Reading Article
Public date : 27, Jul 2019 (70,112 Read)
រឿងព្រាហ្មណ៏សម្លាប់ពពែ

|
រឿងព្រាហ្មណ៏សម្លាប់ពពែ
( ចាក ម. អ. )
( ពលភាពរបស់ពៀរវេរាក្នុងលោក ) កាលកន្លងទៅហើយ មានព្រាហ្មណ៏ម្នាក់ជាអាចារ្យទិសាបាមោក្ខម្នាក់នៅក្រុងពារាណសី បានសម្លាប់ពពែមួយធ្វើជាអាហារ ។
ដោយកម្មនោះឯង គាត់កើតជាពពែត្រូវដាច់ក្បាលអស់ ៤៩៩ អត្តភាពមកហើយ លុះដល់អត្តភាពជាគំរប់ ៥០០ បានកើតជាពពែរបស់ព្រាហ្មណ៏ម្នាក់ ។ ថ្ងៃមួយ ព្រាហ្មណ៏ជាម្ចាស់ចង់ធ្វើជាអាហារ ប្រារព្ធនឹងសម្លាប់ពពែ ពពែរលឹកឃើញជាតិដែលខ្លួនធ្វើមកពីមុនក៏សើច ហើយបែរជាយំ ព្រាហ្មណ៏ឃើញហេតុដូច្នេះទើបសួរទៅពពែ ពពែឆ្លើយប្រាប់ថា បានជាខ្ញុំសើចនោះ ព្រោះខ្ញុំគិតឃើញថា ថ្ងៃនេះច្បាស់ជាខ្ញុំរួចចាកទុក្ខបែបនេះ ។ ដែលត្រលប់ជាយំវិញ ព្រោះអាណិតថា បើអ្នកសម្លាប់ខ្ញុំហើយ អ្នកត្រូវដាច់ក្បាលអស់ ៥០០ អត្តភាពដូចជាខ្ញុំយ៉ាងនេះ ។ ព្រាហ្មណ៏ឮដូច្នេះហើយមានសេចក្តីសង្វេគជាខ្លាំង ទើបពោលថា ម្នាលពពែ អ្នកកុំភ័យខ្ញុំមិនសម្លាប់អ្នកទេ ។ ពពែនោះនិយាយថា បើអ្នកសម្លាប់ក្តី មិនសម្លាប់ក្តី ខ្ញុំត្រូវតែស្លាប់ក្នុងពេលនេះមិនខាន ។ ព្រាហ្មណ៏ក៏លែងពពែឲ្យទៅតាមសេចក្តីសប្បាយ ហើយតាំងចិត្តលែងសម្លាប់សត្វដ៏ទៃទៀត ។ ឯពពែបានរួចពីកណ្តាប់ដៃព្រាហ្មណ៏ភ្លាម ក៏ឈរលើខ្នងថ្មមួយដុំងើយស៊ីស្លឹកឈើមួយគុម្ព ពេលនោះរន្ទះបាញ់ថ្មបែកខ្ទៀតទៅលើពពែដែលឈរដាច់ក ស្លាប់នៅទីនោះមួយរំពេច ។ ( ព្រះមហា ប៉ុល សៅ និស្សិតសាលាបាលីជាន់ខ្ពស់ ) អត្តបទនេះវាយបញ្ចូលដោយកញ្ញា ហេង សំដាណែត ។ អត្តបទនេះដកស្រង់ចេញពីសៀវភៅ ប្រជុំនិទានជាតក ។ ដោយ៥០០០ឆ្នាំ |