Reading Article
Public date : 03, Jun 2022 (29,484 Read)
រឿងនហាបិតបុត្ត

|
រឿងនហាបិតបុត្ត
( ចាក សិ. ទុ. ) ( សេចក្តីស្រឡាញ់ តែងសម្លាប់សត្វលោក ) កាលកន្លងទៅហើយ មានខ្មាន់ព្រះកេសម្នាក់នៅក្នុងក្រុងវេសាលី ជាអ្នកមានសទ្ធាជ្រះថ្លាក្នុងព្រះពុទ្ធសាសនា ប្រកបកិច្ចការចិញ្ចឹមជីវិត ដោយការកាត់ព្រះកេសាព្រះមស្សុ របស់ព្រះរាជា និងពួកស្រីស្នំរបស់ព្រះអង្គ ។
ថ្ងៃមួយខ្មាន់ព្រះកេសានោះទៅប្រកបកិច្ចការក្នុងព្រះរាជនិវេសន៍ បាននាំបុត្រទៅផង ឯបុត្រនោះបានឃើញនាង លិច្ឆវីរាជកុមារិកា ដែលប្រដាប់តាក់តែង ដោយគ្រឿងអលង្ការ មានរូបឆោមល្អស្រស់ប្រឹមប្រិយ ដូចជាស្រីទេពអប្សរ ក៏មានចិត្តប្រតិព័ទ្ធស្នេហា ចំពោះរាជកុមារិកានោះពន់ពេក ដោយអំណាចនៃកិលេសគ្របសង្កត់ ។ លុះត្រឡប់ទៅផ្ទះវិញ ក៏ដេកអត់បាយអត់ទឹក នឹករំពឹងចំពោះតែរូបនាងកុមារិកា ទើបប្រាប់ដល់បិតាថា បពិត្របិតាខ្ញុំ បើមិនបាននាងលិច្ឆវីរាជកុមារិកា នោះធ្វើជាភរិយាទេ មុខតែស្លាប់ក្នុងទីនេះពុំខាន ។ បិតាក៏និយាយអង្វរថា ម្នាលកូនសម្លាញ់ឪពុក អ្នកជាមនុស្សថោកទាបដោយជាតិនិងគោត្រ ជាកូនរបស់ខ្មាន់ព្រះកេសា មិនគួរនឹងធ្វើនូវឆន្ទរាគចំពោះហេតុដែលមិនមែនជា វត្ថុបំណងនោះទេ ព្រោះព្រះរាជធីតា នោះជាធីតារបស់ស្តេចលិច្ឆវី មានជាតិដ៏ខ្ពង់ខ្ពស់ មិនសមរម្យនឹងកូនឯងទេ ។ ចាំបិតាទៅរកនាងកុមារិកា ដែលមានជាតិនិងគោត្រស្មើគ្នាឲ្យ ។ ឯកូនរបស់នហាបិតនោះមិនតាមពាក្យ សំដីរបស់បិតាឡើយ នៅតែមានចិត្តប្រតិព័ទ្ធចំពោះនាង លិច្ឆវីរាជកុមារិកា នោះជាខ្លាំងឡើងៗ ដរាបដល់មានរូបរាងកាយស្គមស្គាំង ស្លាប់ក្នុងពេលនោះទៅ ។ ( ព្រះមហា សំ សុខ និស្សិតសាលាបាលីជាន់ខ្ពស់ ) អត្តបទនេះវាយបញ្ចូលដោយកញ្ញា ហេង សំដាណែត ។ អត្តបទនេះដកស្រង់ចេញពីសៀវភៅ ប្រជុំនិទានជាតក ។ ដោយ៥០០០ឆ្នាំ |