Reading Article
Public date : 27, Jul 2019 (45,347 Read)
រឿងបុរសលិចសំពៅ

|
រឿងបុរសលិចសំពៅ
( ចាក ម. វា. ) ( អ្នកមានកតញ្ញូកតវេទិតាធម៌ តែងមានទេវតាជួយ ) កាលពីព្រេងនាយ មានបុរសម្នាក់ឈ្មោះតម្ពុលៈ នៅក្នុងក្រុងសាវត្ថី បានធ្វើដំណើរទៅកាន់រាបថជនបទ ក្នុងគិម្ហរដូវក្តៅខ្លាំងពេកចូលជ្រកក្រោមម្លប់ឈើមួយ បានជួបនឹងបុរសម្នាក់ ដែលចូលទៅជ្រកមុន ។
បុរសចូលទៅជ្រកមុនបាននិយាយសុំស្លាម្លូថា ម្នាលសំឡាញ់អ្នកមានស្លាម្លូឬទេ ? បើមានខ្ញុំសូមទាន១មាត់ទទួលទានគ្រាន់មានទឹកមាត់ ព្រោះស្រេកទឹកខះកណាស់ ។ តម្ពុលបុរសឮសូមដូច្នោះហើយ មានចិត្តមេត្តាករុណា បានឲ្យស្លាម្លូមួយមាត់ទៅបុរសនោះបរិភោគ ។ កាលខាងក្រោយមក បុរសទាំងពីរនាក់បានឡើងជិះសំពៅឆ្លងមហាសាគរ ទៅជួញជាមួយនឹងពួកឈ្មួញទាំងឡាយ ទៅបាន ៧ថ្ងៃមានខ្យល់ព្យុះជាខ្លាំងធ្លាតសំពៅកណ្តាលសាគរ ពួកឈ្មួញទាំងឡាយត្រូវរលកទឹកបោកលិចស្លាប់អស់ នៅសល់តែតម្ពុលបុរសនិងបុរសដែលសុំស្លាស៊ី ក្នុងពេលដែលជ្រកក្រោមម្លប់ឈើ ឯបុរសដែលមានស្លាម្លូ បានក្តារមួយបន្ទះតោងហែលទៅដោយឡែក តម្ពុលបុរសឥតមានក្តារតោងទេ ស្ទើរតែនឹងស្លាប់ជួនជាអាយុមិនអស់ ក៏អណ្តែតទៅជួបនឹងបុរសដែលសុំស្លាម្លូ ៗនោះឃើញហើយចាប់លើកឡើងស្គាល់ច្បាស់ជាតម្ពុលបុរស ដែលខ្លួនបានសុំស្លាម្លូក៏ឲ្យតោងបន្ទះក្តារ ហែលឆ្លងទៅខ្លួនស៊ូហែលដៃទទេ ព្រោះនឹកឃើញថាគុណដែលឲ្យស្លាម្លូ១ មាត់ដល់ខ្លូនក្នុងពេលដែលខ្លូនស្រេកទឹកខ្លាំង.។ ឯតម្ពុលបុរសកាលបើបានផែនក្តារហើយ ក៏ខំហែលសំដៅទៅត្រើយ ចំណែកខាងបុរសអ្នកហែរដៃទទេ ខំហែលយូរៗ ទៅក៏អស់កំលាំងក៏បណ្តែកខ្លួនលើទឹក គិតថាអាយុអញអស់ក្នុងកណ្តាលមហាសាគរនេះហើយ ប៉ុន្តែស្លាប់ក៏ស្លាប់ចុះឲ្យតែតម្ពុលបុរសអ្នកមានឧបការៈបានរស់ជីវិត កំពុងតែគិតយ៉ាងនេះ ក៏ក្តៅក្រហាយដល់ទេវតារក្សាសមុទ្រ ទេវតារំពឹងមើលឃើញបុរសនោះមានគុណធម៌ល្អ ក៏ស្ទុះទៅស្រង់យកទៅដាក់នៅត្រើយនាយមុនតម្ពុលបុរស លុះតម្ពុលបុរសទៅដល់ស្រាប់តែឃើញបុរសនោះនៅលើច្រាំងទើបសួរថា សំឡាញ់ឯងបានអ្វីជិះមកបានជាឆាប់ដល់ម្ល៉េះ ? បុរសនោះប្រាប់តាមត្រង់ថា ខ្ញុំឥតដឹងខ្លូនទេអស់កំលាំងពេក បណ្តែកខ្លួនលើទឹកចាំតែពេលស្លាប់ ស្រាប់តែមកដល់ទីនេះតែម្តង។ កំពុងនិយាយដូច្នេះទេវតាក៏បង្ហាញខ្លួន ឲ្យបុរសទាំងពីរនាក់បានឃើញ ហើយនិយាយប្រាប់ថា ខ្ញុំយកអ្នកមកព្រោះអ្នកមានកតញ្ញូកតវេទិតាធម៌ ប្រាកដក្នុងខ្លួន បុគ្គលដែលមានភាពដូចអ្នកនឹងបណ្តោយឲ្យវិនាសមិនបានឡើយ តាំងពីព្រេងនាយមកទេវតាទាំងឡាយ មិនដែលមើលបំណាំបុគ្គលដែលប្រាកដស្មើដូចជាអ្នកនេះ ។ ទេវតាប្រាប់ដូច្នេះហើយ ក៏ឲ្យបុរសទាំងពីរនូវរូបបរិភោគអាហារទិព្វ ស្លៀកពាក់គ្រឿងអលង្ការទិព្វ ហើយនាំទៅដាក់ក្នុងនគរសាវត្ថីក្នុងខណៈនោះឯង ។ វាយបញ្ចូលអត្តបទនេះដោយកញ្ញា ហេង សំដាណែត ។ អត្តបទនេះដកស្រង់ចេញពីសៀវភៅ ប្រជុំនិទានជាតក ។ ដោយ៥០០០ឆ្នាំ |