Reading Article
Public date : 01, May 2022 (36,385 Read)
រឿងពាណិជ្ជបុរស

|
រឿងពាណិជ្ជបុរស
( ចាក អ. វ. ) ( ទោសនៃការជាប់ជំពាក់ក្នុងកាមគុណ ) កាលពីអតីត ក្នុងតម្តបណ្ណិទីប (ទី្វបរបស់ជន អ្នកមានបាតដៃក្រហម នៅអាស្រ័យ) មាននគរយក្ខមួយឈ្មោះ សិរីសវត្ថុ។ យក្ខិនីទាំងឡាយក្នុងនគរនោះ តែងឪ្យនូវវត្ថុមានបបរនិងបាយជាដើមដល់ពួកពាណិជ្ជ ដែលមានសំពៅបែកហើយមកក្នុងទីនោះទើបសួរថា អ្នកទាំងឡាយមកក្នុងទីនេះ តើដោយកម្មដូចម្តេច? សំពៅយើងបែកកណ្តាលសមុទ្រ ទើបមកក្នុងទីនេះ ។
យក្ខិនីទាំងឡាយនោះពោលថា ប្រពៃហើយអ្នកទាំងឡាយ ស្វាមីនៃយើងទាំងឡាយទៅជួញអស់រយៈពេល ៣ ឆ្នាំមិនឃើញមកសោះប្រហែលជាស្លាប់ហើយមើលទៅ… អ្នកទាំងឡាយសុទ្ធតែជានាយពាណិជ្ជ យើងទាំងឡាយនឹងបានគ្នាជាគូកំសត់ទៅ ហើយប្រលោម នាយពាណិជ្ជ ទាំងនោះ ដោយអាការៈផ្សេងៗ ទើបនាំទៅនគរយក្ស ឯមនុស្សទាំងឡាយដែលវាចាប់បានមុនៗ វាចងដោយចំណង ហើយរុញបញ្ចួលទៅក្នុងផ្ទះសម្រាប់ធ្វើការ នឹងយកមនុស្ស ដែលចាប់បានក្រោយធ្វើជាស្វាមីទៀត បើចាប់បានមនុស្សទាំងឡាយមិនបានក្នុងលំនៅវា វាត្រាច់ទៅក្នុងឆ្នេរសមុទ្រគឺ ខាងនាយនគរឈ្មោះកល្យាណី ខាងអាយទី្វបរបស់នាគ ។ សេចក្តីដែលបានបរិយាយមកក្នុងខាងលើទាំងប៉ុនា្មននេះជាប្រវេណីរបស់យក្ខិនីទាំងឡាយនោះទេ ។ ថ្ងៃមួយមាននាយពាណិជ្ជ ៥០០ នាក់បែកសំពៅត្រង់ទីជិតនគរយក្ខិនីទាំងឡាយនោះ ។ យក្ខិនីទាំងឡាយនោះ ក៏ប្រលោមល្បួងលួងលោមនាយពាណិជ្ជទាំងឡាយនោះ តាមរបៀបអ្នកមុន ហើយនាំមកនគរខ្លួន ទើបចងមនុស្សដែលចាប់បានមុនៗ នោះរុញបញ្ចូលផ្ទះសម្រាប់ធ្វើការ ។ យក្ខិនីច្បង យកនាយពាណិជ្ជជាច្បងធ្វើប្តី ឯយក្ខិនីដទៃទៀត ក៏យកនាយពាណិជ្ជ ជាលំដាប់ ៗ ធ្វើប្តីដែរ លុះនាយពាណិជ្ជទាំងឡាយនោះ ចុះស៊ុបកាន់និន្រ្ទា នារាត្រីកាល វាក៏ក្រោកសន្សឹមៗ ទៅស៊ីមនុស្សក្នុងផ្ទះសម្រាប់ធ្វើការហើយត្រលប់មកវិញ ។ ពាណិជ្ជចំបង បានឃ្លាំមើលដឹងអស់ហើយបបូលថា មកយើងរត់ទៅ ។ បណ្តាលពាណិជ្ជ ៥០០ នោះ ពាណិជ្ជ ២៥០ ពោលតបថា ទេយើងមិនអាចរត់ចោលស្ត្រីទាំងនេះ ដែលសម្ជស្សទន់ភ្លន់ត្រជាក់ ដល់ចិត្តថ្លើមយើងបានឡើយ ណើ្ហយអញ្ជើញចុះយើងមិនបានទៅទេ ។ ពាណិជ្ជចំបងក៏នាំពាណិជ្ជ ២៥០ នាក់ដែលធ្វើតាមពាក្យរបស់ខ្លួនរត់ទៅ ។ អើ គ្រានោះព្រះពោធិសត្វរបស់យើងទ្រង់សោយព្រះជាតិជាស្តេចសេះតលាហកៈ មានសពាង្គកាយ ពណ៌ស ត្រសុស មានឫទិ្ធអសា្ចរ្យអាចហោះហើរ ដើរដោយអាកាសវេហាស៏បានតាមចិន្តាចង់ ហោះមកពីព្រៃហេមពាន្ភមកកាន់តម្តបណ្ណទី្វប ទំពារស៊ីស្រូវសាលីដែលដុះឯងកើតហើយហោះត្រឡប់ទៅវិញ បានឃើញពាណិជទាំងនោះ ក៏ស្រែកសួរដោយសេចក្តីករុណាអស់វារៈបីដងថា មានអ្នកណាចង់ទៅកាន់ជនបនដែរឬទេ? ពាណិជ្ជទាំងនោះឮនូវសម្រែកស្តេចសេះក៏ផ្គងអញ្ជលីពោលថាយើងទាំងឡាយនឹងទៅ ។ ស្តេចសេះក៏បន្ទាបខ្នងមកហើយពោលថា បើដូច្នោះចូរឡើងជិះលើខ្នងខ្ញុំមក ។ លំដាប់នោះ ពាណិជ្ជមួយពួកឡើងជិះលើខ្នង មួយពួកទៀតកាន់នូវកន្ទេល មួយពួកទៀតឈរ ផ្គងអញ្ជលី ។ ដោយហោចទៅ សេ្តចសេះអាចនាំនូវពាណិជ្ជ ដែលឈរផ្គងអញ្ជលីដោយអានុភាពរបស់ខ្លួន ។ ឯពាណិជ្ជ ២៥០ នាក់ដែលជាប់ចិត្តស្រឡាញ់ក្នុងរូប , ក្លិន , រស និងសម្ជស្សដ៏ទន់ភ្លន់ ត្រជាក់របស់យក្ខិនី ទាំងឡាយនោះ ក៏បានជាចំណីរបស់យក្ខិនីទាំងនោះទៅ។ ( ព្រះមហា សំ សុខ ) ដកស្រង់ចេញពីសៀវភៅ ប្រជុំនិទានជាតក
អត្តបទនេះវាយបញ្ជូលដោយ កញ្ញា ហេង សំដាណែត
ដោយ៥០០០ឆ្នាំ |