Reading Article
Public date : 27, Jul 2019 (47,611 Read)
ព្រះពុទ្ធសាសនាមានអង្គ ៩

|
ព្រះពុទ្ធសាសនាមានអង្គ ៩
ព្រះពុទ្ធសាសនា គឺ ព្រះធម៌វិន័យដែលព្រះដ៏មានព្រះភាគទ្រង់សម្តែងប្រកបដោយអង្គ ៩ គឺ៖ ១- សុត្ត បានដល់ព្រះសូត្រផ្សេងៗ មានមង្គលសូត្រជាដើម ។ ២- គេយ្យ គឺព្រះសូត្រទាំងអស់ដែលមានគាថា មានសគាថវគ្គជាដើម ។ ៣- វេយ្យាករណ គឺព្រះអភិធម្មបិដក ព្រះសូត្រដែលមិនមានគាថា បញ្ចូលជាមួយ និងព្រះពុទ្ធវចនៈដែលមិនចាត់ចូលក្នុងអង្គ ៨ ។ ៤- គាថា គឺព្រះធម្មបទថេរគាថា ថេរីគាថា និងគាថាសុទ្ធៗ ដែលមិនមានឈ្មោះថាសូត្រក្នុងសុត្តនិបាត ។ ៥- ឧទាន គឺព្រះសូត្រ ៨២ សូត្រដែលព្រះដ៏មានព្រះភាគទ្រង់ថ្លែងដោយសោមនស្សញ្ញាណ ។ ៦- ឥតិវុត្តក គឺព្រះសូត្រ ១១០ សូត្រដែលផ្តើមឡើងដោយពាក្យថា វុត្តំ ហេតំ ភគវា (ខនេះសមពិតដូចពាក្យដែលព្រះដ៏មានព្រះភាគត្រាស់ទុកហើយ) ។ ៧- ជាតក គឺរឿងអតីតរបស់ព្រះដ៏មានព្រះភាគ និងព្រះសាវក មានអបណ្ណកជាតកជាដើម រួម ៥៥០ ជាតក ។ ៨- អព្ភូតធម៌ គឺព្រះសូត្រដែលប្រកបដោយអច្ឆរិយអព្ភូតធម៌ (ធម៌ដែលក្រៃលែងដោយគុណវិសេស ដែលគួរអស្ចារ្យ ) ។ ៩- វេទល្ល គឺព្រះសូត្រដែលកាលណាសួរហើយ ក៏បាននូវសេចក្តីដឹង និងសេចក្តីត្រេកអរក្រៃលែងឡើងៗ មានចូឡវេទល្លសូត្រជាដើម ។ ព្រះពុទ្ធវចនៈមាន ៨៤០០០ ព្រះធម្មក្ខន្ធដែលព្រះអានន្ទរៀនអំពីព្រះដ៏មានព្រះភាគមក ៨២០០០ ព្រះធម្មក្ខន្ធ រៀនពីព្រះភិក្ខុមានព្រះសារីបុត្រជាដើម ២០០០ ព្រះធម្មក្ខន្ធ ។ ព្រះធម្មក្ខន្ធ គឺព្រះធម៌តែមួយ ខ ក៏សឹងអាចនឹងជាព្រះសូត្រ ១ សូត្រ នោះក៏បានជា ១ ព្រះធម្មក្ខន្ធ ឬក៏ជាបញ្ហា ១ ខ ក៏ជា ១ ព្រះធម្មក្ខន្ធ ។ ពាក្យវិសជ្ជនា ខ នីមួយៗ ក៏ជាព្រះធម្មក្ខន្ធ នីមួយៗដែរ ។ * ព្រះវិន័យបិដក ចែកចេញជា ៥ គម្ពីរគឺ៖ មហាវិភង្គ ១ ភិក្ខុនីវិភង្គ ១ មហាវគ្គ ១ ចុល្លវគ្គ ១ បរិវារ ១ ។ គម្ពីរអដ្ឋកថា ដែលអធិប្បាយ ខ សេចក្តីក្នុងព្រះវិន័យបិដក គឺសមន្តបាសាទិកា ។ * ព្រះសុត្តន្តបិដក មាន ៥ និកាយគឺ ៖ ១. ទីឃនិកាយ រួមព្រះសូត្រខ្នាតវែងមានព្រះសូត្រ ៣៤ សូត្រ ចែកជា ៣ វគ្គ គឺ សីលខន្ធវគ្គ មហាវគ្គ និងបាដិកវគ្គ ។ គម្ពីរអដ្ឋកថា ទីឃនិកាយ គឺ សុមង្គលវិលាសិនី ។ ២. មជ្ឈិមនិកាយ រួមព្រះសូត្រខ្នាតកណ្តាល មានព្រះសូត្រ ១៥២ សូត្រ ចែកចេញជា ៣ បណ្ណាសក គឺ មូលបណ្ណាសក មិជ្ឈិមបណ្ណាសក ឧបរិបណ្ណាសក ។ - មូលបណ្ណាសក មាន ៥ វគ្គ ។ ១ វគ្គ មាន ១០ សូត្រ រួម ៥០ សូត្រ ។ - មជ្ឈិមបណ្ណាសក មាន ៥ វគ្គ ។ ១ វគ្គ មាន ១០ សូត្រ រួម ៥០ សូត្រ ។ - ឧបរិបណ្ណាសក មាន ៥ វគ្គ ។ ១ វគ្គមាន ១០ សូត្រ មាន ៤ វគ្គ និង វគ្គទី ៥ មាន ១២ សូត្រ រួម ៥២ សូត្រ ។ គម្ពីព្រះអដ្ឋកថា មជ្ឈិមនិកាយ គឺ បបញ្ចសូទនី ។ ៣. សំយុត្តនិកាយ រួមព្រះសូត្រជាពួកៗ ចែកជាវគ្គធំៗ ៥ វគ្គ គឺ សគាថាវគ្គ ១ និទានវគ្គ ១ ខន្ធវារវគ្គ ១ សឡាយតនវគ្គ ១ មហាវារវគ្គ ១ ។ - សគាថវគ្គ មាន ១១ សំយុត្ត - និទានវគ្គ មាន ៩ សំយុត្ត - ខន្ធវារវគ្គ មាន ១៣ សំយុត្ត - សឡាយតនវគ្គ មាន ១០ សំយុត្ត - មហាវារវគ្គ មាន ១២ សំយុត្ត គម្ពីរអដ្ឋកថាសំយុត្តនិកាយ គឺ សារត្ថបកាសិនី ៤. អង្គុត្តរនិកាយ រួមព្រះសូត្រតាមចំនួនប្រភេទនៃធម៌ ។ ចែកជា ១១ និបាត គឺ៖ ឯកនិបាត រួមពួកធម៌ ១ ប្រភេទ ទុកនិបាត រួមពួកធម៌ ២ ប្រភេទ តិកនិបាត រួមពួកធម៌ ៣ ប្រភេទ ចតុកនិបាត រួមពួកធម៌ ៤ ប្រភេទ បញ្ចកនិបាត រួមពួកធម៌ ៥ ប្រភេទ ឆកនិបាត រួមពួកធម៌ ៦ ប្រភេទ សត្តកនិបាត រួមពួកធម៌ ៧ ប្រភេទ អដ្ឋកនិបាត រួមពួកធម៌ ៨ ប្រភេទ នវកនិបាត រួមពួកធម៌ ៩ ប្រភេទ ទសកនិបាត រួមពួកធម៌ ១០ ប្រភេទ ឯកទសកនិបាត រួមពួកធម៌ ១១ ប្រភេទ គម្ពីរព្រះអដ្ឋកថា អង្គុត្តរនិកាយ គឺ មនោរថបូរណី ៥. ខុទ្ទកនិកាយ ក្រៅពីនិកាយ ៤ មាន ទីឃនិកាយ ជាដើមនោះហើយ ព្រះពុទ្ធវចនៈដទៃពីនោះ រួមជាខុទ្ទកនិកាយ ទាំងអស់ដែលមាន ខុទ្ទកបាដ្ឋ ធម្មបទ ឧទាន ឥតិវុត្តក សុត្តនិបាត វិមានវត្ថុ បេតវត្ថុ ថេរគាថា ថេរីគាថា ជាតក មហានិទ្ទេស ចូឡនិទ្ទេស បដិសម្ភិទាមគ្គ អបទាន ពុទ្ធវង្ស និង ចរិយាបិដក គម្ពីរព្រះអដ្ឋកថា ខុទ្ទកនិកាយ គឺ បរមត្ថជោតិកា អដ្ឋកថា ខុទ្ទកបាដ្ឋ និង សុត្តនិបាត ធម្មបទដ្ឋកថា អដ្ឋកថា គាថាធម្មបទ បរមត្ថទីបនី អដ្ឋកថា ឧទាន និង ឥតិវុត្តក បេតវត្ថុ ថេរគាថា ថេរីគាថា ចរិយាបដិក ជាតកដ្ឋកថា អដ្ឋកថា ជាតក សទ្ធម្មប្បជោ្ជតិកា អដ្ឋកថា មហានិទ្ទេស និង ចូឡនិទ្ទេស សទ្ធម្មបកាសិនី អដ្ឋកថា បដិសម្ភិទាមគ្គ វិមលត្ថវិលាសិនី អដ្ឋកថា វិមានវត្ថុ វិសុទ្ធជនវិលាសិនី អដ្ឋកថា អបទាន មធុរត្ថវិលាសិនី