Reading Article
Public date : 27, Jul 2019 (28,346 Read)
រឿងចិត្តគហបតី

|
រឿងចិត្តគហបតី
( ចាក ធ. ខុ. ) ( អ្នកបរិបូណ៍ដោយសទ្ធានិងសីលមានគេបូជាគ្រប់ទីកន្លែង ) កាលព្រះសម្ពុទ្ធបរមគ្រូទ្រង់ព្រះជន្មនៅឡើយ ។ ថ្ងៃមួយព្រះអានន្ទទូលសួរព្រះសម្ពុទ្ធថា បពិត្រព្រះអង្គដ៏ចំរើន ចិត្តគហបតីមកកាន់សំណាក់ព្រះអង្គអស់ ១ ខែ ទេវតានិងមនុស្សទាំងឡាយតែងបូជាគ្រឿងសក្ការៈដល់គាត់រាល់ ៗ ថ្ងៃ គាត់ឲ្យទៀនគ្រឿងសក្ការៈនោះមិនអស់ ឥឡូវគាត់បររទះ ៥០០ ត្រឡប់ទៅវិញ ពួកទេវតានាំគ្នាយកកែវ៧ ប្រការដាក់ពេញរទះទាំងអស់, បពិត្រព្រះអង្គដ៏ចំរើនគ្រឿងសក្កាៈកើតឡើងដល់ចិត្តគហបតីនេះ តែក្នុងកាលដែលមកសំណាក់ព្រះអង្គទេឬ ? ឬថាកើតឡើងដល់គាត់ក្នុងទីដទៃដែល?
ព្រះដ៏មានព្រះភាគត្រាស់ថា ម្នាលអានន្ទក្នុងទីណាៗ ក៏ដោយគ្រឿងសក្កាៈតែងកើតដល់ចិត្តគហបតីជានិច្ច ព្រោះគាត់មានសទ្ធានិងសីល បានកសាងទុកមកតាំងពីសាសនាព្រះពុទ្ធព្រះនាមបទុមមុត្តរៈ លុះមកដល់សាសនាព្រះពុទ្ធព្រះនាមកស្សប គាត់ច្យុតពីទេវលោកទៅមកកើតក្នុងត្រកូលព្រានម្រិគ ។ ថ្ងៃមួយជាពេលមានភ្លៀងជោគជាំគាត់កាន់លំពែងចូលទៅក្នុងព្រៃដើម្បីចាប់ម្រិគ ស្រាប់តែឃើញភិក្ខុ ១ រូប ទូលចីពរឈរនៅក្បែររញភ្នំ គាត់ថាលោកអង្គនេះប្រហែលជាធ្វើសមណធម៌ អញនឹងប្រគេនចង្ហាន់លោកបានម្តង ក៏ទៅប្រាប់ភរិយាឲ្យចំអិនអាហារ ស្រាប់តែឃើញភិក្ខុ ១ រូបទៀតកំពុងដើរបិណ្ឌបាត ក៏និមន្តឲ្យគង់លើផ្ទះប្រគេនចង្ហាន់ស្រួលបួលទើបយកទៅប្រគេនលោកដែលនៅក្បែរញកភ្នំ លុះដល់កណ្តាលផ្លូវបានបេះផ្កាយកទៅផង ទៅដល់ទូលថា សូមព្រះគុណម្ចាស់សង្រ្គោះ ដល់ខ្ញុំព្រះករុណាផង រួចយកចង្ហាន់ដាក់បាត្រលោកហើយ បូជាផ្កានោះទៀតទើបធ្វើសេចក្តីប្រាថ្នាថា ផ្កានេះដែលនាំចិត្តព្រះករុណាឲ្យរីករាយយ៉ាងណា គ្រឿងបណ្ណាការទាំងពាន់ៗ ចូរកើតដល់ខ្ញុំព្រះករុណារាល់ៗ ជាតិ ទាំងផ្កាក៏សូមក៏សូមបង្អុរចុះមករាល់ៗជាតិត្រង់ណា ដែលព្រះករុណាកើតមក កុំបីឃ្លាត ។ ព្រាននេះបានធ្វើកុសលតាំងពីពេលនោះដរាបដល់អស់ជីវិត ក៏បានទៅកើតក្នុងទេវលោក ឯភ្លៀងផ្កាទិព្វក៏បង្អុរចុះមកជាជួរ ត្រឹមជង្គង់ត្រង់ទីដែលគាត់កើតនោះឯង ដល់មកសាសនាតថាគតនេះ បានមកកើតជាចិត្តគហបតីនេះឯង មានគ្រឿងបណ្ណាការនិងភ្លៀងផ្កាម្លិះ កើតឡើងដល់គាត់ជានិច្ចកាលគ្រប់ទីកន្លែង ។ នេះជាអនិសង្ឃរបស់អ្នកបរិបូណ៍សទ្ធានិងសីល ។ ទ្រង់មានព្រះពុទ្ធដីកាដូច្នេះហើយសំដែងថា ៖ សទ្ធោ សីលេន សម្បន្មោ យសោ ភោគសមប្បិតោ យំយំ បទេសំ ភជតិ តត្ថ តត្ថេវ បូជិតោ ។ បុគ្គលមានសទ្ធាបរិបូណ៍ដោយសីល ជាអ្នកឆ្អែតស្កប់ដោយយសនិងភោគៈ គប់រកនៅប្រទេសណា ៗ មានគេបូជាក្នុងប្រទេសនោះ។ អត្តបទនេះវាយបញ្ចូលដោយកញ្ញា ហេង សំដាណែត ។ អត្តបទនេះដកស្រង់ចេញពីសៀវភៅ ប្រជុំនិទានជាតក ។ ដោយ៥០០០ឆ្នាំ |