Reading Article
Public date : 22, Dec 2022 (13,923 Read)
រឿងពារាណសីសេដ្ឋីបុត្រ

|
រឿងពារាណសីសេដ្ឋីបុត្រ
( ចាក ខ. ឯ. ) ( អានិសង្ឃទានរបស់បុគ្គលមានសទ្ធាមុតមាំ ) កាលកន្លងទៅហើយ ព្រះពោធិសត្វ ទ្រង់សោយព្រះជាតិជាកូនសេដ្ធីនៅក្នុងនគរពារាណសី -លុះឥតអំពីបិតាធ្វើមរណកាលទៅ ព្រះបាទព្រហ្មទត្ត បានតាំងព្រះពោធិសត្វជាសេដ្ធី ក្នុងនគរពារាណសី គ្រប់គ្រងសម្បត្តិជំនួសបិតា ។
ព្រះពោធិសត្វ ជាបុគ្គលមានសទ្ធា មុតមាំជឿលើកម្មផលច្បាស់លាស់ បានចំណាយទ្រព្យធើ្វសាលាទាន ៦ កន្លែង ហើយតែងបរិចា្ចគទាន រក្សាឧបោសថសីលជានិច្ច ពុំដែលខាន។ វេលាថ្ងៃមួយ ព្រះពោធិសត្វ រៀបបរិភោគអាហារពេលព្រឹក ស្រាប់តែមានព្រះបច្ចេកពុទ្ធមួយព្រះអង្គ ទើបនឹងចាកចេញនិរោធសមាបតិ ហោះមកឈរទៀបទ្វារផ្ទះ ។ ព្រះពោធិសត្វ ក្រឡេកទៅឃើញ ទើបប្រើបុរសម្នាក់ឪ្យទៅយកបាត្រពីលោកមកដាក់ចង្ហាន់ ។ គ្រានោះមារាធិរាជ មកនិមិត្មធ្វើជារណ្ដៅរងើបភ្លើងក្រហមរន្ទាល ច្រាលឆ្អៅដូចជាអវិចិមហានរក ។ បុរសម្នាក់ទៅយកបាត្រឃើញភ្លើងនោះហើយ ភិតភ័យណាស់ ត្រលប់មកជំរាប ព្រះពោធិសត្វវិញ ព្រះពោធិសត្វ បានយល់ច្បាស់ថា មារនៅស្ថានវសវត្តី មកធ្វើឪ្យ អន្តរាយព្រះជន្មព្រះបច្ចេកពុទ្ធផង ទើបយកភាជន៏ដាក់ចង្ហាន់ពេញ ចេញអំពីផ្ទះទៅឈរក្បែររណ្ដៅភ្លើង ហើយទូលព្រះបច្ចេកពុទ្ធថា កាមំ បតាមិ និរយំ ឧទ្ធិបាទោ អវំសិរោ នានរិយំ ករិស្សាមិ ហន្ទ បិណ្ឌំ បដិគ្គហិ ។ ប្រែជាសេចក្តីថា : បពិត្រលោកម្ចាស់ដ៏ចំរើន បើទុកណាជា ខ្ញុំធ្លាក់ដាំក្បាលចុះក្នុងរណ្ដៅភ្លើងដូចជានរកនេះ ក៏ខ្ញុំមិនថយក្រោយវិញដែល សូមព្រះករុណាជាម្ចាស់ទទួលយកនូវចង្ហាន់នេះចុះ ។ ព្រះពោធិសត្វនិយាយទូលព្រះបច្ចេកពុទ្ធដូច្នោះហើយ ក៏លោតចុះទៅក្នុងរណ្ដៅភ្លើង ស្រាប់តែមានឈូកផុះទ្រជើងយ៉ាងអស្ចារ្យ ព្រះពោធិសត្វ បានយកចង្ហាន់ទៅដាក់ក្នុងបាត្រប្រគេន ព្រះបច្ចេកពុទ្ធដោយសួស្តី ។ ឯមារឃើញប្លែកអស្ចារ្យ ដូច្នោះហើយភ័យតក់ស្លុតវិនាសបាត់អំពីទីនោះទៅ ។ ដកស្រង់ចេញពីសៀវភៅ ប្រជុំជាតក វាយអត្តបទដោយ កញ្ញា ហេង សំដាណែត ។ ដោយ៥០០០ឆ្នាំ |