Reading Article
Public date : 27, Jul 2019 (30,530 Read)
រឿងខេមកសេដ្ឋីបុត្រ

|
រឿងខេមកសេដ្ឋីបុត្រ
( ចាក ធ. ខុ. ) ( ផលនៃសេចក្តីប្រាថ្នាខុសគន្លងធម៏ ជាទោសក្នុងលោក ) កាលព្រះសាស្តាគង់នៅវត្តជេតពន ព្រះអង្គទ្រង់ប្រារព្ធនឹងសេដ្ធីម្នាក់ឈ្មោះ ខេមក ជាក្មួយអនាថបិណ្ឌិក ។ មានសេចក្តីដំណាលថា សេដ្ធីនោះមានរូបសម្បត្តិស្អាតណាស់ ពួកស្រីៗជាច្រើនឪ្យតែបានឃើញមានសេចក្តីត្រេកត្រអាលដោយរាគ មិនអាចនឹងទប់នូវសភាពរបស់ខ្លួនឡើយ ម្ល៉ោះហើយសេដ្ធីបុត្រនោះ ក៏ធ្លាក់ខ្លួនទៅជាអ្នកលេងសេពកាមគុណជាមួយនឹងប្រពន្ធកូនគេ ។
លំដាប់់នោះពួករាជបុរសចាប់យកទៅថ្វាយព្រះរាជា ព្រះរាជាគិតថា អញខ្មាសមហាសេដ្ធី ហើយទ្រង់គ្មានព្រះរាជឪង្កាអ្វីបន្តិចសោះឡើយ ទ្រង់លែងទៅវិញ ។ ចំណែកសេដ្ធីបុត្រនោះក៏នៅតែមិនលះបង់សោះ ។ គ្រានោះពួករាជបុរសចាប់ទៅថ្វាយ ព្រះរាជាលើកអស់ ២ លើក ៣លើក ព្រះរាជាទ្រង់លែងទៅវិញដដែល ។ លោកមហាសេដ្ធីជ្រាបដំណឹងនោះ ទើបនាំទៅគាល់ព្រះសាស្តា ក្រាបទូលសូមព្រះអង្គសម្តែងប្រោសដល់ក្មួយ ដើម្បីឪ្យលះបង់ឈប់ប្រព្រឹត្តអំពើអាក្រក់តទៅទៀត ។ ព្រះអង្គទ្រង់សម្តែង សំវេគកថា នឹងសម្តែងពីទោសប្រព្រឹត្តសេពប្រពន្ធកូនគេឪ្យស្តាប់ថា ៖ នរជនស្រវឹងសេពប្រពន្ធកូនគេ រមែងបានដល់នូវហេតុអាក្រក់ ៤ យ៉ាងគឺ ៖ បានបាបទី១ ដែលមិនបានស្រួលតាមសេចក្តីប្រាថ្នា ទី២ ត្រូវគេតិះដៀល ទី៣ នឹងធ្លាក់ទៅកើតក្នុងនរក ទី៤ នរជននោះនឹងមិនមានបុណ្យ ជាអ្នកមានដំណើរអាក្រក់ ថែមទាំងសេចក្តីត្រេកត្រអាលរបស់ជនដែលភ័យនោះ ជាមួយនឹងស្ត្រីដែលភ័យនោះ ជាសេចក្តីត្រេកត្រអាលមានប្រមាណតិច ព្រមទាំងត្រូវព្រះរាជាដាក់ទណ្ឌកម្ម ថែមទៀតផង ព្រោះហេតុនោះនរជនមិនគួរសេពប្រពន្ធកូនគេទេ ។ លុះចប់ព្រះធម្មទេសនានោះ ខេមកសេដ្ធីបុត្រ បានសម្រេចសោតាបត្តិផល លែងប្រព្រឹត្តអំពើអនាចារ នឹងប្រពន្ធកូនគេទៀតហើយ ។ សួរថាចុះសេដ្ធីបុត្រនេះ បានធ្វើបុព្វអ្វីពីជាតិមុន ? ឆ្លើយថា សេដ្ធីបុត្រនេះកើតជាអ្នកលេងចំបាប់យ៉ាងឆ្នើម ក្នុងកាលនៃព្រះពុទ្ធទ្រង់ព្រះនាមកស្សប គាត់បានលើកទង់ជ្រុងពីរដាក់លើស្តូបប្រាក់នៃព្រះទសពល ហើយគាត់ប្រាថ្នាថា ពួកស្រីដ៏ទៃក្រៅពីសាច់សាលោហិតអញ ឪ្យតែបានឃើញអញត្រូវតែត្រេកត្រអាលរីករាយជាមួយនឹងអញកុំខាន សេចក្តីប្រាថ្នារបស់គាត់ដូច្នេះឯង ជាអំពើដែលគាត់បានធ្វើពីបុព្វជាតិ ។ ដូច្នេះពួកស្រីៗ ទាំងកូនទាំងប្រពន្ធគេគ្រប់តែជាតិដែល ខេមកសេដ្ធីបុត្រកើត ហើយបើបានឃើញគាត់ហើយមិនអាចនឹងអត់ទ្រាំតម្រេក របស់ខ្លូនឪ្យតាំងប្រក្រតីបានឡើយ ប៉ុន្តែពេលនេះជាទីបំផុតរបស់ជាតិរបស់គាត់ហើយ ដោយសារបានជួបនឹងព្រះពុទ្ធបរមគ្រូ ព្រះអង្គទ្រង់សម្តែងត្រាស់ នៃការប្រព្រឹត្តអំពើអនាចារ ប្រាប់ពន្យល់ឪ្យឃើញពិតប្រាកដ បានរួចចាកផុតពីទុក្ខគ្រប់យ៉ាង បានឡើងឋានៈជាអរិយជនមានជាតិកំណើតភ្លឺស្វាងទៅអនាគត ។ វាយអត្តបទបញ្ចូលដោយ កញ្ញា ហេង សំដាណែត។ អត្តបទនេះដកស្រង់ចេញពីសៀវភៅ ប្រជុំនិទានជាតក។ ដោយ៥០០០ឆ្នាំ |