Reading Article
Public date : 28, Jul 2019 (22,681 Read)
ជីវិតអន្ធការ

|
ភាពងងឹតអន្ធការ មិនមែនជារបស់ដែលអ្នកណាម្នាក់បង្កើតមកទេ ជារបស់ដែលធម្មតាប្រចាំលោកនេះឲ្យតែទីណាខ្វះពន្លឺ ងងឹតក៏នឹងមាននៅក្នុងទីនោះ។
អវិជ្ជា ក៏ជាធម្មជាតិម៉្យាង កើតអាស្រ័យនឹងជីវិតសត្វលោកគ្រប់គ្នា វៀរលែងតែបុគ្គលដែលបានសម្រេចជាព្រះអរហន្ត។ តាមន័យនៃបដិច្ចសមុប្បទសម្ដែងថា អវិជ្ជា គឺជាមេនៃសង្ខារធម៍ទាំងឡាយ បើនិយាយឲ្យងាយស្ដាប់ អវិជ្ជា គឺជាមេនាំអាទិ៍ឲ្យមានតួជីវិតនេះឯង។ អវិជ្ជា ដែលជាស្បៃងងឹតនៃជីវិតមាន ៨ យ៉ាងគឺ ១. ទុក្ខេ អញ្ញាណំ មិនដឹងក្នុងសេចក្ដីទុក្ខ គឹមិនដឹងក្នុងទុក្ខទាំង ១២ កង មានជាតិទុក្ខជាដើម ដែលជាទុក្ខសច្ចៈ។ ២. ទុក្ខសមុទយេ អញ្ញាណំ មិនដឹងនូវធម៍ដែលជាហេតុនាំឲ្យកើតទុក្ខ គឺមិនដឹងនូវតណ្ហា សេចក្ដីប្រាថ្នា គ្រប់យ៉ាង ដែលជាទុក្ខសមុទយសច្ចៈ។ ៣. ទុក្ខនិរោធេ អញ្ញាណំ មិនដឹងនូវព្រះនិពាន្វ ជាទីរលត់នូវសេចក្ដីទុក្ខ ដែលជានិរោសច្ចៈ។ ៤. ទុក្ខនិរោគាមិនីបដិបទាយ អញ្ញាណំ មិនដឹងនូវផ្លូវជាទីចូលទៅរំលត់នូវសេចក្ដីទុក្ខដែលជាមគ្គសច្ចៈ។ ៥. បុព្វន្តាបរន្តេ អញ្ញាណំ សេចក្ដីមិនដឹងក្នុងខន្ធអាយតនៈ ធាតុ ដែលជាអតីត គឺមិនដឹងនូវជាតិកំណើត ដែលធ្លាប់កើតក្នុងជាតិមុនៗ។ ៦. អបរន្តេ អញ្ញាណំ សេចក្ដីមិនដឹងក្នុងខន្ធ អាយតនៈ ធាតុ ដែលជាអនាគត គឹមិនដឹងនូវជាតិកំណើត ដែលនិងកើតតទៅក្នុងជាតិខាងមុខៗទៀត។ ៧. បុព្វបរន្តេ អញ្ញាណំ សេចក្ដីមិនដឹងក្នុងខន្ធអាយតនៈ ធាតុ ទាំងក្នុងអតីត ទាំងក្នុងអនាគត។ ៨. ឥទប្បច្ចយតាបដិច្ចសមុប្បន្នេសុ ធម្មេសុ អញ្ញាណំ សេចក្ដីមិនដឹងក្នុងនាមរូប ដែលកើតឡើងដោយអាស្រ័យហេតុបច្ច័យ តាមន័យក្នុងបដិច្ចសមុប្បាទ។ ធម៌ដែលលើកមកសំដែងនេះ មានជម្រៅណាស់ទាល់តែស្ដាប់ និងសិក្សាស្រាវជ្រាវច្រើនទើបមិនមានការ យល់ខុស បើនិយាយយកន័យដោយខ្លី សំដៅយកអវិជ្ជា ដែលមិនដឹងក្នុងលក្ខណៈ ៣ យ៉ាងគឺ ១. មិនដឹងថា ជីវិតគឺជាអ្វី
២. មិនដឹងថាហេតុនាំឲ្យកើតជីវិត
៣. មិនដឹងថា ជីវិតគឺជាផលរបស់ហេតុ
អវិជ្ជាទាំងនេះ មិនមែនមានសម្រាប់តែអ្នកមិនកាន់សាសនា ឬសម្រាប់តែអ្នកកាន់សាសនាផ្សេងៗនោះទេ សូម្បីតែអ្នកកាន់ព្រះពុទ្ធសាសនាក៏ដោយ ដរាបណា នៅក្នុងភាពជាបុថុជ្ជន តែងតែមានគ្រប់គ្នាទាំងអស់ ប្លែកគ្នាត្រង់ថា បើបុថុជ្ជននុះ បានអាស្រ័យនឹងធម៍របស់ព្រះមានព្រះភាគច្រើន អវិជ្ជាក៏មិនសូវគ្របសង្កត់ខ្លាំង ប្រសិនបើមិនបានយកធម៌របស់ព្រះមានព្រះភាគជាទីតាំងទេ អវិជ្ជាក៏គ្រប សង្កត់ខ្លាំងតាមលំដាប់ រហូតធ្វើឲ្យអ្នកនុះជឿរឿងមង្គលភ្ញាក់ផ្អើលផ្សេងៗ មានការបន់ស្រន់ ស្រោចទឹក រំដោះគ្រោះជាដើម ដែលជាជំនឿឆ្វេង ហើយផ្ទុយគ្នាស្រឡះអំពីធម៌របស់ព្រះសម្មាសម្ពុទ្ធ។
ជីវិតដែលកើតមកនេះ គឺងងឹតស្រាប់ទៅហើយ បើមាននូវសេចក្ដីប្រមាថធ្វេសប្រហែសបន្ថែមទៀត តើជីវិតនឹងក្លាយទៅជាយ៉ាងណា! ព្រោះតែសត្វលោកស្ទើរតែទាំងអស់ មានជីវិតរស់នៅក្នុងភាពអន្ធការយ៉ាងនេះ ទើបព្រះមានព្រះភាគជាម្ចាស់ទ្រង់ត្រាស់សម្ដែង ក្នុងគម្ពីរខុទ្ទកនិកាយ ធម្មបទគាថា លោកវគ្គ ថា អន្ធភូតោ អយំ លោកោ តនុកេត្ថ វិបស្សតិ
សកុណោ ជាលមុត្តោវ អប្បោ សគ្គាយ គច្ឆតិ
លោកិយមហាជននេះ ជាមនុស្សងងឹតបណ្ដាជនទាំងនេះ ជនតិចគ្នា ដែលឃើញច្បាស់(នូវខន្ធាទិលោកនេះ ដោយអំណាចអនិច្ចលក្ខណះជាដើម) ជនតិចគ្នាណាស់ ដែលទៅកាន់ឋានសូគ៍ ដូចសត្វស្លាប (ដែលជាប់សំណាញ់របស់ព្រានហើយ) តិចណាស់ ដែលរួចអំពីសំណាញ់ដូច្នោះ។ មានជីវិត ឥតគំនិត គិតពិចារណា៏
មិនឧស្សាហ៏ ស្រវាចាប់ ស្ដាប់ធម្មា
មច្ចុមារ រាគំនិត ជិតរហូត។
ភិក្ខុវជិរប្បញ្ញោ សាន សុជា
ដោយ៥០០០ឆ្នាំ
|