Reading Article
Public date : 05, Jun 2022 (35,183 Read)
រឿងបល្លង្កអណ្តែត

|
រឿងបល្លង្កអណ្តែត
( ចាក វិ. ខុ. ) ( សទ្ធាជាពូជ នៃសិរីក្នុងលោក ) ក្នុងពុទ្ធកាល ព្រះមហាមោគ្គល្លានត្ថេរ បាននិមន្តទៅស្ថានត្រៃត្រឹង្សទេវលោក បានឃើញពួកទេវតាទាំងឡាយ កំពុងនាំគ្នាលេងមហោស្របក្នុងនន្ទវនឳទ្យាន មួយស្របកស្រាប់តែឃើញបល្លង្កមាសកំពស់ ១ យោជន៍ អណ្តែតព្ធដ៏អាកាស មានល្បឿនលឿនច្រៀវច្រៃ សំដៅចុះមកក្នុងនន្ទវនឳទ្យាន ។
បល្លង្កនោះសណ្ឋានជាបុស្បុក មានស្រីទេពអប្សរមួយពាន់ អង្គុយចោមរោមនាងធីតាម្នាក់លើបល្លង្កនោះ ។ នាងធីតាជាម្ចាស់បល្លង្កអណ្តែតនោះ មានរូបឆោមល្អស្រស់ប្រិមប្រិយ មានពន្លឺចេញអំពីកាយដូចជាព្រះចន្ទ្រពេញវង់ នាងទ្រទ្រង់នូវគ្រឿងអលង្ការទម្ងន់ ៦០ រទេះបានឃើញព្រះមោគ្គលានហើយ នាងមានសេចក្តីជ្រះថ្លារីករាយឥតឧបមា បាននាំស្រីទេពអប្សរជាបរិវារទាំងមួយពាន់ ចុះពីបល្លង្កទៅថ្វាយបង្គំនមស្សការព្រះមោគ្គល្លានត្ថេរ។ ព្រះមោគ្គល្លានត្ថេរមានថេរដីការសួរថា ម្នាលនាងទេពធីតា អ្នកមានកាយរុងរឿងដូចជាព្រះចន្ទ្រពេញវង់ ទ្រទ្រង់នូវគ្រឿងអលង្ការទិព្វទម្ងន់ ៦០ រទេះ មានកេសាព័ទ្ធព័ន្ធប្រទាក់ឆ្វាក់ដោយភួងផ្កា កាលពីជាតិមុន នាងបានធ្វើបុណ្យដូចម្តេច ? ។ នាងទេពធីតា ថ្លែងរៀបរាប់ប្រវត្តិរបស់នាង ប្រាប់ដល់មហាមោគ្គល្លានត្ថេរថា បពិត្រលោកម្ចាស់ដ៏ចំរើន កាលព្រះសម្ពុទ្ធបរមគ្រូគង់នៅវត្តជេតពនសម័យនោះមានភិក្ខុមួយរូប ជាអ្នករក្សាធុតង្គ បាននិមន្តចូលទៅបិណ្ឌបាតក្នុងក្រុងសាវត្ថី ។ កាលនោះខ្ញុំព្រះករុណាកើតជាធីតាក្នុងត្រកូលមួយ នៅក្នុងក្រុងសាវត្ថីនោះដែរ បានឃើញភិក្ខុនោះកំពុងនិមន្តបិណ្ឌបាត ក៏មានចិត្តត្រេកអរឥតឧបមា បាននិមន្តលោកចូលទៅក្នុងគេហដ្ឋាន ហើយចាត់ចែងរៀបគ្រែតូចមួយជាអាសនៈ បានយកសំពត់កម្ពលពណ៌លឿង ទៅក្រាលលើគ្រែនោះជាគ្រឿងលំអរ លុះក្រាលហើយ និមន្តភិក្ខុនោះឳ្យគង់ខ្ញុំព្រះករុណាក៏ម្នីម្នាទៅចាត់ចែងភោជនាហារ យកទៅប្រគេនលោកឆាន់ ហើយបានកាន់ផ្លឹតចូលទៅអង្គុយបក់ប្រគេនលោកទៀត លុះភិក្ខុនោះឆាន់ហើយ សំដែងនូវភត្តានុមោទនាចប់ ក៏និមន្តទៅវត្តជេតពនទៅ ។ ខ្ញុំព្រះករុណាបានរំពឹងពិចារណានូវទានដែលបានធ្វើហើយ សទ្ធាគឺសេចក្តីជ្រះថ្លា ក៏កាន់តែកើតឡើងជាភិយ្យោភាព ខ្ញុំព្រះករុណាជ្រះថ្លាខ្លាំងពេក បានយកគ្រែដែលរៀបតាក់តែងដោយសំពត់កម្ពលនោះ ទៅតាមប្រគេនលោកដល់វត្តទៀត ។ ក្នុងកាលជាខាងក្រោយមក ខ្ញុំព្រះករុណាអស់អាយុ ក៏បានមកកើតក្នុងវិមានមាសកំពស់ ១២ យោជន៍ មានស្រីទេពអប្សរមួយពាន់ជាបរិវារ មានបល្លង្កមាសមួយកំពស់ ១ យោជន៍ កើតឡើងក្នុងវិមាននោះសំរាប់ជាយានរបស់ខ្ញុំព្រះករុណា បល្លង្កនោះមានសន្ទុះលឿនស្មើនឹងចិត្ត បើចិត្តរបស់ខ្ញុំព្រះករុណានឹកចង់ទៅទីណា ក៏អណ្តែតទៅដល់ទីនោះមួយរំពេច ។ ព្រះមោគ្គល្លានបានស្តាប់របស់នាងទេពធីតានោះចប់ហើយ ក៏និមន្តហួសទៅកាន់ទីដទៃទៀតទៅ ៕ វាយអត្ថបទដោយ ខ្ញុំព្រះករុណា ខ្ញុំបាទ យ៉ែម ភិរុណ ដកស្រង់ចេញប្រជុំនិទានជាតកភាគ១ របស់ព្រះបាឡាត់ឧត្តមលិខិត សុង ស៊ីវ សិទ្ធត្ថោ គ្រូបង្រៀនបាលីនៅវត្តលង្កា រាជធានីភ្នំពេញ ។ អព្រះគុណព្រះភិក្ខុ សិរីបញ្ញោ ហ៊ុល សុខារ៉ា ព្រះគ្រូចៅអធិការ វត្តកល្យាណមិត្តខ្សាច់ពោយនិងលោកអាចារ្យ ចយ ធិន ដែលបានផ្តល់សៀវភៅប្រជុំនិទានជាតកនេះ។ ដោយ៥០០០ឆ្នាំ |