្ថានសួគ៌ទៀត ។ រឿងនេះបំភ្លឺឲ្យឃើញថា សទ្ធាបើមានពិតប្រាកដមាំមួនចំពោះបុគ្គលណាហើយ អាចរក្សានូវសម្បត្តិ ដែលបំរុងនឹងវិនាសមិនឲ្យវិនាស ហើយញុំាងប្រយោជន៍ដែលជននោះប្រាថ្នាឲ្យសម្រេចបានដូចបំណងសមដូចពុទ្ធភាសិតថា " សទ្ធាសាធុបតិដ្ឋិតា សទ្ធាដែលបុគ្គលបានតំកល់ស៊ប់ហើយអាចញុំាងប្រយោជន៍ឲ្យសម្រេចបាន" ។ ដកស្រង់ចេញពីសៀវភៅប្រជុំនិទានជាតក ដោយ៥០០០ឆ្នាំ |