អដ្ឋកថា ពុទ្ធវង្ស ។ * ព្រះអភិធម្មបិដក ៧ គម្ពីរ គឺ៖ ១. ធម្មសង្គណីបករណ អដ្ឋកថា គឺ អដ្ឋសាលិនី ២. វិភង្គបករណ អដ្ឋកថា គឺ សម្មោហវិនោទនី ៣. ធាតុកថាបករណ អដ្ឋកថា គឺ បរមត្ថទីបនី បញ្ចបករណដ្ឋកថា ៤. បុគ្គលបញ្ញាតិបរណ អដ្ឋកថា គឺ បរមត្ថទីបនី បញ្ចបរណដ្ឋកថា ៥. កថាវត្ថុបករណ អដ្ឋកថា គឺ បរមត្ថទីបនី បញ្ចបករណដ្ឋកថា ៦. យមកបករណ អដ្ឋកថា គឺ បរមត្ថទីបនី បញ្ចបករណដ្ឋកថា ៧. បដ្ឋានបករណ អដ្ឋកថា គឺ បរមត្ថទីបនី បញ្ចបករណដ្ឋកថា អដ្ឋកថា ព្រះត្រៃបិដកនោះ ចំណែកធំ ព្រះពុទ្ធឃោសាចារ្យ លោកប្រែ និងរៀបរៀងពីអដ្ឋកថាដើមក្នុងភាសាសីហឡ (ភាសាអ្នកស្រីលង្កា) គឺ មហាអដ្ឋកថា មហាបច្ចរី និង កុរុនទី ដែលបន្តគ្នាមកតាំងតែពីសម័យលោកព្រះមហិន្ទត្ថេរ ព្រះឱរស ព្រះចៅអសោក មហារាជ ទៅផ្សព្វផ្សាយព្រះពុទ្ធសាសនានៅក្នុងប្រទេសស្រីលង្ការ ។ ក្រៅពីគម្ពីរដីកា ដែលអធិប្បាយ សេចក្តីក្នុងគម្ពីរអដ្ឋកថានិងអត្ថយោជនា គឺសារត្ថទីបនី (គម្ពីរដីកាព្រះវិន័យបិដក) សារត្ថមញ្ចុសា (គម្ពីរដីកាព្រះសុត្តន្តបិដក) បរមត្ថបកាសិនី (គម្ពីរដីកា ព្រះអភិធម្មបិដក) និងអនុដីកាដែលអធិប្បាយទុកពាក្យសព្ទក្នុងដីកាហើយស្រាប់ ។ គម្ពីរផ្លូវព្រះពុទ្ធសាសនា ដែលគួរដល់ការសិក្សាដែលលោកព្រះថេរដ៏មានគុណក្នុងអតីតសម័យតៗមក បានរចនាទុកគឺមានដូចនេះ ៖ មិលិន្ទបញ្ហា រចនាដោយលោកព្រះបិដកចុល្លក័យ ប្រហែលក្នុង ព.ស ៥០០ វិសុទ្ធិមគ្គ រចនាដោយលោកព្រះពុទ្ធឃោសាចារ្យ ប្រហែលក្នុង ព.ស ជិត ១០០០ អភិធម្មត្ថសង្គហ រចនាដោយលោកព្រះអនុរុទ្ធាចារ្យ ប្រហែលក្នុង ព.ស ជិត ១០០០ សារត្ថសង្គហ រចនាដោយលោកព្រះនន្ទចារ្យ ប្រហែលក្នុង ព.ស ជិត ១០០០ បរមត្ថមញ្ចុសា (ដីកាអធិប្បាយវិសុទ្ធមគ្គ) រចនាដោយលោកព្រះធម្មបាលាចារ្យ សច្ចសង្ខេប រចនាដោយលោកព្រះធម្មបាលាចារ្យ អភិធម្មត្ថវិភាវិនីដីកា (អធិប្បាយគម្ពីរអភិធម្មត្ថសង្គហ) រចនាដោយលោកព្រះសុមង្គលាចារ្យ មោហវិច្ឆេទនី (អធិប្បាយធម្មសង្គណីបករណនិងវិភង្គបករណ) រចនាដោយលោកព្រះ កស្សបៈ ប្រហែលក្នុង ព.ស ១៧០៣ - ១៧៧៣ មង្គលត្ថទីបនី (អធិប្បាយមង្គលសូត្រ) រចនាដោយលោកព្រះ សិរីមង្គលាចារ្យ ជនជាតិ ឈៀងម៉ៃ ។ ស្រង់ចាក សៀវភៅ បរមត្ថធម៌សង្ខេប ចិត្តសង្ខេប និងភាគបន្ថែម ៕ ដោយ៥០០០ឆ្នាំ |